Home / Post

Anlong Veng Peace Center: A Classroom Forum on the History of Democratic Kampuchea (1975-1979) and A Visit to Ta Mok’s Former House. March 22, 2025

វេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សិស្សានុសិស្សចំនួន១០នាក់ (ស្រី៤នាក់ និងប្រុស៦នាក់) នៃអនុវិទ្យាល័យថ្លាត ក្នុងស្រុកអន្លង់វែង បានចូលរួមវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» រៀបចំឡើងដោយមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។

វេទិកានេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំពីប្រវត្ដិសាស្រ្ដសម័យខ្មែរក្រហម ការយល់ដឹងអំពីដំណើរការកសាងសន្ដិភាព និងការផ្សះផ្សានៅកម្ពុជា។ ឆ្លើយតបនឹងគោលបំណងខាងលើនេះ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានផ្ដោតសំខាន់ទៅលើប្រធានបទ៖ « ប៉ុល ពត និងសង្គ្រាម៥ថ្ងៃ» នៅក្នុងតំបន់អន្លង់វែង ដែលឈានទៅដល់ការដួលរលំចលនាខ្មែរក្រហម ហើយកម្ពុជាឆ្ពោះទៅរកការបញ្ចប់សង្គ្រាមទាំងស្រុង។

អន្លង់វែង គឺជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម ហើយក៏ជាទីកន្លែងឆ្លុះបញ្ចាំងអំពីអតីតកាល អំពើប្រល័យពូជសាសន៍ សង្គ្រាម និងការតស៊ូឥតស្រាកស្រានរបស់ប្រជាជនកម្ពុជាឈានទៅរកសន្ដិភាព និងការផ្សះផ្សា។ ប៉ុល ពត គឺជាក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម ដែលបន្ដដឹកនាំចលនាតស៊ូរបស់ខ្លួននៅក្នុងព្រៃដើម្បីគ្រប់គ្រងកម្ពុជាឡើងវិញ បើទោះបីជាត្រូវបានផ្ដួលរំលំដោយកងទ័ពរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្ដវៀតណាមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ហើយក៏ដោយ។

នៅកំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុល ពត បានមកដល់អន្លង់វែង ហើយទទួលស្វាគមន៍ដោយ ឈិត ជឿន ហៅតាម៉ុក ដែលជាមេទ័ពគ្រប់គ្រងក្នុងតំបន់នេះ។ តាម៉ុកបានសាងសង់ផ្ទះមួយខ្នងឲ្យប៉ុល ពត នៅលើទីទួលមួយជាប់នឹងបឹងអន្លង់វែង បច្ចុប្បន្នចម្ងាយប្រមាណ១០០ម៉ែត្រ (ស្ថិតនៅខាងកើតសារមន្ទីររបស់តាម៉ុកសព្វថ្ងៃ)។ នៅមុនឆ្នាំ១៩៩៣ ប៉ុល ពត បានផ្លាស់ទីទៅរស់នៅក្នុងតំបន់ស្រែគំរូដែលស្ថិតនៅតាមបណ្ដោយជើងភ្នំដងរែកយ៉ាងសម្ងាត់បំផុត។ នៅទីនោះមានផ្ទះចំនួន៥ខ្នង និងមានដើមឈើធំៗព័ទ្ធជុំវិញ។

លុះដល់ខែតុលា ឆ្នាំ១៩៩៣ ប៉ុល ពត បានផ្លាស់ទីទៅរស់នៅឯក្បាលទន្សោងដែលជាកន្លែងលាក់ខ្លួនចុងក្រោយ រហូតដល់មេដឹកនាំនៅអន្លង់វែងមានការបែកបាក់រវាង កម្លាំងស្មោះស្ម័គ្រនឹងប៉ុល ពត និងកម្លាំងតាម៉ុក ដោយសារតែហេតុការណ៍នៃការសម្លាប់ សុន សេន អតីតរដ្ឋមន្រ្ដីក្រសួងការពារជាតិ និងក្រុមគ្រួសារ។ សូ សារឿន (តា០៥) និង មៀច សាន (តា០៦) ជាអ្នកទទួលខុសត្រូវធំបំផុតក្នុងការដឹកនាំសម្លាប់ សុន សេន និងក្រុមគ្រួសារតាមបញ្ជារបស់ ប៉ុល ពត។ មេទ័ពទាំងនេះបានដឹកនាំកម្លាំងប្រមាណ២០ទៅ៣០នាក់ទៅកាន់ផ្ទះសុន សេន នៅលើភ្នំដងរែកនៅវេលាម៉ោង១១យប់។ ក្រោយទទួល​ដំណឹង តាម៉ុក បានដឹកនាំកម្លាំងក្រោមការគ្រប់គ្រង​របស់ខ្លួនទៅប្រយុទ្ធជាមួយកម្លាំងរបស់ ប៉ុល ពត។ រយៈពេល​៥ថ្ងៃក្រោយមក តាម៉ុកចាប់បាន ប៉ុល ពត ទីប្រឹក្សា និងមេទ័ពសំខាន់ៗនៅក្បែរខ្លួន រួមមាន៖ ខៀវ សំផន, នួន ជា, ជួន ជឿន ចាន់ យូរ៉ាន់ ទេព ឃុនណាល់ សូ សារឿន (តា០៥) និងមៀច សាន (០៦)។ ក្បាលម៉ាស៊ី​នដឹកនាំ​ខ្មែរក្រហមទាំងអស់នេះ បានសម្ងំលាក់ខ្លួននៅឯរូងភ្នំអូរស្វាយ ឬនៅក្បែរ​វាលខាន​ពុំបាន​។ កងកម្លាំងតាម៉ុកបានឡោមព័ទ្ធនៅទីនោះ យើងបានអញ្ជើញ ប៉ុល ពត ទីប្រឹក្សា និងមេទ័ពនៅទីនោះដោយគួរសមថា៖ «យើងខ្ញុំសូមអញ្ជើញអ៊ំឲ្យត្រឡប់ទៅជាមួយយើងវិញ។ តាម៉ុក ចង់ជួបជាមួយអ៊ំ»។ នៅពេលនោះ ប៉ុល ពត ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៩៧។

រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៧ ប៉ុល ពត និងមេទ័ពសំខាន់ៗមួយចំនួនត្រូវបានតាម៉ុកយកទៅកាត់ទោសចំពោះមុខតុលាការប្រជាជននៅរោងចំណតឡានមួយកន្លែង​ក្បែរច្រកជាំ-សាង៉ាំ។ ក្នុងដំណើរការនេះ​មានប្រជាជនចូលរួមប្រមាណ៤០០ទៅ៥០០នាក់ និងកងទ័ពប្រហែល១០០នាក់ដែរ។ ប៉ុល ពត ត្រូវបានកាត់ទោសពីបទសម្លាប់សុន សេន និងប៉ុនប៉នសម្លាប់តាម៉ុក ព្រមទាំងបំផ្លាញកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាតិរវាងតាម៉ុក និងហ្វ៊ុនស៊ិនប៉ិច។ បន្ទាប់មក ប៉ុល ពត បានស្លាប់នៅក្នុងខ្ទមមួយកន្លែង ហើយបានបូជានៅក្បែរនោះ (ចម្ងាយប្រមាណជិត៣០០០ម៉ែត្រពីច្រកអន្ដរជាតិជាំ-សាង៉ាំ)។
ផ្នែកចុងក្រោយនៃវេទិកាថ្នាក់រៀន ទាក់ទងនឹងដំណើរការនៃការផ្សះផ្សានៅកម្ពុជាមុនពេលបង្កើតតុលាការខ្មែរក្រហម។ នៅក្នុងផ្នែកនេះ គឺបង្ហាញអំពីទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត, ទិវាចងចាំថ្ងៃទី២០ ខែឧសភា, ញាតិរណសិរ្សថ្កោលទោសរបបខ្មែរក្រហម, ច្បាប់ស្ដីពីការដាក់ខ្មែរក្រហមឲ្យនៅក្រៅច្បាប់ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៤។ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលខ្មែរក្រហមបានធ្វើពហិកាមិនព្រមចូលរួមក្នុងការបោះឆ្នោត, គោលនយោបាយឈ្នះ ឈ្នះ៖ ការធានាអាយុជីវិត ទ្រព្យសម្បត្ដិ និងតួនាទី និងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ និងទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបខ្មែរក្រហម នៅក្នុងតុលាការខ្មែរក្រហម។

នៅក្នុងវេទិកាថ្នាក់រៀនេះ សិស្សានុសិស្សមានការចាប់អារម្មណ៍ និងចង់ចេះចង់ដឹងបន្ថែមទៀតទាក់ទងទៅនឹងឬសគល់នៃសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការសម្លាប់អ្នកចេះនៅក្នុងរបបខ្មែរក្រហមអស់ជិត២លាននាក់។


សារមន្ទីរអតីតផ្ទះតាម៉ុក មាន​ដាក់បង្ហាញពិព័រណ៌រូបថតចំនួន​១០០សន្លឹក ដោយ​មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបភាពដោយ មេក វិន & សួត វិចិត្រ បណ្ណសារមជ្ឈមណ្ឌល​ឯកសារកម្ពុជា

Full report