ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនាំសិស្សានុសិស្សទស្សនាពិព័រណ៍រូបថតនៅក្នុងជំនាន់ខ្មែរក្រហម
ក្រុមការងារធ្វើបទបង្ហាញចំណងជើងពិព័រណ៍រូបថត នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង (អតីតផ្ទះប្រជុំតាម៉ុក លើខ្នងភ្នំដងរែក) ដល់សិស្សានុសិស្ស
ទស្សនកិច្ចសិក្សា«ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
ដោយ មេក វិន
មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានរៀបចំទស្សនកិច្ចសិក្សា«ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ» ដោយមានការចូលរួមពីសិស្សានុសិស្ស ចំនួន១៨នាក់ (ប្រុសចំនួន៨នាក់ និងស្រីចំនួន១០នាក់)នៃបឋមសិក្សាអូរគ្រញូង ។
ដំណើរទស្សនកិច្ចនេះបានចាប់ផ្ដើមឡើងដោយការធ្វើបទបង្ហាញអំពី ពិព័រណ៍រូបថតប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅបរិវេណអតីតផ្ទះប្រជុំតាម៉ុកនៅលើខ្នងភ្នំដងរែក ដែលបច្ចុប្បន្នត្រូវបានប្រែក្លាយជាមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។
នៅក្នុងបទបង្ហាញនេះ សិស្សានុសិស្សក៏បានចូលរួមនៅក្នុងការពិភាក្សា និងចោទជាសំណួរអំពីមូលហេតុដែលនាំឲ្យខ្មែរក្រហមសម្លាប់ប្រជាជន អំពីថាតើកុមារបានអាចរស់នៅជួបជុំឪពុកម្ដាយដែរឬទេ អំពីមូលហេតុដែលកុមារមិនបានរៀនសូត្រ ហើយត្រូវបង្ខំឲ្យធ្វើការដូចមនុស្សធំទៅវិញ។
នៅក្នុងផ្នែកពិភាក្សានេះ សិស្សានុសិស្សមួយចំនួននៅក្នុងក្រុម បានគិតទៅដល់រឿងតំណាលរបស់ឪពុកម្ដាយ ជីដូនជីតា របស់ខ្លួនដែលបានរៀបរាប់ពីទុក្ខលំបាក ការវាយធ្វើបាប កាប់សម្លាប់ នៅក្នុងជំនាន់ខ្មែរក្រហម ដែលកើតចេញពីភាពស្អប់ខ្ពើម អំពើហិង្សា និងការរើសអើងគ្នាដោយសារតែភាពខុសគ្នានៃពណ៌សម្បុរ សាសន៍ សាសនា ឬនិន្នាការនយោបាយ។
បន្ទាប់មក សិស្សានុសិស្សក៏បានបន្តដំណើរចូលទៅទស្សនាពិព័រណ៍រូបថតផ្ទាល់នៅអតីតផ្ទះប្រជុំតាម៉ុក ដែលក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងបានដាក់តាំងនៅទីនោះ។ ពិព័រណ៍រូបថត ដែលបានដាក់តាំងនៅក្នុងនោះ បង្ហាញអំពីមេដឹកនាំកំពូលៗខ្មែរក្រហម និងរូបថតទាហានខ្មែរក្រហមបានចុះចូលជាមួយកងទ័ពរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅតំបន់អន្លង់វែង។ ទន្ទឹមនឹងនេះ ក្រុមការងារ បានលើកយកសៀវភៅចំនួនពីរក្បាលដែលមានចំណងជើងថា «ទស្សនាវដ្ដីស្វែងរកការពិត (លេខពិសេស) និងរបាយការណ៍ស្ដីពី ស្រ្តីនៅក្នុងស្រុកអន្លង់វែង ឲ្យសិស្សានុសិស្សអាន ដើម្បីបន្តការសន្ទនា។ បន្ទាប់ពីបានអានសៀវភៅទាំងពីររួចរាល់ ក្រុងការងារ ក៏បានផ្ដល់ឪកាសដល់សិស្សានុសិស្សក្នុងការសួរសំណួរដែលខ្ញុំចង់ដឹងបំផុតទាក់ទងនឹងរបបខ្មែរក្រហម។
នៅផ្នែកចុងបញ្ចប់សិស្សានុសិស្សបានសម្ដែងនូវចំណាប់អារម្មណ៍របស់ខ្លួន រួមទាំងការយល់ដឹងពីតំបន់ប្រវត្តិសាស្រ្តដែលបានបន្សល់ទុកពីសម័យខ្មែរក្រហមនៅលើភ្នំដងរែកដូចជា បានស្គាល់ទីតាំងបូជាសព ប៉ុល ពត, កន្លែងកាត់ទោស ប៉ុល ពត, ផ្ទះ សុន សេន (នៅខាងក្រោយសាលាបឋមសិក្សាអូរគ្រញូង), អតីតផ្ទះប្រជុំតាម៉ុក (បច្ចុប្បន្ន ប្រែក្លាយជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង), ទីតាំងសម្លាប់កូនស្រី សុន សេន និងផ្ទះលាក់ខ្លួន ប៉ុល ពត នៅក្បាលទន្សោង។
ទីតាំងទាំងអស់នេះ ភាគច្រើនសិស្សានុសិស្សបានស្គាល់តាមឪពុកម្ដាយ និងអ្នកខ្លះទៀតបានទៅដល់ទីតាំងផ្ទាល់ ដោយសារទីតាំងទាំងអស់នេះស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបានធ្វើដំណើរឆ្លងកាត់ទៅមករាល់ថ្ងៃ។ បន្ថែមពីនេះ សិស្សានុសិស្សទាំងអស់ នៅតែចង់ចូលរួមសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ជារៀងរាល់ខែ ដើម្បីទទួលបានចំណេះដឹងថ្មីៗក្នុងការត្រៀមខ្លួនឡើងទៅថ្នាក់អនុវិទ្យាល័យ៕
សកម្មភាពសិស្សានុសិស្សអាន «របាយការណ៍ស្ដីពី ស្រ្តីនៅស្រុកអន្លង់វែង និងទស្សនាវដ្ដី ស្វែងរកការពិត (លេខពិសេស) »
Photos by Mek Ven and Sout Vichet
Documentation Center of Cambodia Archives
Full report