បាទឈ្មោះ លន់ ប៊ុនណាត មានសមាជិកគ្រួសារបីនាក់ដែលត្រូវជា (បងប្រុស បងស្រី និង ក្មួយស្រី) ដែលបានបាត់ខ្លួនដូចមានរៀបរាប់ខាងក្រោម៖
១) រស់ ធីគី ៖
រស់ ធីគី ភេទប្រុស កើតនៅឆ្នាំ១៩៤៩ (ឆ្នាំឆ្លូវ) នៅស្រុកកោះធំ ខេត្តកណ្តាល តែគាត់ធំដឹងក្ដីក្នុងវត្តមួយនៅក្រុងភ្នំពេញ។ គាត់មានឪពុកឈ្មោះ រស់ ឃង់ (កើតនៅឆ្នាំ១៩២៧ ហើយស្លាប់នៅឆ្នាំ១៩៦០) និង ផុង ងូ (កើតនៅឆ្នាំ១៩២៩ ហើយស្លាប់នៅឆ្នាំ១៩៨៣)។ គាត់មានមុខងារមន្ដ្រីប៉ូលីស នៅខេត្តកំពង់ស្ពឺ (ពីចុងទសវត្សរ៍ទី៦០ ដល់ឆ្នាំ១៩៧៥)។
គាត់កំពុងធ្វើការ នៅពេលដែលគ្រួសារខ្ញុំត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីក្រុងភ្នំពេញទៅកោះធំ។ សូម្បីតែគ្រួសារខ្ញុំនៅស្រុកកោះធំ ក៏យើងមិនដែលជួបគាត់ដែរ។
២)រស់ សុខន ៖
រស់ សុខន ភេទស្រី កើតនៅឆ្នាំ១៩៥៣ (ឆ្នាំម្សាញ់) នៅស្រុកកោះធំ ខេត្តកណ្តាល ប៉ុន្តែគាត់បានធំដឹងក្ដីក្នុងក្រុងភ្នំពេញ។ គាត់មានឪពុកឈ្មោះ រស់ ឃង់ (កើតនៅឆ្នាំ១៩២៧ ហើយស្លាប់នៅឆ្នាំ១៩៦០) និង ផុង ងូ (កើតនៅឆ្នាំ១៩២៩ ហើយស្លាប់នៅឆ្នាំ១៩៨៣)។ គាត់បម្រើការផ្នែកអូតេសលើយន្តហោះ (រយៈពេលពីរទៅបីឆ្នាំ នៅដើមទសវត្សរ៍ទី៧០)។ គាត់មានប្តីឈ្មោះ នួន ប៉ូណា (ស្លាប់ក្នុងឆ្នាំ១៩៧៣) និងមានកូនស្រីឈ្មោះ នួន ដាមុន្នី (កើតក្នុងឆ្នាំ១៩៧១)។ គាត់បានបាត់ខ្លួន ជាមួយកូនស្រីរបស់គាត់ក្នុងឆ្នាំ១៩៧៦នៅកោះធំ នៅពេលដែលខ្មែរក្រហមមកប្រាប់គាត់ថា គាត់មានការងារដែលអង្គការតម្រូវឲ្យធ្វើ។
៣) នួន ដាមុន្នី ៖
នួន ដាមុន្នី កើតនៅឆ្នាំ១៩៧១ ក្រុងភ្នំពេញ ត្រូវជាកូនស្រីរបស់ នួន ប៉ូណា (ឪពុក) និង រស់ សុខន (ម្តាយ)។ នួន ដាមុន្នី បានបាត់ខ្លួនក្នុងឆ្នាំ១៩៧៦ ជាមួយម្ដាយ នៅពេលដែលខ្មែរក្រហមបានមកនាំអ្នកទាំងពីរចេញទៅ។ ពេលនោះ នាងពុំមានបងប្អូនទេ។
សម្ព័ន្ធគ្រួសាររបស់ខ្ញុំ៖
- ឪពុក៖ រស់ គង់ (១៩២៧)
- ម្ដាយ៖ ផុង ងូ (១៩២៩)
- កូនទី១៖ រស់ ធីគី (កូនប្រុស ១៩៤៩)
- កូនទី២៖ រស់ សុខន (កូនស្រី ១៩៥៣)
- កូនទី៣៖ រស់ សុខុន (កូនស្រី ១៩៥៧)
- កូនទី៤៖ រស់ សុខេន (កូនស្រី ១៩៥៩)
- កូនទី៥៖ លន់ ប៊ុនណាត (កូនប្រុស ១៩៦៤) (ពេលនោះ ម្តាយខ្ញុំ ផុង ងូ បានរៀបការលើកទីពីរជាមួយឪពុកខ្ញុំ លន់ ឡាន ក្នុងឆ្នាំ១៩៦២)
ខ្ញុំសង្ឃឹមថាព័ត៌មាននេះនឹងជួយខ្ញុំក្នុងការស្វែងរកមនុស្សជាទីស្រលាញ់របស់ខ្ញុំ។ សូមមេត្តាផ្ដល់ដំណឹងមកខ្ញុំប្រសិនបើស្គាល់ឈ្មោះដូចរៀបរាប់ខាងលើ តាមរយៈអាសយដ្ឋាន ផ្ទះលេខ 6028 Eberle ផ្លូវ Lakewood, CA 90713 ទូរសព្ទលេខ (+1) (562)646-6359 / (562)867-8891 ឬមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្ទះលេខ៦៦ ផ្លូវព្រះសីហនុ ក្រុងភ្នំពេញ ទូរសព្ទលេខ ០២៣ ២១១ ៨៧៥ ។
សូមអរគុណ!