ខ្ញុំឈ្មោះ រស់ ប៊ុណ្ណារិទ្ធិ បច្ចុប្បន្នរស់នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំមានអាយុប្រហែល១៥ឆ្នាំ។ ខ្ញុំបានចាកចេញពីប្រទេសកម្ពុជា ជាមួយគ្រួសារមិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលមានឪពុកជាអ្នកបម្រើការងារនៅស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញ។ ខ្ញុំជាកូនប្រុសច្បងក្នុងចំណោមបងប្អូនបង្កើត៥នាក់ដែលរស់នៅសង្កាត់ទួលគោក ស្ថិតនៅកាច់ជ្រុងមហាវិថីម៉ៅសេទុង និងផ្លូវរថភ្លើង មុនពេលទៅដល់រង្វង់មូលទួលគោក។ ឆ្លងពីផ្ទះរបស់ខ្ញុំ មានសាកលវិទ្យាល័យ២ឬ៣កន្លែងទៀត។
ខ្ញុំនិងគ្រួសាររបស់មិត្តភក្តិរបស់ខ្ញុំ បានធ្វើដំណើតាមយន្តហោះដែលចុះចតនៅព្រលានយន្តហោះអូរតាប៉ៅ (Utapao) ព្រំដែនប្រទេសថៃ ហើយគឺជាកន្លែងដែលយើងបានស្នាក់នៅក្នុងជំរំនៅទីនោះអស់រយៈពេល២ខែ មុនពេលទទួលបានការជួយឧបត្ថម្ភឲ្យចាកចេញទៅកាន់រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ យើងបានស្នាក់នៅ សាន អូនូហ្រ្វី រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកអស់រយៈពេលប្រហែល១ខែ ហើយក៏បានផ្លាស់ទៅរស់នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី វិញ។ ក្រោយមកទៀត យើងបានផ្លាស់ប្តូរទៅរស់នៅក្នុងរដ្ឋហ្លរីដា ក្នុងទីក្រុងលែកម៉ារី ហ្លរីដា (រដ្ឋហ្លរីដាកណ្តាល) ចាប់តាំងពីឆ្នាំ១៩៩៦។
ខ្ញុំកើតនៅអង្គស្នួល ខេត្តកណ្តាល។ កាលពីនៅវ័យកុមារ ខ្ញុំបានរស់នៅ និងចូលរៀននៅសាលា ក្នុងស្រុកអង្គស្នួល រហូតដល់វ័យប្រហែល១១ទៅ១២ឆ្នាំ ទើបខ្ញុំផ្លាស់ទៅរស់នៅសង្កាត់ទួលគោក ក្នុងក្រុងភ្នំពេញ។ ខ្ញុំធ្លាប់បានជិះកង់ទៅលេងសាលារបស់ខ្ញុំ នៅស្រុកអង្គស្នួល។
ខ្ញុំមានឪពុកឈ្មោះ រស់ ហួន កើតនៅឆ្នាំ១៩៣៣ និងម្តាយឈ្មោះ អាញ់ សូហ៊ុន កើតឆ្នាំ ១៩៣៩ និងមានបងប្អូនបង្កើតដែលមានរាយឈ្មោះដូចខាងក្រោម៖
១) រស់ ប៊ុណ្ណារ៉ា ភេទស្រី
២) រស់ ប៊ុណ្ណា ភេទស្រី
៣) រស់ ប៊ុណ្ណេ ភេទប្រុស
៤)រស់ ប៊ុណ្ណរដ្ឋាណា ភេទប្រុស
មុនពេលខ្មែរក្រហមចូលមកក្រុងភ្នំពេញ ខែមេសា ឆ្នាំ១៩៧៥ លោកយាយរបស់ខ្ញុំរស់នៅជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំ ដែលបានរៀបការរួច ហើយមានកូនចំនួន២នាក់។ គាត់រស់នៅជិតខ្ញុំ។ ខ្ញុំមានមីង និងពូមួយចំនួនទៀត ដែលរស់នៅក្នុងទីក្រុងភ្នំពេញ។ បងប្អូនជីដូនមួយរបស់ខ្ញុំម្នាក់គឺជាតារាភាពយន្ត ហើយបងប្អូនជីដូនមួយរបស់ខ្ញុំពីរនាក់ផ្សេងទៀតគឺជាអ្នករាំរបាំអប្សរា។
អស់រយៈពេលជិត៤៣ឆ្នាំមកហើយ ដែលខ្ញុំមិនធ្លាប់បានទំនាក់ទំនងជាមួយសមាជិកគ្រួសាររបស់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែមានសង្ឃឹមថាខ្ញុំនឹងអាចជួបសាច់ញាតិរបស់ខ្ញុំម្តងទៀត។ ខ្ញុំកំពុងតែរៀបចំគម្រោងទៅប្រទេសកម្ពុជានៅដើមឆ្នាំ២០១៩នេះ។
ប្រសិនបើបងប្អូនណាបានស្គាល់ឈ្មោះដូចការរៀបរាប់របស់ខ្ញុំខាងលើ សូមមេត្តាទំនាក់ទំនងមកខ្ញុំបាទឈ្មោះ រស់ ប៊ុណ្ណារិទ្ធិ គ្រប់ពេលវេលា តាមរយៈអាសយដ្ឋាន ៖ ផ្ទះលេខ៦៦ ផ្លូវព្រះសីហនុ ក្រុងភ្នំពេញ ទូរសព្ទលេខ ០២៣ ២១១ ៨៧៥។ សូមអរគុណ!