នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៧:៣០នាទីព្រឹក សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សាខាពីវិទ្យល័យប៊ុនរ៉ានី ហ៊ុនសែន ក្ដុលផ្សារឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំនួន១៣នាក់(ស្រី៧នាក់) បានមកទស្សនកិច្ចនៅផ្ទះសហគមន៍ភូមិក្ដុលលើ និងមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
ជាកិច្ចចាប់ផ្ដើម លោកឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំយុវជនទស្សនាផ្ទះសហគមន៍ភូមិក្ដុលលើ និងមជ្ឈមណ្ឌលឯកសារកោះថ្ម និងបានបង្ហាញផ្ទាំងពិព័រណ៍ធំៗចំនួន៤ផ្ទាំងដូចខាងក្រោម៖
ផ្ទាំងពិព័រណ៍ទី១៖ បង្ហាញពីចំណុចចាប់ផ្តើម ដែលសម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូប បានចេញពីកោះថ្មនៅថ្ងៃទី២០ខែមិថុនាឆ្នាំ១៩៧៧ ដើម្បីឆ្ពោះទៅរកការកសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដោយសារមានថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ទើបកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានបង្កើតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ បន្តមកទៀតទើបអង្គការចាត់តាំងនយោបាយ គឺរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានកើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងស្រុកស្នួល ខេត្តក្រចេះ។ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា បានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយសម្រុកចូលប្រទេសកម្ពុជាពីទិសខាងកើត និងបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ទាប់មករបបថ្មីមួយបានកើតឡើង គឺរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ហេតុនេះហើយបានបង្កើតបានជាសំណួរជាច្រើនទៀត៖ ប្រសិនបើសម្ដេចមិនធ្វើដំណើរទៅប្រទេសវៀតណាម តើប្រទេសជាតិ និងប្រជាជនទៅជាយ៉ាងណា? ចុះប្រសិនបើសម្ដេចពន្យាពេលធ្វើដំណើរ ដើម្បីរំដោះប្រទេសជាតិ តើប្រជាជនទៅជាយ៉ាងណា ? ជាកាពិតណាស់ ការពន្យាពេលធ្វើឲ្យជីវិតមនុស្សបាត់បង់កាន់តែច្រើន ហើយបើគ្មានថ្ងៃ២០ មិថុនា ឆ្នាំ១៩៧៧ គ្មានថ្ងៃ២ធ្នូ ហើយក៏គ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែរ។
ផ្ទាំងពិព័រណ៍ទី២៖ បានបង្ហាញអំពីដំណើរការស្វែងរកសន្តិភាពរវាងភាគីខ្មែរ និងខ្មែរ។ សម្ដេចព្រះ នរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន គឺជាតួអង្គសំខាន់ក្នុងការចរចារស្វែងរកសន្តិភាពនៅកម្ពុជា។ សម្តេច ហ៊ុន សែន បានចាប់ផ្តើមដោយការកសាងទំនាក់ទំនងជាមួយសម្ដេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបង្កើតការគាំទ្រដល់ជំនួបលើកដំបូងរវាងសម្ដេចព្រះ នរោត្តម សីហនុ និងសម្តេច ហ៊ុន សែន នៅចន្លោះថ្ងៃទី២ ដល់៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅហ្វែរ អង់តាដឺន័រ ប្រទេសបារាំង ដែលចម្ងាយប្រហែល១០០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងបារីស។ ចាប់ពីតាំងពេលនោះមក សម្តេច ហ៊ុន សែន កាន់តែមានទំនាក់ទំនងល្អប្រសើរជាមួយសម្ដេចឪ ដើម្បីគាំទ្រកិច្ចព្រមព្រៀង ស្ដីអំពីដំណោះស្រាយនយោបាយនៅកម្ពុជា។ កិច្ចប្រជុំពិសេស ដែលជានិមិត្តរូបរវាងឪពុក និងកូននេះ បាននាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាកសកលនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣។ ពេលនេះភាគីខ្មែរក្រហមបានធ្វើពហិការ មិនព្រមចូលរួមបោះឆ្នោតសកលឆ្នាំ១៩៩៣។
ផ្ទាំងពិព័រណ៍ទី៣៖ សន្តិភាពដោយកម្រ គឺការអនុវត្តន៍យុទ្ធសាស្ត្រគន្លឹះរបស់សម្តេច ហ៊ុន សែន ក្នុងការបញ្ជប់សង្រ្គាមដោយអនុវត្ត «នយោបាយឈ្នះ ឈ្នះ»
នៅឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ដាក់ក្រុមខ្មែរក្រហមឲ្យនៅក្រៅច្បាប់។ បន្ទាប់មក សម្ដេច ហ៊ុន សែន បានចាប់ផ្តើមអនុវត្តន៍គោលនយោបាយ ឈ្នះ ឈ្នះ។ គោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន មានធាតុផ្សំសំខាន់ៗចំនួន៣៖ ១) ការធានាអាយុជីវិត ២) ការធានាអាជីព និងមុខរបរ ៣) ការធានាកម្មសិទ្ធិឯកជន។ ការធានាទាំងបីខាងលើបានធ្វើឲ្យខ្មែរក្រហមជឿជាក់ និងធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល។ គោលនយោបាយ ឈ្នះ ឈ្នះ បានចាប់ផ្តើមចញពីកងទ័ពខ្មែរក្រហមនៅតំបន់ភ្នំឱរ៉ាល់បានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជានៅថ្ងែទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ និងបានបន្តឈ្នួនផ្ទុះនៅតំបន់មាឡៃ – បៃលិន ដោយកងទ័ពខ្មែរក្រហមនៅតំបន់នេះបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ១៩៩៦។ កងទ័ពខ្មែរក្រហមនៅតំបន់ផ្សេងៗទៀតបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ តំបន់អន្លង់វែងដែលជាតំបន់ខ្មែរក្រហមចុងក្រោយបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីដឹកនាំខ្មែរក្រហម រួមមាន៖ នួន ជា ខៀវ សំផន អៀង សារី បានទៅដល់គេហដ្ឋាន សម្ដេច ហ៊ុន សែន នៅទីក្រុងតាខ្មៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ចាប់ពីពេលនោះមកប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ។
ផ្ទាំងពិព័រណ៍ទី៤៖ បន្ទាប់ពីទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កងយោធពលខេមរភូមិន្ទបានបំពេញតួនាទី ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ និងអន្តរជាតិ។ ជាពិសេសកងយុទ្ធពលខេមរភូមិន្ទ តែងតែប្តេជ្ញាក្នុងការបំពេញបេសកម្មដ៏ពិសេសសម្រាប់ប្រវត្តិសាស្ត្រដូចខាងក្រោម៖
-ការការពារបូរណភាពទឹកដី និងអនុវត្តប្រកាន់ខ្ជាប់ច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស។
-ការទាមទារឯករាជ្យពីអាណានិគមនិយម (ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣)។
-ការចូលរួមយ៉ាងពេញទំហឹង ក្នុងកិច្ចស្វែងរកសុខសន្តិភាព ជូនមាតុប្រទេស (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨)។
-ក្រៅពីភារកិច្ចស្នួល កងយោធពលខេមរភូមិន្ទ ក៏បានគាំទ្រដល់ដំណើរការថែរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ តាមរយៈការចូលរួមរបស់កងកម្លាំងប្រទេសកម្ពុជា នៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
-ចូលរួមយ៉ាងសកម្មជួយដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយគ្រោះមហន្តរាយដោយធម្មជាតិ និង ជំងឺកាចសាហាវ (កូវីដ-១៩)។
-កម្ពុជា គឺជាប្រទេសតូចតែមានបេះដូងធំ។ បើទោះជាប្រឈមនឹងការឆ្លងពីជំងឺរាតត្បាតកូវីដ-១៩ តែកងយោធពលខេមរភូមិន្ទនៅតែបន្តការចូលរួមនៅក្នុងការប្តេជ្ញាបន្តភារកិច្ចរបស់ខ្លួនដើម្បីជាតិ និងអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលតំណាងឲ្យប្រជាជនកម្ពុជា ទូទាំងប្រទេស បានបង្ហាញសណ្តានចិត្តមនុស្សធម៌នៅក្នុងឱកាសជាច្រើន។ ជាឧទាហរណ៍មួយ នៅពេលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេច រាជរដ្ឋាភិបាលកម្ពុជាបានជួយដល់ភ្ញៀវទេសចរណ៍ អន្តរជាតិ ដែលកំពុងជាប់គាំងនៅលើនាវា វ៉េស្ទ័រដាម (Westerdam) ដើម្បីឲ្យគាត់បានវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមមធ្យោបាយរៀងៗខ្លួន។ មិនត្រឹមតែប៉ុណ្ណោះប្រទេសកម្ពុជាបានចូលរួមចំណែកជួយដល់ប្រទេសមួយចំនួនទាំង ថវិកា សម្ភារ និងថ្នាំសង្កូវ មួយចំនួនធំថែមទៀត ។
-កម្ពុជាបន្តបញ្ជូនកងទ័ព «មួកខៀវ» ជាង៣០០នាក់បន្ថែម ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ។ រហូតមកដល់ពេលនេះប្រទេសកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពប្រមាណជិត៩០០០នាក់ ទៅបំពេញបេសកកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។
-ការឆ្លើយតបទៅនឹងករណីបាក់រលំអគារនៅក្រុងព្រះសីហនុ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។
-មេបញ្ជាការកងពលតូចលេខ៧០ សកម្មចូលរួមដឹកនាំទប់ស្កាត់ជម្ងឺកូវីដ-១៩ និងសួរសុខទុក្ខ កងកម្លាំងដែលបានប្រចាំការសង្គ្រោះប្រជាជនរងគ្រោះដោយគ្រោះធម្មជាតិនានា។
Photos by Chham Ra and Vy Sitha
March 20, 2024
Documentation Center of Cambodia Archives