Home / Post

Hill Tribes Memory Community Center: Mondul Kiri: second week article by Srey Pich and Savann

សូត្រ គឹមលន់ ភេទស្រី អាយុ៥៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បច្ចុប្បន្នរស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងរបប លន់ នល់ គឹមលន់ រស់នៅ ទីរួមស្រុកសំរោង ខេត្តតាកែវ។ ចូលដល់របបខ្មែរក្រហមអង្គការបានជម្លៀស គឹមលន់ និងគ្រួសារ ឲ្យទៅរស់នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅពេលនោះ គឹមលន់ នៅចាំបានថាគាត់មានអាយុប្រមាណ៧ឆ្នាំ ត្រូវរស់នៅក្នុងកងកុមារ ជាមួយកុមារៗដទៃទៀត។ គឹមលន់ ត្រូវធ្វើការងារដូចជាប្រមូលអាចម៍គោ និងលាមកមនុស្សទុកធ្វើជីសម្រាប់ដាក់ស្រែ។

គឹមលន់ ត្រូវងើបទៅធ្វើការតាំងពីម៉ោង៥ទៀបភ្លឺ រហូតដល់ម៉ោង៦ល្ងាចទើបបានសម្រាក(សម្រាក១ ទៅ២ម៉ោងដើម្បីហូបបាយថ្ងៃត្រង់)។

ចំពោះរបបអាហារ គឹមលន់ ទទួលបានបាយ២ពេល ក្នុង១ថ្ងៃ ប៉ុន្តែមានថ្ងៃខ្លះក៏ទទួលបានបបរផងដែរពេលដែលសហករណ៍ខ្វះខាតអង្ករ។ គឹមលន់ រៀបរាប់ថារបប​អាហារ​មិនគ្រប់គ្រាន់ទេនៅគ្រានោះ ចំណែកដំណាំដែលដាំបាននៅមុខផ្ទះក៏គាត់មិនហ៊ានប៉ះហូបទេដែរព្រោះអង្គការបានអប់រំថាជារបស់រួមមិនអាចហូបឯកជនបានទេ។ ប្រសិនបើអង្គការដឹងថាយើងបេះហូបអង្គការចាត់ទុកថាជា «ជនក្បត់» ប្រឈមមុននឹងយកទៅសម្លាប់ចោល។

គឹមលន់ ធ្លាប់ឃើញយោធាខ្មែរក្រហមសម្លាប់មនុស្សផ្ទាល់ភ្នែក ដោយយោធានោះបានវាយមនុស្សនឹងត្បូងចបរួចរុញទម្លាក់ក្នុងរណ្តៅ។ ការរស់នៅក្នុងរបបខ្មែរក្រហម គឹមលន់ និយាយថាពិតជាពិបាកខ្លាំងណាស់ទាំងការងារ និងការហូបចុក។ គឹមលន់ ក៏ធ្លាប់ឃើញកូនក្មេងតូចៗត្រូវបានសម្លាប់ដោយបោកនឹងគល់ឈើផងដែរ។

សម្ភាន៍ និងអត្ថបទដោយ ផុន សាវ៉ាន់

សង្ខេបសាច់រឿងអ្នករស់មានជីវិតពីសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ ណាង ចន្ធី មានអាយុ៨០ឆ្នាំ ជាជនជាតិភាគតិចព្នង បច្ចុប្បន្នរស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នៅសម័យខ្មែរក្រហមខ្ញុំមានអាយុ២៥ឆ្នាំ នៅពេលនោះខ្ញុំត្រូវបានអង្កការជម្លៀសពីភូមិពូតាំងទៅស្រុកកោះញែក ដោយអង្កការមិនបានប្រាប់ពីមូលហេតុច្បាស់លាស់ទេ ដឹងត្រឹមតែអង្គការឲ្យទៅក៏ទៅជាមួយអង្គការហើយមិនឲ្យនៅភូមិពូតាំងនេះទៀត និងមិនឲ្យយកទ្រព្យសម្បត្តិ គោក្របី ទៅតាមទេឲ្យទៅតែខ្លួនជាមួយឆ្នាំងបាយ អង្ករមិនយកទៅច្រើនទៀតយកតែដប់កំប៉ុងអីទេ ។

ពេលទៅដល់កោះញែកគ្មានបាយហូបទេ គឺហូបតែក្ដួចដែលត្រាំក្នុងពាង ហូបទាំងឆៅ អ្នកដែលហូបរួចខ្លះស្លាប់ខ្លះរស់ ហើយអ្នកដែលនៅរស់ដោយសារបានស្ងោរមុនហូប អ្នកខ្លះស្លាប់ដោយសារហើមជើង ពុលចុកពោះ ស្លាប់អស់ច្រើនណាស់។

ក្នុងអំឡុងពេលធ្វើដំណើរទៅកោះញែក គឺខ្ញុំធ្វើដំណើរដោយថ្មើរជើងហើយត្រូវងើបតាំងពីម៉ោងបីដាំបាយរួចបន្តដំណើរទៅទៀត អ្នកខ្លះងើបមិនទាន់បាយទេ ឲ្យតែអង្គការថាទៅ គឺត្រូវតែទៅ ទៅទាំងពោះទទេ អ្នកខ្លះស្លាប់កណ្ដាលផ្លូវ ហើយអ្នកមានផ្ទៃពោះធំបានសម្រាលកូនឲ្យដេកតែមួយយប់ទេត្រូវធ្វើដំណើរទៅមុខហើយរយៈបីបួនយប់បានទៅដល់កោះញែក។

នៅសម័យខ្មែរក្រហមអង្គការបានប្រើខ្ញុំឲ្យធ្វើស្រែ លើកភ្លឺ លើកទំនប់ លើកប្រឡាយ ថ្ងៃក៏ធ្វើ យប់ក៏ធ្វើ ល្ងាចក៏ធ្វើ ព្រឹកក៏ធ្វើ ។

ទំនប់ដែលខ្ញុំបានធ្វើមាន ទំនប់ណំ មិនដឹងប៉ុន្មានខែទេដែលធ្វើទំនប់នេះហើយ គឺតែពីធ្វើនៅកន្លែងធ្វើទំនប់ ពេលដែលធ្វើនោះគ្មានបាយហូបទេ អង្គការលីងពោតឲ្យហូបជាមួយឬសឈើ ដល់ម៉ោងដប់ បានអង្គការឲ្យទឹកផឹក ទោះបីជាស្រេកយ៉ាងណាក៏ដោយទាល់តែអង្គការឲ្យទើបបានផឹក។

នៅពេលដែលធ្វើទំនប់មួយៗ មនុស្សច្រើនណាស់រាប់រយនាក់ទាំងក្មេងទាំងចាស់ បើចាស់ខ្លាំងអង្គការឲ្យធ្វើស្រែចម្ការ។ ពេលដែលធ្វើទំនប់ណំរួចហើយទំនប់បានលេច ម៉ោង១២យប់អង្គការបានឲ្យ ខ្ញុំទៅជួយទប់ទំនប់ ទាំងដែលខ្ញុំមានកូនតូច ខ្ញុំប្រាប់អង្គការថាខ្ញុំទៅមិនរួចទេ តែអង្គការថាត្រូវតែទៅ ខ្ញុំក៏ទៅលីថ្មធំដើម្បីទប់ទំនប់ ហើយទុកកូនចោលនៅផ្ទះយំស្រែករកបៅ រហូតទាល់ដល់ភ្លឺទើបបានមកវិញ។

ពេលដែលទប់ទំនប់អ្នកខ្លះកាប់ទាំងយប់មើលមិនឃើញកាប់ត្រូវជង្គង់ខ្លួនឯងដាច់ ស្រែកយំខ្ញុំអាចអាណិតមែនទែន យ៉ាប់ខ្លាំងណាស់ជំនាន់ប៉ុល ពត។ ខ្ញុំក្រោកតាំងពីម៉ោងប្រាំទៅស្រោចដំណាំហើយក្រុមដែលមានកូនពីរបីឲ្យជីកលើករងខ្ទឹម រងស្ពៃ ខ្ទឹមក្រហម ធ្វើរហូតដល់ម៉ោង១១យប់ ទើបបានសម្រាកដេក។ ក្នុងមួយថ្ងៃខ្ញុំទទួលអាហារបានពីរពេលព្រឹកម្ដងល្ងាចម្ដង ហើយឲ្យហូបតែមួយកូនចានទេ ពេលខ្លះគ្មានម្ហូប ហូបបាយតែជាមួយអំបិលទេ។

នៅសម័យខ្មែរក្រហមខ្ញុំមិនដែលឃើញអង្គការសម្លាប់មនុស្សទេ ធ្លាប់តែឃើញអង្គការចាប់មនុស្សចងដៃដាក់ទៅក្រោយ ថាជាមនុស្សក្បត់លួចទាក់ទងជាមួយវៀតណាម។ អ្នកទាំងនោះត្រូវបានអង្គការធ្វើទារុណកម្មរួចហៅអ្នកភូមិមកមើល ដើម្បីកុំឱ្យយកគំរូតាម ហើយអង្គការបានយកទៅបាត់មិនឃើញមកវិញមិនដឹងថាស្លាប់ឬរស់។

នៅក្នុងសម័យខ្មែរក្រហមការរស់នៅគឺលាយគ្នាគ្រប់សមាជិកគ្រួសារគ្រាន់តែចែកប្រុស និងស្រីនៅផ្ទះផ្សេងៗគ្នា។ នៅពេលនោះខ្ញុំមានកូនពីរនាក់កូនបងអង្គការឲ្យទៅចាស់ៗមើលថែ។ ចំណែកកូនម្នាក់ទៀតខ្ញុំស្ពាយពីក្រោយទៅធ្វើការជាមួយ។

សម្ភាសន៍ដោយ ធី ស្រីពេជ្រ