Home / Post

Koh Thma Documentation Center: Genocide Education

នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២៩២៥ សិស្សានុសសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន៥នាក់ (ស្រី១) អញ្ជើញមកសិក្សារៀនសូត្របន្ថែមស្តីពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅផ្ទះសហគមន៍ភូមិក្តុលលើ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោក ឈុំ រ៉ា ដឹងនាំសិស្សានុសសិស្ស ធ្វើការណែនាំអំពីពិព័រណ៍រូបភាព ពិព័រណ៍សៀវភៅ និងដឹកនាំសិស្សានុសសិស្សទៅទស្សនាផ្ទាំងពិព័តណ៍ធំៗចំនួនបួន៖
១)ផ្ទាំងពិព័រណ៍ទី១៖ បង្ហាញពីចំណុចចាប់ផ្តើម ដែលសម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូប បានចេញពីកោះថ្មនៅថ្ងៃទី២០ខែមិថុនាឆ្នាំ១៩៧៧ ដើម្បីឆ្ពោះទៅរកការកសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
២)ផ្ទាំងពិព័រណ៍ទី២៖ បានបង្ហាញអំពីដំណើរការស្វែងរកសន្តិភាពរវាងភាគីខ្មែរ និងខ្មែរ
៣)ផ្ទាំងពិព័រណ៍ទី៣៖ សន្តិភាពដោយកម្រ គឺការអនុវត្តន៍យុទ្ធសាស្ត្រគន្លឹះរបស់សម្តេច ហ៊ុន សែន ក្នុងការបញ្ជប់សង្រ្គាមដោយអនុវត្ត «នយោបាយឈ្នះ ឈ្នះ» នៅឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ដាក់ក្រុមខ្មែរក្រហមឲ្យនៅក្រៅច្បាប់
៤)ផ្ទាំងពិព័រណ៍ទី៤៖ បន្ទាប់ពីទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ កងយោធពលខេមរភូមិន្ទបានបំពេញតួនាទី ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ និងអន្តរជាតិ។

បន្ទាប់ពីទស្សនាពិព័រណ៍រូបភាព និងពិព័រណ៍សៀវភៅ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ឱ្យសិស្សានុសិស្សពិភាក្សាក្រុម លើប្រធានបទ «ការរៀបមង្គលការនៅក្នុងសម័យខ្មែរក្រហម»។ សិស្សានុសិស្សមានសមាជិកចំនួនប្រាំនាក់ ក្នុងនោះស្រីម្នាក់ ១)សឿន សុខខឿន ២)ស្រេង រ៉ា ៣)សំវិន និត្យា ៤)ភាក់ ចំរ៉ុង ៥)ពៅ ភីណា។

មង្គលការក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខុសគ្នាទាំងស្រុងពីមង្គលការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ កូនកំលោះក្រមុំទាំងអស់ ត្រូវបានរៀបចំក្នុងពិធីរួមតែមួយ ដែលមានចំនួនពី៣ទៅ១០គូ ក្នុងពិធីតូច និងពី៣០ទៅ៥០គូ ឬរហូតដល់ជាង១០០គូ ក្នុងពិធីជំនីមួយៗ ។ បុរសនារីភាគច្រើនមិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសគូស្រកររបស់ខ្លួនទេ។ គូនីមួយៗ ត្រូវបានចាត់តាំងឡើងដោយអង្គការ ដែលអះអាងថាជាឪពុកម្តាយរបស់មនុស្សគ្រប់រូប។ អ្នកខ្លះមិនទាំងស្គាល់ឈ្មោះនិងមុខមាត់អនាគតគូស្រកររបស់ខ្លួនផង រហូតដល់ពេល ប្រារព្ធពិធីតែម្តង។ បងប្អូនសាច់ញាតិ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីមង្គលការ ឬចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តណាមួយឡើយ។ សម្លៀកបំពាក់ប្រពៃណី ពិធីរាំរែក ចម្រៀងប្រពៃណី និងពិធីតាមបែបសាសនា ត្រូវបានហាមឃាត់។

បន្ទាប់មកអង្គការបញ្ជាឱ្យគូទាំងនោះចាប់ដៃគ្នា ហើយធ្វើការប្តេជ្ញាចិត្តថា ស្មោះត្រង់ជាមួយគ្នា និងបម្រើអង្គការអស់មួយជីវិត។ ក្រោយពេលពិធីរៀបមង្គលការបានបញ្ចប់ គ្រួសារអង្គការអនុញ្ញាតឱ្យរស់នៅជាមួយគ្នាពីរទៅបីថ្ងៃ ហើយត្រូវធ្វើការងារតាមមូលដ្ឋានរៀងៗខ្លួន។

បុរស-នារីមួយចំនួន ត្រូវបានបង្ខំឱ្យរៀបការជាមួយយុទ្ធជនពិការដាច់ដៃ ឬដាច់ជើងម្ខាង ដែលរងរបួសក្នុងពេលសង្គ្រាម។ អ្នកដែលជំទាស់ មិនទទួលយកមនុស្សពិការដែលអង្គការរៀបចំ អាចត្រូវបានចាប់ឃុំឃាំង ឬទទួលរងទណ្ឌកម្មជាទម្ងន់ ឬត្រូវបញ្ជូនឱ្យទៅធ្វើការនៅតំបន់ដាច់ស្រយាលឆ្ងាយៗ ពីផ្ទះសម្បែង ។
មុនពេលត្រឡប់ទៅសាលាសិស្សានុសិស្សទាំងនោះទទួលបានសៀវភៅទស្សនាវដ្តីស្វែងរកការពិតម្នាក់មួយក្បាល ដើម្បីយកទៅសិក្សា និងស្រាវជ្រាវតាមតម្រូវការ។

ចំណាប់អារម្មណ៍សិស្ស៖
១)ខ្ញុំបាទឈ្មោះ ពៅ ភីណា ភេទប្រុស អាយុ១៧ឆ្នាំ ថ្នាក់ទី១០“ក” ជាយុវជន(ស ស យ ក ) នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន ក្តុលផ្សារ។

ចំពោះខ្ញុំថ្ងៃនេះ មានអារម្មណ៍សប្បាយរីករាយដែលបានចូលទស្សនកិច្ចសិក្សាមកកាន់ផ្ទះសហគមន៍ភូមិក្តុលលើ។ ខ្ញុំបានយល់ដឹងពីពិព័រណ៌រូបភាពនិងវីដេអូជាពិសេសទាក់ទង ក្នុងការរៀបការក្នុងរបបខ្មែរក្រហម។

ការរៀបការក្នុងរបបខ្មែរក្រហម ÷
•រៀបការដោយបង្ខិតបង្ខំ
•ដែលគេរៀបម្តងចាប់ពី២០គូ ដល់ ១០០គូ
•អង្គការខ្មែរក្រហមមិនអនុញ្ញាតឲ្យកូនកំលោះក្រមុំរើសគូជីវិតដោយខ្លួនឯងទេ គឺអង្គការរើសគូស្រករដែលមិនដែលស្គាល់គ្នា
•ការរៀនពីប្រវត្តិសាស្រ្តជាផ្នែកមួយយ៉ាងធំ ក្នុងការថែរក្សាសន្តិភាព ការចងចាំ និង ការអភិវឌ្ឍន៍ប្រទេស។

ក្នុងនាមខ្ញុំជាយុវជន ស.ស.យ.ក សាខាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ខ្ញុំសូមប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រ ផ្តល់យោបល់កិច្ចពិភាក្សា ដើម្បីកុំឱ្យប្រទេសជាតិធ្លាក់ក្នុងរបបសង្គ្រាម និងឈានទៅរកការអភិវឌ្ឍន៍។

ជាចុងក្រោយ ខ្ញុំចង់ឱ្យយុវជនជំនាន់ក្រោយបានសិក្សាពីផ្ទះសហគមន៍ក្តុលលើ ពីការរៀបការក្នុងរបបខ្មែរក្រហមដូចជារូបខ្ញុំ។ សូមអរគុណ!

២)នាងខ្ញុំឈ្មោះសឿន សុខខឿន ភេទស្រី មកពីវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្តុលផ្សារ បានមកសិក្សានៅផ្ទះសហគមន៍ឯកសារកោះថ្ម អំពីប្រធានបទ ពិធីរៀបការនៅសម័យខ្មែរក្រហម ខ្ញុំគិតថាកាលសម័យនោះប្រជាជនរស់នៅយ៉ាងវេទនាណាស់ហើយក៏គួរឲអាណិតដល់យុវជនយុវនារីដែលមិនបានរើសគូស្រករដោយខ្លួនឯងបានឡើយ។ខ្ញុំអាចយល់បានហើយអាចប្រៀបធៀបការរៀបការរវាងសម័យខ្មែរក្រហមនិងសម័យបច្ចុប្បន្នថាការរៀបការខុសគ្នាឆ្ងាយណាស់។

៣)ខ្ញុំបាទឈ្មោះ ស្រេង រ៉ា រៀនថ្នាក់ទី10A ជាយុវជន សសយក មកពី វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្តុលផ្សារ។ នេះជាលើកដំបូងរបស់ខ្ញុំ មានអារម្មណ៍ចង់យល់ដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម នឹងរៀងភ័យបន្តិចដោយសារខ្ញុំមិនធ្លាប់ចូលរួម ប៉ុន្តែបន្ទាប់ពីបានស្តាប់ការណែនាំរបស់បងប្រុសឈុំ រ៉ា រួចមកខ្ញុំបាទបានយល់ដឹងនូវសម័យប្រល័យពូជសាសន៍ ដល់បច្ចុប្បន្ននេះ។
ជាចុងក្រោយខ្ញុំពិតជាមានអារម្មណ៍ថាសង្វែកចិត្តក្រោយពីបានយល់ដឹងនាសម័យនឹងជាការចងចាំរបស់កូនខ្មែរគ្រប់រូប!។

សិស្សានុសិស្សមកពីវិទ្យាល័យ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ក្តុលផ្សារ​ ចំនួន៥នាក់​ (ស្រី១)​ អញ្ជេីញមកសិក្សារៀនសូត្របន្ថែមអំពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២៩២៥​ ។

Photos by Chham Ra and Vy Sitha
March 29, 2024
Documentation Center of Cambodia Archives

Full report