ថ្ងៃសុក្រ ទី៣ ខែកមរា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ចូលរួមប្រជុំដោះស្រាយបញ្ហារឿងម៉ូតូកង់បី (តុកតុក) ដើម្បីរកអ្នកទទួលបើកបរបន្ត សម្រាប់សហគមន៍ភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រុមការងារធ្វើដំណើរពីមជ្ឈមណ្ឌលឯកសារកោះថ្មនៅម៉ោង៧:១០នាទីព្រឹក ធ្វើដំណើរដល់ទីតាំងម៉ោង៧:៤០នាទីព្រឹក ហើយកម្មវិធីចាប់ផ្តើមប្រជុំម៉ៅ៨:១០នាទី។
ជាកិច្ចចាប់ផ្តើម លោក ជុំ លឹម មេភូមិកូនក្រពើ ធ្វើការគោរព ជម្រាបសួរ ដល់អាជ្ញាធរឃុំជាំតាម៉ៅ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម និងប្រជាជននៅក្នុងសហគមន៍ភូមិកូនក្រពើដែលមានវត្តមាននៅទីនេះ។ ខ្ញុំពិតជាមានសេចក្តី សប្បាយចិត្ត មានក្រុមការងារឃុំជាំតាម៉ៅ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម និងបងប្អូនមកជុំគ្នាយ៉ាងច្រើនក្នុងថ្ងៃនេះ។ សូមជម្រាបជូនដល់អ្នកទាំងអស់គ្នាថា ថ្ងៃនេះយើងដោះស្រាយបញ្ហាចំពោះអ្នកបើកបរម៉ូតូកង់បី (តុកតុក)។ ខ្ញុំទទួលបានព័ត៌មានពីឃុំជាំតាម៉ៅ មានប្រជាជនមួយចំនួនបានផ្តល់ដំណឹងអំពីបញ្ហាអសកម្មផ្សេងៗរបស់អ្នកបើកម៉ូតូកង់បីក្នុងអំឡុងពេលដឹកប្រជាជនមានទុក្ខធុរៈត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ។ ថ្ងៃនេះយើងនឹងពិភាគ្សាគ្នាថា តើយើងត្រូវបន្តទុកអ្នកចាស់បើកបរ ឬជ្រើសរើសអ្នកថ្មីជំនួស?
ជាកិច្ចបន្ទាប់ លោក ជា សារឿន ជំទប់ទីមួយ តំណាងឃុំជាំតាម៉ៅ មានប្រសាសន៍ថា ម៉ូតូកង់បីនេះក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាប្រគល់ជូនដល់សហគមន៍ភូមិកូនក្រពើ ដើម្បីធ្វើជាមធ្យោបាយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងប្រជាជនរស់នៅក្នុងភូមិកូនក្រពើ ដែលត្រូវការមានទុក្ខធុរៈ។ ប្រជាជនមានឈឺគ្រុន អ្នកទទួលខុសត្រូវម៉ូតូកង់បីត្រូវជូនប្រជាជន។ អ្នកដែលមានសិទ្ទិជ្រើសរើសអ្នកចាស់ ឬថ្មីសម្រាប់ទទួលខុសត្រូវម៉ូតូកង់បី គឺលើពុកម៉ែបងប្អូនរស់នៅក្នុងភូមិនេះផ្ទាល់។
កិច្ចបន្ត លោក ឈុំ រ៉ា ធ្វើការណែនាំខ្លួន និងក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម។ សូមគោរព លោកពូ ជា សារឿន ជំទប់ទីមួយ លោកពូ ជុំ លឹម ជាប្រធានភូមិ លោកយាយ លោកតា អ៊ំ ពូ មីង និងបងៗទាំងអស់គ្នាដែលមានវត្តមាននៅសាលាបុណ្យភូមិកូនក្រពើ ឃុំជាំតាម៉ៅ។ កាលពីមួយសប្តាហ៍មុនខ្ញុំបានមកភូមិកូនក្រពើ ដើម្បីស្តាប់ពីបញ្ហារឿងអ្នកបើកម៉ូតូកង់បីនិងប្រជាជននៅក្នុងភូមិ ប៉ុន្តែអត់មានការចូលរួមពីលោកយាយ លោកតា អ៊ំ ពូ មីង ចូលរួម។ ហេតុនេះយើងមិនទាន់សម្រេច ហើយការជ្រើសអ្នកបើកបរម៉ូតូកង់បី ប្រគល់ជូនអ្នកចាស់ ឬអ្នកថ្មីខ្ញុំក៏មិនហ៊ានសម្រេច។ ក្រុមការងារមកថ្ងៃនេះចាំស្តាប់ពីលោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូននៅក្នុងភូមិ ជាអ្នកមានសិទ្ធិជ្រើសរើសអ្នកដែលខ្លួនពេញចិត្ត។ មួយទៀតក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ក្នុងការជ្រើសរើសអ្នកទទួលខុសត្រូវបើកបរម៉ូតូកង់បីចំនួនពីរនាក់ ជៀងវាងពេលលោកតា លោកយាយ ប្រជាជននៅក្នុងភូមិមានទុក្ខធុរៈ អ្នកបើកបរម្នាក់គាត់មានបញ្ហាមិនអាចជូនបាន យើងមានម្នាក់ទៀតសម្រាប់ជូន លោកតា លោកយាយ។ ចំពោះអ្នកបើកបរម៉ូតូកង់បី និងប្រជាជន សូមយល់ពីគ្នាទៅវិញទៅមក។ សូមអរគុណ!
លោក ជា សារឿន បានអញ្ជើញអ្នកស្ម័គ្រចិត្តបើកម៉ូតូកង់បី (តុកតុក) ឡើងមកខាងលើ ដើម្បីឱ្យពុកម៉ែបងប្អូនជ្រើសតាំង។ អ្នកដែលប្រជាជនគាំទ្រច្រើន គឺអ្នកទទួលខុសត្រូវបើកបរម៉ូតូកង់បី។
ការជ្រើសរើសត្រូវបានបញ្ចប់ ដោយបានរកឃើញមានអ្នកស្ម័គ្រចិត្តបើកម៉ូតូកង់បី (តុកតុក) ចំនួនពីររូប ដែលប្រជាជនចេញចិត្ត ផ្តល់ជាសំឡេងទះដៃគាំទ្រ គឺលោក ជុំ លឹម និង លោក សឿន ណា។ ចាប់ពីពេលនេះ គឺអ្នកទាំងពីរនាក់ត្រូវជូនប្រជាជននៅក្នុងភូមិកូនក្រពើពេលមានទុក្ខធុរៈ។ ជាចុងបញ្ចប់ លោក ជា សារឿន សូមថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ជូនម៉ូតូកង់បី ដល់ឃុំជាំតាំម៉ៅ ហើយប្រគល់ដល់ភូមិកូនក្រពើ ព្រោះភូមិនេះដាច់ស្រយាល។ សូមជូនពរ លោកនាយក និងក្រុមការងារជួបតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ចការងារ។
រាយការណ៍ដោយ ឈុំ រ៉ា