Home / Post

Play highlights Veal Veng Reconciliation Center: Classroom Forum on the History of Democratic Kampuchea (1975-1979). Mach 12, 2025

នៅវេលាម៉ោង៨:០០ នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយចំនួន១៣ (ស្រី៥នាក់) បានមកចូលរួមវេទិការថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) លើប្រធានបទ៖ ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើរឃោរឃៅធ្ងន់ធ្ងរ។

គោលបំណងដែលមជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) គឺចង់ឲ្យសិស្សានុសិស្សមានការយល់ដឹង និងសិក្សារៀនសូត្របន្ថែមទៀតអំពីអត្ថប្រយោជន៍ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ(១៩៧៥-១៩៧៩) និយមន័យនៃអំពើប្រល័យពូជសាសន៍ ការទប់ស្កាត់អំពើហឹង្សាធ្ងន់ធ្ងរនាពេលអនាគត។ មជ្ឈមណ្ឌលផ្សះផ្សាវាលវែងក៏មានបំណងចង់ឲ្យសិស្សានុសិស្សសាកសួររឿងរ៉ាវ និងបញ្ហាសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាឪពុកម្តាយ ជីដូនជីតារបស់ខ្លួន ដើម្បីស្វែងយល់បន្ថែមអំពីជីវិតរស់នៅក្នុងរបបខ្មែរក្រហម និងផលប៉ះពាល់មកលើឪពុកម្តាយ និងជីដូនជីតាខ្លួនរហូតមកដល់បច្ចុប្បន្ន។

មុនវេទិកាថ្នាក់រៀនចាប់ផ្តើម លោក ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានបង្ហាញពីសៀវភៅ និងផ្ទាំងរូបភាពមួយចំនួនដែលមាននៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ព្រមទាំងបានណែនាំឲ្យសិស្សានុសិស្សចូលរួមអានសៀវភៅឲ្យបានច្រើន និងធ្វើការកត់ត្រាកំណត់ហេតុផ្ទាល់ខ្លួនជាប្រចាំថ្ងៃ ដើម្បីជួយបង្កើនដល់ស្មារតីឲ្យមានការចងចាំបានល្អ។

ជាកិច្ចបន្ទាប់មកលោក ដានី បានឲ្យសិស្សានុសិ្សបំពេញតារាងស្ទាបស្ទង់មតិអំពីចំណេះដឹងរបស់សិស្សានុសិស្សទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរក្រហម និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើឃោរឃៅធ្ងន់ធ្ងរនៅមុនការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) លើប្រធានបទ ៖ ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើរនេះ។ លោក ដានី បានលើកយកវិធីសាស្ត្រ K-W-L មកបង្រៀនដល់សិស្សានុសិស្ស។ លោក ដានី បានចាប់ផ្តើមដោយសួរសំណួរទៅសិស្សានុសិស្សទាំងអស់ថា តើប្អូនៗបានដឹងអ្វីខ្លះអំពីរបបខ្មែរក្រហម?

សិស្សានុសិស្សបានដឹងពីរបបខ្មែរក្រហមមានដូចខាងក្រោម៖
១/ ខ្ញុំបានដឹងតាមរយៈបណ្ដាញសង្គមថាក្នុងរបបខ្មែរក្រហមជារបបប្រល័យពូជសាសន៍ដ៏សាហាវ ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់។
២/ ជីដូនរបស់ខ្ញុំ បាននិយាយថាគាត់ និងស្វាមីត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តកំពង់ស្ពឺ។
៣/ ជីដូនរបស់ខ្ញុំធ្លាប់ដាំបបរឲ្យកម្មាភិបាលខ្មែរក្រហម ប៉ុន្តែគាត់មិនបានហូបបបរឆ្អែតនោះទេ។
៤/ ខ្ញុំធ្លាប់ឮចាស់ៗនិយាយថា ខ្មែរក្រហមបានប្រើត្បូងចបក្នុងការវាយសម្លាប់មនុស្ស។
៥/ លោកតារបស់ខ្ញុំ បានប្រាប់ថាខ្មែរក្រហមបានប្រើឲ្យប្រជាជនធ្វើស្រែ ហើយនៅពេលទទួលបានផលស្រូវគឺយកទៅផ្គត់ផ្គង់កងទ័ព មិនឲ្យប្រជាជនហូបគ្រប់គ្រាន់នោះទេ។
៦/ ខ្ញុំធ្លាប់សិក្សានៅសាលារៀន បានដឹងថាក្នុងរបបខ្មែរក្រហមបានលុបបំបាត់ទីផ្សារ សាសនា រូបិយប័ណ្ណ ដោយឲ្យប្រជាជនស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងមានក្រមាបង់ក។
៧/ ម្ដាយរបស់ខ្ញុំបានប្រាប់ថា ខ្មែរក្រហមបានប្រើឲ្យធ្វើការងារធ្ងន់ធ្ងរ និងមិនមានពេលវេលាសម្រាកគ្រប់គ្រាន់នោះឡើយ។

បន្ទាប់មក លោក ដានី សួរសំណួរទៅកាន់សិស្សានុសិស្សទាំងអស់ តើប្អូនៗមានចង់ដឹងអ្វីខ្លះអំពីរបបខ្មែរក្រហម?
សិស្សានុសិស្សចង់ដឹងពីរបបខ្មែរក្រហម៖
១/ មូលហេតុអ្វីបានជាខ្មែរក្រហមប្រើឲ្យប្រជាជនធ្វើស្រែចម្ការ?
២/ នៅចន្លោះឆ្នាំ(១៩៧៥-១៩៧៩) តើប្រទេសកម្ពុជាមានសង្រ្គាមជាមួយប្រទេសណា?
៣/ ហេតុអ្វីនាំឲ្យកើតមានរបបខ្មែរក្រហម? ហើយអ្នកណាជាអ្នកជួយរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបនេះ?
៤/ តើប្រជាជនក្នុងរបបខ្មែរក្រហមមានការរស់នៅយ៉ាងដូចម្ដេច?
៥/ ខ្ញុំធ្លាប់បានឮថាវៀតណាមបានសម្លាប់ខ្មែរ តើវៀតណាមពិតជាបានសម្លាប់ខ្មែរមែន ឬខ្មែរជាអ្នកសម្លាប់ខ្មែរគ្នាឯង?
៦/ តើអ្នកណាជាអ្នកបង្កើតឲ្យមានរបបខ្មែរក្រហម?
៧/ នៅក្នុងរបបខ្មែរក្រហម តើអ្នកណាជាជនក្បត់ពិតប្រាកដ?
៨/ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ តើមានមនុស្សស្លាប់ប៉ុន្មាននាក់?
៩/ តើពាក្យថាសហករណ៍មានន័យដូចម្ដេច?

លោក ដានី បានធ្វើបទបង្ហាញអំពីជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានចែកចេញជា៧ចំណុចសំខាន់ៗដូចខាងក្រោម៖

១/ កងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ និងសម្លៀសប្រជាជនដោយបង្ខំ នៅថ្ងៃទី១៧ ខែមសា ឆ្នាំ១៩៧៥។

២/ ការបង្កើតសហករណ៍
– ការបង្កើតសហករណ៍កម្រិតទាប
– ការបង្កើតសហករណ៍កម្រិតខ្ពស់

៣/ វណ្ណៈសង្គមថ្មីពីរ
– ប្រជាជន១៧ មេសា
– ប្រជាជនចាស់(ប្រជាជនមូលដ្ឋាន)

៤/ ពិធីរៀបមង្គលការ
– មង្គលការ(ឬពិធីបើកវគ្គ)
– ការបង្ខំឲ្យរៀបការ
– គោលបំណងនៃការរៀបការ

៥/ ការរំលោភលើសិទ្ធិនិងពលកម្មរបស់កុមារ
– គ្មានសាលារៀនជាផ្លូវការ
– គ្រូបង្រៀនជាច្រើនជាកសិករ និងចេះអាន សរសេរអក្សរបានបន្តិចបន្តួច
– ការងាររបស់កុមារ

៦/ ការបង្ខំឲ្យធ្វើការជាទម្ងន់
– ប្រជាជនគ្រប់រូបត្រូវធ្វើការងារទាំងអស់គ្នា
– ប្រជាជនស្ទើរគ្រប់រូបត្រូវធ្វើការលើសពី១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍

៧/ បន្សុទ្ធកម្ម និងការសម្លាប់រង្គាល
– ខ្មែរក្រហមជឿជាក់ថាមានខ្មាំងគ្រប់ទីកន្លែងនៅទូទាំងប្រទេស
– បន្សុទ្ធកម្មដ៏ធំធេងនៅក្នុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ និងបានបង្កើតមន្ទីរឃុំឃាំងយ៉ាងហោច១៩៧ ដើម្បីឃុំឃាំងអ្នកទោស។ អ្នកទោសរបស់ខ្មែរក្រហមភាគច្រើនត្រូវបានសម្លាប់យ៉ាងយ៉ង់ឃ្នង។

បន្ទាប់ពីការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហមលោក ដានី ក៏បានព្យាយាមឆ្លើយរាល់សំណួរដែលសិស្សានុសិស្សបានសួរដូចខាងលើ។ ជាកិច្វបន្ទាប់ លោក ដានី
បានធ្វើបទបង្ហាញជាសង្ខេបអំពីដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សំណុំរឿង ០០១ និងសំណុំរឿង ០០២ (សំណុំរឿង០០២ វគ្គទី១ និងសំណុំ០០២ វគ្គទី២)។ និយមន័យអំពើប្រល័យពូជសាសន៍ ធាតុផ្សំនៃអំពើប្រល័យពូជសាសន៍ តើអំពើប្រល័យពូជសាសន៍ប៉ះពាល់ដល់ «គ្រួសារនិងសហគមន៍» យ៉ាងដូចម្ដេច? តើអំពើប្រល័យពូជសាសន៍ប៉ះពាល់ដល់«មនុស្សម្នាក់ៗ» យ៉ាងដូចម្ដេច? និងវិធីសាស្ត្រដើម្បីទប់ស្កាត់អំពើនេះ។

នៅចុងបញ្ចប់នៃវេទិការថ្នាក់រៀនលោក ដានី បានស្នើសុំឲ្យសិស្សានុសិស្សបំពេញតារាងស្ទាបស្ទង់មតិអំពីថា តើសិស្សានុសិស្សបានកើនឡើងចំណេះដឹងស្តីពីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និយមន័យអំពើប្រល័យពូជសាសន៍ និងការទប់ស្កាត់អំពើរឃោរឃៅធ្ងន់ធ្ងរ ដែរឬទេ?

ចំណាប់អារម្មណ៍៖
១/ ឈ្មោះ ហ៊ត់ រចនា ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដែលបានអញ្ជើញរូបនាងខ្ញុំមកចូលរួមវេទិកាថ្នាក់រៀននៅថ្ងៃនេះ។ ខ្ញុំមានអារម្មណ៍សោកសៅបន្ទាប់ពីបានសិក្សាពីប្រវត្តិសាស្រ្តក្នុងរបបខ្មែរក្រហម ពីព្រោះក្នុងរបបខ្មែរក្រហមមានរឿងរ៉ាវដ៏ពិបាកវេទនារបស់ប្រជាជនខ្មែរ ធ្វើឲ្យរូបនាងខ្ញុំចង់សិក្សាស្វែងយល់ពីរឿងរ៉ាវរបស់ប្រជាជនបន្ថែមទៀត។ បន្ទាប់ពីបញ្ចប់ការបង្រៀនរបស់លោក ឡុង ដានី នាងខ្ញុំទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ដូចជា៖
– ជីវិតរស់នៅរបស់ប្រជាជនក្នុងសម័យខ្មែរក្រហម
– ការប្រើអំពើហិង្សា និងការសម្លាប់
– ការរំលោភសិទ្ធិ និងពលកម្មរបស់កុមារ
– ការបង្កើតសហករណ៍
– វណ្ណៈសង្គមថ្មីពីរ
– ការរៀបមង្គលការដោយបង្ខំ
– ការបង្ខំឲ្យធ្វើការងារហួសកម្លាំង
– កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាបានសហការជាមួយកងទ័ពស្ម័គ្រវៀតណាមក្នុងការផ្ដួលរលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបង្កើតរបបថ្មីមួយមានឈ្មោះថា របបសាធារណរដ្ឋប្រជាមាណិតកម្ពុជា។

២/ ខ្ញុំបាទឈ្មោះ ង៉ាន មាសសាលី ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀននៅព្រឹកនេះ ខ្ញុំទទួលបានចំណេះដឹងជាច្រើនអំពីប្រវត្តិសាស្រ្តក្នុងរបបខ្មែរក្រហម បានធ្វើឲ្យខ្ញុំចង់សិក្សាស្វែងយល់ពីរបបខ្មែរក្រហមនេះបន្ថែមទៀត ពីព្រោះរបបខ្មែរក្រហមបានធ្វើឲ្យប្រជាជនស្លាប់ច្រើននាក់។ សម្រាប់ខ្ញុំពិតជាមានអារម្មណ៍ថាអាណិតដល់ប្រជាជនដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ហើយខ្ញុំមិនចង់ឲ្យរបបនេះកើតឡើងម្ដងទៀតឡើយ។

៣/ អេង សៀវមាន ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃសាលាវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី របបកម្ពុជាប្រជាធិបតេយ្យនៅក្នុងឆ្នាំ(១៩៧៥-១៩៧៩)ខ្ញុំទទួលបានចំណេះជាច្រើនដូចជា៖ ការជម្លៀសប្រជាជនដោយបង្ខំចាកចេញពីទីក្រុងភ្នំពេញ ទៅធ្វើស្រែចម្ការនៅតាមបណ្ដារខេត្តនានា និងប្រើឲ្យប្រជាជនធ្វើការងារទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ ជាពិសេសនោះគឺ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនទាំងប្រុសទាំងស្រី ត្រូវរៀបការជាមួយគ្នាទាំងមិនបានស្រឡាញ់ពេញចិត្ត ប្រសិនបើមានអ្នកប្រឆាំងតវ៉ា ខ្មែរក្រហមនឹងយកទៅសម្លាប់ចោល។ មិនតែប៉ុណ្ណោះខ្មែរក្រហមបានបិទសិទ្ធិសេរីភាពរបស់កុមារ មិនឲ្យសិក្សារៀនសូត្រឡើយ ហើយត្រូវចូលរួមធ្វើការងារដែលខ្មែរក្រហមបានកំណត់។ ខ្ញុំពិតជាមានអារម្មណ៍អាណិតដល់ប្រជាជនខ្មែរជាខ្លាំង ដែលត្រូវបានស្លាប់បាត់បង់ជីវិតដោយសាររបបដ៏សាហាវឃោរឃៅមួយនេះ បើមានឪកាសលើកក្រោយម្ដងទៀត ខ្ញុំចង់មកចូលរួមសិក្សារៀនសូត្រពីរបបមួយនេះឲ្យកាន់តែច្បាស់បន្ថែមទៀត។

៤/ យិន សុភ័ត្រា្ត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃសាលាវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី របបកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ(១៩៧៥-១៩៧៩) ខ្ញុំទទួលបាននូវចំណេះដឹងជាច្រើនរួមមាន៖ ការឡើងកាន់អំណាចរបស់ក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងចាប់ផ្ដើមមានការបង្កើតសហករណ៍នៅតាមស្រុកភូមិ ហើយប្រជាជនទាំងអស់ត្រូវរស់នៅរួមគ្នា ហូបបាយរួមគ្នា និងធ្វើការងាររួមគ្នា ដោយមិនប្រកាន់វណ្ណៈ អ្នកមានឬអ្នកក្រឡើយ។ ខ្ញុំមានអារម្មណ៍ថារបបខ្មែរក្រហមគឺជារបបមួយដែលគួរឲ្យខ្លាចបំផុត ហើយខ្ញុំមិនចង់ជួបរបបដ៏ឃោរឃៅបែបនេះឡើយ។

៥/ ណុប ម៉ារី ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់១០ នៃសាលាវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ(១៩៧៥-១៩៧៩) ខ្ញុំទទួលបានចំណេះដឹងជាច្រើនបន្ថែមទៀត ក្រៅពីការបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅតាមសាលារៀន។ អ្វីដែលខ្ញុំបានដឹងនោះគឺ ខ្មែរក្រហមបានប្រើឲ្យប្រជាជនធ្វើការងារហួសកម្លាំងពលកម្ម និងបង្អត់អាហារ ហើយប្រជាជនណាដែលក្រោកឈរតវ៉ាប្រឆាំងនឹងខ្មែរក្រហម គឺត្រូវបានចោទប្រកាន់ថាជាខ្មាំងនឹងយកទៅសម្លាប់ចោលជាមិនខាន។ ខ្ញុំពិតជាមានអារម្មណ៍អាណិតដល់ប្រជាជនខ្មែរយើងខ្លាំងណាស់ ដែលធ្លាប់បានឆ្លងកាត់ពីរបបដ៏ឃោរឃៅមួយនេះ។ ខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅទៅកាន់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងដែលបានអនុញាតិឲ្យរូបខ្ញុំក៏ដូចជាសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនប្រម៉ោយ បានចូលរួមក្នុងវេទិការថ្នាក់រៀនស្ដីអំពីរបបកម្ពុជាប្រជាធិបតេយ្យមួយនេះ។

៦/ តុបទិត្យ សុវណ្ណ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃសាលាវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៥-១៩៧៩ ខ្ញុំទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀត ក្រៅពីសាលារដ្ឋដែលខ្ញុំរៀនសូត្រ។ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយ និងអាណិតចំពោះប្រជាជនខ្មែរខ្លាំងណាស់ដែលបានឆ្លងកាត់រឿងរ៉ាវដ៏លំបាកក្នុងរបបមួយនេះ។

អង្កេតការណ៍៖
• សិស្សានុសិស្សទាំងអស់មានឥរិយាបថសមរម្យល្អ
• សិស្សានុសិស្សទាំងអស់រួសរាយរាក់ទាក់ និងស្លៀកសម្លៀកបំពាក់បានស្អាត
• សិស្សានុសិស្សយកចិត្តទុកដាក់ស្ដាប់ ការធ្វើបទបង្ហាញរបស់លោក ឡុង ដានី
• សិស្សានុសិស្សភាគច្រើនបានដឹងរឿងរ៉ាវពីរបបខ្មែរក្រហមតាមរយៈ លោកតា លោកយាយ ឪពុកម្ដាយ គ្រូបង្រៀន និងតាមបណ្ដាញសង្គមនានា
• សិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗលម្អិតពីរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ(១៩៧៥-១៩៧៩)បន្ថែមទៀត
• សិស្សានុសិស្សមួយចំនួនមិនសូវបានដឹងរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម
• សិស្សានុសិស្សទាំងអស់មានភាពក្លាហាន ក្នុងការសួរសំណួរដែលខ្លួនបានឆ្ងល់។

Full report