Home / Post

Bak Nim Healing Center: Distributes Wheelchairs to Khmer Rouge Genocide Survivors, Bak Nim village, Chres commune, Chum Kiri district, Kampot province.

Bak Nim Community Healing Center Distributes Wheelchairs to Khmer Rouge Genocide Survivors, Bak Nim village, Chres commune, Chum Kiri district, Kampot province. August 26, 2024 ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលផ្សះផ្សាបាក់នឹម សាខាខេត្តកំពត នៃមជ្ឈមណ្ឌលឯកសារកម្ពុជាប្រចាំក្រុងភ្នំពេញ បាននាំយករទេះរុញសម្រាប់ជនពិការចំនួន០៤គ្រឿង និងឧបករណ៏ជំនួយសម្លេងសម្រាប់ត្រចៀកមនុស្សចាស់០២ ទៅផ្តល់ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ០៤រូប៖ ​មុំ អ៊ាង​, តូយ មេន, វង់ វឿន, និង ឡុក ពេច ដែលជាជនពិការជើងដោយសារជម្ងឺស្លាប់មួយចំហៀងខ្លួននិងធ្ងន់ត្រចៀក ដែលកំពុងរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ លោក ពយ អ៊ូច ដែលបច្ចុប្បន្ន គឺជាប្រធានភូមិបាក់នឹម នៅក្នុងឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត បានជួយសម្របសម្រួលក្នុងកិច្ចការចែកជូននូវរទេះរុញចំនួន០៤គ្រឿង និងឧបករណ៏ជំនួយសម្លេងសម្រាប់ត្រចៀកមនុស្សចាស់០២នេះ ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយមិនគិតថ្លៃ ក្នុងបរិវេណនៃគេហដ្ឋានរបស់លោក នៅភូមិបាក់នឹម។ ជាចុងក្រោយ យើងខ្ញុំ(អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម)ទាំងអស់គ្នា សូមថ្លែងអំណរគុណដល់ក្រុមការងារ និងលោកប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្តល់ជាជំនួយរទេះរុញជនពិការ និងប្រដាប់ជំនួយត្រជៀកសម្រាប់ត្រចៀកមនុស្សចាស់ទាំងអស់នេះ ដល់ក្រុមយើងខ្ញុំ។ ជាការពិត ក្រុមយើងខ្ញុំ មិនមានថវិការគ្រប់គ្រាន់ដើម្បីចំណាយទិញរទេះរុញជនពិការទាំងនេះទេ ពីព្រោះយើងខ្ញុំត្រូវចំណាយប្រាក់ទិញថ្នាំលេបព្យាបាលជម្ងឺប្រចាំកាយ ជារៀងរាល់ថ្ងៃ និងរៀងរាល់ខែ។ យើងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ និងសូមជូនពរឲ្យក្រុមការងារ និងលោកប្រធានជួបតែសំណាងជារៀងរហូត។
សាច់រឿងសង្ខេប៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ (១៩៧៥-១៩៧៩)
លោកតា​ មុំ អ៊ាង មុំ អ៊ាង កើតនៅឆ្នាំ១៩៤១ សព្វថ្ងៃមានអាយុ ៨៣ឆ្នាំ និងមានទីកន្លែងកំណើត ស្ថិតនៅក្នុងឃុំដំបូកខ្ពស់ ស្រុកបន្ទាយមាស ខេត្តកំពត។ បច្ចុប្បន្នរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ ក្នុងឆ្នាំ១៩៧៥ ខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការនៅក្នុងក្រុមកងចល័ត។ ខ្ញុំនៅចាំបានថា៖ នៅពេលនោះ ខ្ញុំនិងប្រជាជនដ៏ទៃទៀត ត្រូវចាត់ឲ្យទៅលើកទំនប់ ជីកប្រឡាយ និងរ៉ែកដី។ ខ្ញុំបានលើកទំនប់ និងជីកប្រឡាយដូចជានៅ៖ ទំនប់អូខ្លៃមានទីតាំងស្ថិតនៅ ភូមិព្រៃស្បូវ ឃុំនារាយរណ៍ ស្រុកឈូក ខេត្តកំពត និងទំនប់ម្លេច មានទីតាំងស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ នៅក្នុងរបបនោះ សម្រាប់ការងារលើកទំនប់និងជីកប្រឡាយនេះ គឺមានការស្លាប់ប្រជាជនជាច្រើននាក់ ដោយខ្វះអាហារហូបចុក ការធ្វើការលើសកម្លាំង និងការចាប់យកសម្លាប់ពីសំណាក់ក្រុមខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមបានដួលរលំ ខ្ញុំនិងក្រុមគ្រួសារបានវិលមករកភូមិស្រុកវិញ ដោយប្រកបមុខរបបជាកសិកររហូតមកសព្វថ្ងៃ។ សព្វថ្ងៃនេះ ខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺថ្លង់ត្រចៀក ជំងឺលើសឈាម ជំងឺសន្លាក់ដៃ សន្លាក់ជើង។ មូលហេតុដែលធ្វើឲ្យខ្ញុំកើតមានជំងឺដូចខាងលើនេះ គឺមកពីខ្ញុំវ័យកាន់តែចាស់ជរា មួយទៀតកាលពីឆ្នាំ១៩៨៥ ខ្ញុំត្រូវចោរប្រដាប់ដោយកាំភ្លើងបាញ់ស្រោចមកលើរូបខ្ញុំ បណ្តាលឲ្យពិការជើងទាំងសងខាង ហើយនៅពេលនោះខ្ញុំត្រូវក្រុមគ្រួសារបញ្ជូនខ្ញុំទៅកាន់មន្ទីរពេទ្យព្យាបាលទាន់ពេលវេលា ទើបខ្ញុំមានជីវិតរស់នៅមកដល់សព្វថ្ងៃ។
សម្ភាសដោយ៖ ផាត ពន្លក