Home / Post

Koh Thma Documentation Center: គ្រូបង្រៀន និងសិស្សចំនួន៧៥នាក់ (ស្រី៣៣) មកពីសាលាពន្លឺវិទ្យាអន្តរជាតិ (PIS) បានធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៥ ត្រូវនឹងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៧៥នាក់ មកពីសាលាពន្លឺវិទ្យាអន្តរជាតិ សាខាក្រុងកំពង់ចាម ធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម ដើម្បីឈ្វេងយល់អំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម និងប្រវត្តិតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាចំណុចចាប់ផ្តើមនៃការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

ជាកិច្ចចាប់ផ្តើម ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានណែនាំខ្លួន និងបង្ហាញអំពីគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្មនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ត្រូវនឹងពិធីរំលឹកខួបលើកទី៤៣ នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពួជសាសន៍ប៉ុល ពត (២០/០៦/១៩៧៧ – ២០/០៦/២០២០)។ ការបង្កើតមជ្ឈមណ្ឌលឯកសារកោះថ្ម ស្ថិតក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំយុវជន និងកីឡា ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានគោលបំណងដូចខាងងក្រោម៖
១)បង្ហាញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩០ ។
២)ពង្រឹងការកសាងសន្តិភាព និងការការពារជម្លោះ តាមរយៈកម្មវិធីអប់រំ ដែលជាឱកាសមួយសម្រាប់យុវជននៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាលក្នុងការចូលរួមរៀនសូត្រ។
៣)លើកទឹកចិត្តអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឱ្យចែករំលែក និងបង្រៀនក្មេងៗជំនាន់ក្រោយពីបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម។
៤)ប្រមែប្រមូលរឿងរ៉ាវ បទពិសោធន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបនោះ។

បន្ទាប់មកលោក ឡុង ដានី បានដឹកនាំសិស្សានុសិស្សដើរទស្សនាពិព័រណ៍នៃបណ្តុំរូបថតចំនួន១៣៣ រូបគំនូរ និងផែនទីនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ដោយចាប់ផ្តើមពីបណ្តុំរូបថតនៃសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៦០ នៅតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែក្រហមបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩), បណ្តុំរូបគំនូរដែលសមមិត្ត ហ៊ុន សែន (បច្ចុប្បន្នសមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាមដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្ម ទៅកាន់តំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម និងការបង្កើតអង្គភាព១២៥ ដែលជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដំបូងបង្អស់ដើម្បីវាយផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។ បន្ទាប់ពីសិស្សានុសិស្សទស្សនាពិព័រណ៍រូបភាព គំនូរ ផែនទី បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) និងស្តាប់លោក ឡុង ដានីធ្វើបទបង្ហាញរួច ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដឹកនាំលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបន្តដំណើរទៅទស្សនានៅផ្ទះសហគមន៍ភូមិក្តុលលើ ឬមជ្ឈមណ្ឌលឯកសារកោះថ្ម-សាលាគរុភណ្ឌស្ទៀង។ លោក ឈុំ រ៉ា គឺជាបុគ្គលិកផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើ បានរៀបរាប់ថា ផ្ទះសហគមន៍ជនជាតិស្ទៀងនៅភូមិក្តុលលើនេះ ចាប់ផ្តើមជួសជុលនៅខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ទាំងស្រុងនៅដើមខែកញ្ញា ឆ្នាំ២០២៤។ ទីតាំងនេះ គឺជាអំណោយរបស់យាយ ម៉ែន ច្រាញ់ ដល់មជ្ឈមណ្ឌលឯកសារកោះថ្មធ្វើការជួលជុល និងរៀបចំដើម្បីបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជននៅក្នុងសហគមន៍ទាំងមូល។ ផ្ទះសហគមន៍ជនជាតិស្ទៀងភូមិក្តុលលើនៃមជ្ឈមណ្ឌលឯកសារកោះថ្ម ត្រូវបានរចនាឡើងដោយនិស្សិតស្ថាបត្យកម្មឆ្នាំទី៥ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន២រូប គឺ លោក វន រ័ត្នវិសាល និង កញ្ញា លឹម វណ្ណសូលីហ្សា ដោយយកតាមលំនាំផ្ទះរបស់ជនជាតិដើមភាគតិចស្ទៀងសម័យបុរាណ។

ចុងក្រោយក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទៅទស្សនានៅតំបន់ប្រវត្តិយោធាតេជោ កោះថ្ម-អ៊ិច-១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំង សមេ្តចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាម ដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយផ្ទាល់ ដើម្បីសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។

ចំណាប់អារម្មណ៍គ្រូបង្រៀន និងសិស្សមកពីសាលាពន្លឺវិទ្យាអន្តរជាតិ (PIS)

១) ជម្រាបសួរ! ខ្ញុំឈ្មោះ ជីន ចាន់និត ជាគ្រូបង្រៀនប្រវត្តិវិទ្យា និងភូមិវិទ្យា នៃសាលាពន្លឺវិទ្យាអន្តរជាតិ (PIS) សាខាក្រុងកំពង់ចាម។ ចំពោះខ្ញុំជាគ្រូបង្រៀនផ្នែកប្រវត្តិសាស្ត្រ ហើយជាលើកទីមួយបានមកដល់មជ្ឈមណ្ឌលឯកសារកោះថ្ម។ ខ្ញុំសង្ឃឹមថាលើកក្រោយខ្ញុំនឹងមកទស្សនកិច្ចសិក្សានៅទីនេះម្តងទៀត។ ពេលត្រឡប់ទៅវិញខ្ញុំនឹងប្រាប់ ឬបង្រៀនដល់សិស្សានុសិស្សនៅសាលារបស់ខ្ញុំបន្ថែមទៀត ហើយផ្សព្វផ្សាយដល់សិស្សឱ្យមកទស្សនកិច្ចសិក្សាកានតែច្រើនជាងនេះ ព្រោះកន្លែងនេះជាកន្លែងតស៊ូ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកងកម្លាំងរំដោះប្រទេសចេញពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ អរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបាននាំទស្សនាទីតាំងផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុណភណ្ឌស្ទៀង មជ្ឈមណ្ឌលឯកសារកោះថ្ម និងតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16។ ក្រុមការងារបានផ្តល់ព័ត៌មានល្អៗមកកាន់លោកគ្រូ អ្នកគ្រូ និងសិស្ស នៃសាលាយើងខ្ញុំ។ ទោះជាយ៉ាងណាខ្ញុំនៅតែចង់មកទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកោះថ្ម ទោះបីមិនបានមកជាមួយក្រុមការងារក៏ខ្ញុំនាំគ្រួសារមកដើរលេង ព្រោះកន្លែងនេះជាទីតាំងប្រវត្តិសាស្ត្រ ជាខ្សែក្រវ៉ាត់ព្រំដែមកម្ពុជា-វៀតណាម។ ចង់ឱ្យមានការយល់ដឹងពីទំនាក់ទំនងរវាងប្រទេស និងប្រទេស ពេលណាមានគ្រោះអាសន្នយើងអាចជួយគ្នាទៅវិញទៅមក។ ជាចុងក្រោយសូមសំណូមពរដល់មជ្ឈមណ្ឌលឯកសារកោះថ្ម ជួយផ្សព្វផ្សាយកន្លែងនេះកាន់តែល្អប្រសើរ ពេលសិស្សានុសិស្សចង់ទៅកន្លែងជាក់ស្តែង រកឯកសារដែលពួកគាត់ត្រូវការ ក្រុមការងារជួយទៅតាមលទ្ធភាពដែលអាចធ្វើបាន។ សូមអរគុណ!

២)ឈ្មោះ ហឿន ម៉ានី ជាសិស្សថ្នាក់ទី៨ នៃសាលាពន្លឺវិទ្យាអន្តរជាតិ សាខាខេត្តកំពង់ចាម។ សម្រាប់ខ្ញុំជាលើកទីមួយដែលធ្វើដំណើរផ្លូវឆ្ងាយ ហើយមកទីតាំងនេះជាលើកទីមួយ។ ទោះបីឆ្ងាយវាមិនជាការពិបាកសម្រាប់ខ្ញុំទេ ប៉ុន្តែវាជាការសប្បាយទៅវិញ។ កន្លងមកខ្ញុំពុំធ្លាប់បានដឹងពីមជ្ឈមណ្ឌលឯកសារកោះថ្មទាល់តែសោះ។ ពេលមកដល់បានស្តាប់គ្រូឧទ្ទេសបង្ហាញណែនាំនឹងបានយល់ដឹងពីប្រវត្តិសាស្ត្រជាងមុន។ ចំណេះដឹងនេះវាពិតជាធំធេងមែនទែន ព្រោះខ្ញុំមិនដឹងថាប្រទេសកម្ពុជាអាចរំដោះបានពីរបប ប៉ុល ពត តាមរបៀបណា ទើបពេលនេះបានខ្ញុំយល់ដឹងកាន់តែច្បាស់។ ចំពោះចំណេះដឹងដែលទទួលបានថ្ងៃនេះ ខ្ញុំយកទៅសិក្សានិងស្រាវជ្រាវបន្ថែម នឹងប្រាប់ទៅមិត្តភក្តិដែលមិនបានមកទស្សនកិច្ចនៅថ្ងៃនេះ។ បាទអរគុណ!

៣)ជម្រាបសួរ! ខ្ញុំឈ្មោះ គង់ សុបញ្ញាវត្តី ជាសិស្សថ្នាក់ទី៩ក នៃសាលាពន្លឺវិទ្យាអន្តរជាតិ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានមកទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកោះថ្ម ហើយទទួលបានចំណេះដឹងជាច្រើននៅកន្លែងនេះ។ កន្លងមកខ្ញុំធ្លាប់បានសិក្សាពីសៀវភៅបន្តិចបន្តួច ប៉ុន្តែមកដល់ទីនេះបានឃើញទីតាំងជាក់ស្តែងធ្វើឱ្យកាន់តែយល់ច្បាស់ជាងមុន។ ជាចុងក្រោយសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានយកចិត្តទុកដាក់លើពួកខ្ញុំ និងប្រាប់ពីព័ត៌មានល្អ ជាពិសេសទាក់ទងជាមួយប្រវត្តិសាស្ត្រខ្មែរក្នុងរបបប្រល័យជូជសាសន៍ខ្មែរក្រហម(១៩៧៥-១៩៧៩)។

រាយការណ៍ដោយ៖ ឈុំ រ៉ា

ជម្រាបសួរ! ខ្ញុំឈ្មោះ ជីន ចាន់និត ជាគ្រូបង្រៀនប្រវត្តិវិទ្យា និងភូមិវិទ្យា នៃសាលាពន្លឺវិទ្យាអន្តរជាតិ (PIS) សាខាក្រុងកំពង់ចាម។ ចំពោះខ្ញុំជាគ្រូបង្រៀនផ្នែកប្រវត្តិសាស្ត្រ ហើយជាលើកទីមួយបានមកដល់មជ្ឈមណ្ឌលឯកសារកោះថ្ម។ ខ្ញុំសង្ឃឹមថាលើកក្រោយខ្ញុំនឹងមកទស្សនកិច្ចសិក្សានៅទីនេះម្តងទៀត។ ពេលត្រឡប់ទៅវិញខ្ញុំនឹងប្រាប់ ឬបង្រៀនដល់សិស្សានុសិស្សនៅសាលារបស់ខ្ញុំបន្ថែមទៀត ហើយផ្សព្វផ្សាយដល់សិស្សឱ្យមកទស្សនកិច្ចសិក្សាកានតែច្រើនជាងនេះ ព្រោះកន្លែងនេះជាកន្លែងតស៊ូ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកងកម្លាំងរំដោះប្រទេសចេញពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ អរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបាននាំទស្សនាទីតាំងផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុណភណ្ឌស្ទៀង មជ្ឈមណ្ឌលឯកសារកោះថ្ម និងតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16។ ក្រុមការងារបានផ្តល់ព័ត៌មានល្អៗមកកាន់លោកគ្រូ អ្នកគ្រូ និងសិស្ស នៃសាលាយើងខ្ញុំ។ ទោះជាយ៉ាងណាខ្ញុំនៅតែចង់មកទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកោះថ្ម ទោះបីមិនបានមកជាមួយក្រុមការងារក៏ខ្ញុំនាំគ្រួសារមកដើរលេង ព្រោះកន្លែងនេះជាទីតាំងប្រវត្តិសាស្ត្រ ជាខ្សែក្រវ៉ាត់ព្រំដែមកម្ពុជា-វៀតណាម។ ចង់ឱ្យមានការយល់ដឹងពីទំនាក់ទំនងរវាងប្រទេសនិងប្រទេស ពេលណាមានគ្រោះអាសន្នយើងអាចជួយគ្នាទៅវិញទៅមក។

ឈ្មោះ ហឿន ម៉ានី ជាសិស្សថ្នាក់ទី៨ នៃសាលាពន្លឺវិទ្យាអន្តរជាតិ សាខាខេត្តកំពង់ចាម។ សម្រាប់ខ្ញុំជាលើកទីមួយដែលធ្វើដំណើរផ្លូវឆ្ងាយ ហើយមកទីតាំងនេះជាលើកទីមួយ។ ទោះបីឆ្ងាយវាមិនជាការពិបាកសម្រាប់ខ្ញុំទេ ប៉ុន្តែវាជាការសប្បាយទៅវិញ។ កន្លងមកខ្ញុំពុំធ្លាប់បានដឹងពីមជ្ឈមណ្ឌលឯកសារកោះថ្មទាល់តែសោះ។ ពេលមកដល់បានស្តាប់គ្រូឧទ្ទេសបង្ហាញណែនាំនឹងបានយល់ដឹងពីប្រវត្តិសាស្ត្រជាងមុន។ ចំណេះដឹងនេះវាពិតជាធំធេងមែនទែន ព្រោះខ្ញុំមិនដឹងថាប្រទេសកម្ពុជាអាចរំដោះបានពីរបប ប៉ុល ពត តាមរបៀបណា ទើបពេលនេះបានខ្ញុំយល់ដឹងកាន់តែច្បាស់។ ចំពោះចំណេះដឹងដែលទទួលបានថ្ងៃនេះ ខ្ញុំយកទៅសិក្សានិងស្រាវជ្រាវបន្ថែម នឹងប្រាប់ទៅមិត្តភក្តិដែលមិនបានមកទស្សនកិច្ចនៅថ្ងៃនេះ។ បាទអរគុណ!

ជម្រាបសួរ! ខ្ញុំឈ្មោះ គង់ សុបញ្ញាវត្តី ជាសិស្សថ្នាក់ទី៩ក នៃសាលាពន្លឺវិទ្យាអន្តរជាតិ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានមកទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកោះថ្ម ហើយទទួលបានចំណេះដឹងជាច្រើននៅកន្លែងនេះ។ កន្លងមកខ្ញុំធ្លាប់បានសិក្សាពីសៀវភៅបន្តិចបន្តួច ប៉ុន្តែមកដល់ទីនេះបានឃើញទីតាំងជាក់ស្តែងធ្វើឱ្យកាន់តែយល់ច្បាស់ជាងមុន។ ជាចុងក្រោយសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានយកចិត្តទុកដាក់លើពួកខ្ញុំ និងប្រាប់ពីព័ត៌មានល្អ ជាពិសេសទាក់ទងជាមួយប្រវត្តិសាស្ត្រខ្មែរក្នុងរបបប្រល័យជូជសាសន៍ខ្មែរក្រហម(១៩៧៥-១៩៧៩)។

Fresh News: https://m.freshnewsasia.com/index.php/en/localnews/373675-2025-01-19-06-58-53.htm

Text by Chhum Ra
Photos by Thy Kimhong and Chhum Ra
January 18,2025
Documentation Center of Cambodia Archives

Full report