ខ្ញុំសរសេរសារអេឡិចត្រូនិចនេះទៅកាន់អ្នកដោយមានសំណើមួយ។ វាហាក់បីដូចជាសំណើមួយដែលប្លែក។ ដំបូងខ្ញុំនឹងផ្តល់ជូនអ្នកនូវប្រវត្តិសង្ខេបខ្លះៗដូចខាងក្រោម៖
ខ្ញុំធ្លាប់បានមកប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៧០។ ខណៈពេលនោះ ខ្ញុំមានអាយុ២០ឆ្នាំ។ ខ្ញុំត្រូវបានពន្យារពេលឲ្យចូលធ្វើជាយោធា ដោយសារខ្ញុំមានបញ្ហាសុខភាពកាលពីកុមារភាព ដែលនេះជាមូលហេតុធ្វើឲ្យខ្ញុំ មិនត្រូវបានអនុញ្ញាតឲ្យចូលបម្រើការងារជាកងទ័ពសហរដ្ឋអាមេរិក និងបញ្ជូនទៅប្រទេសវៀតណាម ដូចជាមិត្តភក្តិប្រុសៗដែលខ្ញុំបានស្គាល់នៅក្រៅសាលានៅក្នុងគ្រានោះ។
ហេតុដូច្នេះ ខ្ញុំបានប្រើប្រាស់ពេលវេលាចេញពីស្ថានការណ៍របស់ខ្ញុំឲ្យមានសារ ប្រយោជន៍ ដោយបានធ្វើជាអ្នកទេសចរណ៍ផ្សងព្រេង ដោយធ្វើដំណើរជុំវិញពិភពលោក។ បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុប និងអាហ្រ្វិកខាងជើងអស់រយៈពេលប្រហែល៣ខែរួចមក ខ្ញុំក៏បានបញ្ចប់ការធ្វើដំណើររបស់ខ្ញុំនៅតំបន់អាស៊ីអាគ្នេយ៍។ ខណៈពេលដែលខ្ញុំកំពុងធ្វើដំណើរនៅក្នុងប្រទេសថៃ ខ្ញុំបានជួបគ្រូជនជាតិថៃស្រីម្នាក់ដែលបានឲ្យយោបល់ខ្ញុំមកទស្សនាប្រទេសកម្ពុជា។ នាងមានមិត្តភកិ្ត២នាក់នៅក្នុងប្រទេសកម្ពុជា គឺ វណ្ណី និង កាន់យ៉ា ដែលជាគ្រូបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅសាលាមួយក្នុងទីក្រុងភ្នំពេញ។ វណ្ណី និង កាន់យ៉ា បានរស់នៅរួមគ្នានៅទីក្រុងភ្នំពេញ។
សរុបសេចក្តីមក ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំបានបញ្ចប់ការធ្វើដំណើររបស់ខ្ញុំនៅក្នុងទីក្រុងភ្នំពេញ ដោយបានស្នាក់នៅជាមួយ វណ្ណី និង កាន់យ៉ា មួយរយៈពេលក្នុងកំឡុងឆ្នាំ១៩៧០។ យើងបានក្លាយជាមិត្តភកិ្តជិតស្និទ្ធនឹងគ្នា។ នៅក្នុងឆ្នាំនោះ មានរឿងរ៉ាវចម្លែកៗ ប៉ុន្តែវាពិតជារឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ បានកើតឡើងនៅក្នុង និងជុំវិញទីក្រុងភ្នំពេញ។ ខ្ញុំបានទៅជាមួយ វណ្ណី នៅពេលដែលនាងទៅបង្រៀនសិស្សនៅក្នុងថ្នាក់របស់នាង។ ខ្ញុំចូលចិត្តប្រជាជននៅក្នុងប្រទេសកម្ពុជាណាស់។ ខ្ញុំបានជួបមិត្តភកិ្តជាច្រើននាក់របស់នាង។ ខ្ញុំបានទៅចូលរួមពិធីអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតផងដែរ។ វណ្ណី បានជួយបង្រៀនខ្ញុំអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា និងស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជានៅខណៈពេលនោះ។ យើងបានដើរគ្រប់ទីកន្លែង និងនិយាយគ្នាគ្រប់ពេលវេលា។ នៅរដូវផ្ការីកនាពេលនោះ ព្រះអង្គម្ចាស់ នរោត្តម សីហនុ ត្រូវបានដកចេញពីអំណាច ចំណែកឯលោកប្រធានាធិបតី លន់ នល់ ត្រូវបានប្រកាសតែងតាំងឲ្យឡើងកាន់អំណាចជាបន្ទាន់ឲ្យក្លាយទៅជាប្រមុខរដ្ឋពេញលេញមួយ។ ពេលខ្លះ សាកសពត្រូវបានប្រជាជនឃើញអណ្តែតនៅតាមដងទន្លេមេគង្គ។ ពាក្យសម្តីដែលបាននិយាយនៅតាមផ្លូវគឺខ្មែរក្រហមកំពុងតែខិតចូលតាមតំបន់មួយចំនួននៅជិតទីក្រុងភ្នំពេញ។ ហេតុដូច្នេះហើយ ជារឿយៗ ប្រជាជនមានអារម្មណ៍ភ័យខ្លាច និងមានកង្វល់ជាខ្លាំង។
ខ្ញុំបានចូលរួមក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដែលត្រូវបានគេរៀបចំឡើងនៅបន្ទប់ជាន់ខាងលើនៅក្នុងសណ្ឋាគារក្នុងស្រុកមួយ ដើម្បីកំណត់ថាតើវាមានសុវត្ថិភាពក្នុងការបន្តស្នាក់នៅក្នុងរាជធានីភ្នំពេញដែរឬទេ។ ជាទូទៅ អ្នកដែលបានមកចូលរួមប្រជុំក្នុងសន្និសីទសារព័ត៌មាននេះគឺជាមន្រ្តីរដ្ឋាភិបាល និងកងទ័ព។ អ្នកកាសែតអន្តរជាតិមួយចំនួនតូច ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះដែរ។ ថ្ងៃមួយ មានការប្រយុទ្ធគ្នារវាងកងទ័ព លន់ នល់ និង ខ្មែរក្រហមបានកើនឡើងដោយនឹកស្មានមិនដល់នៅជិតទីក្រុងភ្នំពេញ បន្ទាប់មកមន្រ្តីក្នុងជួរកងទ័ពបានចេញការដាស់តឿនមួយថា៖ “តើចាកចេញពីប្រទេសកម្ពុជាភ្លាមៗ ឬក៏បន្តការស្នាក់នៅក្នុងប្រទេសកម្ពុជា និងប្រសិនបើមិនមានលទ្ធភាពក្នុងការចាកចេញ”។ ប៉ុន្តែពិតជាគួរឲ្យសោកស្តាយ ខ្ញុំបានចាកចេញពីទីក្រុងភ្នំពេញ។ បន្ទាប់ពីរយៈពេលប្រហែលពី២ទៅ៣ខែក្រោយមក ខ្ញុំបានព្យាយាមរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង វណ្ណី។ ពិតជានឹកស្មានមិនដល់ សំបុត្រមួយចំនួនរបស់យើងត្រូវបានផ្ញើទៅដល់ដៃ។ ខ្ញុំបានទទួលសំបុត្រចំនួន២ពីនាង។
កន្លងហួសអស់រយៈពេលប្រហែលជា៥០ឆ្នាំមកហើយ រហូតមកទល់សព្វថ្ងៃនេះ បន្ទាប់ពីខ្ញុំបានធ្វើការស្រាវជ្រាវជាច្រើន ខ្ញុំបានរកឃើញសំបុត្ររបស់ វណ្ណី។ ខ្ញុំបានភ្ជាប់សំបុត្រទាំងអស់នៅខាងក្រោមនេះ ដូច្នេះ អ្នកអាចអានសំបុត្រនេះបាន។
សំបុត្រទាំងអស់នេះ គឺជារឿងរ៉ាវផ្ទាល់ខ្លួន។ វាពិតជារំជួលចិត្ត និងក្រៀមក្រំណាស់សម្រាប់ខ្ញុំនៅពេលដែលអានសំបុត្រទាំងអស់ក្នុងពេលនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនមានភាពខ្មាសអៀនចំពោះការចែករំលែកសំបុត្រទាំងនេះដែរ។ ខ្ញុំសង្ឃឹមថា តាមរយៈការចែករំលែកសំបុត្រទាំងអស់នេះជាមួយអ្នក ជាពិសេស ដើម្បីឲ្យអ្នកអាចទទួលបានព័ត៌មានដើមនៃការទំនាក់ទំនង និងជាយថាហេតុ ក៏ជាវិធីសាស្រ្តមួយដើម្បីស្វែងយល់បន្ថែមអំពីអ្វីដែលបានកើតឡើង និងអាចកើតឡើងចំពោះពួកគេដែរ។ ព័ត៌មានដែលខ្ញុំបានទទួលពីប្រទេសកម្ពុជាក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ នៅពេលដែលខ្ញុំបានត្រឡប់មកផ្ទះរបស់ខ្ញុំនៅឯសហរដ្ឋអាមេរិកវិញ គឺភាគច្រើនជាព័ត៌មានដែលរៀបរាប់អំពីការបង្ហូរឈាម និងភាពវឹកវរនៅក្នុងប្រទេសកម្ពុជា។ ការទទួលបានព័ត៌មានទាំងនោះ បានធ្វើឲ្យក្តីសង្ឃឹមរបស់ខ្ញុំចំពោះការរស់រានមានជីវិតរបស់ពួកគេបានថយចុះ។ ទោះបីជាយ៉ាងណា បំណងប្រាថ្នាដ៏មុតមាំរបស់ខ្ញុំដើម្បីដឹងថាតើមានរឿងអ្វីបានកើតឡើងចំពោះ វណ្ណី និង កាន់យ៉ា នៅតែមាន។
តើមានវិធីសាស្រ្តអ្វីខ្លះដែលអង្គការរបស់អ្នកអាចជួយខ្ញុំដើម្បីស្វែងរកទីតាំងរស់នៅរបស់នាង ឬយ៉ាងហោចណាស់ អាចដឹងពីស្ថានភាពរបស់នាង? ប្រសិនបើអ្នកមិនអាចរកឃើញ តើអ្នកអាចដឹងថា មានអង្គការណានៅក្នុងប្រទេសកម្ពុជាកំពុងតែធ្វើកិច្ចការពាក់ព័ន្ធនឹងរឿងរ៉ាវទាំងអស់នេះ ដែលអាចជួយខ្ញុំដើម្បីស្វែងរកដំណឹងរបស់ពួកគេ? ខ្ញុំនឹងធ្វើដំណើរទៅទីក្រុងភ្នំពេញនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ អរគុណ!
ជេន វេគនើរ
សំបុត្រលើកទី១ដែល វណ្ណី បានផ្ញើទៅ ជេន ៖
កំពង់សោម ថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៧០
ជូនចំពោះ ជេន ជាទីស្រឡាញ់
ខ្ញុំគិតថាអ្នកប្រហែលជាបំភ្លេចខ្ញុំហើយ មែនឬទេ? ខ្ញុំគឺជាស្រ្តីម្នាក់ដែលអ្នកបានជួបក្នុងកំឡុងពេលដែលអ្នកបានស្នាក់នៅក្នុងទីក្រុងភ្នំពេញ។
អ្នក គឺជាបុរសម្នាក់ដែលមានចិត្តសណ្តោសប្រណី ហើយខ្ញុំពិតជាចូលចិត្តអ្នកខ្លាំងណាស់។ អ្នកពិតជានឹកស្មានមិនដល់ទេថាខ្ញុំក្រៀមក្រំខ្លាំងយ៉ាងណា បន្ទាប់ពីអ្នកបានចាកចេញពីប្រទេសកម្ពុជា ហើយ កាន់យ៉ា (មិត្តភក្តិរបស់ខ្ញុំ) ពិតជាខឹងនឹងខ្ញុំខ្លាំងណាស់ ពីព្រោះខ្ញុំមិនអាចហាមឃាតចិត្តរបស់អ្នកបាន។
ខ្ញុំតែងតែចងចាំអំពីដំណើរទស្សនារបស់យើងទៅវត្តភ្នំ ផ្សារថ្មី សារមន្ទីរជាតិ និងការដើរកម្សាន្តរបស់យើងនៅលើស្ពាន នៅតាមដងទន្លេមេគង្គ និងនៅសួនច្បារវិមានឯករាជ្យ។ វាពិតជាអនុស្សាវរីយ៍មួយដ៏អស្ចារ្យណាស់សម្រាប់ខ្ញុំ។
ជេន ជាទីស្រឡាញ់! ខ្ញុំបានព្យាយាមសរសេរសំបុត្រទៅអ្នកកាលពីខែមុន ប៉ុន្តែខ្ញុំមិនអាចសរសេរបានទេ ពីព្រោះខ្ញុំមិនដឹងថា តើអ្នករស់នៅក្នុងប្រទេសបារាំង ឬក៏រស់នៅក្នុងសហរដ្ឋ អាមេរិច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំចង់បានរូបថតមួយចំនួនដែលយើងបានថតជាមួយគ្នា។ ខ្ញុំគិតថាអ្នកប្រហែលជាបោះរូបថតទាំងអស់នោះចោលហើយ។
ឥឡូវនេះ ខ្ញុំសូមបញ្ចប់ការសរសេរសំបុត្រត្រឹមនេះ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចសរសេរសំបុត្រឲ្យបានវែងជាងនេះនៅពេលក្រោយ។ សូមសរសេរត្រឡប់មកវិញផង!
ដោយក្តីរីករាយ
វណ្ណី
សេចក្តីបន្ថែម៖ សព្វថ្ងៃនេះ ខ្ញុំរស់នៅកំពង់សោម។ ប្រសិនបើអ្នកចង់សរសេរសំបុត្រមកកាន់ខ្ញុំ សូមអ្នកផ្ញើតាមរយៈអាសយដ្ឋានរបស់ខ្ញុំដូចខាងក្រោម ៖
កញ្ញា ស៊ឹម វណ្ណី
ផ្ទះលោក ឆាល ជូវេត
អគារ ៧៨ ស.ល.រ.ព
ក្រុងកំពង់សោម ប្រទេសកម្ពុជា
សំបុត្រមួយច្បាប់នេះ ត្រូវបានផ្ញើចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ១៩៧០។
សំបុត្រលើកទី២ ដែល វណ្ណី បានផ្ញើទៅ ជេន ៖
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៧០
កំពង់សោម នៅក្រោមពន្លឺព្រះច័ន្ទ
ជូនចំពោះ ជេន ជាទីស្រឡាញ់
ខ្ញុំ ពិតជាអរគុណខ្លាំងណាស់ចំពោះសំបុត្រ និងរូបថតដែលខ្ញុំទើបតែទទួលបាននៅក្នុងថ្ងៃនេះ។
ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលខ្ញុំបានទទួលដំណឹងពីអ្នក។ ជាការពិតណាស់ ខ្ញុំមិនធ្លាប់បានទទួលសំបុត្រពីអ្នកទាល់តែសោះ។ ខណៈពេលមុន ខ្ញុំបានឲ្យអាសយដ្ឋានរបស់បងប្រុសខ្ញុំទៅអ្នក ហើយខ្ញុំក៏ធ្លាប់បានទៅយកសំបុត្រនៅផ្ទះរបស់បងប្រុសខ្ញុំដែរ ប៉ុន្តែគាត់បានប្រាប់ខ្ញុំថា គាត់មិនធ្លាប់បានទទួលសំបុត្រពីអ្នកទេ។ ខ្ញុំពិតជាមិនយល់ទាល់តែសោះថាតើមានរឿងអ្វីកើតឡើង?
ជេន! ខ្ញុំពិតជាចង់យំណាស់នៅពេលដែលខ្ញុំគិតដល់អ្នក។ ចំពោះខ្ញុំ ពេលវេលាដែលយើងបានចំណាយរួមគ្នា គឺជាពេលវេលាមួយដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ។ អ្ហូ! ជេន ជាទីស្រឡាញ់ សព្វថ្ងៃនេះ សុខភាពរបស់ខ្ញុំមិនសូវល្អទេ។ ខ្ញុំឈឺ ។ ខ្ញុំមិនសូវចូលចិត្តទីក្រុងភ្នំពេញទេ ដូច្នេះហើយបានជាខ្ញុំមករស់នៅកំពង់សោមប៉ុន្មានខែនេះ។ នៅទីនេះ មានជនជាតិបារាំងជាច្រើនរស់នៅ។ ខ្ញុំស្គាល់លោក ជូវេត និងលោក ឌែលពិច។ ខ្ញុំចង់ប្រើប្រាស់អាស័យដ្ឋានរបស់ពួកគេ ពីព្រោះអាស័យដ្ឋានរបស់ខ្ញុំមិនច្បាស់លាស់ទេ។
ខ្ញុំសូមទោសផង ជេន! ក្រៅពី កាន់យ៉ា ខ្ញុំមិនធ្លាប់បានទទួលដំណឹងអ្វីពីមិត្តភក្តិផ្សេងទៀតទេ។ កាន់យ៉ា បានសរសេរសំបុត្រមកប្រាប់ខ្ញុំថា នាងសុខសប្បាយទេ។ នាងនឹងរៀបការជាមួយបុរសជនជាតិអាមេរិកាំងម្នាក់ក្នុងពេលឆាប់ៗនេះ ។
ជេន! ហេតុអ្វីបានជាអ្នកមិនត្រឡប់មកជួបខ្ញុំនៅក្នុងប្រទេសកម្ពុជាវិញ? ជាការពិតណាស់ ពួកយើងអាចមានពេលវេលាជាមួយគ្នា។ ពេលវេលាដើម្បីស្គាល់គ្នា និងជិតស្និទ្ធគ្នាទៅវិញទៅមក។ ប្រសិនបើខ្ញុំមានលុយគ្រប់គ្រាន់ ខ្ញុំនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកអ្នក។ ប៉ុន្តែខ្ញុំគឺជានារីក្រីក្រម្នាក់។
ដំណើរទស្សនារបស់យើងទៅកាន់វត្តភ្នំ ផ្សារថ្មី និងសារមន្ទីរជាតិ ហើយគ្រប់ពេលវេលាទាំងអស់ គឺយើងបានដើរជាមួយគ្នា ចំណាយពេលវេលារួមគ្នា ដែលការចងចាំទាំងអស់នេះ នឹងស្ថិតក្នុងចិត្តរបស់ខ្ញុំជានិច្ច។ ទោះបីជាអ្នកបានស្នាក់នៅក្នុងទីក្រុងភ្នំពេញរយៈពេលខ្លី ប៉ុន្តែវាពិតជាមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ខ្ញុំ។
ជេន! ខ្ញុំពិតជាចង់ដឹងពីសុខទុក្ខរបស់អ្នកខ្លាំងណាស់? ខ្ញុំក៏ចង់ដឹងដែរថា តើអ្នកកំពុងតែធ្វើអ្វីនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា? តើអ្នកបានរៀនភាសាបារាំងដែរឬទេ? តើខ្ញុំអាចក្លាយជាគ្រូរបស់អ្នកបានដែរឬទេ? សូមមេត្តាផ្តល់ដំណឹងដល់ខ្ញុំផង ប្រសិនបើសព្វថ្ងៃនេះ អ្នកទទួលបានការងារធ្វើហើយ។
យប់ជ្រៅហើយ! ខ្ញុំត្រូវតែបញ្ចប់ការសរសេរសំបុត្ររបស់ខ្ញុំ។ អ្ហូ! កុំភ្លេចថា គ្រប់ពេលទាំងអស់ដែលខ្ញុំបានអានសំបុត្ររបស់អ្នក ខ្ញុំតែងតែយំ។
លាហើយ!
វណ្ណី
សេចក្តីបន្ថែម ៖ លោក ជូវេត នឹងចាកចេញពីប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ ខាងក្រោមនេះជាអាសយដ្ឋានថ្មីរបស់ខ្ញុំ៖
ស៊ឹម វណ្ណី
ផ្ទះលេខ U2 ឌែលពិច
អគារ ៧៨ ស.ល.រ.ព
ក្រុងកំពង់សោម ប្រទេសកម្ពុជា