Home / Post

Prey Veng Documentation Center: Oral History Project – Interview with KR survivors living in Prey Kandieng, Prey Kampeng, and Chann Village, Prey Kandieng Commune, Peam Ro District, Prey Veng Province – December 2024

នៅខែធ្នូ ឆ្នាំ២០២៤ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានចុះសម្ភាសអ្នករស់រានមានជីវិតចំនួន៤នាក់ ស្រី២នាក់ រស់នៅភូមិព្រៃកណ្តៀង,ភូមិព្រៃកំពែង និង ភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។

ខ្ញុំឈ្មោះ អ៊ាង លាង ភេទប្រុស អាយុ៧៥ឆ្នាំ រស់នៅភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។ ខ្ញុំ មាន ឪពុកឈ្មោះ អៀង សួន និង ម្តាយឈ្មោះ ខាន់ ញឹម។ ខ្ញុំ មានបងប្អូនចំនួន៨នាក់ ស្រី៣នាក់។ កាលនៅពីតូច ខ្ញុំ រៀនត្រឹមថ្នាក់ទី៨ ពីសង្កមចាស់ នៅសាលាបឋមសិក្សាភូមិចាន់ និង ឃុំបាបោង។ នៅសម័យ សាធារណៈរដ្ឋខ្មែរ គ្រួសារខ្ញុំ បានរត់ទៅស្រុកលើ ឃុំធាយ ហើយខ្ញុំបានចូលធ្វើឈ្លបការពារភូមិឲ្យខ្មែរក្រហមនៅទីនោះ។ ចូលមកដល់សម័យខ្មែរក្រហម ឆ្នាំ១៩៧៥ ខ្ញុំបានត្រឡប់មកវិញ ហើយខ្ញុំ បានធ្វើជាប្រធានក្រុមដឹកជញ្ជួនស្បៀង ពីស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម មកឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។ ពីឆ្នាំ១៩៧៦ រហូតដល់បែកសម័យខ្មែរក្រហម ខ្ញុំ មានតួនាទីជាប្រធាន«ក» ដឹកនាំកូនក្រុមចំនួន១២នាក់ ឲ្យធ្វើស្រែជីកប្រឡាយនៅក្នុងភូមិ រហូតដល់បែកសម័យខ្មែរក្រហម នៅឆ្នាំ១៩៧៩។

ចូលមកដល់សម័យខ្មែរក្រហមទាំងស្រុង នៅឆ្នាំ១៩៧៥ ខ្ញុំពុំបានដឹងថាមាន ឬការបង្អត់បាយនៅក្នុងភូមិនេះទេ។ កាលនោះ ខ្ញុំត្រូវបានអង្គការចាត់តាំងខ្ញុំឲ្យធ្វើជាប្រធានក្រុមដឹកជញ្ជួនស្បៀង ពោត សណ្តែក ស្រូវ អង្ករ ពីស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម យកមកដាក់នៅឃុំព្រៃកណ្តៀងនេះ ជារៀងរាល់ថ្ងៃ ហើយ ខ្ញុំទទួលបានបាយ មួយថ្ងៃ៣ពេល ថែមទាំងមាននំចំណីទៀតផង។ រហូតដល់ឆ្នាំ១៩៧៦ បន្ទាប់ពីខ្ញុំបានមក រស់នៅក្នុងភូមិនេះជាប់លាប់វិញ(លែងមានការដឹកជញ្ជួនតទៅទៀត) រយៈពេល១យប់ ទើបខ្ញុំបានដឹងថា គ្រួសាររបស់ខ្ញុំ និងប្រជាជនឯទៀតនៅក្នុងភូមិហូបបបរ វាល់វែក និងហូបមិនគ្រប់គ្រាន់។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ខ្ញុំគិតថា ប្រជាជនមិនបានស្លាប់ដោយសារតែការអត់អាហារនោះទេ ព្រោះប្រធានសហករណ៍គាត់ចេះច្នៃប្រឌិត។ គាត់បានយកស្រូវមកដាក់នៅផ្ទះរបស់ខ្ញុំ សម្រាប់បម្រុងទុកឲ្យប្រជាជនបបរហូបជុំគ្នាក្នុងសហករណ៍។ បើនៅភូមិផ្សេង ក្រៅពីភូមិខ្ញុំវិញ គឺមានអ្នកស្លាប់ ដោយសារតែការអត់ឃ្លានច្រើន។ លើសពីនេះទៅទៀត ខ្ញុំបានដឹងថា មានការចាប់យក អ្នកចេះដឹង និស្សិត គ្រូបង្រៀន មន្រ្តីធ្វើការនៅក្នុងរដ្ឋការ លន់ នល់ ជាពិសេសទាហាន លន់ នល់ ជនជាតិវៀតណាម និងអ្នកដែលគោរពប្រណិប័តន៍សាសនា យកទៅសម្លាប់នៅមន្ទីរសន្តិសុខទួលជ្រៃ។

បើនិយាយចំពោះការងាររបស់ខ្ញុំវិញ បន្ទាប់ពីខ្ញុំបានមករស់នៅក្នុងភូមិជាប់លាប់វិញ ខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាប្រធាន«ក» ដឹកនាំកូនក្រុមចំនួន១២នាក់ ឲ្យធ្វើស្រែជីកប្រឡាយនៅក្នុងភូមិ តាំងពីឆ្នាំ១៩៧៦ រហូតដល់បែក ឆ្នាំ១៩៧៩ តែម្តង។ ខ្ញុំយល់ថា ជំនាន់នោះ (សម័យខ្មែរក្រហម) គឺយ៉ាប់មែនទែន។ ល្មមៗយកមនុស្សទៅសម្លាប់អស់ហើយ។ បើយើងកុំលាបពណ៌គ្នា កុំប្តឹងផ្តល់គ្នា នោះមិនអីទេ។ ណាស់តែយើង ជាអ្នករាយការណ៍គ្នា ទើបអ្នកដែលត្រូវបានចោទ ត្រូវបានអង្គការយកទៅសម្លាប់ដូច្នេះ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែប្រជុំជាមួយកូនក្រុមរបស់ខ្ញុំ មិនឲ្យចេះលាបពណ៌គ្នាឯង មិនឲ្យចេះទិតៀនគ្នាឯងឲ្យអង្គការយកទៅសម្លាប់ទេ។ ខ្ញុំតែងតែនិយាយជារៀងរាល់ថ្ងៃថា មុននឹងនិយាយអ្វី ត្រូវក្រឡាស់អណ្តាតឲ្យបាន៧ដងជាមុនសិន។ ទុក្ខក៏ព្រោះអណ្តាត ស្លាប់ក៏ព្រោះអណ្តាតនេះដែរ។ បើយើងចេះធ្វើចរិតឲ្យសុភាពរាបសារត្រឹមត្រូវ នោះនឹងគ្មាននរណាគេមកថាឲ្យយើងទេ។ ប្រធាន ថ្នាក់លើ ក៏ឧស្សាហ៍ហៅខ្ញុំឲ្យទៅប្រជុំ ហើយសួរនាំអំពីកូនក្រុមខ្ញុំដែរ។ ខ្ញុំនិយាយថា កូនក្រុម ខ្ញុំមិនអីទេ ស្រួលទាំងអស់ ប្រាប់ឲ្យទៅធ្វើការនៅម៉ោងណា គឺទៅធ្វើការនៅម៉ោងនោះ មិនមាននរណាខ្ជិលទេ។

នៅឆ្នាំ១៩៧៥ អង្គការបានសម្លាប់អ្នកចេះដឹងដូចជាគ្រូបង្រៀន ឬអ្នកធ្វើការមានមុខមាត់ ជាពិសេសនិស្សិត។ ខ្ញុំបានដឹងមកថា ខាងសន្តិសុខស្រុក បានមកចាប់អ្នកទាំងនោះទៅមន្ទីរសន្តិសុខទួលជ្រៃ។ ប៉ុន្តែខ្ញុំមិនបានឃើញ ដោយផ្ទាល់ភ្នែកទេ។ ក្រោយបែក ខ្ញុំឃើញឆ្អឹងសាកសពនៅវត្តទួលជ្រៃ(មន្ទីរសន្តិសុខទួលជ្រៃ) ច្រើនណាស់។ នៅក្នុងភូមិនេះ មិនសូវមានអ្នកចេះដឹងជ្រៅជ្រះច្រើនទេ។ ចំពោះមូលហេតុនៃការសម្លាប់ទៅលើអ្នកចេះដឹងវិញ ខ្ញុំពុំដឹងឡើយ ថាអង្គការសម្លាប់អ្នកចេះដឹង ដើម្បីអ្វី ប៉ុន្តែ បើតាមខ្ញុំស្មាន ដោយសារអ្នកចេះដឹងទាំងនោះ គឺជាអ្នកដែលរើបម្រាស់ចេញពីការជិះជាន់របស់អង្គការ ដូច្នេះអង្គការមិនទុកឲ្យមានជីវិតនោះទេ។
ខ្មែរក្រហម មិនសម្លាប់ប្រជាជនធម្មតា ដែលជម្លៀសមកពីទីក្រុងភ្នំពេញទេ លើកលែងតែទាហាន លន់ នល់ ដែលជាអ្នកជម្លៀសមកពីទីក្រុងភ្នំពេញ។ ខ្ញុំបានឃើញជាក់ស្តែងចំពោះការមកចាប់ទាហាននៅក្នុងភូមិចាន់នេះ(ទាហានប្រហែលជា៤ ទៅ៥ នាក់)។ បន្ទាប់ពីចាប់ទាហានបានហើយ ខាងស្រុក បានយកទាហានទាំងនោះ ទៅចងទុកនៅក្រោមគ្រែ។ ចំណែកឯឈ្លបខាងស្រុកវិញ អង្គុយផឹកស្រា នៅលើគ្រែនោះ និង យាមទាហានទាំងអស់នោះ រហូតដល់ពេលរសៀល ទើបប្រធានមន្ទីរសន្តិសុខ នាំខ្លួនទាហានទាំងនោះ ទៅកាន់មន្ទីរសន្តិសុខទួលជ្រៃ ជាមួយនឹងការចងស្លាបសេកអ្នកទោសព័ទ្ធដៃទៅក្រោយ រួចបណ្តើរចេញទៅ។ បន្ទាប់ពីនោះមក ខ្ញុំពុំបានឃើញផ្ទាល់ភ្នែក ចំពោះការសម្លាប់យ៉ាងដូចម្តេចទៀតទេ ប៉ុន្តែបើតាមខ្ញុំគិត គឺសម្លាប់ដោយការវាយនឹងដំបងចប។

នៅសម័យខ្មែរក្រហម ប្រជាជនទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យគោរពសាសនាទេ ហើយ ក៏មិនមាននរណាហ៊ាននិយាយថា ព្រះពុទ្ធសាសនា ជាសាសនារបស់ រដ្ឋដែរ ព្រោះរដ្ឋបានបិទតាំងពីឆ្នាំ១៩៧៥ មក។ ប៉ុន្តែទោះជាយ៉ាងណាក្តី នៅតែមានអ្នកលួចគោរពសាសនាម្តងម្កាល ដូចជា នៅឃុំបាបោង។ បន្ទាប់ពីអង្គការបានស៊ើបដឹងថា អ្នកនេះ ឬអ្នកនោះនៅតែគោរពសាសនាទៀត អង្គការបានដើរចាប់ខ្លួនយកទៅសម្លាប់ទាំងអស់។ ជាក់ស្តែង អ៊ំស្រីម្នាក់គាត់បានលួចគោរពរូបសំណាក់ព្រះពុទ្ធសាសនានៅខាងលើផ្ទះរបស់គាត់។ ប្រធានសន្តិសុខទួលជ្រៃ និងឈ្លប បានមកដល់ផ្ទះរបស់គាត់ភ្លាម រួចបានហៅគាត់ឲ្យចុះពីលើផ្ទះ រួចចាប់ខ្លួនគាត់តែម្តង ដោយពុំសួរនាំអ្វីទាំងអស់ ហើយការចាប់នេះ គឺចាប់នៅចំពោះមុខប្រជាជនតែម្តង ដោយមិនមានការលាក់លៀមទេ។ មិនមែនមានតែអ៊ំស្រីខាងលើ ដែលបានចាប់ខ្លួនទៅនោះទេ នៅឃុំបបោង មានប្រជាជនប្រហែលជា ៥០ ទៅ៦០នាក់ ដែលខ្មែរក្រហម បានចាប់យកទៅមន្ទីរសន្តិសុខទួលជ្រៃ ដោយសារតែអ្នកទាំងនោះ នៅតែមានជំនឿលើសម្តេច សីហនុ។ ខ្មែរក្រហមយល់ថា ឲ្យតែប្រជាជននៅមានជំនឿលើសម្តេច សីហនុ នោះមានន័យថា ប្រជាជននោះនៅតែគោរពព្រះពុទ្ធសាសនា។ រឿងរ៉ាវខាងលើនេះ កើតឡើងនៅអំឡុងឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៦។

ខ្ញុំបានឃើញផ្ទាល់នឹងភ្នែក ដែលខ្មែរក្រហម បានមកចាប់ជនជាតិវៀតណាមទៅសម្លាប់ ប៉ុន្តែមិនមែនជាប្រជាជននៅក្នុងភូមិចាន់ទេ គឺជាប្រជាជនរស់នៅភូមិព្រៃកំពែង។ ព្រឹត្តិការណ៍នេះ ដូចជាកើតមាននៅ ឆ្នាំ ១៩៧៦ ឬ ឆ្នាំ ១៩៧៧។ តា ម៉ក គាត់គ្រាន់តែជាកូនកាត់ជនជាតិវៀតណាម ប៉ុណ្ណោះ។ គាត់មានអាយុប្រហែលជា ៦០ឆ្នាំ។ គាត់មានភរិយាជាជនជាតិខ្មែរ។ ។ គាត់បានរត់គេចខ្លួនពីការតាមចាប់របស់ខ្មែរក្រហមរហូតបានមកដល់ភូមិចាន់ នេះ។ តា ម៉ក បានមកលាក់ខ្លួននៅក្នុងភូមិ ចាន់ ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ប្រធានមន្ទីរសន្តិសុខ និង ឈ្លប ចំនួន៤ ទៅ៥ នាក់ មានកាន់កាំភ្លើងជាប់នឹងដៃ បានមករក តាម៉ក ឃើញនៅក្នុងភូមិចាន់ ហើយបានចូលទៅចាប់ តាម៉ក ភ្លាមៗ ខណៈពេលដែលគាត់ កំពុងអង្គុយលេងជាមួយក្រុមរបស់ខ្ញុំនៅម៉ោងសម្រាកហូបបាយថ្ងៃត្រង់។ ពេលនោះ ខ្ញុំស្រឡាំងកាំងភ្លាម ហើយខ្ញុំមិនហ៊ាន សូម្បីតែហាមាត់ ព្រោះឈ្លប បានមកចាប់ចងគាត់ ភ្លាមៗ ហើយនាំខ្លួនគាត់ចេញទៅ។

នៅឆ្នាំ១៩៧៦ នៅក្នុងសម័យខ្មែរក្រហម គឺមានការនាំយកមនុស្សទៅសម្លាប់ ដោយសារតែអ្នកទាំងនោះ ត្រូវបានចោទប្រកាន់ថាជាខ្មាំងក្បត់នឹងអង្គការ។ ជាក់ស្តែង មានពូម្នាក់ រស់នៅភូមិព្រៃកំពែង ត្រូវបានឈ្លប ចាប់យកទៅមន្ទីរសន្តិសុខទួលជ្រៃភ្លាមៗ ដោយសារតែខណៈពេលដែលគាត់កំពុងតែដេញគោក្របី គាត់បានជេរគោក្របីទាំងអស់នោះ ហើយត្រូវបានឈ្លបស្តាប់ឮ។ ឈ្លបនោះ បានចោទគាត់ថាជាខ្មាំងក្បត់នឹងអង្គការ រួចបានបណ្តើរគាត់ចេញទៅ។

ចំពោះគំនុំកម្មាភិបាល ផ្ទាល់ខ្លួន ខ្ញុំពុំបានដឹងរឿងច្បាស់ទេ។ នៅក្នុងភូមិនេះ គឺសុទ្ធតែលាក់ការមិនឲ្យ យើងដឹងថា អ្នកនេះ ស្អប់ អ្នកនោះទេ ហើយ ចំពោះអ្នកដែល រាយការណ៍ទៅកាន់អង្គការ ចោទអ្នកនេះ ឬអ្នកនោះថាជាខ្មាំង ក៏យើងមិនដឹងថា នរណាជាអ្នករាយការណ៍ដែរ។ ប៉ុន្តែចំពោះគំនុំគំគួន រវាង ប្រជាជន និង ទាហាន លន់ នល់ វិញ គឺខ្ញុំបានដឹងខ្លះ។ រឿងរ៉ាវខាងលើនេះ គឺកើតឡើងពីការលាបពណ៌គ្នា ការមានគំនុំគំគួន និងការខឹងស្អប់ចំពោះគ្នា កាលពីពេលកន្លងទៅ។ កាលពីទាហានទាំងនោះ នៅជាប្រជាជនធម្មតា ទាហានទាំងនោះ បានផឹកស៊ី លួចគោក្របី និងបង្ករសម្លេងរំខានខ្លាំង ដល់ប្រជាជនស្ទើរតែរាល់ថ្ងៃ។ នៅពេលដែលក្រុមទាហាននោះ បានចូលបម្រើធ្វើជាទាហាន(លន់ នល់) ប្រជាជនកាន់តែមានការស្អប់ទាហានខ្លាំងឡើង ហើយមកដល់សម័យខ្មែរក្រហម ប្រជាជននោះបានរាយការណ៍ទៅកាន់អង្គការថាអ្នកទាំងនោះ ធ្លាប់ធ្វើជាទាហាន លន់ នល់ ពីមុនមក ហើយអង្គការ ក៏បានមកចាប់ខ្លួនអ្នកទាំងនោះ យកទៅសម្លាប់តែម្តង។ នៅក្នុងភូមិចាន់នេះ នៅសល់តែអតីតទាហាន លន់ នល់ ម្នាក់ប៉ុណ្ណោះ ដែលគាត់អាចរស់រានមានជីវិត រហូតមកដល់សព្វថ្ងៃបាន ដោយសារតែនៅពេលនោះ គាត់បានលាក់នូវប្រវត្តិរបស់គាត់យ៉ាងជិត បូករួមទាំងគាត់ មិនបានបញ្ចេញសកម្មភាពអ្វីទាំងអស់ នៅក្នុងសម័យខ្មែរក្រហម។

បន្ទាប់ពីរបបខ្មែរក្រហម បានបែកទាំងស្រុង រយៈពេល ប្រហែលជា ២ទៅ៣ខែក្រោយមក ក៏មានការស្រាវជ្រាវ ចាប់កម្មាភិបាលដែលធ្លាប់សម្លាប់ប្រជាជនកន្លងមក។ ប្រធានសន្តិសុខទួលជ្រៃ ឈ្មោះ ពាង ឆាំបានមកសុំ រស់នៅជាមួយខ្ញុំ ប៉ុន្តែ ការរស់នៅនេះ គឺត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ ក៏ត្រូវបានទាហានខាងស្រុកចាប់ខ្លួនបាន។ កាលនោះបើសិនជាគាត់បានស្តាប់តាមសម្តីរបស់ខ្ញុំ នោះគាត់នឹងរួចខ្លួន ហើយពុំមានបញ្ហាអ្វីកើតឡើងចំពោះគាត់នោះទេ។ ខ្ញុំបាននិយាយថា «ឥឡូវ បងឯងទៅពួននៅខាងត្បូងភូមិចាន់ នេះសិនទៅ កុំអាលមកវិញ ហើយពេលរសៀលសឹមខ្ញុំយកបាយទៅឲ្យ ហើយកុំទៅខាងលិចភូមិចាន់ឲ្យសោះ ព្រោះខ្ញុំទើបតែចេញពីទីនោះមក បានឃើញទាហានខាងស្រុក នៅទីនោះ (ត្រង់ថ្នល់កែង)ច្រើនណាស់។ និយាយសឹងតែមិនទាន់ ផុតពីមាត់ផង បន្ទាប់ពីគាត់ហូបបាយហើយភ្លាម គាត់ក៏ទាញកាំបិតយកមកសៀតនឹងចង្កេះ រួចដើរសម្តៅទៅខាងលិចភូមិចាន់ ដែលជាកន្លែងរបស់ទាហានខាងស្រុកនោះភ្លាម។ បន្ទាប់មកក៏ត្រូវបានទាហានខាងស្រុក ចាប់ខ្លួនបាន និងបញ្ជួនមកមន្ទីរសន្តិសុខក្រុងព្រៃវែងតែម្តង។ មិនទាន់បានទៅដល់មន្ទីរសន្តិសុខផង ក៏ត្រូវបានប្រជាជនឃើញ ហើយដេញគប់នៅតាមផ្លូវ។ ដោយមានប្រជាជននៅឈរ កកកុញច្រើនពេក នគរបាល ក៏បានឈប់ម៉ូតូ ហើយរត់ចេញពីទីនោះ ទុកឲ្យ ឆាំ នៅម្នាក់ឯង។ បន្ទាប់មក ប្រជាជនទាំងអស់ ក៏បានព្រួត សម្រុកមកវាយសម្លាប់ ឆាំ ដោយប្រជាជនខ្លះ កាប់នឹងកណ្តៀវ ខ្លះកាប់នឹងកាំបិត ខ្លះកាប់នឹងពូថៅ រហូតដល់ ឆាំ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងតែម្តង ស្ថិតនៅក្នុងសង្កាត់បាយរាយណ៍ក្រុងព្រៃវែង ក្បែរស្ពានលេខ២។ បញ្ហាដែលកើតមានខាងលើនេះ គឺជាគំនុំសងសឹករបស់ប្រជាជនមកលើប្រធានមន្ទីរសន្តិសុខ ឈ្មោះ ឆាំ ដែលគាត់ ធ្លាប់បានសម្លាប់ សាច់ញាតិ ប្តីប្រពន្ធ គ្រួសារ និង បងប្អូនរបស់ប្រជាជន កាលពីពេលកន្លងទៅ។

Full report