Home / Post

នរកលោកីយ៍បីឆ្នាំប្លាយ

គ្រប់រឿងប្រលោមលោកទាំងអស់របស់អ្នកនិពន្ធដែលបានសរសេរ តែងតែមានរឿងពិតនិងប្រឌិតផ្សំគ្នា ដើម្បីឲ្យរឿងរបស់ខ្លួនជាទីពេញចិត្តរបស់លោកអ្នកអានក្នុងការតាមតានពីភាគទីមួយដល់ភាគបញ្ចប់។ ដូចនេះនៅក្នុងរឿងដែលខ្ញុំបាទបានសរសេរមកនេះ ក៏មិនខុសគ្នានោះដែរ។ តែទោះបីជាយ៉ាងណា រឿងនរកលោកីយ៍បីឆ្នាំប្លាយដែលឯកឧត្ដមអស់លោក លោកស្រី មិត្តអ្នកអានដែលបានក្នុងឱកាសនេះ ជារឿងពិត ឈ្មោះពិត ទីកន្លែងពិត និងទិដ្ឋភាពជាក់ស្ដែងពិតភាគច្រើនជាងការប្រឌិត ព្រោះខ្ញុំបាទបានជួបប្រទះផ្ទាល់ខ្លួន និងបានឃើញពីជីវិតរស់នៅយ៉ាងវេទនាក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។

ចាប់ផ្ដើមសរសេររឿងនេះ គឺចាប់ផ្ដើមនឹកឃើញនូវរឿងទាំងអស់ដែលបានកើតឡើង ដោយបានជួបផ្ទាល់ឃើញផ្ទាល់នឹងភ្នែកពេលនោះឯងដែលទឹកប៊ិចលាយនិងទឹកភ្នែកបានបង្ហូរចុះមក លើក្រដាសពណ៌សដែលតំណាងដោយទឹកចិត្តសបរិសុទ្ធ ស្លូតត្រង់របស់កូនខ្មែរគ្រប់រូបដែលមានជីវិតជីវភាពរស់នៅយ៉ាងវេទនាជាទីបំផុតក្នុងសម័យនោះ។ អ្នកនិពន្ធខ្ញុំបាទបានប្រដូចសម័យកាលនោះហាក់ដូចជា ឋាននរកនៅលើលោកីយ៍នេះ ក្នុងរយៈពេលជាងបីឆ្នាំ។ មានរឿងជាច្រើនណាស់ដែលបានជួប និងឃើញផ្ទាល់។ ខ្ញុំបាទអ្នកនិពន្ធសូមលំឱនកាយអភ័យទោស មិនបានរៀបរាប់អស់នោះទេ ព្រោះថាការសរសេរនេះ គឺដកស្រង់តែចំនុចសំខាន់ៗខ្លះតែប៉ុណ្ណោះ។

…កត្តាទាំងពីរនេះឯងដែលបងបារម្ភខ្លាំងណាស់ តែទោះបីជាមានឧបសគ្គមករារាំងយ៉ាងណាក៏ដោយ ឲ្យតែយើងនៅស្មោះនិងគ្នាស្រឡាញ់គ្នា យើងទាំងពីរនាក់នៅតែសុំផ្សងបានជួបគ្នាទាំងជាតិនេះនិងជាតិក្រោយទៀត កុំឲ្យយើងឃ្លាតពីគ្នាណា រចនា។ (វាសនា ពោលមួយៗសំឡឹងមុខគូរស្នេហ៍កំពុងតែមានទឹកភ្នែករលីងរលោងអួលដើមកនិយាយទៅរកប្រុសស្នេហ៍មិនរួច)។

ក្នុងខណៈនោះមានឡានកាម៉ារីពណ៌ស៥គ្រឿងផ្ទុកអ្នកដំណើរ។ ឡានមួយគ្រឿងមានគ្នា៤នាក់ បានលូនចូលមកកាន់វត្ដពោធិ៍ក្រឡាញ់ ដោយអ្នកជិះមានសម្លៀកបំពាក់ខ្មៅ កន្សែងបង់កពណ៌ក្រហម ពាក់ស្បែកជើងកង់ឡាន មួកកាតិបពណ៌គគីរ មានកាំភ្លើងវែងខ្លីមកឈប់ក្នុងវត្ដ។ ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងផ្អើលឈូឆររត់ប្រសេចប្រសាចពេញវត្ដ។ ឯគូរស្នេហ៍ទាំងពីរនាក់មកមើលនឹងគេដែរ ស្រាប់តែឮសំឡេងបុរសម្នាក់មាឌធំខ្មៅមានកាំភ្លើងខ្លីនិងចង្កេះ យកក្បាលមេក្រូប្រកាសក្ដែងៗយ៉ាងខ្លាំងថា៖

«ពុកម៉ែទាំងអស់គ្នា កុំភិតភ័យ សមមិត្តបងយើងទាំងអស់គ្នានេះ ចុះមកតាមអង្គការ មហាលោតផ្លោះ ដាក់ទិសឲ្យមកជួយសង្រ្គោះបងប្អូនផុតពីរបបសក្តិភូមិ លន់ នល់ ប្រើអំណាចជិះជាន់ផ្ដាច់ការមកលើពុកម៉ែ។ សូមពុកម៉ែកុំភ័យបារម្ភ សប្បាយទៀតចុះ។ អង្គការបើកឱកាសឲ្យពុកម៉ែបានសប្បាយចូលឆ្នាំម្ដងទៀតចំនួន៣ថ្ងៃ»។

ទាំងអស់គ្នាសប្បាយរីករាយរំភើបក្នុងចិត្តឥតឧបមា ហើយឆ្ងល់គ្រប់គ្នាថាចុះទាហាន លន់ នល់ ទៅណាអស់ បានជាឲ្យពួកខោអាវខ្មៅខ្មែរក្រហមចូលមកបានស្រួលម្ល៉េះ ឥតមានឮផ្ទុះអាវុធអ្វីសោះ។ ម្នាក់ៗកំពុងតែឆ្ងល់គ្រប់គ្នាស្រាប់តែមេខ្មែរក្រហមម្នាក់រាងទាបក្រអាញ ចាប់ក្បាលមេក្រូមកស្រែកប្រកាសបន្ថែមទៀតថា៖

«ខ្ញុំសូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នាស្ងាត់! ពុកម៉ែកុំឆ្ងល់ឲ្យសោះ ពេលនេះប្រទេសជាតិយើងមានសន្ដិភាពហើយ។ យើងបានវាយចូលទីក្រុងភ្នំពេញ។ អង្គការរបស់យើងបានគ្រប់គ្រងភ្នំពេញទាំងមូល។ យើងបានចូលកាន់កាប់ប៉ុស្ដិ៍វិទ្យុជាតិ។ ទាហាន លន់ នល់ ទំលាក់អាវុធចុះ។ យើងរួបរួមគ្នាកសាងប្រទេសជាតិ ដើម្បីសន្តិភាពបញ្ចប់សង្រ្គាមឥតមានអ្នកមាន អ្នកក្រ អ្នកជិះជាន់គេ និងអ្នកដែលត្រូវគេជិះជាន់ទៀត។ យើងមានវណ្ណៈតែមួយ ជា វណ្ណៈកម្មករ កសិករទាំងអស់គ្នា ឥតមានវណ្ណៈសក្ដិភូមិ វណ្ណៈមូលធននិយម ប្រើអំណាចផ្ដាច់ការអ្វីទេ។ អង្គការយើងដឹកនាំប្រទេសជាតិរីកចម្រើន មហាលោតផ្លោះ មហាអស្ចារ្យ»។

ពេលនោះ សម្លេងទះដៃរបស់យោធាខ្មែរក្រហម នាំគ្នាទះដៃហើយស្រែកជ័យឃោសខ្លាំងៗថា៖

ជយោ!ជយោ! អង្គការមហាលោតផ្លោះ មហាអស្ចារ្យ!

បងប្អូនប្រជាពលរដ្ឋពេលនោះសប្បាយចិត្តណាស់ នាំគ្នាទះដៃ ខ្លះស្រែកហ៊ោថាស្រុកយើងសាន្តត្រាណហើយ! សុខសប្បាយហើយ! ចប់សង្រ្គាមហើយ!។ រចនា កាន់ដៃ វាសនា ជាប់ហើយក្ដាប់យ៉ាងណែនហាក់ដូចជាចង់បង្កប់នូវគំនិតអាថ៌កំបាំងអ្វីម្យ៉ាង ដែលផ្ទុយពីគំនិតអ្នកស្រុកភូមិទាំងអស់ តែនាងមិនហ៊ាននិយាយ។

…«បាទពុក! ចុះអង្គការគេឲ្យយើងទៅទីណា? ប៉ុន្មានថ្ងៃទៀតត្រឡប់ចូលផ្ទះវិញ» (វាសនា ប្រញាប់សួរឪពុករបស់ខ្លួន ព្រមទាំងស្ទុះចូលក្នុងរៀបចំខោអាវបន្ដិចបន្តួចឲ្យប្អូនជួយកាន់។ ខ្លួនឯងស្ទុះទៅអៀវជីដូន។

«គេថាទៅវត្ដតាប៉ុនណាកូន។ មិនយូរទេយើងនឹងបានមកផ្ទះយើងវិញពេលអង្គការគេរៀបចំភូមិរបស់យើងរួច។ ពីភូមិទឹកជោរទៅវត្ដតាប៉ុនចំងាយ២គីឡូម៉ែត្រ។ ប្រជាជនឃុំទឹកជោរនាំគ្នាដើរទូលអីវ៉ាន់ ខ្លះរែក ខ្លះពុន ខ្លះបររទេះ ខ្លះដើរដឹកដៃកូន ខ្លះដឹកអីវ៉ាន់តាមកង់ម៉ូតូឡានសំដៅមកវត្តតាប៉ុនទាំងអស់គ្នាយ៉ាងគគ្រឹកគ្រេងប្រសេចប្រសាច។ ខ្លះដើរតាមថ្នល់ ខ្លះដើរកាត់វាល។ វាសនា ខំអៀវជីដូនចាស់បែកញើសហូរជោគដូចទឹក។ នាយឥតមានថ្ងូរមួយម៉ាត់ឡើយ។ ឯផ្ទៃមេឃខែពិសាខ មានសភាពចង់ភ្លៀង មេឃខ្មៅមីដេរដាស ផ្លេកបន្ទោរ ស្នូររន្ទះបាញ់ឆ្វេចឆ្វាចសញ្ញាថាមិនយូរប៉ុន្មានទេ ព្រះភិរុណនឹងបង្អុរទឹកភ្លៀងមួយមេយ៉ាងធំមកហើយ។ ព្រះអាទិត្យជិតអស្ដង្គតរលត់រស្មី។ គ្រាន់តែប្រជាជនប្រុសស្រីចាស់ក្មេងចូលក្នុងវត្ដតាប៉ុនជុំគ្នាមួយស្របក់ ភ្លៀងមួយមេយ៉ាងខ្លាំងលាយឡំនឹងសំរែកយោធាខ្មែរក្រហមស្រែកគំរាម។

«ពុកម៉ែ ទាំងអស់គ្នាចេញក្រៅវត្ត ដោយឥតមានយកអីវ៉ាន់ទៅទេ។ ចេញតែមួយរយៈ ចាំអង្គការមើលអីវ៉ាន់ឲ្យក្នុងទីនេះមិនបាត់ទេ។ អ្នកណាហ៊ានកាន់អីវ៉ាន់តែបន្តិចតាមជាប់នឹងខ្លួន អង្គការយើងបាញ់ចោល ព្រោះនៅជាប់កម្មសិទ្ធិក្រាស់ផ្ទាល់ខ្លួន ជាប់វណ្ណៈមូលធន ជាប់របបសក្ដិភូមិ មិនចេះតស៊ូដូចវណ្ណៈកម្មករកសិករ។ ប្រញាប់ចេញភ្លាមទាំងអស់គ្នាចេញភ្លាម។

បុ័ង! បុ័ង! បុ័ង! (និយាយរួចបាញ់កាំភ្លើងទៅលើបីគ្រាប់)

តាមការពិតនេះជាល្បិចរបស់អង្គការឲ្យយកអីវ៉ាន់ចេញពីផ្ទះមកទុកជុំគ្នានឹងវត្ដ ងាយស្រួលកុំពិបាកពួកគេប្រមូលតាមផ្ទះនាំតែហត់នឿយ។ យប់នោះមិនបានចូលមកវត្តយកអីវ៉ាន់វិញទេ។ នាំគ្នាដើរទាំងយប់ងងឹតឈឹង ខ្លួនញ័រចំប្រប់ដូចកូនសត្វ។ ខ្លះហល់ទឹកភ្លៀង មានស្លាប់កូនង៉ា ក្មេងតូចៗ និងចាស់ជរា។ ចំណែកជីដូន វាសនា បានសំពត់ភ្លៀងមួយដែលខ្លួនបានលាក់ទុកក្នុងអាវ ការពារទទឹកដល់ជីដូនកំសត់របស់ខ្លួន។ អៀវជីដូនដើរតាមគេក្រោមដំណក់ទឹកភ្លៀង និងស្នូររន្ទះទាំងងងឹតឈឹងមិនដឹងថាទៅទីណា គឺដើរតាមបញ្ជារបស់កងយោធានាំផ្លូវខាងមុខ។

យើងទាំងអស់គ្នានាំគ្នាដើរទាំងហេវហត់អស់កម្លាំងយ៉ាងខ្លាំងមួយយប់ដល់ព្រឹក។ ព្រលឹមឡើងមកដល់វត្តចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ។​ នៅទីនោះ ទាំងប្រជាជននិងព្រះសង្ឃក្នុងវត្ដស្ងាត់ជ្រងំព្រោះត្រូវជម្លៀស ចេញក្នុងថ្ងៃតែមួយដូចគ្នា។ នេះជាទិសដោររបស់អង្គការឲ្យចេញពីភូមិទៅរស់នៅតាមវាលស្រែឥតមានឲ្យនៅក្នុងភូមិវិញទេ។ មេយោធាម្នាក់ស្រែកប្រកាសថា «ពុកម៉ែ មិត្តទាំងអស់គ្នាសម្រាកដាំបាយហូប»។ (ពាក្យហូបនេះជាពាក្យខ្មែរជំនួសពាក្យស៊ី។ គេប្រើទាំងអស់គ្នាតាំងពីសម័យ ប៉ុល ពត)។ ដោយកំពុងរកមើលអង្ករតាមផ្ទះ ស្រាប់តែឮសម្លេងយោធាម្នាក់ស្រែកមកថា៖

«ឈប់សិនបងប្អូនពុកម៉ែទាំងអស់គ្នា មកដល់ភូមិតាអំ ឃុំប្រាសាទនេះហើយ ចូររកកន្លែងសម្រាកសិនចុះ តែឲ្យសម្រាកក្រៅភូមិតាមមាត់ស្ទឹងវាលស្រែនេះឯង មិនឲ្យចូលទៅក្នុងភូមិទេ»។

នៅទីនោះ មានព្រៃរបោះកូនឈើតូចៗ នាំគ្នាធ្វើជម្រកដោយកាច់ស្លឹកឈើប្រក់ធ្វើជាដំបូលការពារកំដៅថ្ងៃនិងទឹកភ្លៀង ហាក់ដូចជាសត្វកាច់សំបុកធ្វើជម្រកឲ្យកូន។

លុះព្រឹកឡើងយោធាម្នាក់ដើរហៅមកប្រជុំ ហើយនិយាយថា៖

«ពុកម៉ែ បងប្អូនទាំងអស់គ្នា អង្គការដាក់ទិសឲ្យពុកម៉ែ បងប្អូននៅធ្វើស្រែទីនេះឯង ដោយរៀបជាក្រុម ជាភូមិ ងាយស្រួលអង្គការត្រួតពិនិត្យ ហើយប្រធានភូមិប្រធានក្រុមជ្រើសរើសយកតែអ្នកក្រ អ្នកធ្លាប់កំសត់ ធ្លាប់តស៊ូវណ្ណៈអធន កម្មករ កសិករ ឥតយកអ្នកចេះដឹង អ្នកមានទេពិបាកប្រើណាស់ព្រោះមនុស្សទាំងនោះនៅជាប់របបសក្ដិភូមិនាយទុកប្រតិកិរិយា» (នេះជាពាក្យសំដីពិតដែលគេប្រើសម័យប៉ុល ពត ដែលខ្ញុមនៅចាំបានច្បាស់) អង្គការបើករបបអង្គរឲ្យពីរនាក់កន្លះកំប៉ុង និងអំបិលបន្ដិច។ យើងខំធ្វើស្រែកើត ពុកម៉ែបងប្អូន ថ្ងៃក្រោយហូបមួយថ្ងៃបីដងមានបង្អែមមួយអាទិត្យម្ដងទៀត។ នេះជាគំនិតល្អរបស់អង្គការមហាលោកតផ្លោះ មហាអស្ចារ្យ មិនដូចជាសម័យលន់ នល់ ទេ អ្នកណាមានចេះតែមាន បងប្អូនអ្នកខ្សត់គ្នាវេទនានៅតែវេទនា ពេលនេះអង្គការបានវាយរបបចាស់បង្កើតរបបថ្មី។ បានហូបស្មើៗទាំងអស់គ្នាមែនទេ បងប្អូន?» (គ្មានអ្នកណាម្នាក់ហ៊ានជំទាស់ចេះតែឆ្លើយថាបាទ ថាចា៎!ទាំងអស់គ្នា)។ បើបងប្អូនណាមានមាសមានប្រាក់ជាប់នឹងខ្លួន ប្រមូលឲ្យអង្គការមករួចខ្លួន។ បើអង្គការស៊ើបដឹងថាលាក់ទុក អង្គការវាយកម្ទេចចោលទាំងពូជ ព្រោះក្បត់នឹងអង្គការ ក្បត់បដិវត្ត»។

ប្រជុំចប់ភ្លាមរៀបចំភូមិ រៀបចំក្រុមចុះធ្វើស្រែ។ បងប្អូនមួយចំនួនឲ្យឡើងទៅប្រមូលស្រូវនៅតាមផ្ទះនៅតាមភូមិដែលជម្លៀសចេញ ប្រមូលឲ្យអស់ដល់អង្គការកុំឲ្យមានសល់បន្ដិចឡើយ ទុកសម្រាប់ថ្ងៃក្រោយពេលជម្លៀសអ្នកភូមិចូលភូមិវិញ និងអ្នកនៅទីក្រុងមកនៅតាមស្រុកស្រែឥតមានឲ្យសល់អង្ករស្រូវរបស់ប្រើប្រាស់នោះឡើយ មានតែសំបកផ្ទះប៉ុណ្ណោះ។ នេះជាគំនិតផ្កាច់ការ ផ្ដាច់ជីវិតរបស់របបប្រជាធិបតេយ្យប៉ុល ពត ខ្មែរក្រហម ចង់សម្លាប់មនុស្សដោយកាប់សម្លាប់ និងបង្អត់អាហារ។ ពេលទៅប្រមូលស្រូវតាមភូមិ វាសនា និងលោកពូ តុង ឆាយ ត្រូវមានឈ្មោះទៅនឹងគេដែរទៅប្រមូលស្រូវភូមិទឹកជោរ ជាភូមិកំណើតរបស់ខ្លួន។ ឯអ្នកផ្សេងៗទៀតគ្រប់ៗភូមិអង្គការក៏បានឲ្យទៅប្រមូលគ្រប់កន្លែងឲ្យអស់នោះដែរ។ ស្រូវដែលប្រមូលបានអង្គការមិនដឹងជាដឹកយកទៅទុកដាក់ឯណាអស់ទេ។ លុះព្រឹកឡើង វាសនា បាត់មិនឃើញលោកពូ តុង ឆាយ ក៏សួរគ្នាឯងខ្សឹបៗស្ងាត់ៗថា៖

«មីងសំ លោកពូតុង ឆាយ ព្រឹកនេះមិនឃើញមកប្រមូលស្រូវ?»

អង្គការបានរៀបចំធ្វើជាសហករណ៍ហូបបបររួម ដោយដាក់បីភូមិ ឬបួនភូមិតាមភូមិធំតូចធ្វើមួយសហករណ៍ដែលមានយោធាម្នាក់ក្ដាប់រួមដោយយកអ្នកមូលដ្ឋានដែលជាអ្នកក្រធ្លាប់បម្រើគេ ធ្លាប់ដើរលេងល្បែង និងអ្នកល្ងង់ឲ្យធ្វើជាប្រធានភូមិក្រុមដឹកនាំ ដោយមានហូបបបររួមមួយភូមិ លត់ដំបបរមួយខ្លះដាក់ប្រាំកំប៉ុងសម្រាប់គ្នា៨០នាក់។ ចាស់ៗទៅណាមិនរួច ត្រូវត្បាញកញ្ជើកញ្រ្ចែង ចង្អេរ បង្គីរ ឲ្យគេរែកដី។ ខ្លះធ្វើចំការធ្វើស្រែយុវជននារីចេញដើរចល័ត ស៊ីអត់ស៊ីឃ្លាន ស៊ីក្ដាម ស៊ីខ្យងបេះបោចស្លឹកឈើ រស់យ៉ាងវេទនាជាទីបំផុត។

ជីវិតរស់នៅតាមសហកណ៍

ឆ្នាំ១៩៧៦ ប្រជាជនចាស់ដែលគេហៅថាពួកមូលដ្ឋាន បានវិលត្រឡប់ពីរស់នៅតាមវាលតាមព្រៃ ឲ្យមកនៅតាមភូមិជាមួយប្រជាជនថ្មីដែលទើបជម្លៀសពីទីក្រុង មានពួករំដោះចាស់ គេត្រួតពិនិត្យសូមបញ្ជាក់ថាជាអ្នកធ្លាប់តស៊ូក្នុងព្រៃមុនឆ្នាំ១៩៧៥ គេដកពីពួកយោធាមកកាន់ពីលើប្រជាជនចាស់នោះទៀត។ នៅក្រោមពន្លឺចង្កៀងប្រេងខ្លាញ់ត្រី ដែលគេយកក្រណាត់ដាក់ក្នុងចានខ្លាញ់ធ្វើប្រឆេះភ្លឺព្រឹមៗក្រោមខ្ទមកំសត់ ជញ្ជាំងស្លឹកឆ្លុះ មុខហើមស្លេកស្លាំងនិយាយទៅកាន់ វាសនា សំលេងខ្សាវៗ ពេលដែលឃើញវាសនាកំពុងយកបាវចាស់មួយធ្វើភួយដណ្ដប់ឲ្យក្មេងជំទង់ម្នាក់ទៀតជាប្អូនគ្រុនញាក់មុខមាត់ដៃជើងហើម ដោយជំងឺអត់អាហារ ធ្វើការបាក់កម្លាំង ហូបបបររាវដូចទឹកមួយថ្ងៃពីរពេល គឺថ្ងៃត្រង់និងល្ងាច។

«វាសនា! កូនខំមើល ឡាវ ទីជាប្អូនឲ្យមែនទែន ព្រោះគ្នានៅក្មេង។ ចំណែកពុកវិញចាស់ហើយ ស្លាប់ចុះកុំគិតអីកូន»។

និយាយរួច គាត់បិទភ្នែកដង្ហើមលោតដង្ហក់បេះដូងដើរញាប់ ខ្លួនញាក់។

«ពុកកុំនិយាយយ៉ាងនេះ ពុកមិនអីទេ។ ពុកត្រូវតែរស់នៅជាមួយកូនបន្ដទៀត។ វាសនា ស្ទុះចេញពីប្អូនទៅឱបឪពុកជាទីស្រឡាញ់ហើយពោលតិចៗទាំងអួលដើមក មិនហ៊ាននិយាយខ្លាំងទេ ខ្លាចកងឈ្លបយប់គេដើរឮថាឯងសតិអារម្មណ៍។ នៅជិតនោះយាយ លី ជាម្តាយ និងប្អូនប្រុសស្រីពីរនាក់ទៀតរបស់ វាសនា ក៏ខិតមកជិតនោះដែរ ទើបឃើញ តាលន បើកភ្នែកព្រឹមៗនិយាយខ្សាវៗសាជាថ្មីទៀតុ៖

«ម៉ែវា! មុននឹងស្លាប់ខ្ញុំសូមហូបបាយបានមួយម៉ាត់! តើឯងបានអង្ករពីណាមកដាំ»។

«ពុកវាខ្ញុំបានសន្សំអង្ករបានកន្លះកំប៉ុងពីថ្ងៃមុន ពេលទៅច្រូតស្រូវខ្ញុំដាក់ស្រូវតាមថ្នក់សំពត់យកមកបុកធ្វើជាអង្ករបានខ្លះដែរ។ ព្រឹកនេះចាំក្រោកដាំបាយបានបន្ដិចជូនពុកវាឯងពិសារ»។

ដោយធ្វើការពីថ្ងៃអស់កម្លាំង និងហូបមិនឆ្អែតផង ក៏នាំគ្នាសម្រាក។ តែអ្នកជំងឺពីរនាក់ឳ និងកូន សម្រាកមិនបានលក់ទេ ចេះតែរើខ្លួននិងដេកថ្ងូរឥតឈប់។ ជារៀងរាល់យប់ គេឃើញភ្លើងពិលរបស់កងឈ្លប និងអ្នកភូមិ ទាំងអស់រស់នៅតាមសហករណ៍ប្រឹងប្រែងធ្វើការទាំងចាស់ក្មេង ទាំងយប់ថ្ងៃ មានការងារធ្វើគ្រប់ៗគ្នាឥតមានរណាម្នាក់ដើរមកសួរសុខទុក្ខ ឬនិយាយគ្នាលេងឡើយ គឺផ្តាច់មនោសញ្ចេតនារៀងខ្លួន ខ្លាចស្លាប់គ្រប់គ្នាព្រោះមិនទុកចិត្តគ្នា បានត្រឹមតែមើលមុខស្រពោនរៀងខ្លួនឥតមានបានសប្បាយចិត្តសោះ។

ជីវិតរស់នៅតាមកងចល័ត

ពាក្យថាកងចល័តមានពីរ គឺកងចល័តតំបន់ និងកងចល័តតាមសហករណ៍ ឬតាមឃុំ។ កងចល័តតំបន់គេប្រមូលយុវជននារីធ្វើការរែកដី លើកទំនប់ជីកប្រឡាយ នៅតំបន់ណាដែលលំបាកខ្លាំង សមរភូមិក្ដៅនៅឆ្ងាយៗ ដូចជាអាងត្រពាំងថ្មខេត្តបន្ទាយមានជ័យ អាងកំពីងពួយខេត្តបាត់ដំបង។ ឯកងចល័តតាមសហករណ៍ ឬតាមឃុំ ជាកងចល័តដែលគេប្រមូលយុវជននារី ឬវ័យកណ្ដាលឲ្យធ្វើការលើកទំនប់ លើកភ្លឺ ជីកប្រឡាយ ធ្វើស្រែនៅតាមភូមិឃុំ សហករណ៍ជិតៗលំនៅដ្ឋាន។

«នែ! វាសនា ថ្ងៃនេះមិត្តឯងត្រូវនាំកូនក្រុម១០នាក់ រែកកណ្ដាប់ស្រូវទៅដាក់ក្រោយវត្ដចារលើ»។ មេកងម្នាក់ដាក់ទិសបញ្ជា វាសនា។

វាសនា ជាប្រជាជនមូលដ្ឋានគេឲ្យមើលការខុសត្រូវប្រជាជនថ្មីដេលជម្លៀសមកទីក្រុង។ មួយក្រុម១០នាក់ធ្វើការ។ ​ក្នុងខណៈជាមេក្រុម វាសនា ធ្វើការដូចកូនក្រុមដែរ។ នាយយើងរែកកណ្ដាប់ស្រូវដាច់ឆ្ងាយពីគេមកដល់កន្លែងដើមស្រូវដែលខ្ពស់លិចក្បាលបាត់។ អង្គុយចុះ លូកយកកូនក្រណាត់ប៉ុនបាតដៃពីហោប៉ៅខោ រួចកាយដីឲ្យគ្រឡុកបន្ដិច ក៏យកក្រណាត់ទ្រាប់ រួចបូតគួរស្រូវដាក់ ហើយយកដងរែកបុកស្រូវ ដោយភ្នែកលួចមើលគេ រួចយកមកផ្លុំនឹងដៃឲ្យជ្រះក្បាលអង្កាមខ្លះ នៅខ្លះ ហើយហូបអង្កររួចលប់ក្រឡុកនោះវិញធ្វើយ៉ាងនេះរាល់ពេល។ ពេលខ្លះហើមពោះទល់លាមក។ ក្រោយមកទៀតគេឈប់ឲ្យរែកកណ្ដាប់គេឲ្យច្រូតស្រូវ ក៏ទំពារស៊ីស្រូវ ព្រោះតែហូបបបរមិនឆ្អែត។ បើសំរឹតយកតែកាកបានមួយស្លាបព្រា​ ក្រៅពីនោះទឹកថ្លាឆ្វង់ដូចទឹកភ្លៀង។ ពេលឃើញមិត្ត ហេង ប្រជាជនថ្មីត្រូវស្លាប់ដោយទល់លាមក វាសនា ឈប់ហ៊ានហូបស្រូវតទៅទៀត។

«ម៉ែ! កូនហូបមិនឆ្អែតទេម៉ែ។ រួចការងារពេលល្ងាចហើយ កូនមករកបន្លែនៅផ្ទះ ព្រោះនៅកងចល័តឯវាលឥតមានបន្លែទេ មានតែបបររាវ»។ វាសនា លួចរត់មកផ្ទះក្រោយពេលសម្រាកពីការងារនៅពេលល្ងាច ដោយមិនបានប្រាប់មេកងឲ្យដឹង។

«វាសនា! ថ្ងៃក្រោយមុននឹងកូនមក កូនត្រូវប្រាប់គេឲ្យបានដឹង ខ្លាចគេធ្វើបាបកូនណ៎ា»។

វាសនា ប្រមូលបានបន្លែ ត្រប់ ផ្ទី ននោង ត្រកួន ល្ហុង បានកន្លះការ៉ុង ដើរផង រត់ផង ទៅកន្លែងធ្វើការវិញទាំងហត់ដង្ហក់។ ពេលមកដល់កន្លែងស្រាប់តែ៖

«អាវាសនា! អាឯងមកពីណាមិនបានប្រាប់អញមួយម៉ាត់។ អាឯងដើរសេរីគ្មានដឹងមេដឹងកង»។ អាមេកងធំម្នាក់នេះឈ្មោះ អាតូក ជាអ្នកមូលដ្ឋានដូចគ្នា រស់នៅភូមិជិតគ្នា គ្មានធម៌មេត្ដា ដល់ទាស់គ្នា។ នេះបើទៅរាយការណ៍ គេធ្វើបាបគាត់។ បើមិនទៅរាយការណ៍ គេស្ដីបន្ទោស។ ដូចនេះមានតែទៅនិយាយពាក្យល្អជាមួយគាត់៖

«លោកតា! លោកយាយ! អត់ទោសចុះកុំទាស់គ្នា។ ខ្ញុំសូមជម្រាបតាមត្រង់ ពុករាំងឲ្យខ្ញុំមកនៅជិតនេះ ដើម្បីយកការណ៍ពីអ្នកទាំងពីរដូចនេះបើអ្នកទាំងពីរចង់សុខ ហើយអាណិតដល់ខ្ញុំសូមកុំទាស់គ្នាចាប់ពីថ្ងៃនេះទីណ៎ា»។

តាឈុំ យាយសាយ មានសេចក្ដីត្រេកអរណាស់ឈប់ទាស់គ្នាចាប់ពីពេលនោះមក ហើយនឹកសរសើរអំពើល្អរបស់ វាសនា។

ក្រោយសម្រាកការងាររួច ពេលល្ងាចកម្មករទាំងអស់តែងជួបជុំគ្នានិយាយលេង តែនៅព្រឹកឃើញបាត់អ្នកនេះម្ដង អ្នកនោះម្ដង គឺបាត់ខ្លួនម្ដងមួយៗស្ទើររាល់យប់ដោយមិនដឹងពីមូលហេតុ។​ ខ្លះថានិយាយទៅប៉ះពាល់ អង្គការចាប់សួរចម្លើយឆ្លើយដាក់គ្នាជាបន្ត។ មិនអាចទ្រាំនៅបានតទៅទៀតខ្លាចគ្រោះថ្នាក់ដល់ខ្លួន វាសនា សុំលាពុករាំង មករស់នៅសហករណ៍របស់ខ្លួនវិញ ធ្វើឲ្យពុករាំង ក៏ដូចជាកម្មករទាំងអស់នៅឡឥដ្ឋមានការសោកស្ដាយមិនចង់ឲ្យ វាសនា ទៅណា ព្រោះវាសនាមនុស្សល្អម្នាក់ដឹងខុសត្រូវជួយដល់មិត្តគ្រប់គ្នា។

ប្រជាធិបតេយ្យរៀបការសេរីម្ដង ៥០គូ

នៅវាលដង្កៀបក្ដាម មនុស្សជាច្រើនមានសម្លៀកបំពាក់ចាស់ៗ ចំរុះពណ៌ ហើយប៉ះជាច្រើនបំណាស់ដែលមានរាងកាយស្គមស្លេកស្លាំង ហើមមុខមាត់ដៃជើងដើរស្ទើរមិនរួច កំពុងអង្គុយស្ដាប់ការប្រជុំរបស់ តាមោង មេតំបន់៥​ និយាយឆ្កាដៃជើងលើវេទិកាដែលមានយោធាមកការពារយ៉ាងប្រុងប្រយ័ត្ន។ មានទង់ប្រាសាទកំពូលបីពណ៌ក្រហមដាក់លើវេទិកាជាច្រើន។

«ពុកម៉ែបងប្អូនទាំងអស់គ្នា! ថ្ងៃនេះអង្គការបានរៀបចំធ្វើមហាសន្និបាតមួយយ៉ាងធំ ឲ្យបងប្អូនជួបជុំសប្បាយរីករាយ។ សម័យ លន់ នល់ គេថាធ្វើបុណ្យ តែធ្វើបុណ្យរបស់អង្គការនេះ មិនចាំបាច់មានព្រះសង្ឃទេ ព្រោះគ្មានប្រយោជន៍មិនឃើញបុណ្យណាមកជួយជាក់ស្ដែងដូចអង្គការដែលឲ្យបងប្អូនធ្វើទំនប់ប្រឡាយ ធ្វើស្រែកើតបានហូបឆ្អែតរាល់ថ្ងៃនោះទេ»។

ជយោ! ជយោ! អង្គការមហាលោតផ្លោត មហាអស្ចារ្យ ! (យោធាទះដៃ)

វាសនា មកប្រជុំសន្និបាតជាមួយគេ យកដៃកេះ តាភិម ដែលអង្គុយជិត ហើយឱនខ្សឹបពោលថា៖

«កុហកសោះ! អង្គការនេះ ប្រជាជនគ្នាហូបបររាវដើរចង់រលំ ថាហូបបាយឆ្អែតទៅរួច»។

«ឈប់និយាយទៅចៅ! ប្រយ័ត្នស្លាប់ អង្គការស្ដាប់ឮ ចៅត្រូវធ្វើល្ងង់ ធ្វើគរ ធ្វើថ្លង់ ទើបចៅអាយុវែង»។ ធ្វើឲ្យគូសង្សារពីរនាក់នេះត្រូវបែកគ្នាទៅកាន់ផ្ទះរៀងខ្លួនទាំងក្រៀមក្រម និងសោកស្ដាយដោយមិនបានក្រេបទឹកឃ្មុំសម្រេចតាមគោលបំណង។

បីថ្ងៃបន្ទាប់មក អង្គការហៅម្ដងមួយគូម្ដងមួយគូ ឡើងប្ដេជ្ញាតែរៀងខ្លួនគ្រប់ទាំង៤៩គូ។ ដោយឡែកនៅគូទី៥០ ដែលជាគូចុងក្រោយ ត្រូវគូ រំដួល និងយោធាកំឡោះ ឡើងកាន់ដៃគ្នាប្ដេជ្ញាចិត្ត។ រំដួល មានទឹកមុខស្រពោន។ ទឹកភ្នែកហូរដោយមិនឲ្យអង្គការដឹង។ នាងយកកន្សែងដែលគេប្រគល់ឲ្យជូតទឹកភ្នែក។ គ្រប់អ្នករៀបការទាំងអស់មុនរៀបការ គេបើកសំលៀកបំពាក់ខ្មៅ និងកន្សែងគ្រប់ៗគ្នា។ វាសនា ឃើញសង្សាកំសត់របស់ខ្លួនរៀបការ មានទឹកភ្នែកហូរមកដែរ តែមិនហ៊ានឲ្យពួកយោធាដឹង ខំបញ្ចេញទឹកមុខធម្មតា។

«អង្គការរៀបការម្ដង៥០គូរនេះ មិនឲ្យខាតការងារត្រូវធ្វើ។ បើមិត្តនារីណាហ៊ានប្រឆាំង រៀបការហើយមិនព្រមដេកជាមួយពួកយោធារបស់យើងនេះទេ អង្គការយើងដើរឈ្លបមើលពេលផ្សំដំណេកយប់នេះ ឃើញហើយ វាយចោល កុំថាអង្គការកាច»។ មេយោធាម្នាក់ឡើងនិយាយខ្លាំងៗដាក់មេក្រូ។

ពេលយប់ផ្សំដំណេក គេឲ្យដេកជុំគ្នាទាំងអស់ តែគ្រាន់តែយកស្លឹកឈើ ឬ ជញ្រ្ជាំងស្រូវ ឬ ក៏អ្វីបិទបាំងបន្តិច កងឈ្លបយោធាគេដើរតាមដានលបមើលនៅយប់ដោយប្រុងប្រយ័ត្ន៕

«ចប់»

និពន្ធដោយ ៖ មុត ឡោម

ចម្លងចេញពីឯកសារដើមដោយ៖ មីន សាណាស់

បញ្ជាក់៖ ឯកសារដើមបាត់ទំព័រមួយចំនួន។ អ្នកនិពន្ធបានប្រគល់តែផ្នែកដែលទាក់ទងនឹងរបបខ្មែរក្រហមប៉ុណ្ណោះ។

(ការចម្លងចេញពីឯកសារដើម គឺត្រូវបានរក្សាឃ្លោងឃ្លាដើមទាំងស្រុង លើកលែងកំណែអក្ខរាវិរុទ្ធខ្លះៗប៉ុណ្ណោះ)