សិស្សានុសិស្សនៃវិទ្យាល័យបុរីអូរស្វាយ សែនជ័យ ជិះទូកចម្លងសហគមន៍ និងអង្គុយរង់ចាំនៅផែរង់ចាំអូរស្វាយ
ដោយ ស្រេង លីដា មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង
ទូកចម្លងសហគមន៍ និងផែរង់ចាំ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការអនុវត្តន៍គម្រោងអភិវឌ្ឍន៍សហគមន៍នៅបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង តាមរយៈការឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួល តួកគី ហៅកាត់ថា (ទីកា)។ សិស្សានុសិស្ស ដែលរស់នៅតាមបណ្ដាកោះជិតៗជុំវិញឃុំអូរស្វាយ តែងតែមកប្រើប្រាស់ទូកចម្លងសហគមន៍ និងផែរង់ចាំអូរស្វាយ ដែលជាទីកន្លែងតភ្ជាប់ដ៏សំខាន់មួយដើម្បីទៅសិក្សានៅវិទ្យាល័យបុរីអូរស្វាយ សែនជ័យ។ ជារៀងរាល់ថ្ងៃ បន្ទាប់ពីបញ្ចប់ការសិក្សារបស់ខ្លួន, សិស្សានុសិស្សនៃវិទ្យាល័យបូរីអូរស្វាយ សែនជ័យ តែងតែទទួលបានការផ្ដល់ការប្រើប្រាស់ទូកចម្លងសហគមន៍ និងផែរង់ចាំអូរស្វាយដែលជាទីកន្លែងអាចអានសៀវភៅ និងមើលទេសភាពផ្ទៃទឹកន្លេប្រែទៅជាពណ៌មាស នាពេលសូរិយាអស្ដង្គត។
ខាងក្រោមនេះ គឺជាចំណាប់អារម្មណ៍របស់សិស្សានុសិស្សដែលបានចូលមកអានសៀវនៅផែរង់ចាំអូរស្វាយ៖
សិស្សឈ្មោះ ភូន ភូថៃ រៀនថ្នាក់ទី១២នៃវិទ្យាល័យបុរីអូរស្វាយ សែនជ័យ បង្ហាញចំណាប់អារម្មណ៍ថា៖ «ទូកចម្លងសហគមន៍នេះគឺជាមធ្យោបាយធ្វើដំណើរដ៏ល្អសម្រាប់ខ្ញុំ ក្នុងការឡើងចុះទៅរៀននៅវិទ្យាល័យ។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តចំពោះការយកចិត្តទុកដាក់របស់អជ្ញាធរស្រុកបុរីអូរស្វាយ សែនជ័យ និងអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានធ្វើទូកចម្លងសហគមន៍នេះឡើង។ ចំណែកឯផែរង់ចាំនៅអូរស្វាយវិញ ខ្ញុំតែងតែមកអង្គុយអានសៀវភៅនៅទីនេះ ពីព្រោះតែក្បែរទឹក និងមានអារម្មណ៍ស្រស់ថ្លា។»
សិស្សឈ្មោះ ហ៊ុន រចនា រៀនថ្នាក់ទី១២នៃវិទ្យាល័យបុរីអូរស្វាយ សែនជ័យ យល់ថា៖ «ខ្ញុំសប្បាយចិត្តនៅពេលដែលអ្នកភូមិ និងសិស្សានុសិស្ស រស់នៅតាមបណ្ដាកោះក្បែរនេះ អាចជិះទូកសហគមន៍នេះឆ្លងទៅមក។»
សិស្សឈ្មោះ សុវណ្ណ ចាន់ទិ រៀនថ្នាក់ទី១២នៃវិទ្យាល័យបុរីអូរស្វាយ សែនជ័យ លើកឡើងថា៖ «ខ្ញុំសប្បាយចិត្តចំពោះការមានទូកចម្លងសហគមន៍ដែលអាចជិះឆ្លងទៅមកបាន។ នេះគឺជាការជម្រុញទឹកចិត្តដល់រូបខ្ញុំ និងអ្នកផ្សេងទៀតឲ្យបន្តការសិក្សា និងខិតខំរៀនបន្ថែមទៀត។»
សិស្សឈ្មោះ ព្រំ បញ្ញា រៀនថ្នាក់ទី១១នៃវិទ្យាល័យបុរីអូរស្វាយ សែនជ័យ ចែករំលែកអារម្មណ៍របស់ខ្លួនថា៖ «នៅពេលដែលឃើញមានការធ្វើទូកចម្លងសហគមន៍ និងផែរង់ចាំនេះ ខ្ញុំសប្បាយចិត្តណាស់ ពីព្រោះទាំងនេះគឺជាការផ្ដល់ភាពងារស្រួលដល់ខ្ញុំ និងអ្នកភូមិ និងសិស្សានុសិស្សផ្សេងទៀត ដែលរស់នៅលើកោះ។ ទូកចម្លងសហគមន៍ និងផែរង់ចាំនេះ គឺជាការបំពេញនូវតម្រូវការប្រចាំថ្ងៃរបស់ខ្ញុំ និងអ្នកភូមិ ឬសិស្សានុសិស្សផ្សេងទៀត ដែលត្រូវឡើងមកអូរស្វាយ។»
Full report