ខ្ញុំបាទឈ្មោះ ផាន់ សុខុម មានទីកន្លែងកំណើតនៅខាងជើងវត្តទួលទំពូង ក្នុងក្រុងភ្នំពេញ។ ពីមុនសម័យខ្មែរក្រហម ខ្ញុំមានតួនាទីជាទាហានជើងទឹកនៅជ្រោយចង្វារ។ នៅពេលដែលខ្មែរក្រហមចូលមកទីក្រុងភំ្នពេញ ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសាររបស់ខ្ញុំទៅព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំបានរស់នៅខេត្តតាកែវបានមួយរយៈ ទើបខ្មែរក្រហមបានបញ្ជូនគ្រួសារខ្ញុំឲ្យទៅរស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាមួយប្រពន្ធរបស់ខ្ញុំឈ្មោះ សុផាវី ពីមុនជាគ្រូបង្រៀននៅជ្រោយចង្វារ និងម្តាយឈ្មោះ ញឹម យ៉ា ព្រមទាំងកូនប្រុសរបស់ខ្ញុំម្នាក់ឈ្មោះ ផាន់ សុធា អាយុ៣ឆ្នាំ។ កូនខ្ញុំ ផាន់ សុធា កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៧៣។
ក្រោយមក ប្រពន្ធរបស់ខ្ញុំបានកើតពិស និងបានស្លាប់នៅពេលខ្មែរក្រហមចាត់តាំងគាត់ឲ្យទៅធ្វើការនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈដែលខ្ញុំត្រូវបានខ្មែរក្រហមបំបែកចេញពីគ្រួសារឲ្យទៅនេសាទត្រី នៅខាងស្ទឹងសង្កែ ខេត្តបាត់ដំបង។ ចំណែកកូនប្រុសរបស់ខ្ញុំ ដោយសារនៅក្មេងពេកមិនដឹងថាម្តាយស្លាប់ទេ គឺនៅយំឱបសាកសពម្តាយ។
នៅពេលវៀតណាមវាយចូលប្រទេសកម្ពុជាឆ្នាំ១៩៧៩ ខ្ញុំបានទទួលដំណឹងថា មាន តាចាស់ម្នាក់បានយកកូនរបស់ខ្ញុំទៅចិញ្ចឹម។ នៅឆ្នាំ១៩៨០ ខ្ញុំបានភៀសខ្លួនទៅនៅជំរំខាវអ៊ីដាង ក្នុងទឹកដីថៃ។ ក្រោយមក ខ្ញុំបានចេញទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែមិនដែលបានទទួលដំណឹងពីកូនប្រុសរបស់ខ្ញុំឡើយ។
ដូច្នេះ ប្រសិនបើបងប្អូនណាបានដឹងដំណឹង ឬស្គាល់កូនប្រុសរបស់ខ្ញុំ ផាន់ សុធា សូមទាក់ទងមកខ្ញុំបាទឈ្មោះ ផាន់ សុខុម តាមរយៈអាសយដ្ឋាន៖ #1419 Red Field Rodd, Bel Air, MD (Marry Land) 21015, USA អ៊ីម៉ែល Sxphann@yahoo.com ទូរសព្ទនៅប្រទេសកម្ពុជាលេខ 015 971 144 ទូរសព្ទនៅកន្លែងធ្វើការងារលេខ 410 436 2592 និងទូរសព្ទដៃ 4434184314។ សូមអរគុណ!