Home / Post

Koh Thma Documentation Center: ក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន១៥នាក់ (ស្រី១០) ចូលរួមវេទិកាថ្នាក់រៀន ស្តីពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន១៥នាក់ (ស្រី១០)។ អញ្ជើញមកទស្សនាពិព័រណ៍រូបភាព រចនាបថផ្ទះសហកគមន៍ជនជាតិដើមភាគតិចស្ទៀងភូមិក្តុលលើ និងចូលរួមវេទិកាថ្នាក់រៀននៅមជ្ឈមណ្ឌលឯកសារកោះថ្ម។

គោលបំណងនៃការរៀបចំវេទិកាថ្នាក់រៀន គឺចង់ឲ្យក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សូត្របន្ថែមពីបរិបទប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និយមន័យអំពើប្រល័យពូជសាសន៍ ការទប់ស្កាត់ និងកត្តាគ្រោះថ្នាក់នានាដែលនាំឲ្យកើតមានអំពើនេះនាពេលអនាគត។ ក្រុមយុវជន ស.ស.យ.ក មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ អាចផ្លាស់ប្តូរការគិតពីការប្រព្រឹត្តអំពើហិង្សា មកជាការកសាងសន្តិភាព ក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិ។

ជាកិច្ចចាប់ផ្តើម លោក ឈុំ រ៉ា ណែនាំខ្លួន និងក្រុមការងារ ដល់សិស្សានុសិស្សអំពីផ្ទះសហគមន៍ភូមិក្តុលលើ ដែលចាប់ផ្តើមជួលជុលនៅខែមីនា ឆ្នាំ២០២៤ បានបញ្ចប់ទាំងស្រុងនៅដើមខែកញ្ញា ឆ្នាំ២០២៤ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ផ្ទះសហគមន៍ភូមិក្តុលលើ ជាអំណោយលោកយាយ ម៉ែន ច្រាញ់។ ផ្ទះសហគមន៍ភូមិក្តុលលើ ត្រូវបានរចនាបទឡើងដោយនិស្សិតស្ថាបត្យកម្មឆ្នាំទី៥ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន២រូប គឺ លោក វន រ័ត្នវិសាល និង កញ្ញា លឹម វណ្ណសូលីហ្សា។ លោកបានបន្តទៀតថា នៅផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម មានឯកជាច្រើនដែលទាក់ទង ជាមួយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ប្រសិនបើប្អូនៗត្រូវការឯកសារស្រាវជ្រាវអាចទាក់ទងមកក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ឬមករកដោយផ្ទាល់បាន។

លោក ឈុំ រ៉ា ណែនាំផ្ទាំងពិព័រណ៍ធំៗចំនួន៤ នៅខាងលើផ្ទះសហគមន៍ភូមិក្តុលលើ៖
១)ចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សម្តេចតេជោ ហ៊ុន សែន។
២)អនុវត្តយុទ្ធសាស្ត្រគន្លឺះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមដោយអនុវត្ត “នយោបាយ ឈ្នះ ឈ្នះ”។
៣)កិច្ចប្រជុំពិសេសនិមិត្តរូបរវាងឪពុក និងកូន ក្នុងដំណើរដែលសម្រេចបានសន្តិភាពពេញលេញនៅកម្ពុជា។
៤)ការងារមនុស្សធម៌ និងសង្គ្រោះ
លោក ឈុំ រ៉ា បានធ្វើការណែនាំ អំពីផ្ទាំងរូបភាពអ្នកទោសនៅក្នុងគុកទួលស្លែងចំនួន៩ផ្ទាំង ពិព័រណ័ព្រះឆាយាល័ក្ខណ៍ដែលនិយាយពីកំណត់ហេតុរបស់ ព្រះមហាក្សត្រីនរោត្តម មនិនាថ សីហនុ ព្រះវររាជបិតាជាតិខ្មែរ យាងព្រះដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិក្នុងឆ្នាំ១៩៧៣ និងពិព័រណ៍សៀវភៅ។

បន្ទាប់ពីក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ទស្សនាពិព័រណ៍រូបភាព រចនាបថផ្ទះសហគមន៍ជនជាតិដើមភាគតិចស្ទៀងភូមិក្តុលលើ លោក ឈុំ រ៉ា ដឹកនាំក្រុមយុវជន ស.ស.យ.ក ធ្វើដំណើរទៅមមជ្ឈមណ្ឌលឯកសារកោះថ្ម។

ឈុំ រ៉ា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្មបានដឹកនាំក្រុមយុវជន ស.ស.យ.ក ដើរទស្សនាពិព័រណ៍រូបភាព ស្តីពីសង្គ្រាមកាលពីចុងទសវត្សរ៍ឆ្នាំ១៩៦០ រូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបថតអំពីជីវភាពរស់នៅភាពប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩ រូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តិដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបចេញទៅប្រទេសវៀតណាមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីកសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាប្រមាណ៥លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។

វេទិកាថ្នាក់រៀន ទាក់ទងជាមួយប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ស្តីអំពីប្រធានបទ ការចូលកាន់កាប់ទីក្រុងភ្នំពេញ, ការជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជន, ការជម្លៀសដោយបង្ខំ, ការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ និងការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ។

១)ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នា នៃសង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរ ដែលអូសបន្លាយពេលប្រាំឆ្នាំនៅកម្ពុជា។ ប៉ុន្តែនៅថ្ងៃដដែលនេះ ទីក្រុងភ្នំពេញបានធ្លាក់ក្រោមការគ្រប់គ្រង របស់កងកម្លាំងកុម្មុយនីស្តទាំងស្រុង។

២)ប្រជាជននៅតាមទីក្រុងនិងទីប្រជុំជនភាគច្រើនជឿជាក់ថា ខ្លួននឹងរស់នៅប្រកបដោយសុខសន្តិភាព ក្រោមការគ្រប់គ្រង របស់មេដឹកនាំថ្មីរបស់ខ្លួន ហើយថាប្រជាជនគ្រប់រូបនឹងពួតដៃគ្នាធ្វើការដើម្បីបង្រួបង្រួមជាតិ។ ផ្ទុយទៅវិញពីរឬបីម៉ោងបន្ទាប់ពីកាន់កាប់ បានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានចាប់ផ្តើមបាញ់រះទៅលើអាកាសជាសញ្ញាបង្ខំប្រជាជនឱ្យចាកចេញពីទីក្រុង។
៣)គោលបំណងរួមរបស់បក្សកុម្មុយនីស្តកម្ពុជា គឺដើម្បីអនុវត្ត បដិវត្តន៍សង្គមនិយមយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា តាមរយៈគោលនយោបាយ “មហាលោតផ្លោះ” និងការពារ បក្សកុម្មុយនីស្តប្រឆាំងនឹង “សត្រូវផ្ទៃក្នុងនិងសត្រូវខាងក្រៅ”។ វិធីសាស្ត្រដ៏ចម្បងមួយក្នុងការសម្រេចបានគោលបំណងនេះ គឺ ការផ្លាស់ទីប្រជាជនពីទីក្រុងនិងទីប្រជុំជនទៅកាន់ទីជនបទ ក៏ដូចជាពីទីជនបទមួយកន្លែងទៅកាន់មួយកន្លែងទៀត ម្តងហើយម្តងទៀត។

ខ្មែរក្រហមជម្លៀសប្រជាជនមានបីដំណាក់កាលដូចខាងក្រោម៖
• ការផ្លាស់ទីប្រជាជនចេញពីទីក្រុងនានា ដូចជាទីក្រុងភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុងពីរ-បីផ្សេងទៀត ចាប់តាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ (រួមបញ្ចូល
ទាំងការផ្លាស់ទីតាមរយៈរថភ្លើង ដែលកើតមានឡើងនៅរយៈពេល៦ខែក្រោយមកទៀត)
• ការផ្លាស់ទីប្រជាជននៅតាមទីជនបទ ក្នុងភូមិភាគកណ្តាល ភូមិភាគនិរតី ភូមិភាគបស្ចិម ភូមិភាគបូព៌ា ចាប់តាំងពីចុងឆ្នាំ១៩៧៥ ទៅកាន់ផ្នែកដទៃទៀតនៃប្រទេសកម្ពុជា
• ការផ្លាស់ទីប្រជាជនចេញពីភូមិភាគបូព៌ានៅក្នុងឆ្នាំ១៩៧៧។

៤)នៅក្នុងឆ្នាំ១៩៧៥ ទួលពោធិ៍ជ្រៃគឺជាទីវាលធំមួយ ស្ថិតនៅកៀកទៅនឹងបឹងទន្លេសាប និងជាប់នឹងតំបន់ព្រៃរនានា។ ទីនេះជាទីតាំងនៃការសម្លាប់រង្គាលដ៏សោកសង្រេងមួយនៅក្នុងអំឡុងពេលនៃការជម្លៀសដោយបង្គំទ្រង់ទ្រាយធំលើកដំបូង។ការសម្លាប់នៅទួលពោធិ៍ជ្រៃ បានប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់តាំងពីចុងឆ្នាំ១៩៧៥ រហូតដល់រវាងឆ្នាំ១៩៧៧ នៅស្របនឹងអំឡុង ពេលដែលការសម្លាប់ទ្រង់ទ្រាយធំលើអតីតយោធា និងប្រជាជនស៊ីវិល ត្រូវបានប្រព្រឹត្តឡើង។

៥)មូលហេតុបីយ៉ាងធ្វើឱ្យរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដួលរលំ គឺប្រជាជនមានសុខភាពទ្រុឌទ្រោម, បន្សុទ្ធកម្ម និង ការប៉ះទង្គិចជាមួយវៀតណាម(ខ្មែរក្រហមធ្វើសង្គ្រាមជាមួយវៀតណាម)។

Photos by Vy Sitha and Chhum Ra
February 18, 2025
Documentation Center of Cambodia Archives

Full report