Home / Post

Stung Treng Documentation Center: Cambodian living abroad Visit the Physical Legacy of Sangkum Reastr Niyum, King Father–Queen Mother (Borei O’Svay–Sen Chey)

Photo by Ly David and Sreng Lyda
January 14, 2025
Documentation Center of Cambodia Archives

ប្រតិភូប្រជាជនខ្មែររស់នៅក្រៅប្រទេស មកពីសហរដ្ឋអាមេរិក, ប្រទេសបារាំង, ប្រទេសកាណាដា និងប្រទេសអូស្ត្រាលី ទស្សនៈកិច្ចមកកាន់អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)
ដោយ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ និងព្រះរាជបណ្ណាល័យហ្លួងម៉ែ និងប្រតិភូប្រជាជនខ្មែររស់នៅក្រៅប្រទេស មកពីសហរដ្ឋអាមេរិក, ប្រទេសបារាំង, ប្រទេសកាណាដា និងប្រទេសអូស្ត្រាលី ធ្វើដំណើរទស្សនៈកិច្ចមកកាន់អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដើម្បីស្វែងយល់អំពីប្រវត្តិសាស្រ្ត ការអភិវឌ្ឍន៍ និងធនធានធម្មជាតិដ៏សម្បូរបែបនៅតាមដងទន្លេមេគង្គ នៅស្រុកបុរីអូរស្វាយ-សែន ជ័យ។

ប្រតិភូទាំងអស់ ចាប់ផ្តើមដំណើរទស្សនៈកិច្ចទៅកាន់មណ្ឌលសុខភាពព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតានរោត្តម មុនីនាថសីហនុ អូរស្វាយ។ នៅមណ្ឌលសុខភាព ប្រតិភូ ជួបសំណេះសំណាលជាមួយ លោក សុវណ្ណ ឌី ប្រធានមណ្ឌលសុខភាព និងលោកគ្រូអ្នកគ្រូពេទ្យ ដែលបម្រើកការនៅមណ្ឌលសុខភាព អំពីពិភាក្សាពីបញ្ហាប្រឈម និងតម្រូវការ សម្រាប់ការអភិវឌ្ឍន៍ការងារបន្ត។ បន្ទាប់មក ប្រតិភូចុះពិនិត្យផ្ទាល់នូវស្ថានភាពមណ្ឌលសុខភាព និងសួរសុខទុក្ខអ្នកជំងឺដែលចូលសម្រាកព្យាបាល។ បន្ទាប់មក ប្រតិភូ បន្តចុះទៅទស្សនៈកិច្ចទៅកាន់សាលាបឋមសិក្សាព្រះនរោត្តមសីហនុរាជា និងសម្តេចព្រះវររាជមាតានរោត្តមមុនីនាថសីហនុ អូរស្វាយ ដើម្បីជួបសំណេះសំណាលជាមួយលោកគ្រូ/អ្នកគ្រូបង្រៀន។

ជាកិច្ចបន្ត ប្រតិភូទាំងអស់បន្តទៅទស្សនកិច្ចស្ដូបអនុស្សាវរីយ៍របស់សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដើម្បីស្វែងយល់អំពីប្រវត្តិសាស្រ្តនៃស្រុកបុរីអូរស្វាយ សែន ជ័យ និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដែលជាគំនិតផ្ដួចផ្ដើមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ), មានការរៀបចំបង្ហាញអំពីពិព័រណ៍ព្រះឆាយាល័ក្ខណ៍, បណ្ណាល័យ និងផែនទីទន្លេមេគង្គ ដែលមានបណ្ដាកោះប្រជាជនរស់នៅក្នុងស្រុកបុរីអូរស្វាយ សែន ជ័យ។

ជាកិច្ចបញ្ចប់ ប្រតិភូ បានចុះទៅផែអូរស្វាយដើម្បីពិនិត្យស្ថានភាពផែដែលកំពុងតែត្រូវបានសាងសង់បន្ថែម និងធ្វើដំណើរដោយជិះទូកសហគមន៍ទៅបណ្ដាកោះនានាដូចជា៖ ទី១) កោះទន្សាយសម្រាប់ទទួលទានអាហារពេលថ្ងៃ, ទី២) កោះព្នៅដើម្បីសួរសុខទុក្ខអ្នកភូមិដែរកំពុងតែរស់នៅលើកោះនោះ និងទី៣) កោះគគីរ ដើម្បីទស្សនាចម្ការក្រូចពោធិ៍សាត់ និងពិនិត្យស្ថានភាពដីដែលបាក់ស្រុតចុះក្រោមដោយកម្លាំងចរន្តទឹកទន្លេហូរ។ ក្រោយពីបញ្ចប់ទស្សនៈកិច្ចនៅកោះគគីរ ប្រតិភូធ្វើដំណើរវិលត្រលប់មកផែអូរស្វាយវិញ។

Full report