ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន៦នាក់ (ស្រី២) ទទួលវគ្គបណ្តុះបណ្តាល នៅផ្ទះសហគន៍ភូមិក្តុលលើ បន្ទាប់ពីវេទិកាថ្នាក់រៀន។ វគ្គបណ្តុះបណ្តាលស្តីពី ប្រវត្តិសាស្ត្រប្រទសកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)
ជាកិច្ចចាប់ផ្តើម លោក ឈុំ រ៉ា ណែនាំខ្លួន និងក្រុមការងារ ដល់សិស្សានុសិស្សអំពីផ្ទះសហគមន៍ភូមិក្តុលលើ ដែលចាប់ផ្តើមជួលជុលនៅខែមីនា ឆ្នាំ២០២៤ បានបញ្ចប់ទាំងស្រុងនៅដើមខែកញ្ញា ឆ្នាំ២០២៤ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ផ្ទះសហគមន៍ភូមិក្តុលលើ ជាអំណោយលោកយាយ ម៉ែន ច្រាញ់។ ផ្ទះសហគមន៍ភូមិក្តុលលើ ត្រូវបានរចនាបទឡើងដោយនិស្សិតស្ថាបត្យកម្មឆ្នាំទី៥ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន២រូប គឺ លោក វន រ័ត្នវិសាល និង កញ្ញា លឹម វណ្ណសូលីហ្សា។ លោកបានបន្តទៀតថា នៅផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលគរុភណ្ឌស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម មានឯកជាច្រើនដែលទាក់ទង ជាមួយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ប្រសិនបើប្អូនៗត្រូវការឯកសារស្រាវជ្រាវអាចទាក់ទងមកក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ឬមករកដោយផ្ទាល់បាន។
លោក ឈុំ រ៉ា ណែនាំផ្ទាំងពិព័រណ៍ធំៗចំនួន៤ នៅខាងលើផ្ទះសហគមន៍ភូមិក្តុលលើ៖
១)ចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សម្តេចតេជោ ហ៊ុន សែន។
២)អនុវត្តយុទ្ធសាស្ត្រគន្លឺះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមដោយអនុវត្ត “នយោបាយ ឈ្នះ ឈ្នះ”។
៣)កិច្ចប្រជុំពិសេសនិមិត្តរូបរវាងឪពុក និងកូន ក្នុងដំណើរដែលសម្រេចបានសន្តិភាពពេញលេញនៅកម្ពុជា។
៤)ការងារមនុស្សធម៌ និងសង្គ្រោះ
ជាកិច្ចបន្តលោក ឈុំ រ៉ា បានធ្វើការណែនាំ អំពីផ្ទាំងរូបភាពអ្នកទោសនៅក្នុងគុកទួលស្លែងចំនួន៩ផ្ទាំង ពិព័រណ័ព្រះឆាយាល័ក្ខណ៍ដែលនិយាយពីកំណត់ហេតុរបស់ ព្រះមហាក្សត្រីនរោត្តម មនិនាថ សីហនុ ព្រះវររាជបិតាជាតិខ្មែរ យាងព្រះដំណើរទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិក្នុងឆ្នាំ១៩៧៣ និងពិព័រណ៍សៀវភៅ។
លោក ឈុំ រ៉ា បែងចែកសិស្សនុសិស្សជាពីរក្រុម ដើម្បីពិភាក្សាលើប្រធានបទដូចខាងក្រោមៈ
• ការបង្កើតសហករណ៍
• វណ្ណៈសង្គមថ្មីពីរ
• ពិធីរៀបការ
• ការរំលោភលើសិទ្ធិ និងពលកម្មរបស់កុមារ
• ការបង្ខំឱ្យធ្វើការជាទម្ងន់
• បន្សុទ្ធកម្ម និងការសម្លាប់រង្គាល។
ការងារក្រុម
ក្រុមទី១៖ វ៉ិច កុងលីដា, ជា ដាណៃ និង នឿន នីន
១.ការបង្កើតសហករណ៍៖ ការបង្កើតសហករណ៍ត្រូវបានរៀបចំឡើង ដើម្បីឲ្យមនុស្សចេះ
• ជួយខ្លួនឯងដោយមិនពឹងផ្អែកអ្នកដទៃ ពោលគឺចេះជួយខ្លួនឯង
• ការបង្កើតសហករណ៍នេះអំឡុងពេលមានសង្គ្រាមស៊ីវិល ពីឆ្នាំ១៩៧០-១៩៧៥ ប្រជាជនភាគច្រើនដែលរស់នៅតាមតំបន់រំដោះរបស់ខ្មែរក្រហម ត្រូវបានរៀបចំឱ្យទៅជា “ក្រុមប្រវាស់ដៃ” ដែលមានសមាជិកពី១០ទៅ៣០គ្រួសារក្នុងមួយក្រុម ។
• ទោះជាយ៉ាងនេះក៏ដោយ ចាប់ពីឆ្នាំ១៩៧៣ និង ជាពិសេសបន្ទាប់ពីជ័យជម្នះឆ្នាំ១៩៧៥ ក៏ក្រុមប្រវាស់ដៃត្រូវបានរៀបចំឱ្យទៅជា “សហករណ៍កម្រិតទាប ដែលមានសមាជិកពី៣០០ទៅ៤០០នាក់ ឬភូមិមួយទាំងមូល។ រហូតដល់ឆ្នាំ១៩៧៧ សហករណ៍កម្រិតទាប ត្រូវបានរៀបចំឡើងវិញឱ្យក្លាយទៅជា “សហករណ៍កម្រិតខ្ពស់” ដែល រួមមាន១ពាន់គ្រួសារក្នុងសហករណ៍នីមួយៗ ឬក៏ឃុំមួយទាំងមូល។
• ការបង្កើតសហករណ៍ ដែលជាផ្នែកមួយនៃដំណើររបស់មេដឹកនាំបក្សកុម្មុយនីស្តកម្ពុជា ឆ្ពោះទៅលុបបំបាត់ចោល កម្មសិទ្ធិឯកជន និងរបបមូលធននិយម និងដើម្បីពង្រឹងវណ្ណៈកម្មករនិងកសិករ។
អត្ថន័យសហករណ៍របស់ខ្មែរក្រហមមានន័យថា ប្រជាជន រស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា ហូបចុកជាមួយគ្នា និងចែករំលែកការកម្សាន្តជាសមូហភាព។ គោលការណ៍នេះ ធ្វើឱ្យមានការដាក់កំហិត យ៉ាងតឹងរ៉ឹងទៅលើជីវិតជាគ្រួសារ។ គ្រួសារខ្មែរធ្លាប់រស់នៅហូបចុកជាមួយគ្នាអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដូច្នេះការបង្ខំប្រជាជនឱ្យ ហូបរួមគ្នានៅក្នុងសហករណ៍ ជាពិសេសនៅពេលដែលមានការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំងបែបនេះ គឺជាទង្វើមួយឃោរឃៅខ្លាំងណាស់។ ជាងនេះទៅទៀត ប្រជាជនត្រូវប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ ដែលជាមធ្យោបាយផលិតកម្មសំខាន់ៗដាក់ជាសម្បត្តិរួមរបស់សហករណ៍ ដែលមានដូចជា ៖ ឧបករណ៍ប្រើប្រាស់ គោក្របី នង្គ័ល រនាស់ គ្រាប់ពូជ និងដីស្រែជាដើម។
២.វណ្ណៈសង្គមថ្មីពី៖ ខ្មែរក្រហមបានបែងចែកវណ្ណៈថ្មីពីរនៅក្នុងប្រទេសគឺ “ប្រជាជនមូកដ្ធាន”និង”ប្រជាជនថ្មី”
• ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ គឺជាអ្នកទាំងឡាយណាដែលរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកុម្មុយនីស្តកម្ពុជា នៅមុនថ្ងៃ១៧ មេសា ១៩៧៥។ ខ្មែរក្រហមបានបែងចែកអ្នកទាំងនេះ ជាប្រជាជនពេញសិទ្ធិឬប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិ គឺអ្នក ទាំងឡាយណាដែលមិនមានបងប្អូនធ្លាប់ធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ ហើយជាសមាជិកនៃគ្រួសារក្រីក្រ ឬគ្រួសារកម្រិតកណ្តាលថ្នាក់ក្រោម (កសិករនិងកម្មករ)។
• ប្រជាជនថ្មី ឬប្រជាជន១៧មេសា គឺជាអ្នក ទាំងឡាយណាដែលត្រូវបានជម្លៀសចេញពីទីក្រុង ឬទីប្រជុំជននានា នៅខែមេសា ឆ្នាំ១៩៧៥។ ទោះជា យ៉ាងដូច្នេះក៏ដោយ ប្រជាជនថ្មីភាគច្រើន គឺជាអ្នកដែលធ្លាប់រស់នៅជនបទហើយបានរត់ភៀសខ្លួនមកកាន់ទីក្រុងដើម្បីគេចពីសង្គ្រាម។ ប្រជាជនថ្មី ត្រូវបានចាត់ទុកថាជាមនុស្សដែលមិនអាចជឿទុកចិត្តបាន ហើយទទួលការស្អប់ខ្ពើម និងការសង្ស័យពីសំណាក់ អង្គការខ្មែរក្រហម។ អ្នកទាំងនេះ ត្រូវបានអង្គការចាត់ទុកថាជា “ជនបញ្ញើក្អែក” ដែលគ្មានសិទ្ធិអ្វីទាំងអស់ ដូចដែលពាក្យស្លោកខ្មែរ ក្រហមមួយឃ្លាបានអះអាងថា “ពួក១៧មេសាជាជនបញ្ញើក្អែក។
៣.ពិធីរៀបមង្គលការ៖ ពិធីរៀបមង្គលការនាសម័យខ្មែរក្រហម (ឬវិធីបើកវគ្គ)ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខុសគ្នាទាំងស្រុងពីមង្គលការតាមទណនៀមទម្លាបើប្រពៃណីខ្មែរ។កូនកំលោះក្រមុំទាំងអស់ត្រូវបានរៀបចំក្នុងពីធីតែមួយដែលមានចំនួនពី៣គូទៅ១០គូក្នុងពិធីតូចហើយពី៣០គូទៅ៥០គូរហូតដល់១០០គូក្នុងពិធីនីមួយៗគូនីមួយៗត្រូវបានចាត់តាំងដោយអង្គការអ្នកខ្លះមិនដែលស្គាល់គ្នាផងមិនដឹងថាមុខមុនគូស្រកររបស់ខ្លួនផងរហូតដល់ពេលប្រារពេពិធីតែម្ដង។
នារីមួយចំនួនត្រូវបានបង្ខំឲ្យរៀបការជាមួយយុវជនេពិការដាច់ដៃឬដៃជើងម្ខាងដែលរងរបួសក្នុងពេលសង្គ្រាម នារីខ្លះដែលជួបប្រទះហេតុការណ៍បង្ខំបែបនេះបានធ្វើអត្តឃានខ្លួន។
នៅថ្ងៃរៀបការ បុរសនារីទាំងអស់ឈរជាពីរជួរ។ បន្ទាប់មក ប្រធានភូមិបញ្ជាឱ្យអ្នកទាំងនេះចាប់ដៃគ្នាហើយធ្វើការប្តេជ្ញាថា នឹងរួមរស់ ជាមួយគ្នាអស់មួយជីវិត។ នេះបញ្ជាក់ថាបុរសនារីទាំងអស់នោះបានរៀបការរួចហើយ។ ពិធីដ៏ខ្លីនេះត្រូវបញ្ចប់បន្ទាប់ពីការហូបអាហារបន្តិច បន្តួចរួច។
បន្ទាប់ពីរៀបការហើយ ប្តីប្រពន្ធបានទទួលការអនុញ្ញាតឱ្យរស់នៅជាមួយគ្នាតែពីរ-បីថ្ងៃប៉ុណ្ណោះ ហើយបន្ទាប់មកត្រូវទៅធ្វើការតាម ក្រុមរៀងៗខ្លួនវិញ។ ប្តីប្រពន្ធមួយចំនួន ទទួលបានការអនុញ្ញាតឱ្យមកជួបមុខគ្នាក្នុងរវាងពីប្រាំពីរទៅដប់ថ្ងៃម្តង។
ក្រុមទី២៖ ដា ម៉េងហ៊ាង , ងឿន ស្រនាង និង ណាត ចន្ធូ
១) ការរំលោភលើសិទ្ធិ និងពលកម្មរបស់កុមារ៖ កុមារត្រូវបញ្ជូនឲ្យទៅរៀននៅក្រោមដើមឈើ ឬនៅក្រោមផ្ទះប្រជាជន ដោយមិនមានកន្លែងរៀនត្រឹមត្រូវ ហើយពួក ខ្មែរក្រហមមានន័យថា” អង្គការគ្មានទេសញ្ញាប័ត្រ មានតែសញ្ញាឃើញ ហើយបើចង់បានបាក់អង បាក់ឌុប ត្រូវទៅយក នៅត្រនប់ប្រឡាយ” ហើយនិយាយទៀតថា “ ការរៀនលេខ រៀនអក្សរ មិនសំខាន់ទេការសំខាន់គឺការធ្វើការងារ និងចលនាបដិវត្តន៍”។ ក្មេងៗត្រូវជ្រើសរើសឲ្យទៅចូលរួមវគ្គហ្វឹកហ្វឺន មនោគមន៍វិជ្ជា ដើម្បីអាចបម្រើក្នុងជួរកងទ័ព កងការពារ ឬនិរសាបាន។ ការងាររបស់កុមារគឺ ការដើររើសអាចម៌គោ កាត់ដើមទន្រទានខែត្រ ប្រមូលលាមកមនុស្ស ដើម្បីធ្វើជាជី និងជញ្ជូនអាវុធទៅសមភូមិ។ កុមារ ត្រូវជឿនិងគោរព អង្គការដូចជាអ្នកមានគុណ។
២) ការបង្ខំឲ្យធ្វើការជាទម្ងន់៖ ប្រជាជនស្ទើរតែគ្រប់រូប ត្រូវធវើការងារលើសពី១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយ សប្ដាហ៍ដោយគ្មានពេលសម្រាកឬទទួលទានអាហារមិនបានគ្រប់គ្រាន់។ ប្រជាជនគ្រប់ឬូបនៅក្នុងរបបបកម្ពុជាប្រជា ធិបតេយ្យ ត្រូវបានចាត់តាំងឲ្យធ្វើការងារទាំងអស់ កុមារជំទង់ៗត្រូវបានអង្គការបញ្ជូនឲ្យជីកប្រឡាយ ឬអាងស្តុកទឹក លើកទំនប់ កាប់ឈើធ្វើផ្ទះ រានដី ដើម្បីធ្វើស្រែ ចំការ ក៏ដូចជាដាំដំណាំ និងច្រូតកាត់ស្រូវ។ បុរសស្រ្តី ដែលបក្សទុកចិត្តប្រហែលជា២ពាន់នាក់ ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅរោងចក្រនៅឯទីក្រុងភ្នំពេញ។ ប្រជាជនដែល ប្រព្រឹត្តិកំហុសត្រូវបានអង្គការយកទៅសម្លាប់ចោល។
៣) បន្សុទ្ធកម្ម និងការសម្លាប់រង្គាល៖ ខ្មែរក្រហមតែងតែស្រាវជ្រាវរកចាប់ខ្មាំង ហើយជឿជាក់ថាខ្មាំងមាននៅគ្រប់ ទីកន្លែងទាំងអស់ទូទាំងប្រទេស។ នៅចុងឆ្នាំ១៩៧៧ បន្ទាប់ពីប៉ុល ពតវិលត្រឡប់មកពីប្រទេសចិនវិញ កងទ័ព វៀតណាមបានវាយចូលប្រទេសកម្ពុជាភូមិភាគបូព៌ា។ កម្មាភិបាលភូមិភាគបូព៌ាត្រូវបានអង្គការចោទថាចូលដៃជើងជា មួយវៀតណាម។ បន្សុទ្ធកម្មដ៏សាហាវយង់ឃ្នង់បំផុតនៅក្នុងភូមិភាគនេះ បានកើតឡើងនៅឆ្នាំ១៩៧៨ បន្ទាប់ពីកង ពលមួយចំនួននៃភូមិភាគនេះ បានចូលធ្វើការបះបោរប្រឆាំង និងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ ក្រោយកងទ័ព បះបោរ មនុស្សប្រហែលជា១សែននាក់ ក្នុងភូមិភាគបូព៌ាត្រូវបានសម្លាប់ និងបានស្លាប់នៅក្នុងសមភូមិ។ នៅសម័យ សង្គមរាស្រ្តនិយម មានគ្រួសារជនជាតិចាមរាប់ពាន់គ្រួសារដែលត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម។
ចំណាប់អារម្មណ៍
១)វ៉ិត កុងលីដា ភេទប្រុស អាយុ ១៧ ថ្នាក់ទី១១ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ ក្រោយពីចប់វគ្គបណ្តុះបណ្តាលនេះ ខ្ញុំទទួលបានចំណេះដឹងពីក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ជាពិសេសក្រុមខ្ញុំទទួលបាន ប្រធានបទ “ការបង្កើតសហករណ៍” ។ ការបង្កើតសហករណ៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) មានគុណសម្បត្តិ និង គុណវិបត្តិ៖
• គុណសម្បត្តិៈ គឺបង្រៀនឱ្យចេះពឹងខ្លួនឯង រស់នៅជាខ្លួនឯង ដើម្បរស់រានទៅមុខ ពោលយើងធ្វើទើបទទួលបានលទ្ធផលជារបស់ខ្លួន មិនពឹងផ្អែកលើកអ្នកដទៃ។ល។
• គុណវិបត្តិៈ គឺយើងឃើញថា មានការតឹងរឹងយ៉ាងខ្លាំងនៅលើបុគ្គល និងគ្រួសារ។ ពោលគឺបែកបាក់គ្រួសារ កូនៗ ព្រាត់ប្រាស់ឪពុក ម្តាយ។ ខ្មែរក្រហមដាក់តាមសហករណ៍រៀងៗខ្លួន។ មេដឹកនាំខ្មែរក្រហមចាត់តាំងទៅបម្រើការងារ ហើយសម្លាប់យ៉ាងរង្គាលមិនគិតពីអាយុជីវិតមនុស្ស។ ខ្មែរក្រហមចង់សម្លាប់មនុស្ស ផ្អែកលើហេតុផលផ្សេងៗ ដោយគ្មានការពិចារណា។
ខ្ញុំពិតជាមានសេចក្តីត្រេកអរចំពោះការបង្រៀននៅផ្ទះសហគមន៍ភូមិក្តុលលើ នៃមជ្ឈមណ្ឌលឯកសារកោះថ្ម ហើយបងៗ ក្រុមការងាររួសរាយរាក់ទាក់ ចាំទទួលសិស្សានុសិស្សយ៉ាងកក់ក្តៅ។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានបង្រៀនពីប្រវត្តិសាស្ត្រនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ សូមអរគុណក្រុមការងារទាំងអស់គ្នា!
២)នឿន នីន ភេទប្រុស អាយុ ១៧ឆ្នាំ ថ្នាក់ទី១១ មកពីវិទ្យាល័យ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ ខ្ញុំពិតជាសប្បាយដែលបានមកសក្សាអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំពើប្រល័យពូជសាសន៍ ធ្វើឱ្យខ្ញុំបានដឹងពីប្រវត្តិសាស្ត្រកាន់តែច្បាស់។ ខ្ញុំបានស្គាល់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រជាជនរងទុក្ខវេទនា ធ្វើឱ្យប្រទសធ្លាក់ក្នុងភាពក្រីក្រ។ ទោះជាយ៉ាងណាក៏ខ្មែរយើងបានរួចផុតពីរបបប្រល័យពូជសាសន៍នេះ។
៣)ជា ដាណៃ ភេទប្រុស អាយុ ១៧ឆ្នាំ ថ្នាក់ទី១១ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មទទួលស្វាគមន៍ និងបង្រៀនពីប្រវត្តិសាស្ត្រខ្មែរក្រហម ធ្វើយើងខ្ញុំមានចំណេះដឹងកាន់តែស៊ីជម្រៅ។ មកទីនេះ ខ្ញុំទទួលបានបទពិសោធន៍ថ្មីៗ បានយល់ដឹងពីចំណុចខ្វះខាតខ្លួនទៅបំពេញបន្ថែម។ ជាពិសេសក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានផ្តល់ភាពកក់ក្តៅ និងស្វាគមន៍យ៉ាងជិតស្និទ្ធ ធ្វើឱ្យយើងខ្ញុំសប្បាយចិត្តចង់មកសិក្សា និងអានសៀវភៅនៅទីនេះម្តងទៀត។
៤)ឈ្មោះ ណាត ចន្ធូ ភេទស្រី ថ្នាក់ទី១១ ”ខ” មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ។ ក្នុងនាមយើងជាប្រជាជនខ្មែរ ឬជាសិក្សានុសិស្សមួយរូបគិតថារបបខ្មែរក្រហម ឬក៏របបកម្ពុជាប្រជាធិបតេយ្យជារបបមួយដ៏ឃោរឃៅដែលមិនអាចបំភ្លេច ហើយបានធ្វើឲ្យមានទុក្ខសោកនាដកម្មមួយដល់ជូរចត់ប្រពន្ធព្រាត់ប្ដី ម្ដាយព្រាត់កូន បន្សល់ទុកជនពិការ ស្រ្ដីមេម៉ាយ និងកុមារកំព្រា។ នៅពេលដែលខ្ញុំបានសិក្សាអំពីប្រវត្តិសាស្រ្ដក្នុងរបបខ្មែរក្រហម និងថ្នាក់ដឹកនាំដែលប្រឆាំងនិងកងទ័ពខ្មែរក្រហមរួចមកធ្វើឲ្យយើងដឹងអំពីការលះបង់ និងការតស៊ូរបស់ពួកគាត់។
បន្ទាប់ពីបានទស្សនកិច្ចអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យរួចហើយ ធ្វើឲ្យយើងបានស្គាល់និងយល់កាន់តែច្បាស់ជាងមុន។ ខ្ញុំទទួលបានចំណេះដឹងកាន់តែច្រើនថែមទៀតពីប្រវត្តិសាស្រ្ដក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
៥)ឈ្មោះ ងឿន ស្រីនាង ភេទស្រី ថ្នាក់ទី១១ ”គ” មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ។ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបមានអារម្មណ៍ថានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬក៏របបខ្មែរក្រហមនេះពិតជាឃោរឃៅសម្រាប់ប្រជាជនខ្មែរ ពីព្រោះខ្មែរក្រហមឲ្យប្រជាជនធ្វើការងារគ្មានពេលឈប់សម្រាកទេ។ ខ្មែរក្រហមបានធ្វើទារុណកម្មប្រជាជន បំបែកបំបាក់ចេញពីក្រុមគ្រួសារមិនឲ្យជួបជុំម៉ែឪបងប្អូនទេ។
ដូច្នេះ បច្ចុប្បន្ននេះប្រទេសជាតិយើងមានសេរីភាពវិញ។ ក្នុងនាមយើងជាសិក្សានុសិស្សមានឳកាសបានរៀនសូត្រយើងត្រូវខិតខំរៀនសូត្រធ្វើយ៉ាងណាកុំឲ្យអតីតកាលដ៏អាក្រកនេះត្រឡប់មកវិញ។ នៅថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានមកសិក្សាបន្ថែមពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩) ហើយជាចុងក្រោយខ្ញុំចង់ឲ្យមានដំណើរទស្សនកិច្ចនៅគុកទួលស្លែងដើម្បីឲ្យបានមើលឃើញពីកន្លែងធ្វើទារុណកម្មដ៏ឃោរឃៅព្រៃផ្សៃនោះ។
៦)ឈ្មោះ ដា ម៉េងហ៊ាង ភេទប្រុស ថ្នាក់ទី១១ ”គ” មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ។ ក្នុងនាមខ្ញុំជាសិក្សានុសិស្សមួយរូបមានអារម្មណ៍ថារបបកម្ពុជាប្រជាធិបតេយ្យជារបបមួយដល់ឃោរឃៅដែលមិនអាចបំភ្លេច ហើយបានបន្សល់ទុក ទុក្ខសោកដូចជាប្ដីព្រាត់ពីប្រពន្ធ កូនព្រាត់ម្ដាយ ស្រ្ដីមេម៉ាយ ជនពិការ និងកុមារកំព្រា។ ខ្ញុំពិតជាសោកស្ដាយចំពោះប្រជាជនខ្មែរដែលបានជួបប្រទះនិងរឿងដ៏ឃោរឃៅបែបនេះ។
បន្ទាប់ពីបានចូលរួមទស្សនកិច្ចសិក្សាខ្ញុំយល់ដឹងអំពីប្រវត្តសាស្រ្ដក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានច្បាស់ ហើយក៏ឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ដូច្នេះក្នុងនាមខ្ញុំជាយុវជនចង់ស្នើសុំឲ្យក្រុមការងាររបស់មជ្ឈមណ្ឌាឯកសារកម្ពុជា ឬមជ្ឈមណ្ឌលឯកសារកោះថ្មមានដំណើរទស្សនកិច្ចសិក្សាជារៀងរាល់ខែសម្រាប់ឲ្យសិក្សានុសិក្សានៃវិទ្យាល័យក្ដុលផ្សារចូលរួម។ ជាពិសេសមានកម្មវិធីឬដំណើរទស្សនកិច្ចនៅគុកទួលស្លែង និងតំបន់ដែលខ្មែរក្រហមចាប់ផ្ដើមបង្កើតដំបូងគេបង្អស់ និងកន្លែងផ្សេងៗទៀត។
រាយការណ៍ដោយ៖ ម៉ាប់ ស៊ីណា, វី ស៊ីថា, វន បុប្ផា, និង ឈុំ រ៉ា
Photos by Vy Sitha and Chhum Ra
January 29, 2025
Documentation Center of Cambodia Archives