មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
ដោយ ស៊ាង ចិន្ដា ប្រធានសាខា មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយមានការចូលរួមរបស់យុវជន-យុវនារីមកពីស្រុកកំពង់សៀម សរុបចំនួន១៥នាក់។ វេទិកាថ្នាក់រៀននេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជន-យុវនារី អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជានាពេលអនាគត។
ជាកិច្ចចាប់ផ្ដើម សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម និយាយទទួលស្វាគមន៍ការមកដល់ទីតាំងមជ្ឈមណ្ឌល និងដឹកនាំយុវជន-យុវនារីទស្សនាផ្ទាំងពិព័រណ៍នៅបរិវេណខាងមុខ ដែលបង្ហាញអំពីប្រវត្តិមេដឹកនាំខ្មែរក្រហម, ការជម្លៀសប្រជាជនដោយបង្ខំ, ការបង្ខំធ្វើការហួសកម្លាំងនៅតាមការដ្ឋាន និងមេដឹកនាំខ្មែរក្រហមដែលត្រូវបាននាំមកកាត់ទោសនៅសាលាក្ដីខ្មែរក្រហម។ យុវជន-យុវនារី បន្តចូលទស្សនាបន្ទប់ទកម្កល់ឯកសារខ្មែរក្រហម និងបណ្ណាល័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម។ ជាកិច្ចបន្ត ទូច វណ្ណេត នាំយុវជន-យុវនារីចូលទៅទស្សនានៅសាលពិព័រណ៍ និងកីតម្បាញសូត្រចាមនៃ«គម្រោងសូត្រចាម»របស់ស្នាក់ការកណ្ដាលមជ្ឈមណ្ឌលឯកសារកម្ពុជា។
ស៊ាង ចិន្ដា ប្រធានសាខា មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម ធ្វើបទបង្ហាញរបស់ខ្លួនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជានាពេលអនាគត។ ស៊ាង ចិន្ដា បានលើកឡើងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗ ដូចជា រដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០, ការផ្ទុះឡើងនូវសង្រ្គាមជិត៥ឆ្នាំរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម, ការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅឆ្នាំ១៩៧៥, ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងនិងទីប្រជុំជនទៅកាន់ជនបទ, ការបែងចែកប្រជាជន, ការបង្ខំធ្វើការងារហួសកម្លាំងនៅតាមការដ្ឋានទំនប់ និងការសម្លាប់រង្គាលទៅលើប្រជាជន។ នៅផ្នែកចុងក្រោយនៃបទបង្ហាញ ស៊ាង ចិន្ដា លើកឡើងអំពីវិធីសាស្រ្តទប់ស្កាត់ឧក្រិដ្ឋកម្មឃោឃៅ និងប្រល័យពូជសាសន៍។ មុនបញ្ចប់បទបង្ហាញរបស់ខ្លួន ស៊ាង ចិន្ដា ក៏រំលេចប្រាប់យុវជន-យុវនារីអំពី«សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីឲ្យយុវជន-យុវនារីយល់ដឹងដែលថាសេចក្ដីព្រាងច្បាប់នេះមានគោលបំណងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោឃៅ និងប្រល័យពូជសាសន៍វិលត្រឡប់មកវិញនៅកម្ពុជា។ ក្នុងន័យនេះ យុវជន-យុវនារី បានយល់ដឹងអំពីវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជានាពេលអនាគត ចេញពីទាំងទិដ្ឋភាពនៃការសិក្សាអប់រំ និងផ្លូវច្បាប់។ បន្ទាប់ពីបទបង្ហាញបានបញ្ចប់ យុវជន-យុវនារី ចោទសួរសំណួរជាច្រើនទៅកាន់វាលគ្មីន ដើម្បីបកស្រាយ និងស្រាយចម្ងល់ដែលខ្លួនចង់ដឹង មានដូចជា៖
ទី១) តើមូលហេតុអ្វីបានជាខ្មែរក្រហមធ្វើការសម្លាប់ប្រជាជនខ្លួនឯង?
ទី២) បន្ទាប់ពីប្រជាជនធ្លាក់ខ្លួនទ្រុដទ្រោម និងស្លាប់ជាបន្តបន្ទាប់, តើខ្មែរក្រហមអាចសម្រេចបានទៅតាមផែនការរបស់ខ្លួន ក្នុងការបង្កើនទិន្នផលស្រូវ បានដែរឬទេ?
ទី៣) តើប្រព័ន្ធទំនាក់ទំនងក្នុងរបបខ្មែរក្រហមមានយ៉ាងដូចម្ដេច?
ទី៤) តើខ្មែរក្រហមមូលដ្ឋានប្រើប្រាស់សិទ្ធអំណាចហួសហេតុក្នុងការសម្លាប់ប្រជាជនឬយ៉ាងណា?
ទី៥) តើនរណាខ្លះជាខ្មាំងរបស់ខ្មែរក្រហម?
បន្ទាប់ពីកិច្ចពិភាក្សាបានបញ្ចប់ យុវជន-យុវនារី ធ្វើដំណើរទស្សនកិច្ចទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍នៅឃុំគគរ ដែលជាទីកន្លែងជំរុញឲ្យមានការចងចាំអំពីជនរងគ្រោះក្នុងរបបខ្មែរក្រហម និងការយល់ដឹងអំពីបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិត។ ស្ដូបរំឭកសម្រាប់សហគមន៍ ដែលស្ថិតនៅចំកណ្ដាលវាលស្រែនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ត្រូវបានកសាងតបទៅនឹងការស្នើសុំរបស់ តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ តុង សុភា រួចផុតពីការកាប់សម្លាប់របស់ខ្មែរក្រហម ប៉ុន្តែបានបាត់បង់ឪពុកដែលត្រូវបាន កងឈ្លបខ្មែរក្រហមចុះមកចាប់ខ្លួនយកទៅសម្លាប់ចោលទាំងយប់នៅឆ្នាំ១៩៧៨។ ស្ដូបរំឭកសម្រាប់សហគមន៍នេះ គឺជាទីកន្លែងដែលផ្ដល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសម្រាប់និយាយចែករំលែកបទពិសោធន៍ និងរឿងរ៉ាវកើតឡើងក្នុងមូលដ្ឋាននេះក្នុងរបបខ្មែរក្រហមទៅកាន់យុវជន-យុវនារីដែលកើតក្រោយរបបខ្មែរក្រហម។
បន្ទាប់ពីកម្មវិធីវេទិកាថ្នាក់រៀនត្រូវបានបញ្ចប់ យុវជនយុវនារីបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖
ស៊ត់ ស្រីមាស សិស្សថ្នាក់ទី១១មកពីវិទ្យាល័យឈីន លាន ហាន់ជ័យ នៅក្នុងស្រុកកំពង់សៀម៖ «ក្រោយពីបានចូលរួមវេទិកានៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាមរួចមក ខ្ញុំទទួលចំណេះដឹងថ្មីៗពីរបបកម្ពុជាប្រជាធិបេតេយ្យបានមួយកម្រិតថែមទៀត។ លោកគ្រូ ស៊ាង ចិន្តា ពន្យល់និងបកស្រាយទៅហ្នឹងសំណួរយ៉ាងក្បោះក្បាយអំពីប្រវិត្តិសាស្រ្តខ្មែរក្រហម។ អ្វីដែលខ្ញុំទើបតែដឹងបន្ថែមនោះគឺសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលព្រឹត្តិឡើងនៅក្នុងរបបខ្មែរក្រហម។ ចំពោះផ្លូវច្បាប់ សេចក្ដីព្រាងច្បាស់នេះ នឹងពិតជាចូលរួមក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតឡើងទៀតនៅកម្ពុជា។ ចំពោះរូបខ្ញុំផ្ទាល់ ក្នុងនាមជាយុវនារីជំនាន់ក្រោយ ខ្ញុំត្រូវខិតខំរៀនសូត្រស្វែងយល់ និងចែករំលែកទៅកាន់អ្នកដែលខ្ញុំស្គាលអំពីប្រវត្តិសាស្រ្តខ្មែរក្រហមដើម្បីចូលរួមការការពារ និងទប់ស្កាត់រឿងរ៉ាវសោកនាដកម្មក្នុងរបបខ្មែរក្រហមកើតឡើងជាថ្មីម្ដងទៀត។
សម្បត្តិ បូរី សិស្សថ្នាក់ទី១១ មកពីវិទ្យាល័យឈីន លាន ហាន់ជ័យ នៅក្នុងស្រុកកំពង់សៀម៖ «ខ្ញុំយល់ដឹងបន្ថែមច្រើនជាមុនពីប្រវត្តិសាស្រ្តខ្មែរក្រហម និងការដឹងអំពីទុក្ខលំបាករបស់ប្រជាជនខ្មែរក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហម។ ខ្ញុំពិតជាមានចិត្តអាណិតអាសូរដល់ប្រជាជនខ្មែរយើងណាស់ ដែលទទួលរងទុក្ខលំបាកវេទនា ការបង្ខំធ្វើការហួសកម្លាំង ការធ្វើទារុណកម្ម ការមិនមានអាហារហូបគ្រប់គ្រាន់ និងការសម្លាប់យ៉ាងសាហាវព្រៃផ្សៃ។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំខិតខំរៀនសូត្រដើម្បីចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ និងចូលរួមការពារសន្តិភាពទប់ស្កាត់កុំឲ្យរបបប្រល័យពូជសាសន៍កើតឡើងជាថ្មីម្ដងទៀត»។
ឆោម ភារៈ សិស្សថ្នាក់ទី១១ មកពីវិទ្យាល័យឈីន លាន ហាន់ជ័យ នៅក្នុងស្រុកកំពង់សៀម៖ «នៅក្នុងដំណើរទស្សនកិច្ច និងចូលរួមវេទិការៀបចំនៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម នេពេលនេះ, ខ្ញុំយល់ដឹងច្រើនជាងមុន ពីប្រវត្តិសាស្រ្តខ្មែរក្រហម តាមរយៈបទបង្ហាញរបស់បងៗ, ការទស្សនាពិព័រណ៍រូបថត និងការអានសៀវភៅ ដែលាមាននៅមជ្ឈមណ្ឌល។ អ្វីដែលខ្ញុំចងចាំមិនភ្លេចគឺការចុះទស្សនកិច្ចទៅកាន់ស្ដូបរំឭកសម្រាប់សហគមន៍នៅគគរ និងការជួបជាមួយអ៊ុំប្រុស តុង សុភា ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ អ៊ុំប្រុស សុភា បាននិយាយពីរឿងរ៉ាវដែលអ៊ុំប្រុសធ្លាប់រស់នៅឆ្លងកាត់នៅក្នុងសម័យខ្មែរក្រហម។ ពីមុនមក ខ្ញុំធ្លាប់តែស្តាប់ការនិយាយប្រាប់សាច់រឿងសម័យខ្មែរក្រហមពីតាយាយរបស់ខ្ញុំបានខ្លះៗតែប៉ុណ្ណោះ។»
Photo by Ly David and Touch Vannet
January 25, 2025
Documentation Center of Cambodia Archives