Home / Post

Veal Veng Reconciliation Center: Genocide Education

សកម្មភាពសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានមក អានសៀវភៅប្រវត្តិសាស្រ្ត និងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» នៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

នៅវេលាម៉ោង៨:០០នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ មានសិស្សានុសិស្សថ្នាក់ទី១០ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយចំនួន១៩នាក់(ស្រី៩នាក់) បានមកចូលរួមក្នុងការអានសៀវភៅប្រវត្តិសាស្រ្ត និងស្នើរសុំទស្សនាខ្សែភាពយន្តឯកសារដែលមាននៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។

ជាដំបូង៖ មឿន ស្រីណុច និងក្រុមការងារ បានណែនាំខ្លួនដល់សិស្សានុសិស្ស និងបានប្រាប់ អំពីសៀវភៅដែលមានតម្កល់នៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចំនួន២៦៥ក្បាលជាភាសាខ្មែរ និងអង់គ្លេស។ បន្ទាប់មក សិស្សានុសិស្សបានជ្រើសរើសសៀវភៅមួយចំនួន ដើម្បីអាន និងសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តនាសម័យកាលនីមួយៗរបស់ប្រទេសកម្ពុជា ក្នុងការជួយពង្រឹងដល់ចំណេះដឹងផ្នែកប្រវត្តិសាស្រ្តឲ្យកាន់តែច្បាស់សម្រាប់យកទៅប្រើប្រាស់ក្នុងការសិក្សារៀនសូត្រ រួមទាំងការប្រឡងមុខវិធ្ជាប្រវត្តិវិទ្យានាពេលខាងមុខ។

កិច្ចបន្ទាប់៖ ក្រុមការងាររបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានជ្រើសរើសចាក់បញ្ចាំងខ្សែភាពយន្តឯកសារ ក្រោមចំណងជើង «កុំស្មានបងភ្លេច» ដល់សិស្សានុសិស្សឲ្យបានទស្សនា។ ការបញ្ចាំងខ្សែភាពយន្ត «កុំស្មានបងភ្លេច» មានគោលបំណងចំនួន ដូចខាងក្រោម៖
១) ចង់ឲ្យសិស្សានុសិស្សបានដឹងបន្ថែមអំពីការបាត់បង់តន្ត្រី និងអ្នកចម្រៀងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩)
២) ចង់ឲ្យសិស្សានុសិស្សឈ្វេងយល់អំពីសម័យកាលនីមួយៗនៅក្នុងខ្សែភាពយន្ត«កុំស្មានបងភ្លេច»
៣) ចង់ឲ្យសិស្សានុសិស្សបានដឹងអំពីផលវិបាកនៃការកើតមានសង្រ្គាម
៤) ការដោះស្រាយបញ្ហាដោយសន្តិវិធី និងការទប់ស្កាត់ជម្លោះនានា។

ក្រោយខ្សែភាពយន្តបានបញ្ចប់ ក្រុមការរបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានចាប់ផ្ដើមកិច្ចពិភាក្សាមួយជាមួយសិស្សានុសិស្សទាក់ទងនឹងការចងចាំបន្ទាប់ពីទស្សនាខ្សែភាពយន្ត«កុំស្មានបងភ្លេច» និងចំណាប់អារម្មណ៍ចំពោះខ្សែភាពយន្តឯកសារមួយនេះ។ ការចងចាំជារួមរបស់សិស្សានុសិស្សមានដូចខាងក្រោម៖

– សម័យសង្គមរាស្រ្តនិយម (១៩៥៥-១៩៧០) ដឹកនាំដោយ សម្តេចព្រះ នរោត្ដម សីហនុ​ប្រទេសជាតិមានការរីកចម្រើនស្ទើរគ្រប់វិស័យដូចជា ផ្នែកកសិកម្ម ផលិតកម្ម ឧស្សាហកម្ម សិល្បៈតន្ត្រី និងមានការសាងសងរោងចក្រ និងអាគារជាច្រើន។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងដើមឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានវង់តន្រ្តីជាច្រើន និងមានអ្នកចំរៀងល្បីៗជាច្រើនរូប រួមមាន៖ លោក ស៊ីន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា អ្នកស្រី ប៉ែន រ៉ន អ្នកស្រី ហួយ មាស អ្នកម្នាង សៀង ឌី អ្នកស្រី ម៉ៅ សារ៉េត លោក សុះ ម៉ាត់ លោកមាស សាម៉ន ជាដើម ។
– សម័យសាធារណរដ្ឋខ្មែរ(១៩៧០-១៩៧៥) សង្រ្គាមបានឆាបឆេះឡើង មានការប្រយុទ្ធគ្នានៅតាមសមរភូមិ ការបាញ់ផ្លោងដាក់គ្នា និងការយន្តហោះមកទម្លាក់គ្រាប់បែក យ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមព្រៃ និងភូមិប្រជាជនបណ្តាលឲ្យមនុស្សមួយចំនួនបានស្លាប់ ស្វតធាតុ និងទ្រព្យសម្បត្តិមួយចំនួនទៀតត្រូវបានបំផ្លិចបំផ្លាញ។
– សម័យរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដឹកនាំដោយ ប៉ុល ពត ប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញ និងធ្លាក់ដល់កម្រិតសូន្យ ប្រជាជនកម្ពុជាប្រមាណ២លាននាក់បានស្លាប់ ដោយសារការអត់ឃ្លាន ធ្វើការងារហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល និងការយកទៅសម្លាប់ ។ នៅថ្ងៃ ១៧ មេសា ១៩៧៥ ប្រជាជននៅទីក្រុងភ្នំពេញត្រូវបានជម្លៀសបង្ខំឲ្យចេញពីផ្ទះសម្បែងទៅរស់នៅ និងធ្វើការងារស្រែចំការយ៉ាប់យឺននៅក្នុងសហករណ៍តាមជនបទដាច់ស្រយាល។ ការរស់នៅក្នុងរបបខ្មែរក្រហម គឺជាទាសករ។ អ្នកចម្រៀងភាគច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល។

– នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលរំដោះទីក្រុងភ្នំពេញ។ ក្រោយរបបខ្មែរក្រហមត្រូវបានដួលរលំ តន្ត្រីករ និងអ្នកចំរៀងដែលនៅរស់រានមានជីវិតមួយចំនួនមិនហ៊ានវិលត្រឡប់ទៅទីក្រុងភ្នំពេញវិញនោះទេ។

ចុងបញ្ចាប់៖ សិស្សានុសិស្សបានស្នើរសុំលីងខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» និងខ្សែភាពយន្តផ្សេងៗទៀត ដើម្បីទុកទស្សានានៅក្រោយពេលទំនេរពីការសិក្សានៅសាលារៀន និងបានសុំអនុញ្ញាតក្រុមការរបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងថតរូបទុកជាអនុស្សាវរីយ៍នៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។

ចំណាប់អារម្មណ៍៖
១/ លី ម៉េងហួរ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ បន្ទាប់ពីទស្សនាខ្សែភាពយន្ត«កុំស្មានបងភ្លេច» សម្រាប់មតិរបស់ខ្ញុំ នៅក្នុងខ្សែភាពយន្តឯកសារ ខ្ញុំបានឃើញរបស់ប្រើប្រាស់ប្លែកៗជាច្រើនដែលខ្ញុំមិនធ្លាប់បានស្គាល់ និងមិនដែលបានឃើញពីមុនមក។ ខ្ញុំបានឃើញអំពីសកម្មភាពនៅទីក្រុងភ្នំពេញនៅសម័យសង្គមរាស្រ្តនិយម គឺប្រជាជននិយមជិះស៊ីក្លូ និងរស់នៅប្រកបទៅដោយភាពសប្បាយរីករាយ ប៉ុន្តែនៅអំឡុងពេលសង្រ្គាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ បានធ្វើឲ្យប្រជាជនត្រូវរត់គេចពីការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិកកាំង និងស្លាប់អស់ជាច្រើននាក់។ បន្ទាប់មកនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្ញុំបានឃើញពីអំពីការរស់នៅរបស់ប្រជាជន គឺប្រកបរបរធ្វើស្រែចម្ការ ហើយបានដឹងថាខ្មែរក្រហមបានលុបបំបាត់តន្រ្តី និងសម្លាប់អ្នកចម្រៀងកាលពីសម័យសង្គមចាស់អស់ជាច្រើននាក់។ ប្រជាជនខ្មែររស់នៅដោយការលំបាក និងមានភាពភ័យខ្លាច ព្រោះក្រុមគ្រួសារ បងប្អូនរបស់ពួកគេត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ នៅពេលខ្ញុំបានមើល បានស្ដាប់ពីរឿងរ៉ាងទាំងអស់នេះហើយ ខ្ញុំពិតជាអាណិតដល់ប្រជាជនខ្មែរជាខ្លាំងដែលត្រូវរងគ្រោះពីរបបឃោរឃៅរបស់ខ្មែរក្រហម។ បើសិនមានឪកាសលើកក្រោយ ខ្ញុំនឹងមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែងម្ដងទៀត ដើម្បីសិក្សាពីអ្វីថ្មីៗ ជាពិសេសប្រវត្តិសាស្រ្តក្នុងសម័យខ្មែរក្រហមបន្ថែមទៀត។

២/ សំអូន លីម៉ី ភេទស្រី អាយុ១៦ឆ្នាំ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ ៖ បន្ទាប់ពីអានសៀវភៅ និងមើលកុនរឿង«កុំស្មានបងភ្លេច» ខ្ញុំទទួលបានចំណេះដឹងជាច្រើនដូចជា ខ្ញុំបានយល់ដឹងកាន់តែច្បាស់អំពីសម័យកាលនីមួយៗនៅក្នុងប្រទេសកម្ពុជា ដូចជាបានឆ្លងកាត់អ្វីខ្លះ ជួបរឿងអ្វីខ្លះ មានបញ្ហានៅក្នុងសង្រ្គាមអ្វីខ្លះ បង្ហាញឲ្យឃើញពីភាពឈឺចាប់របស់ប្រជាជនខ្មែរគ្រប់រូប។ ប្រទេសកម្ពុជាពោរពេញទៅដោយសង្រ្គាម គ្មានសន្តិភាព គ្មានសេរីភាព ការជិះជាន់ប្រើឲ្យធ្វើការងារហួសកម្លាំង ការហូប ចុកមិនបានគ្រប់គ្រាន់ តន្រ្តីករ និងអ្នកចម្រៀងមួយចំនួនត្រូវបាត់ជីវិតនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីទស្សនាកុនចប់ ខ្ញុំមានចិត្តអាណិតអាសូរដល់អ្នកចម្រៀងល្បីៗជំនាន់ដើមដែលបានបាត់បង់ជីវិត និងអាណិតអាសូរដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលអាចរត់គេចពីរបបដ៏ឃោរឃៅមួយនេះ។

៣/ នង ណាវិន ភេទប្រុស អាយុ១៦ឆ្នាំ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ ៖ ខ្ញុំពិតជាអារម្មណ៍សប្បាយរីករាយដែលបានចូលមកអានសៀនភៅ និងទស្សនាកុន«កុំស្មានបងភ្លេច»។ បន្ទាប់ពីទស្សនាកុនចប់ ខ្ញុំទទួលបានចំណេះដឹងជាច្រើនដូចជា ដឹងពីសម័យកាលក្នុងការគ្រប់គ្រងប្រទេសកម្ពុជា ការបាត់បង់អ្នកចម្រៀងល្បីនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរ យើងត្រូវដឹងអំពីប្រវត្តិសាស្រ្តរបស់ប្រទេសរបស់ខ្លួនឲ្យបានច្រើន។

៤/ ឯល ហ្វារីណា ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សមកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ ក្រោយពីបានចូលរួមទស្សនាខ្សែភាពយន្តកុន ខ្ញុំមានអារម្មណ៍ថាសោកស្ដាយខ្លាំងចំពោះប្រទេសកម្ពុជាដែលធ្លាប់កើតមានសង្គ្រាម ធ្វើឲ្យប្រជាជនស្ទើរតែមួយប្រទេសត្រូវឃ្លាតឆ្ងាយពីស្រុកកំណើតរបស់ខ្លួន។ ផ្ទុយទៅវិញខ្ញុំមានមោទនភាពយ៉ាងក្រៃលែងចំពោះប្រជាជនខ្មែរ ដែលនៅតែថែរក្សាវប្បធម៌បានល្អមិនឲ្យបាត់បង់ និងអរគុណយ៉ាងខ្លាំងចំពោះអ្នកដឹកនាំប្រទេសឲ្យមានសន្តិភាពដូចបច្ចុប្បន្ននេះ។ ប្រសិនបើគ្មានសន្តិភាពកូនខ្មែរក៏មិនអាចរស់រានមានជីវិតដល់បច្ចុប្បន្ននេះដែរ។ បើមានឪកាសម្ដងទៀតខ្ញុំនឹងមកទីនេះដើម្បីសិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្តរបស់កម្ពុជាយើងឲ្យកាន់តែច្បាស់នេះទៀត។

៥/ រ៉េត ច័ន្ទកញ្ញា ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សមកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ បន្ទាប់ពីបានទស្សនាខ្សែភាពយន្តកុន«កុំស្មានបងភ្លេច» ខ្ញុំពិតជាមានអារម្មណ៍ថាសោកស្ដាយយ៉ាងខ្លាំងចំពោះសិល្បៈករខ្មែរដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមអស់ជាច្រើនរូប។ លើសពីនេះទៅទៀតខ្ញុំបានដឹងពីការប្រែប្រួលរបស់ប្រទេសកម្ពុជាយើងពីមួយសម័យកាលទៅមួយសម័យកាល។ ប្រសិនបើមានឪកាស ខ្ញុំចង់ចូលរួមសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសយើងឲ្យកាន់តែច្បាស់ជាងនេះទៀត។

៦/ ហុក រ៉ាឌី ភេទស្រី អាយុ ១៧ឆ្នាំ ជាសិស្សមកពីសាលាវិទ្យាល័យហ៊ុនសែនប្រម៉ោយ ក្រោយពីបានចូលរួមទស្សនាខ្សែភាពយន្តកុន ខ្ញុំពិតជាមានអារម្មណ៍ត្រេកអរខ្លាំងមែនទែន ពីព្រោះបានមើលខ្សែភាពយន្តប្រវត្តិសាស្រ្តរបស់ខ្មែរយើង និងបានដឹងពីប្រវត្តិរបស់សិល្បៈករ ដែលពួកគាត់មានសមត្ថភាពខ្លាំងខាងផ្នែកចម្រៀង និងមានអារម្មណ៍សោកស្ដាយជាខ្លាំង ពីព្រោះអ្នកចម្រៀងទាំងអស់នោះត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃហើយ មានអ្នកចម្រៀងមួយចំនួនតូចដែលគាត់រស់រានមានជីវិតមកដល់សព្វថ្ងៃ ព្រោះតែគាត់បានលាក់ប្រវត្តិជាអ្នកចម្រៀង។ បើមានឪកាសលើកក្រោយទៀតនាងខ្ញុំពិតជាចង់ចូលរួមសិក្សាអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាម្ដងទៀត។

អង្កេតការណ៍៖
• សិស្សានុសិស្សមានកាយវិការ និងឥរិយាបថសមរម្យ
• សិស្សានុសិស្សមានអារម្មណ៍សប្បាយរីករាយ នៅពេលបានចូលមកអានសៀវភៅ និងទស្សនាខ្សែភាពយន្តឯកសារ នៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
• សិស្សានុសិស្សទាំងអស់ចូលចិត្តទស្សនាខ្សែភាពយន្តឯកសារ
• សិស្សានុសិស្សមានការចាប់អារម្មណ៍ទៅលើតន្រ្តីក្នុងប្រទេសកម្ពុជាមុនទសវត្សរ៍ឆ្នាំ៧០
• ក្រោយទស្សនាខ្សែភាពយន្ត សិស្សានុសិស្សមានការចាប់អារម្មណ៍រឿងរ៉ាវកើតឡើងអំឡុងឆ្នាំ១៩៧៥-១៩៧៩ ជាងសម័យកាលដទៃ
• សិស្សានុសិស្សមួយចំនួនចូលចិត្តទស្សនាខ្សែភាពយន្ត ព្រោះមានការចងចាំជាងការអានសៀវភៅ
• សិស្សានុសិស្សភាគច្រើនចូលចិត្តការអានសៀវភៅ។

សកម្មភាពសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានមក អានសៀវភៅប្រវត្តិសាស្រ្ត និងទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» នៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
Photos by Chan Narith
Documentation Center of Cambodia Achieves
March 25-27, 2025

Full Report