ការពិភាក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
ក្រៅសាលារៀន ជាវិធីសាស្ត្រសិក្សាបន្ថែមពីចំណេះដឹងដែលមានស្រាប់
ការសិក្សា អាចសំដៅលើការសិក្សានៅក្នុងសាលារៀនពីកម្រិតបឋមសិក្សារហូតដល់សាកលវិទ្យាល័យ ទាំងការសិក្សាក្នុងវិស័យឯកជន និងរដ្ឋ។ ការសិក្សា គឺជាផ្នែកដ៏មានសារសំខាន់បំផុតសម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញ សីលធម៌ និងសុជីវធម៌នៅក្នុងសង្គម។ ប៉ុន្តែ ដើម្បីទទួលបានជោគជ័យក្នុងជីវិតបន្ទាប់ពីការសិក្សា មនុស្សម្នាក់ៗមិនកំណត់ការសិក្សារបស់ខ្លួន នៅត្រឹមតែការសិក្សានៅក្នុងសាលារៀនប៉ុណ្ណោះទេ។ អ្នកសិក្សា មានឱកាសច្រើនក្នុងការទទួលបានចំណេះដឹងជាច្រើនទៀត តាមរយៈការសិក្សានៅទីកន្លែងផ្សេងៗក្រៅពីសាលារៀន។ ការឆ្លៀតពេលវេលារបស់សិស្សដើម្បីទទួលបានការសិក្សាបន្ថែម គឺជាវិធីសាស្ត្រមួយមានប្រសិទ្ធិភាពខ្ពស់ក្នុងការទទួលបានមកវិញនូវចំណេះដឹងបន្ថែមពីអ្វីដែលខ្លួនចង់ដឹង។ សារប្រយោជន៍ដែលទទួលបានពីការសិក្សាក្រៅសាលារៀន គឺមានច្រើនអនេក និងអាចធ្វើឲ្យអ្នកសិក្សាទទួលបានបទពិសោធន៍ពិតជាមួយនឹងមុខវិជ្ជាដែលអ្នកកំពុងសិក្សា ខណៈដែលសៀវភៅសិក្សា និងការបង្រៀនរបស់គ្រូនៅក្នុងសាលារៀន គឺជាប្រភពនៃទ្រឹស្តីដែលអ្នកសិក្សាអាចស្វែងយល់ពីទិដ្ឋភាពរួមនៃមេរៀន ប៉ុន្តែការសិក្សាបន្ថែមនៅក្រៅថ្នាក់រៀនគឺអាចអនុញ្ញាតិឲ្យអ្នកសិក្សាមើលឃើញពីតថភាពជាក់ស្តែង ដែលត្រូវបានបកស្រាយចេញពីទ្រឹស្តីដែលអ្នកសិក្សាបានរៀននៅក្នុងសាលា។ ការសិក្សានៅក្រៅសាលារៀន គឺជាការតភ្ជាប់រវាងទ្រឹស្តី និងភាពជាក់ស្តែង។ លើសពីនេះទៀត ការសិក្សានៅក្រៅថ្នាក់រៀនអាចជួយអ្នកសិក្សាឲ្យអភិវឌ្ឍជំនាញមួយចំនួនដូចជា ការដោះស្រាយបញ្ហា ការគិតគូរស៊ីជម្រៅ និងការប្រាស្រ័យទាក់ទងជាមួយអ្នកដែលនៅជុំវិញខ្លួន។ ជំនាញនេះ អាចនាំមកនូវភាពជោគជ័យដល់អ្នកសិក្សា ទាំងនៅក្នុងសាលារៀន កន្លែងធ្វើការ និងសហគមន៍។
របាយការណ៍នេះ លើកឡើងពី៖ ១) សកម្មភាពសិស្សមួយក្រុមដែលទំនេរពីការសិក្សាក្នុងម៉ោងកំណត់របស់ក្រសួង នៅវិទ្យាល័យ ជាស៊ីម តាកែវ មកធ្វើការសិក្សាបន្ថែមនៅមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីពង្រឹងចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហម ក្រោមគោលបំណង «សិក្សាស៊ីជម្រៅពីប្រវត្តិសាស្ត្រខ្មែរក្រហម និងដោះស្រាយចម្ងល់អំពីប្រវត្តិសាស្ត្រនេះ» និង ២) សារប្រយោជន៍ដែលទទួលបានពីការសិក្សាបន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈការជួបជុំគ្នាសិក្សានៅក្រៅសាលារៀន។
១- សកម្មភាពសិស្សជួបជុំដើម្បីសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម
នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សិស្សានុសិស្ស១៥នាក់ (ស្រី១២នាក់) បានឆ្លៀតពេលទំនេរពីការសិក្សារបស់ខ្លួន មកជួបជុំគ្នានៅការិយាល័យសាខាមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ ដើម្បីសិក្សាស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហម។ អ្នកទាំងនោះជាសិស្សដែលកំពុងសិក្សានៅថ្នាក់ទី១២នៅវិទ្យាល័យ ជាស៊ីម តាកែវ មានទីតាំងស្ថិតនៅប្រហែល២០០ម៉ែត្រពីការិយាល័យមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ ផេង ពង្សរ៉ាស៊ី នាយកសាខាមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ បានណែនាំអ្នកទាំងនោះឲ្យ (១) ពិនិត្យមើលផ្ទាំងពិព័រណ៍រូបថតអចិន្ត្រៃយ៍ស្តីអំពីរបបខ្មែរក្រហម, (២) ស្វែងយល់ពីឯកសារខ្មែរក្រហមដ៏សម្បូរណ៍បែបរក្សាទុកនៅក្នុងទូរឯកសារ និងនៅក្នុងពពក (Cloud) ដែលអាចបម្រើដល់ការអាន និងសិក្សាស្រាវជ្រាវបាន, (៣) ស្តាប់ការពន្យល់ពីមាតិកាប្រវត្តិសាស្ត្រដោយសង្ខេប និង (៥) ទស្សនាខ្សែភាពយន្តឯកសារផលិតដោយមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ពុកខ្ញុំនៅឋានសួគ៌»។
ក- ទស្សនា និងស្វែងយល់ពីពិព័រណ៍រូបថតសម័យខ្មែរក្រហម៖
ពេលដែលសិស្សមកកាន់ការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តតាកែវជាលើកដំបូង សិស្សខ្លះបានឈរទស្សនាពិព័រណ៍រូបថតខ្មែរក្រហម និងអានចំណងជើងរូបថតនៅតាមផ្ទាំងពិព័រណ៍នីមួយៗ។ សិស្សខ្លះទៀត បានថតរូបអនុស្សាវរីយ៍ជាមួយនឹងផ្ទាំងពិព័រណ៍ ខណៈដែលអ្នកខ្លះទៀត កំពុងរង់ចាំគ្នីគ្នាដែលពុំទាន់មកដល់។ នៅពេលដែលសិស្សមកជួបជុំគ្នាហើយ ផេង ពង្សរ៉ាស៊ី បានចាប់ផ្តើមការបង្ហាញរបស់ខ្លួនពីផ្ទាំងពិព័រណ៍នីមួយៗ ដែលដាក់តាំងបង្ហាញនៅខាងមុខការិយាល័យ។ ជាដំបូង រ៉ាស៊ី បានផ្តល់ពេលវេលាពី១ទៅ២នាទី ដើម្បីឲ្យសិស្សត្រឹះរឹះពិចារណាអំពីផ្ទាំងពិព័រណ៍។ បន្ទាប់មក រ៉ាស៊ី បានឲ្យសិស្សស្ម័គ្រចិត្តអានចំណងជើងរបស់ផ្ទាំងពិព័រណ៍ ហើយចុងក្រោយ រ៉ាស៊ី ពន្យល់លម្អិតពីផ្ទាំងពិព័រណ៍នីមួយៗ និងពន្យល់ពាក្យខ្លះៗដែលប្រើប្រាស់នៅក្នុងរបបខ្មែរក្រហម ហើយបច្ចុប្បន្នពាក្យទាំងនោះមិនត្រូវបានប្រើប្រាស់ទៀតទេ ដូចជាពាក្យ «សមមិត្ត», «លេខាបក្ស», «ឈ្មោះបដិវត្តន៍», និង «កម្មាភិបាល»…។ នៅខាងក្នុងការិយាល័យ រ៉ាស៊ី បានបង្ហាញដល់សិស្សនូវរូបថតអ្នកទោសគុកទួលស្លែងមួយចំនួន ព្រមទាំងពន្យល់ពីរឿងរ៉ាវនៃការចាប់ខ្លួនអ្នកទាំងនោះ ក៏ដូចជាបង្ហាញព័ត៌មានខ្លះៗពីការបង្កើតមន្ទីរសន្តិសុខខ្មែរក្រហម។ ជាមួយគ្នានេះដែរ រ៉ាស៊ី ក៏បានបង្ហាញរូបថតពីរបីផ្ទាំងទៀត ដែលជាអតីតកម្មាភិបាលខ្មែរក្រហមធ្វើការនៅក្នុងមន្ទីរ ស-២១ និងអ្នករស់រានមានជីវិតពីមន្ទីរ ស-២១ អមជាមួយនឹងការពន្យល់ពីជីវិតរបស់អ្នកទាំងនោះនាពេលបច្ចុប្បន្ន។ សិស្សានុសិស្ស បានកត់ត្រា និងសួរសំណួរទាក់ទងនឹងចម្ងល់អំពីរូបភាព។
ខ- ស្វែងយល់ពីឯកសារខ្មែរក្រហមតម្កល់នៅសាខាមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ៖
រ៉ាស៊ី បានបង្ហាញពីឯកសារដែលមានតម្កល់នៅក្នុងការិយាល័យ និងបានលើកទឹកចិត្តអ្នកទាំងនោះឲ្យចេះធ្វើការសិក្សាស្រាវជ្រាវបន្ថែមពីអ្វីដែលខ្លួនចង់ដឹងពីរបបខ្មែរក្រហម តាមរយៈការអានឯកសារទាំងនេះ។ រ៉ាស៊ី ក៏បានណែនាំអ្នកទាំងនោះឲ្យពិនិត្យមើលពីសៀវភៅជាច្រើនដាក់តម្កល់នៅលើតុ ដែលភាគច្រើនជាស្នាដៃបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាសៀវភៅដែលរៀបរាប់ពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ សិស្សានុសិស្សភាគច្រើន បានចំណាយពេលវេលាខ្លះៗដើម្បីអានសៀវភៅទាំងនោះ ហើយអ្នកខ្លះបានថតចំណងជើងសៀវភៅ និងពិភាក្សាគ្នាពីសៀវភៅទៀតផង។ រ៉ាស៊ី បាននិយាយទៅកាន់សិស្សទាំងអស់ថា «សៀវភៅទាំងនេះគឺទុកសម្រាប់អាន ហើយអ្នកគ្រប់គ្នាអាចចូលមកអានសៀវភៅទាំងនេះបានគ្រប់ពេលវេលាជារៀងរាល់ថ្ងៃចន្ទដល់សុក្រ ព្រោះថា កន្លែងនេះគឺជាបន្ទប់អានសៀវភៅ និងជាកន្លែងស្រាវជ្រាវឯកសារដែរ។ ប្អូនៗអាចមកកាន់ទីនេះ ដើម្បីអាន សិក្សា និងធ្វើកិច្ចការសាលាបានគ្រប់ពេល។ ប្អូនៗក៏អាចស្នើសុំការទស្សនាខ្សែភាពយន្តឯកសារនានាដែលផលិតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា បានដែរ។»
គ) វាស់ស្ទង់ចំណេះដឹង និងការធ្វើបទបង្ហាញពីប្រវត្តិសាស្ត្រខ្មែរក្រហម៖
រ៉ាស៊ី បាននាំសិស្សទាំងអស់ទៅកាន់ថ្នាក់រៀននៅជាន់ខាងលើនៃការិយាល័យ និងបានពិភាក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមជាមួយសិស្ស ដោយចាប់ផ្តើមពីការវាស់ស្ទង់ចំណេះដឹងពីមុនរបស់សិស្សខ្លះៗស្តីអំ ពីប្រវត្តិសាស្ត្រនេះ។ ការវាស់ស្ទង់ចំណេះដឹង អាចឲ្យគ្រូដឹងពីចំណុចខ្វះខាតរបស់សិស្ស និងអាចផ្តល់ដល់គ្រូនូវគោលដៅក្នុងពន្យល់ច្រើនពីអ្វីដែលសិស្សពុំទាន់បានដឹង។ តាមរយៈការវាស់ស្ទង់នេះ យើងបានដឹងថា សិស្សទាំងអស់មានចំណេះដឹងតិចតួចពីការជម្លៀសប្រជាជនដោយបង្ខំ និងគោលការណ៍សំខាន់ពីរ ក្នុងចំណោមគោលការណ៍ទាំង៨របស់ខ្មែរក្រហមដែលបានអនុវត្តក្នុងការដឹកនាំប្រទេសរបស់ខ្មែរក្រហម។ គោលការណ៍ទាំងពីរនោះគឺ ការបំបាត់សត្រូវវណ្ណៈ និងការបង្កើតសហករណ៍ក្នុងទូរទាំងប្រទេស។
បន្ទាប់ពីបានដឹងពីចំណេះដឹងនេះរួច រ៉ាស៊ី បានធ្វើបទបង្ហាញរបស់ខ្លួនផ្តោតលើគោលការណ៍ទាំង៨ និងបានពន្យល់លម្អិតពីគោលការណ៍៖ ជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហមទាំងបីដំណាក់កាល, ការលុបបំបាត់សត្រូវវណ្ណៈរបស់ខ្មែរក្រហមដែលរួមមាន ទាហាន និងមន្ត្រីរដ្ឋការក្នុងរបបសាធារណរដ្ឋខ្មែរ, ជនជាតិចាម, ជនជាតិវៀតណាម, អនិកជនចិន និងអ្នកទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថាក្បត់នឹងអង្គការ, និងការបង្កើតសហករណ៍ខ្មែរក្រហម ដែលជាលទ្ធផលនៃការប្រមូល និងដកហូតទ្រព្យសម្បត្តិឯកជនរបស់ប្រជាជន។
ឃ) ទស្សនាវីដេអូឯកសារ «ពុកខ្ញុំនៅឋានសួគ៌៖
បន្ទាប់ពីបានបញ្ចប់ការធ្វើបទបង្ហាញពីផ្នែកខ្លះនៃប្រវត្តិសាស្ត្រខ្មែរក្រហម សិស្សានុសិស្សទទួលបានការទស្សនាខ្សែភាពយន្តឯកសារខ្លីមួយ តាមការស្នើសុំរបស់អ្នកទាំងនោះ។ ខ្សែភាពយន្តឯកសារនោះមានចំណងជើង «ពុកខ្ញុំនៅឋានសួគ៌» មានរយៈពេល៣២នាទី។ នេះជាខ្សែភាពយន្តបង្ហាញពីការជម្លៀសដោយបង្ខំរបស់ខ្មែរក្រហម ដែលឈានទៅការបាត់បង់ឪពុកជាទីស្រឡាញ់របស់អ្នកគ្រូ រស់ ចាន់ថន បង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងបច្ចុប្បន្នជានាយិការងវិទ្យាល័យ ជាស៊ីមតាកែវ។ ខ្សែភាពយ្តនេះ ថតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីឆ្នាំ២០១៨កន្លងមក។ ការចាក់បញ្ចាំងខ្សែវីដេអូនេះ គឺដើម្បីប្រាប់ដល់ក្មេងៗទាំងនោះថា គ្រូបង្រៀនរបស់អ្នកទាំងនោះ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានប្រវត្តិបាត់បង់ឪពុកជាទីស្រឡាញ់ក្នុងរបបខ្មែរក្រហម ហើយវាគឺជារឿងដែលមិនអាចបំភ្លេចបាន។ មូលហេតុចម្បងមួយទៀតនៃការចាក់បញ្ចាំងខ្សែវីដេអូនេះ គឺដើម្បីផ្តល់នូវការសន្ទនាអន្តរជំនាន់រវាងអ្នកគ្រូ និងសិស្សរបស់ខ្លួននៅគ្រប់ពេលវេលាទាំងអស់ បន្ទាប់ពីការជួបជុំនេះរួច។ សិស្សានុសិស្ស នឹងពាំនាំយកផ្នែកខ្លះនៃសាច់រឿងរបស់អ្នកគ្រូ រស់ ចាន់ថន ទៅពិភាក្សាជាមួយអ្នកគ្រូដោយផ្ទាល់ ដែលការពិភាក្សានេះ នឹងក្លាយជាការពិភាក្សាស៊ីជម្រៅបន្ថែមទៀតពីរឿងរ៉ាវជាច្រើនក្នុងរបបខ្មែរក្រហមដែលអ្នកគ្រូ និងអ្នករស់រានមានជីវិតឯទៀតបានជួបប្រទះ។
២- សារប្រយោជន៍នៃការជួបជុំដើម្បីសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម
ក្នុងរយៈពេលប្រមាណ៣ម៉ោងនៃការជួបជុំរបស់សិស្ស អ្នកទាំងនោះបានបង្ហាញឲ្យឃើញពីការរីកចម្រើនផ្នែកចំណេះដឹង ភាពប៉ិនប្រសព្វ និងឥរិយាបទថ្ងៃថ្នូចំពោះប្រធានបទ តាមរយៈការសម្ភាសខ្លីៗ ជាមួយសិស្សានុសិស្ស៥នាក់ តំណាងឲ្យក្រុមទាំង១៥នាក់។ ជារួម សិស្សទាំង៥នាក់ បាននិយាយថា ខ្លួនទទួលបានចំណេះដឹងពីប្រវត្តិសាស្ត្រច្រើនជាងមុន, យល់ដឹងច្រើនពីទុក្ខលំបាករបស់ប្រជាជនរស់ក្រោមរបបខ្មែរក្រហម, ព្រមទាំងបានបណ្តុះស្មារតីខ្លួនឯងពីឥរិយាបទថ្លៃថ្នូរចំពោះជីវិតមនុស្សរស់នៅក្រោមរបបខ្មែរក្រហម ដូចជាការបង្ហាញឲ្យឃើញពីភាពអាណិតអាសូរដល់អ្នករស់រានមានជីវិត និងអ្នកដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ខាងក្រោមនេះ ជាការសង្ខេបសម្តីរបស់សិស្សានុសិស្សទាំង៥នាក់ ចេញពីកិច្ចសម្ភាសខ្លីៗជាមួយ អ្នកទាំងនោះ៖