មុនពិធីបុណ្យចូលឆ្នាំខ្មែរពីរសប្ដាហ៍ មន្រ្តីរាជការ យុវជន យុវនារី អង្គការ និងសិស្សានុសិស្ស ដែលរស់នៅ និងបំពេញការងារក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននាំគ្នារៀបចំសម្អាត និងតុបតែងភ្លើងបំភ្លឺបរិវេណតាមស្ថាប័នការងាររៀងៗខ្លួន រួមទាំងជួយគ្នាសម្អាតអនាម័យតាមដងនៅក្នុងស្រុកវាលវែង។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិប្រម៉ោយបានរៀបចំកម្មពិធីសង្រ្គាន្តយុវជនឃុំប្រម៉ោយ នៅក្នុងទីធ្លាវត្តប្រម៉ោយ ដែលមានការចូលរួមពីសំណាក់មន្រ្តីសាលាស្រុក សមាជិកភូមិឃុំ ប្រជាពលរដ្ឋ អង្គការ និងសិស្សានុសិស្ស ក្នុងស្រុកវាលវែង ដែលធ្វើឲ្យកម្មពិធីកាន់តែមានភាពសប្បាយរីករាយ។ នៅពេលព្រឹក យុវជន យុវនារី និងសិស្សានុសិស្សបាននាំគ្នាទៅលេងល្បែងប្រជាប្រិយជាច្រើនប្រភេទទុកជាការកំសាន្ត ដើម្បីអបអរមុនពិធីចូលឆ្នាំប្រពៃណីខ្មែរខិតជិតចូលមកដល់ រួមមាន លាក់កន្សែង ទាញព្រាត់ ដណ្ដើមស្លឹកឈើ វាយក្អម និងល្បែងប្រជាប្រិយជាច្រើនប្រភេទទៀត។ នៅពេលរសៀល ប្រជាពលរដ្ឋ យុវជន យុវនារី និងសិស្សានុសិស្សនៅក្នុងឃុំប្រម៉ោយបាននាំគ្នារាំកំសាន្តលេងរហូតដល់ពេលល្ងាច។
Photos by Chan Narith
Documentation Center of Cambodia Archieves
April 9, 2025