ភ្នំពេញ, ថ្ងៃទី ២៩ ខែឧសភា ឆ្នំា២០២៤
ស៊ីវ ធួន
ខ្ញុំបានចូលរួមនៅក្នុងសន្និសីទថ្នាក់អន្តរជាតិក្រោមចំណងជើង «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ដែលមានការចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិល្បីៗ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តក្រុងមួយចំនួនផង កាលពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ប្រកបដោយចំណេះដឹង។ អ្វីដែលអស្ចារ្យ គឺវត្តមានបើកនិងបិទ ដោយសម្តេចទាំងពីរជាកិត្តិយសដ៏ខ្ពង់ខ្ពស់ គឺសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ អស់រយៈពេលជិត៥០ឆ្នំាហើយ ដែលរបបខ្មែរក្រហមបានដួលរលំ ប៉ុន្តែដំបៅចាស់នៅតែឈឺចាប់នៅឡើយ ទោះបីជាតុលាកាត់ទោសមេដឹកនាំខ្មែរក្រហមទើបត្រូវបានបិទបញ្ចប់ហើយក៏ដោយ។
លោកតាលោកយាយទាំងអស់ដែលមានវត្តមាននៅក្នុងសន្និសិទ នៅពេលនេះគឺជាការលើកទឹកចិត្តខ្ពស់ណាស់ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់នូវការដឹងគុណដោយក្តីគោរព ចំពោះការឆ្លងកាត់របបប្រល័យពូជសាសន៍ និងការលត់ដំដ៏ស្វិតស្វាញ ទំរាំរើបម្រាស់ចេញរួចពីទ្វារជីវិតដ៏ចង្អៀតប្រៀបបាននឹងគូថម្ជុលមួយនេះ។ ការចងក្រងសៀវភៅប្រវត្តិសាស្រ្ត និងសៀវភៅគ្រូដែលចម្រាញ់ចេញពីសាច់រឿងដ៏រន្ធត់របស់ជនរងគ្រោះ ដើម្បីចែកចាយចំណេះដឹងដល់កុលបុត្រកុលធីតា តាមរយៈគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់ខេត្ត គឺជាស្ពានចម្លងដ៏សំខាន់ក្នុងការតភ្ជាប់បទពិសោធន៍នាសម័យកាលខ្មៅងងិតខ្មែរក្រហម ទៅនឹងការរីកលូតលាស់នាពេលបច្ចុប្បន្នដែលក្មេងៗត្រូវតែចូលរួមដើម្បីកសាងអនាគតកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍។ ចាប់ពីទសវត្សឆ្នំា១៩៩០មក មជ្ឈមណ្ឌលឯកសារកម្ពុជា បានខិតខំយ៉ាងខ្លាំង ដើម្បីប្រមូលនិងចងក្រងឯកសារព្រមទាំងផ្សព្វផ្សាយចំណេះដឹងបន្ថែម តាមរយៈការបង្រៀនផ្លូវការ និងមិនផ្លូវការ ទស្សនាវដ្តីស្វែងរកការពិត និងសង្កេតការណ៍ ជាភាសាជាតិនិងបរទេស។
ចំពោះខ្ញុំ អ្វីដែលចាប់អារម្មណ៍ខ្លាំងនៅក្នុងអង្គសន្និសិទនេះ គឺនៅថ្ងៃទី២ក្នុងអំឡុងពេលពិភាក្សាពីប្រធានបទទាក់ទងនឹងការអប់រំពីអំពើប្រល័យពូជសាសន៍ ដែលមានការចូលរួមពិភាក្សាពីអ្នកជំនាញបរទេស អ្នករស់រានមានជីវិតទាំងអ្នកកាន់ព្រះពុទ្ធសាសនា និងឥស្លាមសាសនា និងក្មួយៗជាយុវជនវ័យក្មេងជាច្រើននាក់។ ចំណុចដែលខ្ញុំបានរៀនសូត្របន្ថែមពីចំណេះដឹងដែលខ្ញុំមានគឺ៖
– ឥទ្ធិពលនៃព្រះពុទ្ធសាសនា ក្នុងការបង្រៀនពីរបបខ្មែរក្រហម ដើម្បីការទប់ស្កាត់អំពើនេះនាពេលអនាគត។
– ការត្រឹះរឹះពិចារណាពីការសម្លាប់រង្គាល និងធ្វើឲ្យកើតមានអំពើប្រល័យពូជសាសន៍ ដែលផ្តើមគំនិតពីមេដឹកនាំខ្មែរក្រហម ប៉ុល ពត និងនួន ជា និងកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមខ្លះទៀត ដែលសុទ្ធសឹងជាអ្នកដែលមានចំណេះដឹងជ្រៅជ្រះ។
ប្រជាជនខ្មែរដែលបានចូលរួមក្នុងសន្និសីទ មានទាំងលោកយាយលោកតា អាចារ្យវត្ត អ្នកបួសរៀន កសិករ អ្នករកស៊ី និងមន្រ្តីចូលនិវត្តន៍ ពិតជាមានសំណាងមិននឹកស្មានដល់ ដែលត្រូវបានអញ្ជើញដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមជាមួយនឹងការចេញងសោហ៊ុយដឹកជញ្ជូន សណ្ឋាគារលំដាប់ផ្កាយ ភ្នាក់ងារសុខាភិបាលចាំថែ ព្រមទាំងអាហារនិងអាហារសម្រន់គ្រប់សព្វ។
ភ្ញៀវអង្គុយស្តាប់វាគ្មិនមិនចេះធុញទ្រាន់ នៅក្នុងសាលម៉ាស៊ីនត្រជាក់ដ៏ទូលាយ ដោយគ្មានសម្លេងរំខាន។ ថែមទាំងមានអន្តរកម្មសំនួរចម្លើយយ៉ាងផុលផុសផងដែរ។ វត្តមានវាគ្មិនបរទេសនាំឱ្យអ្នកចូលរួម ដឹងពីទុក្ខវេទនារបស់ខ្លួនត្រូវគេទទួលស្គាល់ មិនត្រឹមតែតំបន់ប៉ុណ្ណោះទេ តែវាល្បីខ្ទរខ្ទារពេញពិភពលោកទាំងមូល។ ការបង្កើតឱ្យមានសន្និសីទលំដាប់អន្តរជាតិ បែបនេះត្រូវប្រើរយៈពេលយូរមុននឹងលេចចេញជារូបរាង ឡើងនៅថ្ងៃ២២ឧសភា។ បើសិនជាគ្មានជំនួយពីអង្គការUSAID និងការចាត់ចែងពីមជ្ឈមណ្ឌលឯកសារកម្ពុជាទេនោះ អង្គសន្និសិទនេះនឹងពុំកើតឡើងទេ។ ពេលត្រឡប់ទៅដល់ស្រុកកំណើតវិញ ភ្ញៀវចូលរួមនឹងនិយាយពីភ័ព្វសំណាងនិងអ្វីដែលកើតឡើងសម្រាប់ពួកគាត់ប្រាប់សាច់ញាតិនិងសហគមន៍របស់គាត់រស់នៅ។
ខេត្តកំពង់ឆ្នាំង, ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤
សេង លីរតនៈ
«៣ថ្ងៃ នៅសាលយុត្តិតេជោ »
អនុស្សាវរីយ៍ និងការចងចាំ !
ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នាសាលយុត្តិតេជោ ស្ថិតក្នុងបរិវេណបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាអតីតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម ខ្លួនខ្ញុំផ្ទាល់! ខ្ញុំពិតជាមានមោទកៈភាពក្រៃលែង ដែលត្រូវបានមជ្ឈមណ្ឌលឯកសារកម្ពុជា អញ្ជើញឱ្យចូលរួមក្នុងអង្គសន្និសីទលើកទី១ ក្រោមប្រធានបទ៖«អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព»។
ជាកិត្តិយសដ៏ក្រៃលែងសម្រាប់រូបខ្ញុំ ដែលខ្ញុំបានចូលរួមនៅក្នុងអង្គពិធីសន្និសិទដែលមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងអង្គការសហប្រជាជាតិ និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ ខ្ញុំក៏សង្កេតឃើញផងដែរ នូវវត្តមានរបស់អ្នករស់រានមានជីវិតដ៏ច្រើនកុះករ នៅក្នុងអង្គសន្និសិទនេះ ដែលវត្តមាននេះញ៉ុំាងឲ្យអង្គពិធីទាំងមូលប្រព្រឹត្តទៅដោយរលូន និងមានអត្ថន័យបំផុត។ ក្នុងនាមខ្ញុំជាគ្រូបង្រៀនប្រវត្តិវិទ្យាម្នាក់ ខ្ញុំសូមថ្លែងអំណរគុណចំពោះការរៀបចំសន្និសិទដ៏មានអត្ថន័យមួយនេះ។
បទបង្ហាញនៅក្នុងអង្គសន្និសីទជាបន្តបន្ទាប់ បានបញ្ជាក់យ៉ាងច្បាស់អំពីជំហរយ៉ាងរឹងមាំរបស់កម្ពុជាថា កម្ពុជាគឺជាម្ចាស់ប្រវត្តិសាស្ត្រដ៏ជូរចត់ដែលបានកើតឡើងកន្លងមកក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយកម្ពុជាបានព្យាយាមខិតខំប្រឹងប្រែងបណ្តុះការចងចាំអំពីប្រវត្តិសាស្ត្រនេះ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការរារាំង និងទប់ស្កាត់ប្រវត្តិសាស្ត្រដ៏ជូរចត់មួយនេះ មិនឱ្យកើតមាននៅលើទឹកដីរបស់ខ្លួន និងរលាយបាត់ពីក្នុងសកលលោក។
ពិតណាស់! ការពិភាក្សាដេញដោលអំពីរឿងរ៉ាវប្រវត្តិសាស្ត្រជាតិ គឺជារឿងសំខាន់ដែលមិនអាចខ្វះបាន។ ការសន្ទនាអន្តរជំនាន់រវាងយុវជនជំនាន់ក្រោយ និងអ្នកឆ្លងកាត់ប្រវត្តិសាស្ត្រខ្មែរក្រហម គឺជាគុណប្រយោជន៍មួយដ៏ធំធេង ដែលកូនចៅជំនាន់ក្រោយត្រូវតែរួមគ្នា សហការគ្នា និងពួតដៃគ្នាធ្វើយ៉ាងណាលុបបំបាត់រាល់អំពើហិង្សាគ្រប់ទម្រង់ ដើម្បីរក្សាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍប្រទេសជាតិឲឱ្យមានភាពរីកចម្រើន ដោយគ្មានការរំខានពីអំពើឃោរឃៅនាពេលអនាគត។ យ៉ាងណាមិញ ទិដ្ឋភាពផ្នែកច្បាប់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏បានឆ្លុះបញ្ចាំងឱ្យយើងឃើញអំពីស្មារតីគោរពសិទ្ធិមនុស្ស អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ ដែលទាមទារឲ្យមានការរក្សាបាននូវសន្តិសុខជាតិដោយមិនមានការជ្រៀតជ្រែក ឬគាបសង្កត់ពីសំណាក់ប្រទេសដទៃ ដើម្បីកុំឱ្យអំពើហិង្សាគ្រប់ទម្រង់កើតមានឡើងតទៅទៀត ព្រោះវាអាចជាប្រភពដែលនាំឱ្យកើតមានឡើងនូវឧក្រិដ្ឋកម្មនានា ដូចជាឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ជាស្មារតីសុទិដ្ឋិនិយមរបស់ខ្ញុំ! ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំបំផុតថា អំពើប្រល័យពូជសាសន៍នឹងមិនអាចកើតមានសារជាថ្មីនៅលើទឹកដីកម្ពុជាបានឡើយ ព្រោះយើងបានរួបរួមគ្នា បំផុសស្មារតីស្រឡាញ់សន្តិភាព សាមគ្គីភាព ការគោរពសិទ្ធិមនុស្ស និងចូលរួមអភិវឌ្ឍន៍ជាតិប្រកបដោយមនសិការ និងទំនួលខុសត្រូវខ្ពស់បំផុត។
ខ្ញុំសូមឱ្យកិច្ចសហការនេះ កើតមានឡើង និងរក្សាបាននូវប្រសិទ្ធភាពជារៀងរហូត!
ខ្ញុំសូមឱ្យគ្រប់ដៃគូជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងការងារនេះ រក្សាបាននូវទំនាក់ទំនងល្អជារៀងដរាប!
ខ្ញុំសូមឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជារៀងរហូត!
ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលតែងតែផ្ដល់ឱកាសឱ្យខ្ញុំបាទ បានចូលរួមក្នុងអង្គពិធីសំខាន់ៗនាពេលកន្លងមក និងពេលថ្មីៗនេះ ជាពិសេសប្រធានបទថ្មីៗ ចំណេះដឹងថ្មីៗ ពាក់ព័ន្ធទៅនឹងការរួមគ្នាទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា។
ខ្ញុំបាទសូមសន្យាថា ខ្ញុំនឹងចូលរួមផ្សព្វផ្សាយនូវអនុសាសន៍គន្លឹះសំខាន់ៗ ដែលទទួលបានពីអង្គសន្និសីទ និងចែករំលែកទៅដល់មនុស្សជុំវិញខ្លួន ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឱ្យកើតមានសារជាថ្មីនៅកម្ពុជា។
ខ្ញុំសូមគោរពជូនពរមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាតួអង្គដ៏ស័ក្តិសម និងសំខាន់មិនអាចខ្វះ បានក្នុងការចងក្រង និងផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រជាតិកម្ពុជា សូមទទួលបាននូវភាពរីកចម្រើន សុខដុមរមនា ពោរពេញទៅដោយវឌ្ឍនភាពតរៀងទៅ។ សូមអរគុណ!