January,17,2025
Photos By Thy Kimhong and Chan Narith
Documentation Center of Cambodia Archives
នៅចន្លោះថ្ងៃទី១៥ ដល់ ១៧ ខែមករា ឆ្នាំ២០២៥ ក្រុមការងារទូរទស្សន៍ NHK របស់ប្រទេសជប៉ុនបានចុះមកថតខ្សែភាពយន្តឯកសារស្តីពីរបបខ្មែរក្រហម និងបានថតសកម្មភាពរបស់ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលកំពុងធ្វើការងារនៅការិយាល័យរបស់ខ្លួនស្ថិតនៅក្នុងភូមិប្រប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងការចុះស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមភូមិក្នុងស្រុកវាលវែងដូចខាងក្រោម៖
វេលាម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រុមការងារទូរទស្សន៍ NHK របស់ប្រទេសជប៉ុនបានចុះមកដល់ការិយាល័យមជ្ឈមណ្ឌលផ្សះផ្សាវាលវែងនិងបានថតអំពីសកម្មភាពរបស់ការងាររបស់បុគ្គលិក និងអ្នកស្ម័គ្រចិត្តកំពុងធ្វើការងារនៅក្នុងការិយាល័យ។ ក្រុមការងារទូរទស្សន៍ NHK ក៏បានសម្ភាសន៍បុគ្គលិក និងអ្នកស្ម័គ្រចិត្តអំការងារប្រចាំថ្ងៃ និងសួរថាហេតុអ្វីបានជាបុគ្គលិក និងអ្នកស្ម័គ្រសម្រេចចិត្តធ្វើរងារទាក់ទងការងារទាក់ទងនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងប្រវត្តិសាស្ត្រទាក់ទងនឹងរបបខ្មែរក្រហម។
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្រុមការងារទូរទស្សន៍ NHK បានមកថតសកម្មភាពការតម្លើងស្លាកនៅខាងមុខមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងបានសម្ភាសន៍ជាមួយលោក ឡុង ដានី អំពីគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ បន្ទាប់មក ក្រុមការងារទូរទស្សន៍ NHK បានចុះទៅតាមថតក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២នាក់៖
ទី១ ឈ្មោះ យឹម សេម ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យឹម សេម មានស្រុកកំណើតនៅភូមិព្រៃស្វាយ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យឹម សេម ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារពលកម្មនៅក្នុងកងចល័តឃុំតាលោ ដែលមានសមាជិកជាង១០០នាក់ និងឈ្មោះ អ៊ីម ប្រធានកងចល័ត។ នៅឆ្នាំ១៩៧៧ យឹម សេម ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើនិរសា យាយ រឹម ដែលជាគណៈស្រុកបាកាន តំបន់ពោធិ៍សាត់។ ការងាររបស់ យឹម សេម គឺ យកសំបុត្រពីសាលាស្រុកបាកានទៅប្រគល់ឲ្យតាមការដ្ឋានការងារនានានៅក្នុងស្រុកបាកាន។ ដោយសារ យឹម សេម មិនចេះជិះកង់ ពេលយកសំបុត្រទៅតាមរដ្ឋានការងារម្តងៗត្រូវធ្វ់ដំណើរដោយថ្មើជើង។ នៅចុងឆ្នាំ១៩៧៨ យឹម សេម បានដឹងថា ខ្មែរក្រហមបានបាញ់សម្លាប់ប្រជាជនដែលជម្លៀសមកពីភូមិភាគបូព៌ាស្លាប់គរជើងលើគ្នា។ បន្ទាប់មកខ្មែរក្រហមបានដឹកសាកសពតាមរទេះគោយកទៅទម្លាក់ក្នុងអណ្តូង។ នៅពេលរសៀសថ្ងទី១៦ ខែមករា ឆ្នាំ២០២៥ ក្រុមការងារទូរទស្សន៍ NHK និងក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលបានសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ទៀតឈ្មោះ កែវ សាន ភេទប្រុស អាយុ៩១ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង។ កែវ សាន មានស្រុកកំណើតនៅភូមិតាំងពោធិ៍ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាចនៅឆ្នាំ១៩៧៥ កែវ សាន មានតួនាទីជាប្រធានកងវរសេនាធំលេខ១៩ នៃកងពលទី១ ប្រចាំភូមិភាគបស្ចិម។ នៅឆ្នាំ ១៩៧៨ កែវ សាន ត្រូវបាន តាម៉ុក ជ្រើសតាំងឲ្យកាន់ជាគណៈតំបន់៣២ ភូមិភាគបស្ចិម។
របាយការណ៍ដោយ៖ មឿន ស្រីណុច