ដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រែសម្រួលជាភាសាខ្មែរដោយ: សុភ័ក្ត្រ ភាណា
ភ្នំពេញ៖ ខណៈពេលដែលយើងរំឭកខួបលើកទី៣០នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស យើងនឹងបំពេញកាតព្វកិច្ចបានយ៉ាងប្រសើរមួយក្នុងការទទួលស្គាល់សារសំខាន់នៃប្រវត្តិសាស្ត្រ ជាពិសេសប្រវត្តិសាស្ត្រយោធាកម្ពុជា ចំពោះតំបន់ និងពិភពលោក។ ប្រវត្តិសាស្ត្រកម្ពុជា គួរតែត្រូវទទួលស្គាល់ថាជាធនធានជាតិមួយ ជំរុញដល់ការអភិវឌ្ឍជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិ ជះឥទ្ធិពល និងភាពជាអ្នកដឹកនាំរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា និងឧត្តមសេនីយ៍ ណឹម សុវត្ថិ (ខាងស្តាំ)។ នាយទាហានបន្ទាប់ពីឯកឧត្តម ណឹម សុវត្ថិ គឺឧត្តមសេនីយ៍ឯក មាស ស៊ីណា (នៅខាងឆ្វេង) និងលោក ឆាំង យុ (អង្គុយ)។ គណៈប្រតិភូកិត្តិយសបានធ្វើទស្សនកិច្ចនៅទីតាំងដាក់ស្នើជាតំបន់ប្រវត្តិសាស្ត្រយោធា ស្ថិតនៅក្បែរមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ខេត្តឧត្តរមានជ័យ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ រូបថតដោយ លី កុកឆាយ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។
ប្រវត្តិសាស្ត្រយោធា ត្រូវបានពិពណ៌នាថា គឺជាការសិក្សាស្រាវជ្រាវអំពីសង្គ្រាម និងការវិភាគអំពីជ័យជំនះ និងបរាជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រយោធា រួមបញ្ចូលនូវធាតុផ្សំជាច្រើនដទៃទៀតលើសពីនេះ។ ប្រវត្តិសាស្ត្រយោធាក្តោបនូវប្រធានបទជាច្រើន ដែលរួមមានវឌ្ឍនភាព និងបរាជ័យនៃរបបនីមួយៗរហូតដល់ការវិវត្តរបស់ប្រទេសជាតិនានា ព្រមទាំងសកម្មភាពដែលមនុស្សជាតិ សាងកំហុសដដែលៗ ឬបានរៀនសូត្រពីកំហុសរបស់ខ្លួន។ ប្រវត្តិសាស្ត្រកម្ពុជា ពោរពេញទៅដោយមេរៀនឥតមានពីរសម្រាប់ប្រទេសរបស់ខ្លួន តំបន់ និងពិភពលោក។
ប្រទេសកម្ពុជា គឺជាចំណុចប្រសព្វដ៏សំខាន់ជាយុទ្ធសាស្ត្រមួយ នៃការតស៊ូប្រទាញប្រទង់គ្នាក្នុងអំឡុងសង្គ្រាមត្រជាក់រវាង មនោគមន៍វិជ្ជា ប្រព័ន្ធនយោបាយ និងទំនោរនៃគោលនយោបាយការបរទេស។ ប្រវត្តិសាស្ត្រកម្ពុជាដែលញ៉ាំងឲ្យកើតមាន និងជាផ្នែកខ្លះនៃប្រវត្តិសាស្ត្រទាក់ទងនឹងអន្តរាគមន៍ពីសំណាក់បរទេសនៅក្នុងតំបន់ សបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជាមានសារសំខាន់យ៉ាងដូចម្តេចចំពោះសន្តិសុខនៅក្នុងតំបន់ ហើយសន្តិសុខនៅក្នុងតំបន់មានសារសំខាន់យ៉ាងដូចម្តេច ចំពោះសន្តិសុខពិភពលោក។ បន្ថែមលើសពីនេះទៅទៀត ការសម្លាប់រង្គាល សង្គ្រាម និងការបំផ្លិចបំផ្លាញ កើតមានជាច្រើនលើកច្រើនសានៅក្នុងទំព័រប្រវត្តិសាស្ត្រកម្ពុជានាចុងសតវត្សរ៍ទី២០ បានផ្តល់ជាមេរៀនសំខាន់ៗ ស្តីអំពីស្ថានភាពដែលកើតមានឡើង និងលទ្ធផលពីអស្ថិរភាព សង្គ្រាម និងអំពើប្រល័យពូជសាសន៍។ ប្រវត្តិសាស្ត្រកម្ពុជា គឺជាតឹកតាងមួយនៃស្មារតីដ៏រឹងមាំរបស់មនុស្ស ក៏ដូចជាមេរៀនស្តីពីជម្រៅនៃទុច្ចរិតភាពរបស់មនុស្ស។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា (ខាងស្តាំ) និងឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ (ខាងឆ្វេង) អញ្ជើញពិនិត្យគម្រោងនៅឯមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង (មជ្ឈមណ្ឌលឯកសារកម្ពុជា) ដើម្បីបង្កើតជាស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ។
ប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានបន្ទច់បង្អាក់ជាច្រើនលើកច្រើនសា ដោយប្រទេសជិតខាង ដើម្បីទន្ទ្រានយក គ្រប់គ្រង និងដណ្តើមកាន់កាប់ទឹកដីពីប្រជាជនកម្ពុជា។ ការសិក្សាអំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនង ទំនាស់ និងជម្លោះកាលពីអតីតកាលទាំងអស់នេះ មិនអាចត្រួសត្រាយផ្លូវសម្រាប់ការទូត ឬកិច្ចការយោធានាពេលបច្ចុប្បន្នឬអនាគតទេ ក៏ប៉ុន្តែប្រវត្តិសាស្ត្រនេះ គឺជាធនធានជាតិមួយ ដែលផ្តល់អំណាចដល់អ្នកដឹកនាំតាមរយៈគតិបណ្ឌិតជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង ទំនាក់ទំនងជាមួយនឹងប្រទេសជិតខាងនិងពិភពលោក។
ប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសប្រវត្តិសាស្ត្រយោធា ផ្តល់ជាធនធានដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍគតិបណ្ឌិតជាយុទ្ធសាស្ត្ររបស់អ្នកដឹកនាំប្រទេសជាតិរបស់យើង អ្នកដឹកនាំក្នុងតំបន់ និងអ្នកដឹកនាំកម្រិតពិភពលោក។ ប្រវត្តិសាស្ត្រយោធាកម្ពុជា ពោរពេញទៅដោយមេរៀន អំពីវិធីសាស្ត្របែបណានិងពេលវេលាសក្កិសមណាមួយដែលគួរដាក់កំហិត អត់ធ្មត់ ឬតតាំងដោយអង់អាច ក្នុងការការពារសន្តិសុខជាតិប្រកបដោយភាពវៀងវៃ។ ថ្នាក់ដឹកនាំយោធារបស់កម្ពុជា អាចចាត់ទុកប្រវត្តិសាស្ត្រយោធាកម្ពុជា ថាជាធនធានជាតិមួយ ក្នុងការដុសខាត់កសាងគតិបណ្ឌិតជាយុទ្ធសាស្ត្ររបស់ខ្លួន និងការបង្កើនជំនាញវិជ្ជាជីវៈរបស់អង្គភាពនិងមន្ត្រីយោធារបស់ខ្លួនថែមទៀតផង។
សន្តិសុខជាតិរបស់កម្ពុជា ពឹងផ្អែកទៅលើអង្គភាពយោធាប្រកបដោយជំនាញវិជ្ជាជីវៈ។ អង្គភាពយោធាប្រកបដោយជំនាញវិជ្ជាជីវៈទាមទារនូវថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាព ដែលមិនត្រឹមជាអ្នកជំនាញរៀបចំយុទ្ធសាស្ត្រ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអ្នកប្រវត្តិសាស្ត្រទៀតផងពីព្រោះថាគ្មានយុទ្ធសាស្ត្រ ជោគជ័យណាមួយ ដែលអាចបង្កើតឡើងបានដោយគ្មានការយល់ដឹងអំពីប្រវត្តិសាស្ត្រនោះឡើយ។
ប្រវត្តិសាស្ត្រកំណត់នូវសមាសធាតុស្នូល សម្រាប់យុទ្ធសាស្ត្រជោគជ័យនានា។ ប្រវត្តិសាស្ត្រយោធា ធានាថាយុទ្ធសាស្ត្រមួយមិនមែនរួមបញ្ចូលតែបរិបទប្រតិបត្តិការ យុទ្ធវិធី និងទ្រឹស្តីបច្ចុប្បន្នប៉ុណ្ណោះទេប៉ុន្តែថែមទាំងគួបផ្សំនូវជោគជ័យនិងកំហុសពីអតីតកាលថែមទៀតផង។ប្រវត្តិសាស្ត្រអាចផ្តល់ជាគោលគំនិតដល់យើង ថាតើគោលបំណងនៃយុទ្ធសាស្ត្ររបស់យើងអាចទទួលយកបានឬទេ? ថាតើវិធីសាស្ត្រឈានទៅសម្រេចគោលបំណងរបស់យើង អាចបត់បែនតាមកាលៈទេសៈ ដែរឬទេ? ថាតើអ្នកដឹកនាំពីមុនៗ របស់យើងបានប្រើប្រាស់យុទ្ធសាស្ត្រដូចគ្នា ឬខុសគ្នាបែបណានាពេលកន្លងទៅ? ប្រវត្តិសាស្ត្រយោធា គឺជាសមាសធាតុស្នូលគួបផ្សំបញ្ចូលគ្នានូវយុទ្ធសាស្ត្រយោធានិងសន្តិសុខជាតិ។
ប្រជាជាតិជាសមាជិកនិងសហថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវការអ្នកដឹកនាំដែលជាអ្នកប្រវត្តិសាស្ត្រផងនិងជាអ្នករៀបចំយុទ្ធសាស្ត្រផង។ ប្រវត្តិសាស្ត្រយោធាកម្ពុជា មានសារសំខាន់ឥតពីរ ចំពោះសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ពីព្រោះថាសមរភូមិ ការតស៊ូ និងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយជាច្រើន ត្រូវបានផ្តោតនៅក្នុងប្រវត្តិសាស្ត្រយោធាកម្ពុជា។ ប្រទេសកម្ពុជា គឺជាចំណុចប្រជុំទម្ងន់ដ៏សំខាន់មួយក្នុងអំឡុងសង្គ្រាម ជម្លោះ និងការតស៊ូជាច្រើនដែលកើតមាននៅក្នុងតំបន់នាសតវត្សរ៍ទី២០។ បន្ទាប់ពីសង្គ្រាមឥណ្ឌូចិនលើកទីមួយបានបញ្ចប់ទៅ ប្រទេសកម្ពុជាទទួលបានឯករាជ្យ ចំណែកឯនៅក្នុងអំឡុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ប្រទេសកម្ពុជាគឺជាចំណុចកណ្តាលមួយនៃការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ ទីតាំងភូមិសាស្ត្រនយោបាយរបស់កម្ពុជា នៅក្នុងអំឡុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ញ៉ាំងឲ្យកម្ពុជាក្លាយជាវាលសមរភូមិដ៏សំខាន់មួយរវាងគូប្រកួតប្រជែងអំណាចមួយចំនួន។
នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានទទួលរងទុក្ខវេទនា ពីសោកនាដកម្មហួសពីការស្មាននៅក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ថ្វីត្បិតតែរបបខ្មែរក្រហមត្រូវផ្តួលរំលំតាំងពីឆ្នាំ១៩៧៩ទៅហើយក្តី ប្រទេសកម្ពុជាបន្តប្រឈមជាមួយនឹងសង្គ្រាម ទុរភិក្ស និងវិបត្តិមនុស្សធម៌នានា ដែលបង្កឲ្យមានការបាត់បង់ជីវិត ការជម្លៀសទីតាំង ឬការប្តូរទីជម្រករបស់ប្រជាជនកម្ពុជារាប់លាននាក់។ បរាជ័យរបស់ខ្មែរក្រហម មិនត្រឹមតែជាជោគជ័យជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជោគជ័យជាយុទ្ធសាស្ត្រសម្រាប់អាស៊ាន និងពិភពលោកថែមទៀតផង។
ការចូលរួម សមយុទ្ធ និងយុទ្ធសាស្ត្រយោធា ដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជានៅរវាងឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៣ បានអង្រួនតំបន់អាស៊ាន ហើយនៅក្នុងកម្រិតមួយ កម្លាំងចលករទាំងនេះបាន(និងនៅតែបន្ត)កំណត់សណ្ឋាននៃភូមិសាស្ត្រនយោបាយរបស់អាស៊ានបច្ចុប្បន្ន។ ប្រវត្តិសាស្ត្រយោធាកម្ពុជា គឺជាប្រវត្តិសាស្ត្រដែលមិនត្រឹមតែរួមបញ្ចូលសមរភូមិនិងសមយុទ្ធយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមផ្សំនូវការសម្រេចចិត្តនយោបាយជាគោលនិងយុទ្ធសាស្ត្រសំខាន់ៗដែលនៅតែជាកំណត់យោងដ៏ចាំបាច់សម្រាប់ផ្តល់ដល់សន្តិសុខជាតិនិងយុទ្ធសាស្ត្រអាស៊ានជារួម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សព្វថ្ងៃនេះ។
ខណៈពេលដែលយើងរំឭកខួបលើកទី៣០នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស យើងគួរឆ្លៀតយកឱកាសនេះ ដើម្បីសញ្ជឹងគិតអំពីអ្វីដែលយើងបានរៀនសូត្រពីប្រវត្តិសាស្ត្រនៅជុំវិញសន្ធិសញ្ញានេះ និងឆ្លុះបញ្ជាំងអំពីអ្វីខ្លះ ដែលយើងបានឈ្វេងយល់ពីប្រវត្តិសាស្ត្រទាំងស្រុងរបស់កម្ពុជា។ គ្មានពេលវេលាណាដែលសក្កិសមជាងពេលបច្ចុប្បន្នក្នុងការរំលេចចេញនូវសារសំខាន់នៃប្រវត្តិសាស្ត្រ ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២។ ខណៈពេលដែលកម្ពុជា កំពុងត្រៀមរៀបចំកិច្ចប្រជុំអាស៊ាន យើងគួរតែទទួលស្គាល់តួនាទីក្នុងការដឹកនាំកិច្ចប្រជុំនេះ ថាជាឱកាសមួយក្នុងការប្រើប្រាស់ធនធាននានាក្នុងចំណោមធនធានទាំងឡាយ ជាពិសេសប្រវត្តិសាស្ត្រកម្ពុជាឲ្យមានប្រសិទ្ធភាព ឈានទៅសម្រេចបានការអភិវឌ្ឍ ភាពជាដៃគូសហការ និងភាពជាអ្នកដឹកនាំជារួមសម្រាប់ប្រជាជនកម្ពុជានិងប្រជាជនអាស៊ាន។ ប្រវត្តិសាស្ត្រកម្ពុជា គឺជាផ្នែកនិងធាតុផ្សំចម្បងក្នុងការឈានទៅបង្កើតសន្តិភាពនិងសន្តិសុខរួមគ្នាមួយសម្រាប់តំបន់អាស៊ាន។
លោក ឆាំង យុ គឺជានាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាអ្នកដឹកនាំម្នាក់លើការអប់រំ ការរារាំងទប់ស្កាត់ និងការសិក្សាស្រាវជ្រាវពីអំពើប្រល័យពូជសាសន៍។ នៅក្នុងឆ្នាំ២០១៨ លោក ឆាំង យុ ទទួលបានពានរង្វាន់ រ៉ាមុន ម៉ាកសៃសៃ ដែលត្រូវស្គាល់ថាជា “ពានរង្វាន់ណូបែលអាស៊ី” សម្រាប់ការងាររបស់លោកក្នុងការថែរក្សាការចងចាំពីអំពើប្រល័យពូជសាសន៍ និងការស្វែងរកយុត្តិធម៌សម្រាប់ប្រទេសកម្ពុជានិងពិភពលោក។ នៅក្នុងឆ្នាំ២០០៧ លោកត្រូវបានជ្រើសរើសជាបុគ្គលដ៏មានឥទ្ធិពលបំផុតទាំង១០០នាក់របស់ទស្សនាវដ្ដីថាមស៍។ លោក ឆាំង យុ បានបំពេញការងារជាមួយស្ថាប័ននិងអ្នកដឹកនាំសង្គមស៊ីវិលជាច្រើននៅជុំវិញពិភពលោក ដែលក្នុងនោះរួមមានប្រទេសអ៊ីរ៉ាក់ ប្រទេសអាហ្វហ្កានីស្តាន ប្រទេសស៊ីរី ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកំពុងអភិវឌ្ឍក្រោយជម្លោះដទៃផ្សេងៗទៀត។ នារយៈពេល១៨ខែចុងក្រោយនេះ លោកបានសិក្សាស្រាវជ្រាវលម្អិតអំពីប្រវត្តិសាស្ត្រយោធាកម្ពុជា និងតំបន់ប្រវត្តិសាស្ត្រយោធា ជាមួយនឹងឧត្តមសេនីយ៍ ណឹម សុវត្ថិ នៃក្រសួងការពារជាតិកម្ពុជា៕