Home / Post

Anlong Veng Peace Center: Visitors to Anlong Veng Historical Sites. February 2025

នៅ​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានទទួលស្វាគមន៍ លោក Don Mulchinock & លោក Dan Godard ជនជាតិកាណាដា ដែល​បានធ្វើដំណើរមកកាន់តំបន់ប្រវត្តិសាស្រ្តអន្លង់វែង។ នៅក្នុងទស្សនកិច្ចនេះ ក្រុមការងារមជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ បានផ្តល់មគ្គុទ្ទេសក៍ដល់លោកទាំងពីរ ទៅកាន់ទីតាំងប្រវត្ដិសាស្រ្ដសំខាន់ៗរួមមាន មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង (អតីតផ្ទះប្រជុំរបស់តាម៉ុកនៅលើភ្នំដងរែក), ទីតាំងបូជាសព ប៉ុល ពត, ផ្ទះលាក់ខ្លួន ប៉ុល ពត(នៅក្បាលទន្សោង) និងសារមន្ទីរអតីតផ្ទះតាម៉ុក។ កំឡុងពេលធ្វើដំណើរទៅកាន់ទីតាំងប្រវត្តិសាស្រ្តនីមួយៗ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានធ្វើការបង្ហាញពីប្រវត្តិសាស្រ្ត និងព្រឹត្តិការណ៍ដែលបានកើតមានឡើងនៅទីនោះ ដើម្បីស្វែងយល់ពីទីតាំងនីមួយៗឲ្យកាន់តែច្បាស់។ ពីកន្លែងមួយទៅកន្លែងមួយ លោកទាំងពីរ​ក៏បានលើកសរសើរពីអាកាសធាតុនៅតំបន់អន្លង់វែងមានភាពល្អប្រសើរ ប្រជាជនងាយស្រួលក្នុងការរស់នៅ។

ជាកិច្ចបញ្ចប់ លោកទាំងពីរ​បាន​ថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានអមដំណើរទៅទស្សនានៅតំបន់ប្រវត្តិសាស្រ្តសំខាន់ៗនៅក្នុងស្រុកអន្លង់វែង។ ទន្ទឹមហ្នឹងនេះ ដេន ក៏បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនដែលបានមកកាន់តំបន់ប្រវត្តិសាស្រ្តអន្លង់វែងថា «ខ្ញុំពិតជាមានការរីករាយជាខ្លាំងដែលបានមកទស្សនានៅតំបន់តស៊ូចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម ជាពិសេសបានយល់ដឹងបន្ថែមពីការរស់នៅរបស់ប្រជាជននៅក្នុងតំបន់មួយនេះផ្ទាល់ ដែលបង្ហាញឲ្យឃើញពីការលូតលាស់ថ្មីនៅក្នុងតំបន់បញ្ចប់សង្គ្រាមចុងក្រោយបអង្អស់នៅក្នុងប្រទេសកម្ពុជា»។

Ta Mok’s former house or museum, where a hundred of photos are permanently put on display by DC-Cam’s Anlong Veng Peace Center.

Pol Pot’s cremation site is one of the most visited sites among foreigners.

នៅថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៥ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងមិត្ដភក្ដិមកពីប្រទេសបារាំង និងប្រទេសអូស្រ្ដាលី បានទស្សនកិច្ចមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដែលស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។

ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានតាំងពិព័រណ៍ក្រោមប្រធានបទ៖ «សង្គ្រាម និងអំពើប្រល័យពូជសាសន៍» ដែល​ទាក់ទងនឹងអង្គការលេខរបស់មេដឹកនាំខ្មែរក្រហមនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, ការងារដោយបង្ខំ, ភស្ដុតាង ឬគ្រោងឆ្អឹងសាកសពជនរងគ្រោះ, មេដឹកនាំខ្មែរក្រហមអំឡុងពេលរស់នៅតាមព្រំដែនភាគខាងជើង (កម្ពុជា-ថៃ) និងការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា នៅក្រោយ​ឆ្នាំ​១៩៧៩។

បន្ទាប់មក ទស្សនកិច្ចក៏បានបន្ដទៅកាន់បណ្ណាល័យរបស់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងដែល ជាអតីតផ្ទះប្រជុំរបស់តាម៉ុកនៅកណ្ដាលខ្នងភ្នំដងរែក។ នៅក្នុងអគារនេះមានតាំងបង្ហាញពិព័រណ៍អចិន្ដ្រៃយ៍ជាប់នៅលើជញ្ជាំង និងសៀវភៅបោះពុម្ពផ្សាយនានារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានពន្យល់អំពីការចាប់ផ្ដើមរបស់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង និងការងារដែលមជ្ឈមណ្ឌលនេះបានផ្ដោតសំខាន់ ជាពិសេសនៅលើទឹកដីអន្លង់វែង ដែលជាសមរភូមិចុងក្រោយរបស់ចលនាខ្មែរក្រហមតែម្ដង។ ការងារដ៏សំខាន់នៅក្នុងមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង គឺផ្ដោតសំខាន់ទៅលើការបញ្ជ្រាបការយល់ដឹងអំពីប្រវត្ដិសាស្រ្ដដល់យុវជននៅតាមបណ្ដាវិទ្យាល័យ និងសាកលវិទ្យាល័យ ដែលជាកូនចៅរបស់អតីតខ្មែរក្រហម, ការប្រមែរប្រមូលសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅអន្លង់វែង ការលើកកម្ពស់អំពីសន្ដិភាព និងការផ្សះផ្សាក្នុងតំបន់។ នៅក្នុងនោះក៏មានការពិភាក្សាជុំវិញការផ្សះផ្សាររវាងយុវជនជំនាន់ក្រោយដែលជាកូនចៅអតីតកងទ័ពខ្មែរក្រហម និងកូនចៅដែលមិនមានជាកូនចៅរបស់អតីតខ្មែរក្រហម ដោយមានការពន្យល់ពី លោក ឆាំង យុ។ ការពន្យល់នេះ គឺពាក់ព័ន្ធទៅនឹងការអប់រំទាំងក្នុង និងក្រៅប្រព័ន្ធអំពីប្រវត្ដិសាស្រ្ដរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះរួមបញ្ចូលទាំងការបណ្ដុះបណ្ដាលទៅលើគ្រូបង្រៀនដែរ។ សៀវភៅណែនាំគ្រូបង្រៀនត្រូវបានបោះពុម្ពឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលសៀវភៅគោលនៅក្នុងដំណើរការបណ្ដុះបណ្ដាលនេះ។ ទាក់ទងទៅនឹងការផ្សះផ្សាររវាងយុវជនទាំងពីរនេះ លោក ឆាំង យុ បានពន្យល់ពាក់ព័ន្ធទៅនឹងភាពស្មើគ្នាជាពលរដ្ឋកម្ពុជាក្រោយពេលតុលាការខ្មែរក្រហមបានបិទបញ្ចប់ទៅ។ ក្នុងន័យនេះ លោកបានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើប្រមែរប្រមូលទិន្នន័យសម្ភាសន៍ទាំងអតីតកងទ័ពខ្មែរក្រហម និងជនរងគ្រោះ ហើយប្រជាជនទាំងពីរមិនត្រូវបានបែងចែកចេញពីគ្នាឡើង គឺត្រូវបានចាត់ទុកថាជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមតែមួយ ពីព្រោះពុំមានដែលសមត្ថកិច្ចណាមួយដែលបែងចែកប្រជាជនទាំងពីរនេះទេ។ ផ្ទុយទៅវិញការបែងចែកប្រជាជនទាំងពីរនឹងធ្វើឲ្យមានការប្រេះឆាទៅវិញ។ ចំពោះយុវជនជំនាន់ក្រោយក៏ដូចគ្នា ការរៀនសូត្រពីប្រវត្ដិសាស្រ្ដបុគ្គល ឬកិច្ចការរៀនសូត្រនៅក្នុងប្រព័ន្ធ គឺនឹងផ្ដោតទៅលើការស្ដាប់សាច់រឿងបទពិសោធន៍ជីវិតរវាងកូនៗ និងឪពុកម្ដាយ ឬសាច់ញាតិរបស់ខ្លួន ហើយប្រវត្ដិសាស្រ្ដជាអ្នកវិនិច្ឆ័យ។ រយៈកាលទៅមុខជាច្រើនជំនាន់ទៀត ប្រវត្ដិសាស្រ្ដនឹងត្រូវបានស្វែងយល់រឹតតែទូលំទូលាយ ហើយនឹងមានការយល់ឃើញផ្សេងៗទៀតតាមរយៈការយល់ដឹងរបស់យុវជនជំនាន់ក្រោយ។

នៅក្នុងឱកាសនៃទស្សនកិច្ចនេះ លោក ឆាំង យុ ក៏ផ្ដោតសំខាន់ទៅលើការពន្យល់អំពីប្លង់គោលអភិវឌ្ឍន៍ស្រុកអន្លង់វែងទៅកាន់មិត្ដភក្ដិរបស់ខ្លួននៅក្នុងគោលគំនិតមួយនៃការប្រែក្លាយអន្លង់វែងពីទឹកដីនៃសង្គ្រាម និងការប្រេះឆា ឲ្យទៅជាទឹកដីនៃការលូតលាស់ថ្មីតាមរយៈការវិនិយោគ និងការចាប់យកឱកាសដោយផ្ទាល់របស់ប្រជាជននៅក្នុងសហគមន៍នេះ៕

Full report