A researcher from Agentina, Alejandro Lamarque visited Takeo Documentation Center and Local Genocide Memorial Sites in Takeo province.
March 12, 2025 — Alejandro Lamarque គឺជាអ្នកស្រាវជ្រាវមកពីប្រទេសអាហ្សង់ទីន។ គាត់មកកាន់ប្រទេសកម្ពុជា ដើម្បីសិក្សាលើគោលនយោបាយនៃការចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ Alejandro ធ្លាប់បានជួបជាមួយលោក ឆាំង យុ និងលោកស្រី សូ ហ្វារីណា នាយក និងនាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីសប្តាហ៍ទីពីរនៃខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពិភាក្សាពីប្រធានបទរបស់គាត់។ បន្ទាប់ពីជំនួបនេះ Alejandro ត្រូវបានណែនាំឲ្យធ្វើដំណើរទៅខេត្តតាកែវ ដើម្បីពិនិត្យមើល និងសិក្សាពីមន្ទីរបូជនីយដ្ឋានមួយចំនួននៅក្នុងខេត្ត ដោយមានការសម្របសម្រួលពីសាខាមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ។
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ Alejandro តាមរយៈអ៊ីមែលរបស់គាត់មកកាន់ ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ បានស្នើសុំការសម្របសម្រួលការសិក្សាស្រាវជ្រាវរបស់គាត់នៅខេត្តតាកែវ។ បន្ទាប់ពីមានការឯកភាពពីនាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការសម្រេចកំណត់កាលបរិច្ឆេទធ្វើដំណើរចាកចេញទៅកាន់ខេត្តតាកែវ យើងបានធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់គោលដៅ នៅវេលាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
គោលដៅដំបូងនៃដំណើររបស់យើង គឺវត្តសូភី ហៅ កកោះ ស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ក្នុងភូមិសាស្ត្រឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ វត្តសូភី គឺជាអតីតកន្លែងឃុំឃាំង ធ្វើទារុណកម្ម សម្លាប់ និងកប់សាកសពមនុស្សប្រមាណ២ម៉ឺននាក់កាលពីរបបខ្មែរក្រហម។ សំណង់មន្ទីរបូជនីយដ្ឋានមួយត្រូវបានធ្វើឡើងនៅក្រោយឆ្នាំ១៩៧៩ ដើម្បិតម្កល់អដ្ឋិធាតុអ្នកស្លាប់ដែលខ្មែរក្រហមកប់នៅក្នុងបរិវេណវត្តនេះ។ សព្វថ្ងៃ មន្ទីរបូជនីយដ្ឋានមួយនេះ ក្លាយជាទីកន្លែងជួបជុំសាច់ញាតិបងប្អូននៃអ្នកស្លាប់ជារៀងរាល់ថ្នាំ សម្រាប់ពិធីបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ និងថ្ងៃ២០ ឧសភា ដែលជាថ្ងៃចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ នៅទីនេះ Alejandro មិនបានជួបជាមួយសាក្សីឡើយ ព្រោះគាត់មានបំណងគ្រាន់តែចង់ពិនិត្យមើល និងថតរូបសំណង់មន្ទីរបូជនីយដ្ឋានតែប៉ុណ្ណោះ។
គោលដៅបន្ទាប់ គឺសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្រាំងតាចាន់។ ក្រាំងតាចាន់ ជាអតីតមន្ទីរសន្តិសុខស្រុក១០៥របស់ខ្មែរក្រហម និងជាកន្លែងសម្លាប់មនុស្សជាង១ម៉ឺននាក់ ដែលជាប្រជាជនជម្លៀសពីទីក្រុងភ្នំពេញ អតីតទាហាន លន់ នល់ និងប្រជាជនមូលដ្ឋានដែលបានប្រព្រឹត្តខុសនឹងវិន័យរបស់អង្គការបដិវត្តន៍។ Alejandro បានពិនិត្យមើលគ្រប់គោលដៅនៃដំណើរការបញ្ចូនអ្នកទោសមកកាន់មន្ទីរសន្តិសុខនៅក្រាំងតាចាន់។ រ៉ាស៊ី បានចែករំលែកជាមួយ Alejandro ពីរបាយការណ៍ដែលមជ្ឈមណ្ឌលឯកសារកម្ពុជា បានស្រាវជ្រាវពីទីតាំងនេះកាលពីជាង២០ឆ្នាំមុន។ នៅទីនោះ យើងមិនបានជួបជាមួយនរណាឡើយ ទោះបីជា រ៉ាស៊ី បានស្នើសុំឲ្យគាត់បានជួបជាមួយអ្នករស់រានមានជីវិតយ៉ាងហោចណាស់ម្នាក់ ដែលបានដឹងរឿងរ៉ាវនៅមន្ទីរក្រាំងតាចាន់ ក៏ដោយ។
នៅវេលាម៉ោងប្រមាណជិត១២រសៀល យើងបានធ្វើដំណើរទៅកាន់គោលដៅបន្ទាប់ គឺទួលធាតុ។ ទួលធាតុ ជាទីតាំងកប់សាកសពរួមរបស់អ្នកភូមិត្រពាំងស្វាយ ឃុំតាភេម។ នៅទីនោះ មជ្ឈមណ្ឌលឯកសារកម្ពុជា បានសាងសង់ចេតីយ៍ថ្មីសន្លាងមួយទុកសម្រាប់ផ្តល់ដល់អ្នកភូមិប្រើប្រាស់សម្រាប់តម្កល់អដ្ឋិធាតុសាច់ញាតដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។ Alejandro បានពិនិត្យយ៉ាងយកចិត្តទុកដាក់ និងបានពិភាក្សាពីដំណើរការសាងសង់ និង មូលហេតុសំខាន់ៗដែលនាំឲ្យមានការសាងសង់ចេតីយ៍នេះដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។
រយៈពេលប្រហែលកន្លះម៉ោងក្រោយមក យើងបានបន្តដំណើរមកកាន់ទីតាំង មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ។ រ៉ាស៊ី បានរៀបរាប់ពីវត្ថុបំណងការងារ បេសកកម្ម និង សកម្មភាពកិច្ចការងារដែលបាន និងកំពុងអនុវត្តនៅមជ្ឈមណ្ឌលនេះ ព្រមទាំងផ្តល់ពេលវេលាដល់ Alejandro ទស្សនាផ្ទាំងពិព័រណ៍រូបថតអចិន្ត្រៃយ៍ស្តីពីរបបខ្មែរក្រហម និងពិនិត្យមើលពីឯកសារ និងសៀវភៅជាច្រើនដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រមូលចងក្រង បោះពុម្ព និងផ្សព្វផ្សាយ។
នៅវេលាម៉ោងប្រហែល២រសៀល យើងបានធ្វើដំណើរទៅកាន់គោលដៅបន្ទាប់ ដែលជាសំណង់ផ្ទះតាម៉ុក ស្ថិតនៅកណ្តាលបឹងនៃទីរួមខេត្តតាកែវ ហើយបន្ទាប់មក យើងបានធ្វើដំណើរទៅកាន់ស្រុកទ្រំាង ដើម្បីពិនិត្យទីតាំងតម្កល់អដ្ឋិភាពមួយកន្លែងទៀតនៅជាប់នឹងរបងវត្តព្រៃផ្អាវ ដែលបានសាងសង់ឡើងនៅឆ្នាំ២០០០។ នៅទីនោះ យើងបានពិភាក្សាគ្នាពីរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហមដែលនាំដល់ការសម្លាប់មនុស្សនៅក្នុងស្រុកទ្រាំង។ រ៉ាស៊ី បានព្យាយាមរកជួបជាមួយអ្នករស់រានមានជីវិត ដើម្បីផ្តល់ព័ត៌មានបន្ថែមពីទីតាំងនេះ។ ប៉ុន្តែ Alejandro បានបដិសេធក្នុងការជួបសម្ភាស ដោយហេតុថា គាត់ត្រូវធ្វើដំណើរត្រឡប់មកកាន់ភ្នំពេញវិញនៅពេលដ៏ខ្លីខាងមុខ ដើម្បីរៀបចំចេញដំណើរទៅកាន់ប្រទេសរបស់គាត់វិញនៅវេលាថ្ងៃស្អែក គឺថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ យើងបានត្រឡប់មកកាន់ទីតាំងមជ្ឈមណ្ឌលឯកសារខេត្តតាកែវវិញ នៅវេលាម៉ោងប្រមាណ៣កន្លះរសៀលថ្ងៃដដែល។
របាយការណ៍ និងរូបថតដោយ៖ ជឹម សុខគា និង ផេង ពង្សរ៉ាស៊ី