Home / Post

Veal Veng Reconciliation Center: សកម្មភាពសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ មកអានសៀវភៅ និងពិភាក្សាចំណេះដឹងអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិតេយ្យ(១៩៧៥-១៩៧៩)។ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

វេលាម៉ោង៩:០០ នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សិស្សានុសិស្សចំនួន៥នាក់ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ ជាសិស្សទី១០និងថ្នាក់ទី១១ (ស្រីចំនួន៤នាក់) ដើម្បីមកអានសៀវភៅក្នុងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងពិភាក្សាចំណេះដឹងដែលបានសិក្សាក្នុងពេលចូលរួមវេទិកាថ្នាក់រៀន ស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) លើកប្រធានបទ៖ ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងជម្លៀសដោយបង្ខំដំណាក់កាលទី២និងទី៣ និយមន័យអំពើប្រល័យពូជសាសន៍ និងទប់ស្កាត់អំពើឃោរឃៅធ្ងន់ធ្ងរ ដែលលោកគ្រូ ឡុង ដានី បានធ្វើបទបង្ហាញកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ សប្ដាហ៍មុន។
មុនកិច្ចពិភាក្សា មឿន ស្រីណុច បានសួរសំណួរទៅកាន់សិស្សានុសិស្សទាំង៥នាក់ថា បន្ទាប់ពីបានចូលរួមក្នុងវេទិកាថ្នាក់រៀន ស្ដីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) កាលពីសប្ដាហ៍មុន តើប្អូនៗនៅចងចាំអ្វីខ្លះពីរបបខ្មែរក្រហម?
១/ ពឿន ឃុននូ ភេទស្រី បានចងចាំ៖
• ការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
• ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញប្រហែល២លាននាក់ ទៅរស់នៅតាមជនបទ
• ប្រជាជនគ្មានអាហារហូបគ្រប់គ្រាន់។
២/ គង់ ស្រីណែត ភេទស្រី បានចងចាំ៖
• ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច ព្រះបាទនរោត្តម សីហនុ
• ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយបែកទីក្រុងភ្នំពេញ
• ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ
• ខ្មែរក្រហមបានសម្លាប់ ទាហាន លន់ នល់ នៅទួលពោធិ៍ជ្រៃ។
៣/ ចក់ ចំរ៉ុង ភេទប្រុស បានចងចាំ៖
• ប្រជាជននៅទីក្រុងភ្នំពេញបានអប់អរសារទរ នៅពេលខ្មែរក្រហមចូលទៅដល់ទីក្រុងភ្នំពេញ
• ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ
• ការសម្លាប់ ទាហាន លន់ នល់ នៅតំបន់ទួលពោធិ៍ជ្រៃ
• សំណុំរឿង០០១ និងសំណុំរឿង០០២។
៤/ ប៉ែត ស្រីឌៀន ភេទស្រី បានចងចាំ៖
• ប្រជាជនបានជួបទុក្ខលំបាកយ៉ាងខ្លាំងនៅពេល ខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ
• ខ្មែរក្រហមបានជម្លៀសប្រជាជនមាន៣ដំណាក់កាល
• ប្រជាជនភូមិភាគបូព៌ា ត្រូវបានខ្មែរក្រហមចោទប្រកាន់ថា(ក្បាលយួនខ្លួនខ្មែរ)។
៥/ យ៉ាន ស្រីមុំ ភេទស្រី បានចងចាំ៖
• ប្រជាជនជាច្រើននាក់បានបែកបាក់គ្រួសារ
• កុមារមិនបានរៀនសូត្រគ្រប់គ្រាន់
• ប្រជាជនមានជំងឺ គ្មានថ្នាំឲ្យព្យាបាលឈឺរហូតដល់ស្លាប់
• ដើម្បីទប់ស្កាត់កុំឲ្យកើតមានអំពើប្រល័យពូជសាសន៍ ត្រូវបដិសេធចំពោះអំពើហិង្សា និងដោះស្រាយបញ្ហាដោយសន្តិវិធី។
ជាកិច្ចបន្ទាប់ មឿន ស្រីណុច បានសួរសំណួរទៅកាន់សិស្សានុសិស្សថា តើប្អូនចង់ដឹងអ្វីខ្លះទាក់ទងនឹងការជម្លៀសប្រជាជនដោយបង្ខំទាំងបីដំណាក់កាល និងរឿងរ៉ាវដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ?
សំណួរ
១/ តើប្រជាជនដែលខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅរស់នៅខេត្តណាខ្លះ?
២/ នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានផ្សឹកលោកសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ ខ្ញុំធ្លាប់បានឮលោកយាយប្រាប់ថា ព្រះសង្ឃត្រូវបានខ្មែរក្រហមចាប់ដកក្រចក តើវាជាការពិតឬអត់?
៣/ តើខ្មែរក្រហមបានប្រើឧបករណ៍អ្វីខ្លះ ដើម្បីធ្វើទារណ្ឌកម្មលើប្រជាជន?
៤/ តើកុមារធ្វើការងារដូចមនុស្សធំដែរឬទេ?
៥/ តើប្រជាជនមូលដ្ឋាននិងប្រជាជនថ្មីខុសគ្នាដូចម្ដេច?
៦/ តើកូនៗរបស់កម្មាភិបាលខ្មែរក្រហម ត្រូវបានប្រើឲ្យធ្វើការងារឬហូបចុកដូចកូនៗរបស់អ្នកស្រុកដែរឬទេ?
៧/ ហេតុអ្វីបានជាអង្គការនិយាយថា គ្មានទេសញ្ញាប័ត្រមានតែសញ្ញាឃើញ?
៨/ តើក្រុមកងទ័ពខ្មែរក្រហមមានអាហារហូបចុកគ្រប់គ្រាន់ដែរឬទេ?
៩/ ហេតុអ្វីបានជាអង្គការបែងចែកដីជាពីប្រភេទផ្សេងៗគ្នា?
១០/ ហេតុអ្វីបានជាខ្មែរក្រហមយកទាហាន លន់ នល់ យកទៅសម្លាប់ចោល?
បន្ទាប់ពីសួរសំណួររួច បុគ្គលិក និងអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានឆ្លើយនៅសំណួរមួយចំនួន។ ចំណែកសំណួរមួយចំនួនទៀត បុគ្គលិក និងអ្នកស្ម័គ្របានឲ្យសិស្សានុសិស្សអានសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ជំពូកទី៣ ចំណុចទី៤ (ទួលពោធិ៍ជ្រៃ) ជំពូកទី៧ គម្រោងផែនកាបួនឆ្នាំ(១៩៧៥-១៩៧៩) និងជំពូកទី៨ (ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ)។
ជាចុងក្រោយ បុគ្គលិក និងអ្នកស្ម័គ្រ បានចែកអាវរបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែងជូនដល់សិស្សានុសិស្សទាំង៥នាក់។
ចំណាប់អារម្មណ៍៖
១) ចក់ ចំរ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១ A មកពីសាលាវិទ្យាល័យហ៊ុនសែនប្រម៉ោយ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងរំភើបជាខ្លាំង នៅពេលដែលបានចូលរួមពិភាក្សាជាលើកទី២ អំពីការជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ បន្ទាប់ពិភាក្សាជាមួយបងៗដែលជាបុគ្គលិករបស់មជ្ឈមណ្ឌលផ្សះផ្សាវាលវែល ខ្ញុំទទួលបានចំណេះដឹងបន្ថែមដែលខ្ញុំមិនធ្លាប់បានដឹងពីមុនក្នុងរបបខ្មែរក្រហម ។
២) ប៉ែត ស្រីឌៀន ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ មកពីសាលាវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមសំណេះសំណាលនិងពិភាក្សាជាលើកទី២ អំពីការជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ បន្ទាប់ពីពិភាក្សាអំពីការជម្លៀសដោយបង្ខំ ខ្ញុំទទួលបានចំណេះដឹងបន្ថែមជាច្រើននិងបានសួរសំណួរជាច្រើនដែលទាក់ទងការជម្លៀសប្រជាជនចេញពីទីក្រុងទៅធ្វើការងារនៅតាមជនបទ។
៣) យ៉ាន ស្រីមុំ ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមពិភាក្សាជាលើកទី២ អំពីការជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩) ខ្ញុំទទួលបានចំណេះដឹងបន្ថែមច្បាស់ជាងមុន។
របាយការណ៍ដោយ៖ មឿន ស្រីណុច ចាន់ ណារិទ្ធ និងឡាំ ស្រីនីត

January, 24,2025
Photos By Chan Narith
Documentation Center of Cambodia Archives

Full report