ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា សាខាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន១៣នាក់ (ស្រី៧) អញ្ជើញចូលរួមវេទិការថ្នាក់រៀន នៅមជ្ឈមណ្ឌលឯកសារកោះថ្ម ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។
ជាកិច្ចចាប់ផ្តើម លោក ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើការណែនាំពិព័រណ៍រូបភាព ផ្ទាំងគំនូរ ផ្ទាំងរូបថត ផ្ទាំងផែនទី រណ្តៅសាកសព នៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម។ បន្ទាប់មកលោក ឡុង ដានី បានធ្វើបទបង្ហាញស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) លើប្រធានប្រព័ន្តិសុខនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានប្រជាជនរាប់សែននាក់ត្រូវបានចាប់ខ្លួនយកទៅឃុំឃាំង ធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់នៅតាមមន្ទីរសន្តិសុខនានាទូទាំងប្រទេស។ នៅក្នុងរបបខ្មែរក្រហមមានមន្ទីរសន្តិសុខប្រមាណ២០០។
មន្ទីរសន្តិសុខ ឬគុក ត្រូវបានខ្មែរក្រហមបែងចែកជា៥កម្រិត ឬថ្នាក់ដូចខាងក្រោម៖
១) មន្ទីរសន្តិសុខ៣កម្រិតដំបូង (ឃុំ ស្រុក និងតំបន់)
២)មន្ទីរសន្តិថ្នាក់ភូមិភាគ
៣)មន្ទីរសន្តិសុខថ្នាក់មជ្ឈិម(ស-២១)។ មន្ទីរស-២១ គឺជាមន្ទីរសន្តិសុខថ្នាក់ខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរំលំទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនបានហៅមន្ទីរសុខ (ស-២១) ថា គុកទួលស្លែង ឬសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
ខ្មែរក្រហមបានបែងចែកខ្មាំងជា២ប្រភេទ៖
១)សត្រូវខាងក្នុងរួមមានប្រជាជនថ្មី មន្ត្រីរដ្ឋការនៃរបបមុន ក្រុមជនជាតិភាគតិច បញ្ញវ័ន្ត និងកម្មាភិបាលខ្មែរក្រហមខ្លួនឯងដែលត្រូវចោទថា ក្បត់បក្ស ភាគច្រើនដាក់ទោសនៅកម្រិតដំបូង(ឃុំ ស្រុក និងតំបន់)។ ២)សត្រូវខាងក្រៅសំដៅភ្នាក់ងាររបស់ប្រទេសមួយចំនួនដូចជា ភ្នាក់ងារ CIA របស់សហរដ្ឋអាមេរិក ភ្នាក់ងារKGB របស់សហភាពសូវៀត ភ្នាក់ងារបក្សពលករវៀតណាម ភ្នាក់ងារបស់ប្រទេសថៃជាដើម។
នៅឆ្នាំ១៩៧៦ និងដើមឆ្នាំ១៩៧៧ ការជ្រាវរកខ្មាំងបង្កប់ផ្ទៃខាងក្នុងបានក្លាយជាការចម្បងរបស់កម្មាភិបាលខ្មែរក្រហម។ នៅចន្លោះចុងឆ្នាំ១៩៧៧ និងពេញមួយឆ្នាំ១៩៧៨ ការឃុំឃាំង និងការសម្លាប់បានការរីករាលដាលយ៉ាងខ្លាំងជាពិសេសកម្មាភិបាល កងទ័ព និងប្រជាជនភូមិភាគបូព៌ា។ ការស្វែងរកការចាប់ខ្លួនជនបង្កប់រួមមានការឈ្លបយកការ របាយការណ៍ ការធ្វើប្រវត្តិរូបផ្ទាល់ខ្លួនជាញឹកញាប់ និងចម្លើយសារភាពជាដើម។ ឈ្លបយកការមានន័យថាកងឈ្លបយកការណ៍ពីប្រជាជន ជាពីសេសនៅពេលយប់ ការស៊ើបយកការណ៍ពីសំណាក់ប្រជាជនគ្នាឯង និងរាយការណ៍ឲ្យប្រធានសហករណ៍ កងឈ្លប ប្រធានសង្កាត់ (ប្រធានឃុំ) ជាដើម។
នៅតាមមន្ទីរសន្តិសុខកម្រិតទាប(ឃុំ ស្រុក និងតំបន់) អ្នកទោសតែងតែទទួលបានអាហារហូបចុកមិនគ្រប់គ្រាន់ ពេលឈឺគ្មានថ្នាំព្យាបាល និងទទួលការធ្វើទារុណកម្មព្រៃផ្សៃផ្សេងៗ។ ចំណែកនៅមន្ទីរសន្តិសុខកម្រិតខ្ពស់ ការសួរចម្លើយ និងការធ្វើទារុណកម្មជាសកម្មភាពប្រចាំថ្ងៃ ហើយការសួរចម្លើយ និងការធ្វើទារុណកម្មនេះបានបែងចែកជា៣ដំណាក់កាលដូចខាងក្រោម៖
១)ក្រុមត្រជាក់ ជាក្រុមដែលសួរចម្លើយដោយប្រើឈាមត្រជាក់ លួងលោមសួរចម្លើយ ប៉ុន្តែអង្គការគិត ថាចម្លើយដែលបានមកវាពុំទាន់អស់សេចក្ដី ទើបបញ្ជូនមកឲ្យក្រុមបន្ទាប់។
២)ក្រុមក្ដៅ ជាក្រុមដែលសួរចម្លើយដោយប្រើការធ្វើទារុណកម្ម ដើម្បីបានចម្លើយ ប៉ុន្តែនៅពេលដែល អង្គការគិតថានៅមានការសង្ស័យថាឆ្លើយមិនអស់សេចក្ដី មានការលាក់ទុកចម្លើយអង្គការបញ្ជូនមកក្រុម បន្ទាប់ទៀត។
៣) ក្រុមអង្កៀមជាក្រុមចុងក្រោយ ដែលពូកែសួរចម្លើយ និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃបំផុត។
នៅក្នុងរបបកម្ពុជប្រជាធិបតេយ្យប្រជាជនប្រហែលជា៥សែននាក់ ត្រូវបានសម្លាប់ក្រោមហេតុផល ក្បត់បដិវត្តន៍ដូចជាប្រជាជនថ្មី អ្នករៀនសូត្របានជ្រៅជ្រះ ជានជាតិដើមភាគតិច ជនជាតិភាគតិច និងកម្មាភិបាលខ្មែរក្រហមខ្លួនឯងដែលត្រូវចោទថាក្បត់បក្សកុម្មុយនីស្តកម្ពុជា។
បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ឡុង ដានី បានធ្វើបទបង្ហាញជាសង្ខេបអំពីអង្គជំនំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានជំនំជម្រះមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះថ្ងៃទី១៧ ខែមសា ឆ្នាំ១៩៧៥ ដលើថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ និងជនទាំងឡាយណាដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តិឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះថ្ងៃទី១៧ ខែមសា ឆ្នាំ១៩៧៥ ដលើថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ អង្គជំនំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចាប់ផ្ដើមដំណើរនៅកក្កដា ឆ្នាំ២០០៦ និងបានបិទបញ្ចប់នៅថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២២។
ក្នុងមានជនជាប់ចោទចំនួន៣រូបត្រូវបានចៅក្រមនៃអង្គជំនំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផ្តន្ទាទោសឲ្យជាប់ពន្ទនាគាអស់មួយដូចខាងក្រោម៖
១)កាំង ហ្គេចអ៊ាវ ហៅ ឌុច ប្រធានមន្ទីរសន្តិសុខ ស-២១ ត្រូវបានចៅក្រមរកឃើញថា បានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងរំលោភបំពានទៅលើសន្ធិសញ្ញាទីក្រុងសឺណែវ ឆ្នាំ១៩៤៩ ចំពោះអ្នកជាប់ឃុំឃាំងនៅមន្ទីរ (ស- ២១)។ តុលាការកាត់ទោសឲ្យឌុចជាប់ទោសមួយជីវិត។ បន្ទាប់មក ឌុចត្រូវបានបញ្ជូនទៅអនុវត្តន៍ទោសនៅពន្ទនាគាក្រុងតាខ្មៅខេត្តកណ្តាល។
២) នួនជា អនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចៅក្រមរកឃើញថា បានប្រព្រឹត្តិសហឧក្រិដ្ឋកម្មរួម លើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងរំលោភបំពានទៅលើសន្ធិសញ្ញាទីក្រុងសឺណែវ ឆ្នាំ១៩៤៩ ចំពោះជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងការសម្លាប់រង្គាលទាហាន លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្នុងសំណុំរឿង ០០២ វគ្គទី១។ ចំណែកក្នុងសំណុំរឿង០០២ វគ្គ២ នួន ជា ត្រូវបានចៅក្រមរកឃើញថា បានប្រព្រឹត្តិសហឧក្រិដ្ឋកម្មរួម លើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងរំលោភបំពានទៅលើសន្ធិសញ្ញាទីក្រុងសឺណែវ ឆ្នាំ១៩៤៩ នៅតាមសហករណ៍ ការដ្ឋានការងារ និងមន្ទីរសុខនានានៅទូទាំងប្រទេស។ នួន ជា ក៏ត្រូវបានចៅក្រមរកឃើញថា បានប្រព្រឹត្តិសហឧក្រិដ្ឋកម្មរួម លើបទឧក្រិដ្ឋប្រល័យពូជសាសន៍លើជនជាតិចាម និងជនជាតិវៀតណាម។
៣) ខៀវសំផន ប្រធានគណប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចៅក្រមរកឃើញថា បានប្រព្រឹត្តិសហឧក្រិដ្ឋកម្មរួម លើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងរំលោភបំពានទៅលើសន្ធិសញ្ញាទីក្រុងសឺណែវ ឆ្នាំ១៩៤៩ ចំពោះជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងការសម្លាប់រង្គាលទាហាន លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្នុងសំណុំរឿង ០០២ វគ្គទី១។ ចំណែកក្នុងសំណុំរឿង០០២ វគ្គ២ នួន ជា ត្រូវបានចៅក្រមរកឃើញថា បានប្រព្រឹត្តិសហឧក្រិដ្ឋកម្មរួម លើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងរំលោភបំពានទៅលើសន្ធិសញ្ញាទីក្រុងសឺណែវ ឆ្នាំ១៩៤៩ នៅតាមសហករណ៍ ការដ្ឋានការងារ និងមន្ទីរសុខនានានៅទូទាំងប្រទេស។ នួន ជា ក៏ត្រូវបានចៅក្រមរកឃើញថា បានប្រព្រឹត្តិសហឧក្រិដ្ឋកម្មរួម លើបទឧក្រិដ្ឋប្រល័យពូជសាសន៍លើជនជាតិចាម និងជនជាតិវៀតណាម។
ចំណែកជនជាប់ចោទពីររូបទៀត គឺ អៀង សារី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស និង អៀង ធីរិទ្ធ រដ្ឋមន្ត្រីក្សួងសង្គមកិច្ច បានស្លាប់នៅក្នុងពេលដំណើរការជំនំជម្រះក្នុងឆ្នាំ២០១៣ និង២០១៥។
ជាកិច្ចបញ្ចប់ ឡុង ដានី បានធ្វើបទបង្ហាញអំពីនិយមន័យអំពើប្រល័យពូជសាសន៍ និងវិធីសាស្ត្រទប់ស្កាត់អំពើឃោរឃៅធ្ងន់ធ្ងរ។
១)ឈ្មោះ ស៊ន ស្រីនា ភេទស្រី អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ ខ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ ចំពោះខ្ញុំថ្ងៃនេះ មានអារម្មណ៍សប្បាយរីករាយដែលបានចូលទស្សនកិច្ចសិក្សាមកកាន់ផ្ទះសហគមន៍ភូមិក្តុលលើ និងមជ្ឈមណ្ឌលឯកសារកោះថ្ម។ ខ្ញុំបានយល់ដឹងពីពិព័រណ៍រូបភាព ជាពិសេសទាក់ទងជាមួយរបបខ្មែរក្រហម។ ខ្ញុំបានយល់ដឹងពីព្រឹត្តិការណ៍ជាច្រើននៅក្នុងសម័យសង្គ្រាម សម័យខ្មែរក្រហម(១៩៧៥-១៩៧៩) ដែលក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្មបានបង្ហាមកកាន់រូបខ្ញុំផ្ទាល់ និងយុវជនផ្សេងៗទៀត។
ការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) មានផលប្រជាយោជន៍សម្រាប់ខ្ញុំនិងសង្គម ដូចជា៖
• ខ្ញុំបានស្គាល់ពីរបបខ្មែរក្រហមដែលបានកើតឡើងនៅកក្នុងប្រទេសកម្ពុជា ហើយជារបបមួយយ៉ាងឃោរឃៅបំផុត មិនធ្លាប់កើតមាននៅក្នុងប្រទេសខ្មែរ។
• បង្រៀនមនុស្សឱ្យចេះទប់ស្កាត់អំពើប្រល័យពូជសាសន៍។
• បណ្តុះស្មារតីខ្ញុំឱ្យចេះសាមគ្គី ចេះស្រឡាញ់សុខសន្តិភាព។
• ការរៀនពីប្រវត្តិសាស្ត្រជាផ្នែកមួយយ៉ាងធំ ក្នុងការថែរក្សាសន្តិភាព ការចង់ចាំ និងការអភិវឌ្ឃន៍ប្រទេស។
ក្នុងនាមជាយុវជន ស.ស.យ.ក សាខាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ខ្ញុំសូមប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រ ផ្តល់យោបល់កិច្ចពិភាក្សា ដើម្បីកុំឱ្យប្រទេសជាតិធ្លាក់ក្នុងរបបសង្គ្រាម និងឈានទៅរកការអភិវឌ្ឍន៍។
នេះជាលើកដំបូងរបស់ខ្ញុំបានធ្វើដំណើរទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ ខ្ញុំនិងក្មេងៗមួយចំនួនមិនជឿថា របបខ្មែរក្រហមធ្វើទារុណកម្មមនុស្ស និងសម្លាប់មនុស្ស។ ក្រោយពីបានទស្សនកិច្ចសិក្សានៅទីនេះរួចបានខ្ញុំយល់កាន់តែច្បាស់ពីរបបខ្មែរក្រហម ចំពោះមនុស្សត្រូវឃុំខ្លួននៅមន្ទីរស-២១ ការសួរចម្លើយស្រាល និងការសួរចម្លើយធ្ងន់។
ជាចុងក្រោយ ខ្ញុំចង់ឱ្យយុវជនជំនាន់ក្រោយបានសិក្សារៀនសូត្រនៅមជ្ឈមណ្ឌលេកសាកោះថ្ម ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យដូចជារូបខ្ញុំ។ សូមអរគុណ!
២)ឈ្មោះ ពៅ ភីណា ភេទប្រុស ថ្នាក់ទី១០ ក នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ នេះជាលើកដំបូងសម្រាប់ខ្ញុំ ហើយមានអារម្មណ៍ភ័យតិចៗ។ បន្ទាប់ពីបាននិយាយលេងជាមួយសិស្សច្បងដែលចូលរួមទស្សនកិច្ចដូចគ្នា និងក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ខ្ញុំបានសប្បាយចិត្ត និងរីករាយឡើងវិញ។ ការសិក្សារៀនពីប្រវត្តិសាស្ត្រខ្មែរក្រហម ជារឿងដ៏ល្អសម្រាប់ខ្ញុំ អាចទទួលបានចំណេះដឹងបន្ថែមនូវចំណុចខ្វះខាត។
ខ្ញុំអាចយល់ដឹងពីប្រវត្តិសាស្ត្របានច្រើនជាងមុន បន្ទាប់វេទិការថ្នាក់រៀនចប់។ បើមានឱកាសខ្ញុំនឹងមកទស្សនកិច្ចនៅមជ្ឈមណ្ឌលេកសារកោះថ្មម្តងទៀត។ អរគុណ!
Photos by Chham Ra and Vy Sitha
March 20, 2024
Documentation Center of Cambodia Archives