សៀន នឹម ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិម្កោរ ឃុំទន្លូង ស្រុកមេមេត់ ខេត្តកំពង់ចាម។ មច្ចុប្បន្នរស់នៅក្នុងភូមិម្កោរ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ហែម សៀន ស្លាប់នៅអាយុ២៨ឆ្នាំ។ ម្ដាយខ្ញុំឈ្មោះ ម៉ុ ស៊ឹម ស្លាប់ដោយសារជំងឺ ក្នុងអាយុ៦៦ឆ្នាំ។ ខ្ញុំមានបងប្អូន២នាក់ (ស្រីទាំង២)។ ខ្ញុំជាកូនទី១ នៅក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះ គង់ វឿន និងមានកូនស្រីម្នាក់ (ស្លាប់តាំងពីនៅតូច)។
កាលពីកុមារភាពខ្ញុំបានសិក្សានៅក្នុងសាលាភូមិម្កោរ។ ខ្ញុំឃើញមានកុមារតូចៗទៅរៀនច្រើនណាស់។ លោកគ្រូដែលបង្រៀនអក្សរឈ្មោះ ញៀវ តិ។ ក្នុងមួយសប្ដាហ៍ ខ្ញុំរៀន៦ថ្ងៃគឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ហើយ រៀនតែពេលព្រឹកទេ។ ចំពោះ ថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាក។ ខ្ញុំរៀនមិនសូវបានចេះច្រើនទេ។ ខ្ញុំរៀនតែ ព្យញ្ជនៈ ក ខ ព្យាង្គត្រួត និងសរសេរតាមសូត្រ(បច្ចុប្បន្នសរសេរតាមអាន)។ ខ្ញុំរៀនអាចចេះសរសេរនិងអាន បាន។ ពេលទំនេរពីការសិក្សាខ្ញុំតែងតែជួយធ្វើការងារឪពុកម្ដាយដូចជា មើលគោ លាងចាន និងទៅចំការដក ស្មៅជាដើម។
ពេលធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៧០ ឪពុកខ្ញុំបានទៅចូលរួមធ្វើបាតុកម្មនៅភូមិខ្នងក្រពើ ឃុំត្រមូង ស្រុកមេត់។ ប្រជាជនដែលរស់នៅក្នុងភូមិម្កោរបាននាំគ្នាទៅចូលរួមធ្វើបាតុកម្មច្រើណាស់។ ឪពុកខ្ញុំបានឲ្យ ម្ដាយខ្ញុំដាំបាយវិចយកទៅមានបាយ និងទឹកសម្រាប់ទុកហូប។ ព្រឹកប្រហៀមឪពុកខ្ញុំបានជិះកង់ទៅ ភូមិខ្នងក្រពើ។ ឪពុកខ្ញុំទៅដល់ខ្នងក្រពើឃើញសភាពការមិនល្អក៏បានជិះកង់ត្រឡប់មកផ្ទះវិញ។
ពេលមកដល់ផ្ទះឪពុកខ្ញុំសំងំនៅតែក្នុងផ្ទះ មិនហ៊ានចេញក្រៅ ហើយតែងតែភ័យខ្លាចឲ្យតែមាន មនុស្សទៅក្បែរ។ យូរៗទៅឪពុកខ្ញុំបានក្លាយជាមនុស្សវិកលចរិក។ ឪពុកខ្ញុំដើរផឹកស្រាលែងចូលផ្ទះ។ ម្ដាយខ្ញុំ ត្រូវតាមធ្វើស្រែចំការម្នាក់ឯង ដើម្បីចិញ្ចឹមកូន ហើយត្រូវតាមមើលថែឪពុកខ្ញុំទៀត។ ខ្ញុំឃើញម្ដាយពិបាកក៏បាន សម្រេចចិត្តឈប់រៀន ដើម្បីបានជួយសម្រាលការងារខ្លះ កុំឲ្យម្ដាយហត់ខ្លាំងពេក។
ពេលទ័ពយៀកកុងចូលមកក្នុងភូមិម្កោរ ប្រជាជនក្នុងភូមិរស់នៅធ្វើស្រែចំការបានធម្មតា ហើយទ័ព យៀកកុងក៏មិនបានធ្វើបាបប្រជាជនដែរ។ ទ័ពយៀកកុងបានបោះជំរំនៅជាយៗភូមិ។ បន្ទាប់ទាហានអាមេរិក បានចូលមករកទ័ពយៀកកុងដល់ក្នុងភូមិម្កោរ។ ទាហានអាមេរិកបានធ្វើបន្ទាយ មួយនៅខាងលិចភូមិម្កោរ។ ខ្ញុំមិនដែលឃើញទាហានអាមេរិកធ្វើបាបប្រជានទេ។ កាលនោះទាហានអាមេរិកជិះតែយន្តហោះចុះឡើងជុំ វិញភូមិម្កោរ ដើម្បីស្វែងរកទ័ពយៀកកុង។
ពេលអាមេរិកទាម្លាក់គ្រាប់បែកគ្រួសារខ្ញុំបានជីករណ្ដៅត្រង់សេសម្រាប់លាក់ខ្លួន។ រណ្ដៅត្រង់សេត្រូវ ជីកឲ្យមានរាងជាពងក្រពើ ហើយត្រូវទុករន្ធមួយសម្រាប់ចេញចូល។ គ្រួសារខ្ញុំឪ្យតែឮសំឡេងយន្តហោះ នាំគ្នារត់ចូលរណ្ដៅត្រង់សេអស់ហើយ ទាល់តែពេលស្ងាត់ឮសំឡេងយន្តហោះទើបនាំគ្នាចេញមកក្រៅវិញ។ អំឡុងពេលនោះស្ថានភាពរស់នៅរបស់គ្រួសារខ្ញុំក៏ដូចជាប្រជាជននៅក្នុងភូមិម្កោរពិតជាពិបាកខ្លាំងណាស់។ ខ្ញុំ ត្រូវរស់នៅក្នុងភាពភ័យខ្លាចមិនហ៊ានសូម្បីតែបង្កាត់ភ្លើងដាំបាយ ព្រោះខ្លាចទាហានអាមេរិកឃើញផ្សែង ហើយទម្លាក់គ្រាប់មកត្រូវ។ ប្រជាជនពិបាកក្នុងការធ្វើស្រែចំការណាស់។
ឪពុកខ្ញុំត្រូវយន្តហោះអាមេរិកបាញ់គ្រាប់ត្រូវស្លាប់។ តាមាន់ជាប្រជាជនដែលរស់នៅក្នុងភូមិម្កោរ ត្រូវគ្រាប់ប៊ុមប៊ីរបស់អាមេរិកស្លាប់អំឡុងពេលកំពុងដេកនៅលើផ្ទះ។
ពេលអាមេរិកទម្លាក់គ្រាប់បែកខ្លាំងគ្រួសារខ្ញុំរត់ទៅនៅភូមិម៉ាសីនទឹក ឃុំមេមត់ ស្រុកមេមត់។ គ្រួសារខ្ញុំ នៅបានមួយសប្ដាហ៍ក៏ស្ងាត់ការទម្លាក់គ្រាប់បែករបស់អាមេរិក។ គ្រួសារខ្ញុំបានបន្តដំណើរទៅភូមិឈូក ឃុំត្រមូង ស្រុកមេមត់។ នៅភូមិឈូក គ្រួសារខ្ញុំបានស្នាក់នៅជាមួយតាញ៉ដែលត្រូវជាបងប្អូនជីដូនមួយ។ គ្រួសារខ្ញុំនៅបានមួយសប្ដាហ៍ក៏បានសម្រេចចិត្តឡើងមកភូមិម៉ាស៊ីនទឹកវិញ។ គ្រួសាខ្ញុំស្នាក់នៅភូមិម៉ាសីនទឹក បានមួយយប់។ ព្រឹកឡើងក៏បន្តដំណើរទៅភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់។ គ្រួសារខ្ញុំស្នាក់នៅផ្ទះប្អូន យាយឈ្មោះ តូច។ គ្រួសារខ្ញុំនៅភូមិចាន់មូលបានកន្លះ ម្ដាយខ្ញុំនាំមកភូមិម្កោរវិញ។ នៅក្នុងភូមិម្កោរប្រជាជន រស់នៅមានភាពសុខសាន្ត ព្រោះខ្ញុំមិនបានទាហានអាមេរិក ឬយន្តហោះអាមេរិកទៀតទេ។ គ្រួសារខ្ញុំប្រកប មុខរបរធ្វើស្រែចំការធម្មតា។
នៅឆ្នាំ១៩៧៤ប្រជាជននៅក្នុ្ងងភូមិម្កោរចាប់ផ្ដើមធ្វើ”វេប្រវាស់ដៃ”។ ប្រជាជននក្នុងភូមិទាំងអស់ធ្វើ ស្រែចំការយកវេគ្នាម្ដងម្នាក់។ ពេលទទួលផលទុកក្នុងជង្រុករួម រួចចែករបបទៅតាមចំនួននៃអ្នកធ្វើការងារ ដោយក្នុងប្រជាជនម្នាក់ទទួលបានស្រូវ១ប៉ោត។ រួចយកមកបុកដាំបាយហូបតាមផ្ទះរៀងៗខ្លួន។ អំឡុងឆ្នាំនេះ ប្រជាជនអាចហូបបាយបានគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៥ ក្នុងភូមិម្កោរត្រូវបានអង្គការប្រមូលទ្រព្យសម្បត្តិឯកជនទាំងអស់ដាក់រួម។ ខ្ញុំត្រូវបាន អង្គការចាត់តាំងឲ្យធ្វើជាកងចល័តដំបូងប្រចាំនៅភូមិកោះថ្ម ព្រោះនៅក្នុងភូមិម្កោរមិនអាចធ្វើស្រែបានទេ។ នៅភូមិកោះថ្មសម្រាកនៅផ្ទះតាឆាន ដែលជាប្រជាជនមូលដ្ឋានរស់ក្នុងភូមិកោះថ្ម។ ប្រធានក្រុមកងចល័តនៅ ភូមិកោះថ្ម ឈ្មោះបងរី។ បងរី ជាប្រជាជនមូលដ្ឋានរស់នៅក្នុងភូមិកោះថ្ម។ ខ្ញុំច្រូតស្រូវនៅម្តុំអញ្ឆញដែលស្ថិត នៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់។ នៅភូមិកោះថ្មខ្ញុំបានហូបបាយគ្រប់គ្រាន់។
អំឡុងពេលធ្វើជាកងចល័តនៅក្នុងភូមិកោះថ្ម ខ្ញុំបានស្នើរសុំបងរីមកលេងផ្ទះបានម្ដង។ ពេលព្រឹកឡើង ខ្ញុំធ្វើដំណើរចេញពីភូមិកោះថ្មមកភូមិម្កោរ។ ខ្ញុំមកដល់ភូមិម្កោរពេលថ្ងៃត្រង់ ចំម៉ោងហូបបាយ ហើយខ្ញុំបានទៅ សុំបាយហូបប៉ុន្តែខាងចុងភៅក្នុងភូមិម្កោរមិនបើកឲ្យ។ ពេលយប់នោះ ខ្ញុំបានលួចដាំបាយ និងលួចចាប់មាន់ធ្វើ ហូបព្រោះឃ្លានខ្លាំងពេក។ អង្ករដាំបាយជាអង្ករដែលសេសសល់តាំងពីវេប្រវាស់ដៃ។ លុះព្រឹកឡើងខ្ញុំបានធ្វើ ដំណើរទៅភូមិកោះថ្មវិញ។ ខ្ញុំទៅច្រូតស្រូវនៅត្រពាំងទឹកល្អក់ដែលស្ថិតនៅខាងកើតភូមិកោះថ្ម។
អង្គការបានជម្លៀសខ្ញុំទៅភូមិបេងកោងកាត់យប់។ ខ្ញុំទៅដល់ភូមិបេងកោងស្នាក់នៅផ្ទះប្រធានភូមិ ឈ្មោះ តាប៊ន់។ ពេលព្រឹកឡើងខ្ញុំធ្វើដំណើរមកចាំឪពុកម្ដាយវិញ នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់។ ខ្ញុំបានជួបជុំជាមួយគ្រួសារហើយ អង្គការបន្តជម្លៀសគ្រួសារខ្ញុំទៅភូមិស្រែតាពេជ ឃុំជាំតាម៉ៅ ស្រុកមេមត់។ នៅភូមិស្រែតាពេជខ្ញុំបានជួបជាមួយប្រជាជន១៧មេសា ហើយបាននិយាយសំណេះសំណាលគ្នាលេងទើប។ ប្រជាជន១៧មេសាបាននិយាយថាប្រជាជនមូលដ្ឋានត្រូវអង្គការជម្លៀសចេញមុននេះបន្តិច។ ខ្ញុំស្នាក់នៅ ភូមិស្រែតាពេជ បាន៣យប់ អង្គការបានបន្តជម្លៀសគ្រួសារខ្ញុំទៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់។ នៅភូមិកូនក្រពើ អង្គការប្រើឲ្យប្អូនស្រីខ្ញុំដាំអំពៅ និង ដាំពោត។
នៅខែ១១ឆ្នាំ១៩៧៧អង្គការជម្លៀសគ្រួសារខ្ញុំទៅភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំទុកប្អូនស្រីឲ្យនៅមើលម្ដាយដេកឈឺដោយសារកើតបុស្ស។ ខ្ញុំបានបន្តដំណើរទៅម្លេច។ នៅម្លេចអង្គការចែក អង្ករឲ្យម្នាក់១ស្លាបព្រាសម្រាប់ប្រជាជនដែលបានធ្វើការងារ។ ខ្ញុំហូបមិនបានគ្រប់គ្រាន់ទេ។ ខ្ញុំហូបតែបបរ លាយជាមួយក្ដួច ពោត និងត្រកួន។ ពេលនោះពុលក្ដួចពេញភូមិ។ ខ្ញុំឃើញមនុស្សស្លាប់ច្រើនណាស់ដោយ សារអត់បាយ។
នៅម្លិចអង្គការប្រើប្រាស់ប្រជាជនដូចសត្វ គ្មានពេលឈប់សម្រាក ចំណែកការហូបចុកក៏មិនគ្រប់ គ្រាន់។ ពេលខ្ញុំទៅស្ទូងស្រូវម្ដងៗឲ្យតែបានឃើញខ្ចង ខ្ចៅ និងក្ដាម ខ្ញុំតែងតែចាប់យកមកហូបហើយ ដើម្បីឲ្យ បាត់ឃ្លាននិងមានកម្លាំងធ្វើការ។
អង្គការជម្លៀសខ្ញុំពីម្លិចទៅពង្រដែលស្ថិតនៅខាងលិចម្លិច។ ខ្ញុំដើរគាស់ក្ដួច ដើម្បីយកមកចម្អិនហូប។ ពេលនោះដោយសារតែគ្មានទឹកសម្រាប់ធ្វើក្ដួចគ្រប់គ្រាន់ ទើបពេលដែលយកមកចម្អិនហូបទៅធ្វើឲ្យពុល ពេញផ្ទះ។ អាការៈពុលក្ដួច ធ្វើឲ្យគ្មានកម្លាំង ទន់ដៃ ទន់ជើង និង ក្អួត។ ខ្ញុំពុលខ្លាំងពេកទាល់តែចាប់កូនថ្លែន មកដុតហូបបានស្វាង។ អង្គការជម្លៀសគ្រួសារខ្ញុំទៅម្លិចវិញ។ នៅម្លិចខ្ញុំបានលួចជីកដំឡូងនិងលួចបេះ ត្រសក់អង្គការចំនួន៧ផ្លែ។ ខ្ញុំនៅម្លិចបាន២ថ្ងៃ អង្គការបន្តជម្លៀសខ្ញុំទៅស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំអង្គការប្រើឲ្យចាំសេក។ នៅបាន១៥ថ្ងៃអង្គការជម្លៀសទៅភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ប្រជាជនភាគច្រើនហៅថា “ចឹងឆ្អោល”។ ខ្ញុំស្នាក់នៅភូមិចឹងបាន១យប់។ ព្រឹកឡើងអង្គការជម្លៀសទៅ ភូមិអន្លង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ខ្ញុំសម្រាកបាន១យប់ លុះព្រឹកឡើងមានឡានអង្គការមក ដឹកយកទៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីឆ្លងស្រឡាងទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ពេលទៅដល់ស្រុកស្ទឹងត្រង់អង្គការបានចាត់តាំងឲ្យគ្រួសារខ្ញុំទៅនៅភូមិទួលក្រសាំង ឃុំទួលក្រសាំង ស្រុកចំការលើ ខេត្តកំពង់ចាម។ ខ្ញុំត្រូវទៅច្រូតស្រូវ។ ចំណែកម្ដាយខ្ញុំអង្គការឲ្យជាន់អង្ករ។ ការហូបចុកពេល នោះបានគ្រប់គ្រាន់ ហើយប្រជាជនមូលដ្ឋានក៏និយាយពីរោះពិសាទៀត។ ខ្ញុំពិតជាស្រលាញ់ចូលចិត្តប្រជាជន នៅក្នុងភូមិទួលក្រសាំងខ្លាំងណាស់។ អំឡុងពេលដែលខ្ញុំកំពុងច្រូតស្រូវមានយន្ដហោះមួយបើកប្រកាសថា ”សូមបងប្អូនវិលត្រឡប់ទៅស្រុកកំណើតវិញ”។
ខ្ញុំជាមួយគ្រួសារក៏បានធ្វើណើរត្រឡប់មកផ្ទះវិញ ហើយបានប្រកបមុខរបរធ្វើស្រែចំការរហូតមកដល់ សព្វថ្ងៃនេះ។
សរសេរដោយៈ វី ស៊ីថា
ឈ្មោះ អ៊ួច ស៊ូន ភេទប្រុស អាយុ ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិម្កោរ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិម្កោរ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ អ៊ួច ម្តាយឈ្មោះ រស់ ឡាច។ ខ្ញុំមានបងប្អូនចំនួន៥នាក់ (ស្រី២)។ ខ្ញុំរៀបការជាមួយ បូញ តយ បានកូន៣នាក់ (ស្រី៣)។
នៅឆ្នាំ១៩៧៥ ភូមិម្កោរមិនទាន់បង្កើតជាសហករណ៍។ ដំបូងឡើងធ្វើការវេរប្រវាស់ដៃ។ អ្នកភូមិទាំងអស់ត្រូវធ្វើការងារជួយគ្នាទៅវិញទៅមក រហូតប្រមូលផលរួចរាល់រៀងខ្លួន។ ពាក់កណ្តលឆ្នាំ១៩៧៥ ខ្មែរក្រហមបង្កើតសហករណ៍នៅក្នុងភូមិ។ ប្រជាជនប្រមាណ៥០គ្រួសារ ត្រូវមករស់នៅរួម ដេករួម ធ្វើការងាររួម និងចែករំលែកការកម្សាន្តរួម។ ខ្ញុំបានរៀនក្នុងសម័យខ្មែរក្រហម ជាមួយគ្រូឈ្មោះ ផូ។ ផូ ជាប្រជាជននៅភូមិម្កោរ ខ្មែរក្រហមចាត់តាំងធ្វើជាគ្រូបង្រៀន ដោយសារផូ មានចំណេះដឹងគូរសម្យ។ នៅក្នុងមួយថ្ងៃខ្ញុំរៀនបាន១ម៉ោង ក្រៅពីនោះធ្វើការតាមអង្គការចាត់តាំង។ សាលាដែលខ្ញុំរៀនធ្វើពីឈើ ប្រៀបដូចខ្ទម មានតុអង្គុយ និងក្តារមួយសម្រាប់សរសេរអក្សរ។ ខ្ញុំរៀនមិនបានយូរទេ ព្រោះខ្ញុំចូលវ័យយុវជន ដែលខ្មែរក្រហមជ្រើសរើសធ្វើជាកងចល័ត។ ប្រធានកងធមឃុំទន្លូង ឈ្មោះ សារី ចំណែកប្រធានកងតូចភូមិម្កោរឈ្មោះ ផែន។ ទោះបីខ្មែរក្រហមបង្កើតសហករណ៍ក្នុងភូមិ តែប្រជាជននៅក្នុងភូមិរួមទាំងខ្ញុំហូបបាយ ថ្ងៃខ្លះឆ្អែត ថ្ងៃខ្លះមិនឆ្អែត។
ឆ្នាំ១៩៧៦ ប្រធានកងតូចឈ្មោះ ផែន កោះហៅអ្នកភូមិមកប្រជុំ ដើម្បីជ្រើសរើសធ្វើជាកងចល័ត។ នៅក្នុងមួយគ្រួសារត្រូវជ្រើសរើសធ្វើជាកងចល័តតាមសហករណ៍ ធ្វើការឆ្ងាយពីគ្រួសារ ឆ្ងាយពីផ្ទះ។ ខ្ញុំអាយុ ១៨ឆ្នាំ ចូលធ្វើជាកងចល័តលើកទំបន់ទឹក នៅបឹងក្រចាប់ ស្រុកត្បូងឃ្មុំ។ ប្រជាជនប្រមាណ៤០នាក់ធ្វើដំណើរថ្មើរជើងទៅកាន់ស្រុកត្រមូង(ត្រមូង ជាស្រុកក្នុងសម័យខ្មែរក្រហម បច្ចុប្បន្នស្រុកមេមត់)។ រយៈពេល៥ម៉ោង ទើបដើរដល់ស្រុកត្រមូង ហើយគេងនៅសាលាស្រុកមួយយប់។ ព្រលឹមឡើង ចៅហ្វាយស្រុកត្រមូង ឈ្មោះ ចំរ៉ុង បញ្ជូនឡានពីរគ្រឿងសម្រាប់ដឹកកងចល័តសំដៅទៅលើកទំនប់នៅបឹងក្រចាប់។ ឡានបានដឹកដល់បឹងក្រចាប់ រួចខ្មែរក្រហម ខាងគ្រូពេទ្យខ្មែរក្រហមរៀនចំកន្លែងស្នាក់នៅប្រមាណ៥០០ម៉ែត្រ ពីកន្លែងធ្វើការ។ ខ្ញុំបានឃើញប្រជាជនធ្វើការនៅបឹងក្រចាប់ មុនពេលខ្ញុំមកដល់ទីនេះ។ ក្រុមកងចល័តរួមទាំងខ្ញុំ លើកទំនប់បានមួយសប្តាហ៍ កម្មាភិបាលខ្មែរក្រហមចុះទស្សនកិច្ច ហើយហៅកងទាំងអស់ពិនិត្យមើលស្នាដៃរបស់ខ្លួនថា ខ្លួនធ្វើការងារល្អឬមិនល្អ? អំឡុងពេលកម្មភិបាលចុះត្រួតពិនិត្យ មានអ្នកថតរូប ចាំថតសកម្មភាពកងចល័យធ្វើការ។ កងចល័តខ្លះត្រូវរមីលធ្លាក់ពីលើខ្នងទំនប់ ដោយសារតែមានកម្អស់ខ្ពស់ ហើយកងចល័តរែកដីធ្ងន់។ ម្យ៉ាងទៀតខ្ញុំនិងកងចល័តដទៃទៀតគ្មានកម្លាំងធ្វើការងារ ដោយសារការហូបចុកមិនគ្រប់គ្រាន់។ នៅក្នុងមួយថ្ងៃការហូបចុកពីរពេល ប៉ុន្តែមិនមានបាយ ភាគច្រើនបបរ។ អត់មានទឹកល្អសម្រាប់ហូប ខ្ញុំធ្វើការកន្លែងណាផឹកទឹកនោះ។ ទឹកនោះកង្វក់ ធ្វើឱ្យសុខភាពខ្ញុំមិនល្អ។ ខ្ញុំចាប់ផ្តើមធ្លាក់ខ្លួនឈឺ ចេញទៅធ្វើការមិនកើត។ ខ្ញុំសុំច្បាប់ឈប់សម្រាកមួយថ្ងៃ។ ពីម៉ោងក្រោយ ក្រុមគ្រូពេទ្យចុះមកពិនិត្យដល់កន្លែង ដើម្បីដឹងពីស្ថានភាពជំងឺ។ មួយទៀតខ្មែរក្រហមមិនទុកចិត្ត ក្រែងឈឺពុតត្បុត គេចវេះមិនចង់ទៅធ្វើការ។
ខ្ញុំលើកទំនប់នៅបឹងក្រចាប់ជិតមួយឆ្នាំ បន្ទាប់មកខ្មែរក្រហមបញ្ជូនត្រឡប់មកស្រុកមេមត់វិញ។ ស្នាក់នៅស្រុកមេមត់មួយយប់ ព្រឹកឡើងបញ្ជូនខ្ញុំទៅកាន់ទំនប់ជំនុំពល ឃុំជាំតាម៉ៅ។ ខ្មែរក្រហមកំណត់មនុស្សម្នាក់ត្រូវជីកដីចុះក្រោមចំនួនបីម៉ែត្រគីប ទើមអាចឈប់។ ប្រសិនបើខ្ញុំធ្វើមិនបានតាមការកំណត់ គឺមិនបានបាយហូបមួយថ្ងៃ។ ខ្ញុំលើកទំបន់ជំនុំពលចំនួនមួយខែ ទើបខ្ញុំត្រឡប់ទៅភូមិម្កោរ។
ខ្ញុំស្នាក់នៅផ្ទះបានបីថ្ងៃ ហើយប្រធានកងតូចបញ្ជូនទៅធ្វើស្រែនៅភូមិចង្គំទីមួយ ភូមិចង្គំកណ្តាល ឃុំទន្លូង។ អំឡុងពេលខ្ញុំស្នាក់នៅផ្ទះ អត់បានជួបជាមួយគ្រួសារ ព្រោះខ្មែរក្រហមចាត់តាំងធ្វើការងារតាមកន្លែងផ្សេងៗគ្នា។ ខ្ញុំធ្វើស្រែនៅឃុំទន្លូង រហូតដល់ចុងឆ្នាំ១៩៧៧។
ឆ្នាំ១៩៧៨ ខ្ញុំច្រូតស្រូវនៅភូមិកោះថ្ម ឃុំទន្លូងរួចរាល់។ ខ្មែរក្រហមជម្លៀសទៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល។ ខ្ញុំស្នាក់នៅមួយយប់ ដើម្បីរង់ចាំប្រជាជនដែលធ្វើដំណើរមកតាមក្រោយ។ ពេលប្រជាជនមកជុំគ្នា ខ្មែរក្រហមនឹងបន្តជម្លៀសទៅមុខទៀត។
ចុងឆ្នាំ១៩៧៨ ខ្ញុំត្រូវខ្មែរក្រហមជម្លៀសចេញពីខេត្តក្រចេះ ទៅកាន់ខេត្តកំពង់ចាម។ ខ្ញុំនៅស្រុកចំការលើចំនួនមួយសប្តាហ៍ ទទួលបានដំណឹងថា ប្រជាជនត្រូវត្រឡប់ទៅតាមស្រុកកំណើតរៀងៗខ្លួន។
សរសេរដោយៈ ឈុំ រ៉ា
Photos by Chhum Ra Mab Sina
February 12, 2025
Documentation Center of Cambodia Archives
ខាងក្រោមនេះជាសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
Full report