Home / Post

Kampong Cham Documentation Center: Film Screening For Youths, “don’t Think I’ve Forgotten: Cambodia’s Lost Rock And Roll

មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម រៀបចំការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច: ខ្មែរបាត់បង់តន្ត្រីរ៉ក់»
សម្រាប់យុវសិស្សនៅវិទ្យាល័យ ហ៊ុន សែន ស្គន់
ដោយ លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច: ខ្មែរបាត់បង់តន្ត្រីរ៉ក់» សម្រាប់យុវសិស្សនៅវិទ្យាល័យ ហ៊ុន សែន ស្គន់ សរុបចំនួន៤០នាក់។ ការចាក់បញ្ចាំងខ្សែភាពយន្តឯកសារនេះ ធ្វើឡើងតបតាមការស្នើសុំរបស់លោក ខូវ ណារិន នាយករងនៃវិទ្យាល័យហ៊ុន សែន ស្គន់ ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកប្រវត្តិសាស្រ្តដល់យុវសិស្សទាំង៤០នាក់ដែលជាយុវសិស្សឈានមុខរបស់វិទ្យាល័យ។

ជាកិច្ចចាប់ផ្ដើម លី ដេវីត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តកំពង់ចាម និយាយបើកទទួលស្វាគមន៍ និងធ្វើបទបង្ហាញណែនាំអំពីបេសកម្ម និងកិច្ចការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅខេត្តកំពង់ចាម។ បន្ទាប់មក លី ដេវីត រៀបចំការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្ត្រីរ៉ក់» ជូនដល់យុវសិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់ ទស្សនាដើម្បីយល់ដឹងអំពីការបាត់បង់តន្រ្តីអំឡុងពេលសង្រ្គាម និងប្រវត្តិសាស្រ្តខ្មែរក្រហម។

បន្ទាប់ពីទស្សនាខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» រួចរាល់ យុវសិស្ស បង្ហាញចំណាប់ដូចខាងក្រោម៖
ស៊ង សុវណ្ណវតី យុវសិស្សរៀនថ្នាក់ទី១១នៃវិទ្យាល័យ ហ៊ុន សែន ស្គន់៖ «ក្រោយពីបានទស្សនា ភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់» រួចមក, ខ្ញុំចាប់អារម្មណ៍ត្រង់ចំណុចដែលបានលើកឡើងពីជីវិតរបស់ប្រជាជនខ្មែរនៅក្នុងសម័យខ្មែរក្រហមដែលរស់នៅយ៉ាងលំបាក ដោយរងនូវការបង្ខំឲ្យធ្វើការងារហួសកម្លាំង គ្មានពេលសម្រាក។ នៅក្នុងស្រុកជើងព្រៃដែលខ្ញុំកំពុងរស់នៅខ្ញុំឃើញមានទំបន់ទឹកធំមួយ ដែលចាស់ៗ បានប្រាប់ថាជាទំបន់តំបន់ ហើយទំបន់នេះត្រូវបានលើកឡើងដោយកម្លាំងមនុស្សនៅក្នុងសម័យខ្មែរក្រហម។»

គង់ លីហ្សា យុវសិស្សរៀនថ្នាក់ទី១១នៃវិទ្យាល័យ ហ៊ុន សែន ស្គន់៖ «ចំណុចដែលគួរឲ្យចាប់អារម្មណ៍នៅក្នុង ភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់» គឺត្រង់ចំណុចដែលបាននិយាយពីការសង្រ្គាម និងការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសកម្ពុជា ការទម្លាក់គ្រាប់បែកនេះ បានបង្ហាញឲ្យឃើញផងដែរថា នៅពេលដែលប្រទេសមួយមានសង្គ្រាមកើតឡើង ការបំភ្លេចបំផ្លាញតែងតែ កើតមានឡើង ចំណែកប្រជាជនក៏ជាអ្នកដែលរងនូវទុក្ខលំបាកផងដែរ។»

វ៉ែន សាវ៉េត យុវសិស្សរៀនថ្នាក់ទី១១នៃវិទ្យាល័យ ហ៊ុន សែន ស្គន់៖ «ខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្ត្រីរ៉ក់» ជាខ្សែភាពយន្តឯកសារប្រវត្តិសាស្រ្តមួយដែលបានលើកឡើងពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា តាំងពីសម័យអាណានិគម សម័យដែលប្រទេសយើងរួចផុតពីអាណានិគម ចូលសម័យដែលមានឯករាជ មានការអភិវឌ្ឍន៍ ចូលដល់សម័យមានសង្គ្រាមស៊ីវិល ដែលធ្វើឲ្យប្រទេសធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ និងបានបង្ហាញរហូត ដល់សម័យកម្ពុជាមានសុខសន្តិភាពឡើងវិញ។ ក្នុងសាចរឿងទាំងមូល ខ្ញុំចាប់អារម្មណ៍ផ្នែកដែលបានបង្ហាញពី សម័យសង្គមរាស្រ្តនិយម ដែលប្រទេសយើងពេលនោះ មានសុខសន្តិភាព មានការអភិវឌ្ឍន៍ប្រទេសរីកចម្រើន និងប្រជាជនរបស់យើងនៅពេលនោះ ពេលដោយភាពសប្បាយរីករាយ ទាំងដែលប្រទេសជិតរបស់យើង ពេលនោះដែលកំពុងតែងមានសង្រ្គាម។»

Film Screening for Youths, “Don’t Think I’ve Forgotten: Cambodia’s Lost Rock and Roll”
Photo by Ly David and Touch Vannet
January 24, 2025
Documentation Center of Cambodia Archives

Full report