នាងខ្ញុំឈ្មោះ យិន សុភានី បច្ចុប្បន្នប្តូរមកឈ្មោះ ពេជ្រ ដានី មានម្ដាយឈ្មោះ ឡុង គីមលុយ កាលពីមុនរបបខ្មែរក្រហមមានមុខរបរជាមេផ្ទះ និងបង្រៀនគួរភាសាចិន ចំណែក ឪពុករបស់ខ្ញុំឈ្មោះ យិន សុចៀន គឺជាអតីតនាយកសាលាវិទ្យាល័យបឹងត្របែក។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ បងប្រុសទី១) ឈ្មោះ យិន ណារិត បងប្រុសទី២) ឈ្មោះ យិន ណារិន ទី៣) ខ្ញុំ (យិន សុភានី), ប្អូនស្រីទី៤) ឈ្មោះ យិន សុគន្ធា និង ប្អូនប្រុសទី៥) ឈ្មោះ យិន ណារ៉េត។ បច្ចុប្បន្ន ខ្ញុំរស់នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
នាងខ្ញុំបានរៀនត្រឹមថ្នាក់ទី២។ បងប្រុស យិន ណារិត បានរៀនត្រឹមថ្នាក់ទី៥។ បងប្រុស យិន ណារិន បានរៀនត្រឹមថ្នាក់ទី៦ ចំណែកប្អូនស្រីរបស់ខ្ញុំឈ្មោះ យិន សុគន្ធា បានរៀនត្រឹមថ្នាក់ទី១នៃសាលាបឋមសិក្សាមួយនៅជិតផ្សារមាន់អាំង ខណ្ឌទួលគោក។ មុនឆ្នាំ១៩៧៥ គ្រួសារខ្ញុំរស់នៅចម្ងាយប្រមាណជា១គីឡូម៉ែត្រពីអង់តែនទួលគោក។ នៅមុខផ្ទះរបស់ខ្ញុំមានដើមចន្ទគិរីមួយដើមយ៉ាងធំ។
មុនខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ អ៊ំរបស់ខ្ញុំឈ្មោះ ឡុង មួយគា និងស្វាមីរបស់គាត់ដែលមានមុខរបរជាគ្រូពេទ្យនៅមន្ទីរពេទ្យចិនរស់នៅម្ដុំផ្សារថ្មី បានជិះយន្តហោះចាកចេញពីទីក្រុងភ្នំពេញដោយបាននាំយកបងប្រុសទី១របស់ខ្ញុំឈ្មោះ យិន ណារិត ទៅជាមួយ ព្រោះគាត់ទាំងពីរនាក់មិនមានកូន។ ប៉ុន្តែខ្ញុំមិនដឹងថាអ៊ំរបស់ខ្ញុំចាកចេញទៅប្រទេសណាឡើយ។ អ៊ំរបស់ខ្ញុំហាក់បីដូចជាដឹងថា ប្រទេសនឹងធ្លាក់ចូលគ្រោះមហន្តរាយមិនខានឡើយ។ មិនបានប៉ុន្មានថ្ងៃផង យោធាខ្មែរក្រហមបានចូលដល់ទីក្រុងភ្នំពេញ។ ពេលនោះគ្រួសាអ៊ំ ឡុង សារុម មួយគ្រួសារទៀតដែលរស់នៅម្ដុំគីឡូម៉ែត្រលេខ៦ បានជិះឡានមកផ្ទះរបស់ខ្ញុំ និងបានបបួលក្រុមគ្រួសាររបស់ខ្ញុំជិះឡានចាកចេញពីទីក្រុងភ្នំពេញជាមួយគ្នា។ នៅតាមផ្លូវយោធាខ្មែរក្រហមបានស្រែកប្រាប់ប្រជាជនឲ្យ «ទៅស្រុកលើៗ» ប៉ុន្តែយើងមិនដឹងថា «ស្រុកលើ» នៅទីណានោះទេ។ យើងបានធ្វើដំណើរលើផ្លូវរទេះគោ រដិបរដុប និងតូចចង្អៀតរហូតដល់ឡានទៅមុខលែងរួចទើបយើងឈប់។ ខ្មែរក្រហមបានប្រាប់យើងឲ្យយកអីវ៉ាន់ចុះ ហើយចាប់តាំងពីពេលនោះមកគ្រួសារខ្ញុំ និងគ្រួសារអ៊ំ ឡុង សារុម រួមជាមួយកូនរបស់គាត់៣នាក់ទៀត បានបែកគ្នារហូត។ គ្រួសាររបស់ខ្ញុំ, តា (ឡុង) និង យាយរបស់ខ្ញុំបានរស់នៅជុំគ្នា។ គ្រួសាររបស់ខ្ញុំបានរស់នៅយ៉ាងលំបាក ព្រោះយើងជាប្រជាជន១៧ មេសា។ នៅឆ្នាំ១៩៧៦ គ្រួសារខ្ញុំត្រូវបានបញ្ជូនទៅរស់នៅម្តុំភ្នំលៀប ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កាលនោះ ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការនៅក្នុងកងកុមារ ចំណែកសមាជិកគ្រួសារផ្សេងទៀតក៏ត្រូវបានចាត់តាំងឲ្យធ្វើការរៀងៗខ្លួនដែរ។ នៅទីនោះខ្សត់ទឹកខ្លាំងណាស់។ ខ្ញុំមិនបានខ្វល់ថាទឹកដែលខ្ញុំរកបាននៅក្នុងក្រឡុកដានជើងគោ ក្របី និងល្អក់យ៉ាងណានោះទេ គឺខ្ញុំផឹកទាំងអស់ដើម្បីបំបាត់ការស្រេកមួយគ្រា។
នៅក្នុងឆ្នាំ១៩៧៧ តារបស់ខ្ញុំបានបាត់បង់ជីវិតដោយជំងឺ និងអត់អាហារ ហើយបងប្រុសទី២ និងប្អូនប្រុសទី៥ក៏បានស្លាប់ជាបន្តបន្ទាប់ដែរ។ នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានស្នើម្តាយរបស់ខ្ញុំទៅកាប់ឆ្ការព្រៃនៅភ្នំលៀប ដោយម្ដាយរបស់ខ្ញុំធ្វើការនៅទីនោះរាប់ខែ ទើបត្រឡប់មកផ្ទះវិញ។ ក្រោយមក ខ្មែរក្រហមបានស្នើម្ដាយខ្ញុំទៅកាន់ព្រៃនៅភ្នំលៀបម្ដងទៀតដែលកាលនោះមានប្រជាជនប្រមាណជា២០នាក់ទៀត ដែលភាគច្រើនជាប្រជាជនថ្មីទៅជាមួយម្តាយខ្ញុំដែរ។ លើកនេះខ្ញុំមិនបានឃើញម្ដាយរបស់ខ្ញុំត្រឡប់មកវិញទេ។ ចំណែកខ្ញុំនិងប្អូនស្រីធ្វើការនៅក្នុងកងកុមារដដែល គឺដើររើសអាចជ៍គោ កាប់ដើមទន្ទ្រានខែត្រសម្រាប់ធ្វើ និងដើររើសកួរស្រូវ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមកប្រទេសកម្ពុជា ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំម្នាក់ឈ្មោះ យិន សុគន្ធា បានធ្វើដំណើរត្រឡប់មកផ្ទះនៅភ្នំពេញវិញ។ យើងបានធ្វើដំណើរមកដល់ស្ពានគំរូ ស្ថិតនៅភូមិភ្នំលៀប ស្រុកព្រះនេត្រព្រះ ក៏ជួបនឹងកងទ័ពវៀតណាម ដែលរង់ចាំដឹកប្រជាជនភៀសខ្លួនទៅរកកន្លែងដែលមានសុវត្ថិភាព។ នៅទីនោះ ខ្ញុំបានប្រាប់ប្អូនស្រីឈ្មោះ យិន សុគន្ធា ឲ្យនៅរង់ចាំខ្ញុំ ដោយខ្ញុំទៅបុកអង្ករជាមួយចាស់ៗទុកសម្រាប់ហូប។ ខ្ញុំត្រូវជីកដីរាងជាគ្រលុករួចដាក់ស្រូវចូលបុករហូតដល់របកសំបកទើបយកមកអុំយកអង្ករ។ មួយរយៈក្រោយមកក៏មានការបាញ់រះឡើង ហើយប្អូនស្រីរបស់ខ្ញុំក៏បានឡើងជិះរថយន្តរបស់កងទ័ពវៀតណាមចាកចេញទៅមុនខ្ញុំ ដោយសារតែមានការភ័យខ្លាច។ ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំក៏បានបែកគ្នារហូតមក។ នៅពេលនោះខ្ញុំមានអាយុ១១ឆ្នាំ ចំណែកប្អូនខ្ញុំមានអាយុប្រហែលជា៩ឆ្នាំ មានសម្បុរសណ្ដែកបាយ។ នៅពេលនោះ យើងទាំងពីរនាក់បងប្អូនបានកាត់សក់ត្រឹមក ហើយពាក់ខោអាវខ្មៅ។ ខ្ញុំនឹករឭកម្ដាយ ប្អូនស្រី និង អ៊ំខ្លាំងណាស់។
នៅឆ្នាំ១៩៧៩ ខ្ញុំបានមកខេត្តសៀមរាប ហើយត្រូវបានមីងម្នាក់យកខ្ញុំធ្វើជាកូនចិញ្ចឹម។ នៅឆ្នាំ១៩៨១ ខ្ញុំបានសុំម្ដាយចិញ្ចឹមឲ្យជូនខ្ញុំមករកផ្ទះនៅជិតអង់តែនទួលគោកវិញ។ ពេលនោះផ្ទះរបស់ខ្ញុំមានសុទ្ធតែកងទ័ពវៀតណាមស្នាក់នៅ។ ខ្ញុំបានជួបសាស្រ្តាចារ្យម្នាក់ដែលបង្រៀននៅសាលាបឹងត្របែក និងធ្លាប់ស្គាល់ឪពុករបស់ខ្ញុំ បានសង់ខ្ទមស្នាក់នៅជិតអង់តែនទួលគោក។ គាត់បានហៅខ្ញុំឲ្យសង់ខ្ទមស្នាក់នៅជិតគាត់ដែរ ប៉ុន្តែខ្ញុំត្រូវទៅនៅជាមួយម្ដាយចិញ្ចឹមនៅសៀមរាបវិញ។ ប្រហែល៣ឆ្នាំក្រោយមក ខ្ញុំបានត្រឡប់មកមើលផ្ទះខ្ញុំម្ដងទៀតប៉ុន្តែខ្ញុំរកផ្ទះរបស់ខ្ញុំមិនឃើញសោះ។ ចំណែកដើមចន្ទគិរីនៅមុខផ្ទះរបស់ខ្ញុំក៏រកមិនឃើញដែរ។ ខ្ញុំបានរៀបការនៅឆ្នាំ១៩៨៣។ ខ្ញុំតែងនិយាយពីរបបខ្មែរក្រហម និងសាច់ញាតិដែលបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមប្រាប់ទៅដល់កូនៗរបស់ខ្ញុំ។ កូនរបស់ខ្ញុំមានក្ដីប្រាថ្នាចង់ឲ្យខ្ញុំបានជួបជាមួយប្អូនស្រីរបស់ខ្ញុំវិញ។ មកដល់សព្វថ្ងៃកូនៗរបស់ខ្ញុំនៅតែព្យាយាមស្វែករកសាច់ញាតិរបស់ខ្ញុំដែលយើងគិតថា អាចនៅរស់រានមានជីវិត។