វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងរៀបចំវេទកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ជាមួយសិស្សានុសិស្សចំនួន៧នាក់ (ប្រុសចំនួន៤នាក់ និងស្រីចំនួន៣នាក់) នៃអនុវិទ្យាល័យថ្លាត ក្នុងស្រុកអន្លង់វែង។ វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការអប់រំពីប្រវត្ដិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។ ដើម្បីឆ្លើយតបទៅនឹងគោលបំណងនេះ វេទិកាថ្នាក់រៀន បានផ្តោតលើប្រធានបទចំនួនពីររួមមាន៖ អំពើហិង្សា និងការអធ្យាស្រ័យគ្នា។
អាស្រ័យហេតុនេះហើយ វេទិកាថ្នាក់រៀននេះ បានពិនិត្យទៅលើទស្សនៈយល់ឃើញរបស់សិស្សានុសិស្សជុំវិញពាក្យគន្លឹះ «អំពើហិង្សា» និង «ការអត់ឱន»។ សិស្សានុសិស្សបានឲ្យនិយមន័យថា «អំពើហិង្សា» ជាការវាយដំ ការប្រតាយប្រតប់ ការឈ្លោះប្រកែកគ្នា និងរូបភាពនៃការគំរាមកំហែងទាំងផ្លូវចិត្ដ និងរូបរាងកាយ។ ចំណែកឯ «ការអត់ឱន» គឺជាការអត់ទោសឲ្យគ្នាទៅវិញទៅមក និងការផ្សះផ្សាជម្លោះដោយសន្តិវិធី។
នៅពេលអំពើប្រល័យពូជសាសន៍ក្នុងប្រទេសកម្ពុជាបានបញ្ចប់ទៅ ការអប់រំ និងការផ្សះផ្សាសង្គមចាប់ផ្ដើមកើតមានឡើង រហូតដល់មានការបង្កើតតុលាការស្វែងរកយុត្ដិធម៌ដល់ជនរងគ្រោះ។ យុវជនជំនាន់ក្រោយនឹងមិនមានអាចដឹងបានទេថា តើនាពេលអតីតកាល និងអនាគតនឹងមានអ្វីកើតឡើងនោះទេប្រសិនបើមិនមានការអប់រំ និងការស្វែងយល់។ វេទិកាថ្នាក់រៀន បានច្បិចយកចំណុចសំខាន់ទៅលើហេតុដើមទងនឹងអំពើហិង្សាឈានដល់អំពើប្រល័យពូជសាសន៍ ជាចំណុចយល់ដឹង ដើម្បីជម្រុញឲ្យមានការឆ្លុះបញ្ចាំងឲ្យមានការអត់ឱន។ ទាក់ទងនឹងអំពើប្រល័យពូជសាសន៍វិញ ដោយសារតែមិនមានការអត់ឳន និងការសណ្តោសប្រណីដល់គ្នាទៅវិញទៅមក អំពើប្រល័យពូជសាសន៍ បានកើតឡើងមានជាបន្ដបន្ទាប់ក្រោយអនុសញ្ញាស្ដីពី «ការបង្ការ និងផ្ដន្ទាទោសលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍» បានចូលជាធរមានចាប់តាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៤៨មក រួមមាន៖ ប្រទេសអាមេនី, ប្រទេសអាល្លឺម៉ង់, ប្រទេសកម្ពុជា, ប្រទេសបូស្ន៊ី-ហឺហ្សីហ្គោវីន និងប្រទេសរវ៉ាន់ដា។
នៅក្នុងវេទិកាថ្នាក់រៀននេះដែរ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានជ្រើសរើសយកបទបង្ហាញអំពី៖ «ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ» ដែលបង្ហាញអំពីទិដ្ឋភាពការងារដោយបង្ខំក្នុងការដា្ឋន, ការធ្វើទារុណកម្ម និងការធ្វើបន្ធុទ្សកម្ម ជាដើម ដើម្បីជាដើមចមនៃប្រវត្តិសាស្ត្រដ៏អន្ធការរបស់កម្ពុជា។ របបខ្មែរក្រហមបានឡើងកាន់អំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដោយរបបនេះបានឆក់យកជីវិតមនុស្សប្រមាណជិត២លាននាក់ តាមរយៈអំពើឃោរឃៅ ការប្រល័យពូជសាសន៍ ការបង្អត់អាហារ និង ជំងឺ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬសាលាក្ដីខ្មែរក្រហមបានរកឃើញថា របបខ្មែរក្រហមបានប្រព្រឹត្ដអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ តាមរយៈបទឧក្រិដ្ឋដែលរកឃើញទៅលើមេដឹកនាំជាន់ខ្ពស់ និងទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបនេះ។
នៅផ្នែកចុងបញ្ចប់សិស្សានុសិស្សទាំងប្រាំពីរនាក់បានបញ្ចេញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដូចតទៅ៖
យុទ្ធ ភ័ត្រា ភេទស្រី មានអាយុ១៥ឆ្នាំ ជាសិស្សមកពីអនុវិទ្យាល័យថ្លាត បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនបន្ទាប់ពីបានចូលរួមក្នុងវេទិកាថ្នាក់រៀន៖ « ខ្ញុំយល់ថាការសិក្សារៀនសូត្រពីជីវភាពរស់នៅប្រចាំថ្ងៃនៅជំនាន់ខ្មែរក្រហមគឺ បានបង្ហាញឲ្យខ្ញុំដឹងអំពីការរស់នៅរបស់ប្រជាជនក្នុងជំនាន់នោះ មានការលំបាកវេទនា ជួបការអត់ឃ្លាន និងការធ្វើការហួសកម្លាំង។ ខ្ញុំមានការចងចាំជាងគេត្រង់ចំណុច រូបថតអ្នក ទោសមួយសន្លឹកឈ្មោះ ចាន់ គីមស្រុន ឈរបីកូនដោយទឹកមុខក្រៀមក្រំ ការអស់សង្ឃឹម។ អំពើហឹង្សានៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះមិនមែនបន្តដោយសារការកើតមានមកតាំងពីសម័យខ្មែរក្រហមនោះទេ គឺអំពើហឹង្សាកើតចេញមកពីខ្លួនឯងផ្ទាល់ដោយខ្វះការគិតពិចារណា។ ខ្ញុំយល់ថាអំពើហឹង្សាមិនអាចកើតមានបាននោះទេបើសិនជាមានការអត់ឪនឲ្យគ្នា ចេះដោះស្រាយបញ្ហាដោយសន្តិវិធី។
រាជ សុណ្ណវង្ស ភេទប្រុស អាយុ១៤ឆ្នាំ បានលើកឡើងថា៖ « ការសិក្សារៀនសូត្រពីជីវភាពរស់នៅប្រចាំថ្ងៃក្នុងជំនាន់ខ្មែរក្រហមបានធ្វើឲ្យខ្ញុំអាចប្រៀបធៀបគ្នាពីការរស់នៅនាពេលបច្ចុប្បន្ននេះបានកាន់តែច្បាស់លាស់។ ការរស់នៅក្នុងជំនាន់ខ្មែរក្រហមមានការលំបាកក្នុងការហូបចុក ត្រូវធ្វើការហួសកម្លាំង គ្មានពេលឈប់សម្រាក និងការទទួលទារុណកម្ម។ បន្ទាប់ពីចូលរួមវេទិកាថ្នាក់រៀននេះខ្ញុំចងចាំជាងគេនោះគឺ ការធ្វើទារុណកម្មកាប់សម្លាប់មនុស្សនៅក្នុងជំនាន់ខ្មែរក្រហម។ ចំពោះអំពើហឹង្សានៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះអាចមានបន្តដោយសារការកើតមានមកតាំងពីសម័យខ្មែរក្រហម ពីព្រោះបច្ចុប្បន្ននេះមានការឈ្លោះទាស់ទែងគ្នា កាប់សម្លាប់គ្នាដូចទៅនឹងជំនាន់ខ្មែរក្រហមដែរ។ ខ្ញុំយល់ថាមនុស្សខ្វះការសណ្ដោះប្រណី និងខ្វះការគិតពិចារណានាំឲ្យកើតមានអំពើហឹង្សាពីព្រោះនៅពេលមនុស្សគ្មានការគិតពិចារណាឲ្យបានត្រឹមត្រូវប្រាកដណាស់បង្កជាហឹង្សាជាក់ជាមិនខាន» ។
រឿន រចនា ភេទស្រី វ័យ១៤ឆ្នាំ បានមានមតិយោបល់ថា៖ «ខ្ញុំយល់ថា ការសិក្សារៀនសូត្រពីជីវភាពរស់នៅប្រចាំថ្ងៃនៅជំនាន់ខ្មែរក្រហម គឺពិតជាបានបង្ហាញឲ្យឃើញពីភាពព្រៃផ្សៃ ឃោរឃៅលើប្រជាជនខ្មែរជាខ្លាំង សូម្បីតែឈឺថ្កាត់ក៏គ្មានថ្នាំសម្រាប់ព្យាបាលនោះដែរ ផ្ទុយពីសម័យបច្ចុប្បន្ននេះទាំងស្រុង។ ខ្ញុំយល់ថាអំពើហឹង្សាមិនអាចកើតមានបាននោះទេបើសិនជាមានការអត់ឪនឲ្យគ្នា ចេះអធ្យាស្រ័យឲ្យគ្នា។ ជាក់ស្ដែងខ្ញុំផ្ទាល់ពេលមានជម្លោះជាមួយមិត្តភក្តិខ្ញុំតែងតែមានការលើកលែង និងការដោះស្រាយគ្នាដោយសន្តិវិធីដើម្បីបញ្ចប់នូវជម្លោះ» ។
បៀក រតនា ភេទប្រុស អាយុ១៦ឆ្នាំ បានលើកឡើងថា៖ « ខ្ញុំយល់ថាការសិក្សារៀនសូត្រពីជីវភាពរស់នៅប្រចាំថ្ងៃគឺធ្វើឲ្យខ្ញុំបានយល់ដឹងពីការរស់នៅនាពេលនោះថាមានការលំបាកវេទនា ការបែកបាក់គ្រួសារ គ្មានសម្ភាៈប្រើប្រាស់សម្រាប់ធ្វើស្រែដោយត្រូវយកមនុស្សទៅធ្វើជំនួស។ ខ្ញុំចងចាំជាងគេនោះគឺ ការធ្វើទារុណកម្មដើម្បីសួរចម្លើយ និងការកាប់សម្លាប់ប្រជាជនខ្មែរ។ អំពើហឹង្សានៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះមិនបានបន្តដោយសារការកើតមានមកតាំងពីសម័យខ្មែរក្រហមឡើយ គឺវាកើតឡើងដោយសារការទាស់ពាក្យសំដីគ្នា ភាគីទាំងពីរមិនមានការសម្របសម្រួលគ្នា។ ខ្ញុំយល់ថាអំពើហឹង្សាមិនអាចកើតមានបាននោះទេបើសិនជាមានការអត់ឪន ព្រោះយើងមានការគិតពិចារណាដោះស្រាយគ្នាដោយសន្តិវិធី» ។
ស៊ីន វ៉ាន់ដា ភេទប្រុស អាយុ១៦ឆ្នាំ បានលើកឡើងថា៖ « ខ្ញុំយល់ថាការសិក្សារៀនសូត្រពីជីវភាពរស់នៅប្រចាំថ្ងៃគឺ បានធ្វើឲ្យខ្ញុំជាក្មេងជំនាន់ក្រោយបានយល់ដឹងពីការរស់នៅជំនាន់ខ្មែរក្រហមមានការខ្សត់ខ្សោយខ្លាំង គ្មានប្រាក់ចំណូល ពិបាកក្នុងការរស់នៅ។ បន្ទាប់ពីចូលរួមវេទិកាថ្នាក់រៀននេះខ្ញុំចងចាំជាងគេនោះគឺប្រវត្តិអ្នកទោសជាប់គុកមន្ទីរស-២១ និងការឃុំឃាំងអ្នកទោស ។ ចំពោះអំពើហឹង្សានៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះអាចមានបន្តដោយសារការកើតមានមកតាំងពីសម័យខ្មែរក្រហម ពីព្រោះសង្គមបច្ចុប្បន្ននេះមានអំពើហឹង្សាដូចទៅនឹងសម័យខ្មែរក្រហមដែរ។ ខ្ញុំយល់ថាមនុស្សខ្វះការសណ្ដោះប្រណី និងខ្វះការគិតពិចារណានាំឲ្យកើតមានអំពើហឹង្សាពីព្រោះនៅពេលមនុស្សខ្វះការគិតពិចារណាធ្វើឲ្យរឿងតូចក្លាយទៅជារឿងធំឈានទៅដល់ការកាប់សម្លាប់គ្នាដូចពេលបច្ចុប្បន្ន»៕ (អត្ថបទដោយ មេក វិន សួត វិចិត្រ និងលី សុខឃាង)
នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានស្វាគមន៍លោក Stephen Hessey ធ្វើការផ្នែកការអប់រំសាធារណៈ នៅក្នុងចក្រភពអង់គ្លេស ដែលធ្វើទស្សនកិច្ចមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ ការពិភាក្សាគ្នា ផ្ដោតលើការងារទូទៅរបស់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង និងថាតើអ្វីទៅជាចំណាប់អារម្មណ៍ដែលជម្រុញចិត្ដឲ្យអ្នកស្រាវជ្រាវបរទេសម្នាក់នេះមកកាន់សហគមន៍អន្លង់វែង។ លោក Stephen Hessey បាននិយាយថា ការដែលលោកមកដល់សហគមន៍អន្លង់វែង ដោយសារតែចង់ស្វែងយល់ពីសហគមន៍នេះឲ្យកាន់តែច្បាស់ជាងមុនជាមួយនឹងកេរដំណែលប្រវត្ដិសាស្រ្ដ និងរឿងរ៉ាវដ៏គួរឲ្យទាក់ទាញពីសម័យខ្មែរក្រហម។ លោកបានចូលទៅកាន់សារមន្ទីរផ្ទះតាម៉ុកនៅក្នុងទីប្រជុំជនអន្លង់វែងដែលជាគោលដៅទេសចរណ៍ប្រវត្ដិសាស្រ្ដនៅទីនេះ។ លោកបញ្ជាក់បន្ថែមថា លោកធ្លាប់បានធ្វើដំណើរមកកាន់ទឹកដីខេត្ដសៀមរាប នៃប្រទេសកម្ពុជាជាលើកដំបូងកាលពីឆ្នាំ២០០៨។ នៅពេលត្រឡប់ទៅវិញ លោកនៅតែមានបំណងចង់មកប្រទេសកម្ពុជាម្ដងទៀត ជាមួយនឹងការធ្វើដំណើរទស្សនកិច្ច និងស្រាវជ្រាវទៅកាន់តំបន់ផ្សេងទៀតដែលមានកេរ្តិ៍ដំណែលប្រវត្ដិសាស្រ្ដ និងវប្បធម៌។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានរៀបចំសម្អាតសារមន្ទីរផ្ទះតាម៉ុក សង្កេតឃើញថាមានភ្ញៀវទេសចរណ៍អន្តរជាតិ ជាង២០នាក់ អមជាមួយមគ្គុទេ្ទសក៏ទេសចរណ៍ មកសិក្សាស្រាវជ្រាវ និងទស្សនានៅសារមន្ទីរផ្ទះតាម៉ុក ដែលបានបង្ហាញអំពីការចាប់អារម្មណ៍នឹងភាពល្បីល្បាញនៃតំបន់ប្រវត្តិសាស្រ្តអន្លង់វែង។ ទន្ទឹមនឹងនេះ ក៏បានបង្ហាញឲ្យឃើញពីដំណើរចេញចូលឥតឈប់ឈររបស់ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីទាំងភ្ញៀវជាតិ និងអន្តរជាតិ។
Anlong Veng Peace Center. Classroom Forum on the History of Democratic Kampuchea (1975-1979).
21 January 2025
Photos by Mek Ven and Sout Vichet
Documentation Center of Cambodia Archives