Home / Post

ប្រវត្តិរូបរបស់ ខៀវ សេងវ៉ា

ប្រវត្តិរូបរបស់ ខៀវ សេងវ៉ា និងរូបថតនៅទួលស្លែង

ខៀវ សេងវ៉ា កើតក្នុងឆ្នាំ ១៩៥៦ នៅសង្កាត់លេខ១ ភូមិឫស្សីកែវ គីឡូម៉ែត្រលេខ៣ ក្រុងភ្នំពេញ។ ខៀវ សេងវ៉ា ជាអ្នកទោសនៅមន្ទីរស-២១។ នៅក្នុងប្រព័ន្ធទិន្នន័យឯកសាររូបថត លេខ១៨៨៥ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលខ្ញុំបានរកឃើញ ខៀវ សេងវ៉ា ត្រូវបានថតរូប និងពាក់ស្លាកសម្គាល់លេខ ១២៦។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ ខៀវ សេងវ៉ា ៖
សមាជិកគ្រួសារ៖
– ឪពុកឈ្មោះ ខៀវ សេង (ស្លាប់ដោយសារអត់ឃ្លាននិងជំងឺ ក្នុងឆ្នាំ១៩៧៨)។
– ម្ដាយឈ្មោះ គាន (ខ្មែរក្រហមសម្លាប់នៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងឆ្នាំ១៩៧៨)។
– បងប្រុសឈ្មោះ ខៀវ សេងងួន (ខ្មែរក្រហមសម្លាប់ចុងឆ្នាំ១៩៧៥ នៅភូមិត្នោត ស្រុកកំពង់ថ្ម ខេត្តកំពង់ធំ)។
– បងស្រីឈ្មោះ ខៀវ ថុងស៊ុយ (បែកគ្នា និងសន្មត់ថា ត្រូវបានខ្មែរក្រហមសម្លាប់ក្នុងឆ្នាំ១៩៧៨ ក្នុងខេត្តកំពង់ចាម) (ទីតាំងមិនច្បាស់លាស់)។
– ប្អូនស្រី ខៀវ ថុងវណ្ណ (បែកគ្នាក្រោយការដួលរលំនៃទីក្រុងភ្នំពេញនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ សន្មត់ថាស្លាប់)។
– ប្អូនប្រុស ខៀវ សុខន រស់នៅរដ្ឋញូវជើស៊ី សហរដ្ឋអាមេរិក ជានាយករងផ្នែកផ្ដល់ដំណោះស្រាយខាងបច្ចេកវិទ្យា របស់ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំមួយ នៅតំបន់ទីប្រជុំជនក្នុងក្រុងញូវយ៉ក។
ការអប់រំ និងសកម្មភាព៖
– ខៀវ សេងវ៉ា បានចូលរៀននៅសាលាបឋមសិក្សាពញាក្រែក បន្ទាប់មករៀននៅវិទ្យាល័យឫស្សីកែវ
– ក្នុងឆ្នាំ១៩៧៤ បានបញ្ចប់ការសិក្សាពីវិទ្យាល័យយុវជនស្រោចស្រង់ជាតិ ហើយមានគម្រោងបន្ដការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា
– គាត់បានកើតក្នុងគ្រួសារមួយដែលជឿស៊ប់លើសាសនាកាតូលិក ក្នុងសង្កាត់ឫស្សីកែវ។

កាលពីឆ្នាំ១៩៧០ វិហារកាតូលិកបានរើទីតាំងពីខេត្តកែប មកក្រុងភ្នំពេញ។ ពេលនោះបងប្រុសរបស់ខ្ញុំក៏បានចូលវិហារ ដើម្បីបួសជាបុព្វជិត។ ពេលដែលគាត់នៅក្នុងវិហារនោះ គាត់ប្ដេជ្ញាថានឹងបម្រើព្រះ និងអ្នកក្រខ្សត់។ បើទោះបីជាផ្ទះគាត់នៅជិតវិហារក៏ដោយ ក៏គាត់មិនដែលបំពានច្បាប់មកលេងផ្ទះដោយគ្មានការអនុញ្ញាតដែរ។

នៅពេលដែលគាត់កំពុងបួសនោះ គាត់ទៅរៀននៅសាលាឯកជនតាមធម្មតា។ ក្រោយម៉ោងរៀន គាត់ចំណាយពេលក្នុងវិហារ ហើយបានប្រតិបត្តិវិន័យនៃព្រះសង្ឃកាតូលិក។ ម្នាក់ៗនៅទីនោះប្រើប្រាស់ភាសាបារាំងជាមួយព្រះសង្ឃកាតូលិក និងប្រើប្រាស់ភាសាខ្មែរជាមួយមនុស្សទូទៅ ពួកគេខិតខំរៀនសូត្រខ្លាំងណាស់។ ក្នុងរយៈពេល៣ឆ្នាំ គាត់អាចនិយាយភាសាបារាំងបានយ៉ាងល្អ។ ជីវិតខាងក្រៅខុសប្លែកពីជីវិតក្នុងវិហារ។

នាពាក់កណ្ដាលឆ្នាំ១៩៧៣ គាត់បានចេញពីវិហារកាតូលិក ហើយត្រលប់ទៅផ្ទះវិញ។ ខ្ញុំចាំថា បងប្រុសរបស់ខ្ញុំមានភាពចាស់ទុំជាងមនុស្សដែលមានវ័យស្រករគាត់។ គាត់តែងតែការពារអ្នកទន់ខ្សោយ។ ហើយ គាត់ក៏និយាយដោយមានហេតុផលជាមួយឪពុកម្ដាយដែរ ប្រសិនបើការទូន្មានរបស់ពួកគាត់មានចំណុចខ្វះខាត។
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ភ្នំពេញបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ យើងត្រូវបានខ្មែរក្រហមជម្លៀសដោយបង្ខំចេញតាមផ្លូវជាតិលេខ៥ បន្ទាប់មកក៏ប្ដូរទិសដៅដោយឆ្លងស្រឡាងកាត់កាត់ទន្លេព្រែកក្ដាម ទៅកាន់ផ្លូវជាតិលេខ៦វិញ។

ក្រោយពីឆ្លងទន្លេផុត ខៀវ សេងវ៉ា និង បងប្រុស ខៀវ សេងងួន ត្រូវបានបំបែកចេញពីម្ដាយ បងស្រី និង ប្អូនប្រុស។ នៅពេលនោះដែរ បងប្រុស ខៀវ សេងងួន ក៏ត្រូវបែកចេញពីប្រពន្ធរបស់គាត់ដែរដែលកំពុងតែពរពោះ និងកូនប្រុសរបស់គាត់ម្នាក់ដែលទើបមានអាយុ២ឆ្នាំ។
ប្រហែលជាបីសប្ដាហ៏ក្រោយមក គាត់ (ខៀវ សេងវ៉ា) និង បងប្រុសធំ (ខៀវ សេងងួន) ត្រូវបានបង្ខំឲ្យទៅរស់នៅភូមិស្វាយភ្លើង ស្រុកតាំងគោក។ ចំណែក ម្ដាយ បងស្រី និង ប្អូនប្រុស ត្រូវបានបង្ខំឲ្យរស់នៅភូមិពនរ៉ូ ស្រុកតាំងគោក ខេត្តកំពង់ធំ។ យើងមិនត្រូវបានអនុញ្ញាតឲ្យរស់នៅក្នុងភូមិជាមួយគ្នាទេ។
ក្នុងខែកក្កដា ឆ្នាំ១៩៧៥ ខៀវ សេងវ៉ា បងប្រុសធំ និង ក្រុមគ្រួសារ ត្រូវបានបង្ខំឲ្យទៅរស់នៅភូមិត្នោត ស្រុកកំពង់ថ្ម ខេត្តកំពង់ធំ។
ក្រោយមក នៅក្នុងឆ្នាំដដែល បងប្រុសធំ ខៀវ សេងងួន ត្រូវបានចោទថា ជាទាហាន លន់ នល់ ដែលទទួលការគាំទ្រពីអាមេរិច។ គាត់ត្រូវបានចាប់ ហើយបាត់ដំណឹងរហូតមក។ បងប្រុស ខៀវ សេងងួន បានបន្សល់ទុកប្រពន្ធគាត់ដែលកំពុងពរពោះ និង កូនប្រុសអាយុ២ឆ្នាំ ឲ្យ ខៀវ សេងវ៉ា មើលថែទាំ។ នៅដើមឆ្នាំ១៩៧៦ បងប្រុស ខៀវ សេងវ៉ា បានព្យាយាមគេចពីអង្គការ និងកម្មាភិបាលខ្មែរក្រហម ហើយបានមកលេងម្ដាយ និងប្អូនស្រីនៅ ភូមិពនរ៉ូ ស្រុកតាំងគោក។
ខ្ញុំចាំបានថា គាត់មកសូមខមាលទោសពីម្ដាយ ខ្ញុំ និង បងស្រី ប្រសិនបើគាត់បានប្រព្រឹត្តិអ្វីខុសឆ្គងមកលើពួកយើង។ គាត់បានប្រាប់ពួកយើងថា បងប្រុសធំត្រូវបានអង្គការចាប់យកទៅ ចំណែកបងស្រីថ្លៃក៏កើតជំងឺបាក់ទឹកចិត្ត ហើយមិនមានអាហារទទួលទានគ្រប់គ្រាន់ទៀត។ គាត់ក៏ស្លាប់នៅពេលកំពុងសម្រាលកូនស្រីរបស់គាត់។ ក្រោយមក កូនស្រីនោះក៏បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភទៀត។

បងប្រុស ខៀវ សេងវ៉ា បាននិយាយថា គាត់មានគម្រោងគេចទៅថៃ ដោយរត់តាមដងទន្លេសាប។ បន្ទាប់ពីប្រាប់ដំណឹងអកុសលពីក្រុមគ្រួសាររបស់បងប្រុសរួច គាត់ក៏បានត្រឡប់ទៅភូមិត្នោត ស្រុកកំពង់ថ្មវិញ។ ក្រោយមក ខ្ញុំក៏លែងបានទទួលដំណឹងពីគាត់រហូត។
ក្នុងឆ្នាំ ១៩៧៧ ខ្ញុំបានជួបកងចល័តខ្លះដែលត្រូវបានបញ្ជូនទៅធ្វើការនៅទំនប់ទន្លេជីនិត។ ខ្ញុំបានឮពីកងចល័តមួយនៅភូមិត្នោត ថា ខៀវ សេងវ៉ា ត្រូវបានអង្គការចាប់ខ្លួន នៅពេលគាត់ប៉ុនប៉ងរត់គេចក្បែរមាត់ទន្លេសាប។ គាត់ត្រូវបាន(ទាហាន)ចាប់ខ្លួន ហើយសម្លាប់នៅទីនោះ។
ខ្ញុំមិនរំពឹងថា ខ្ញុំនឹងឃើញរូបថតគាត់ដាក់តាំងនៅ មន្ទីរស-២១ នោះទេ។ ខ្ញុំព្យាយាមបំភ្លេចរូបថតនោះជាច្រើនលើកច្រើនសារ ប៉ុន្ដែវាមិនជ្រះស្រឡះពីការគិតរបស់ខ្ញុំឡើយ។ ពេលដែលខ្ញុំទៅមន្ទីរស-២១ ចុងក្រោយបំផុតជាមួយកូនប្រុសអាយុ ៣៦ ឆ្នាំរបស់ខ្ញុំ ខ្ញុំបានឮបុគ្គលិកសន្ដិសុខប្រាប់អ្នកចូលទស្សនាថា រូបថតរាងទ្រវែងបួនជ្រុង គ្មានឈ្មោះ គឺជារូបអ្នកទោសដែលត្រូវបានគេចាប់ខ្លូនពីចន្លោះឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៧៧។ ខ្ញុំមានការរន្ធត់ ព្រោះមនុស្សក្នុងរូបនោះប្រហែលជាបងប្រុសខ្ញុំ។ ដោយសារមានការជួយ និងការលើកទឹកចិត្តពីមជ្ឈមណ្ឌលឯកសារកម្ពុជា និងការិយាល័យព័ត៌មាននៃមន្ទីរស២១ មិត្តភក្តិ និង សាច់ញាតិ ទើបខ្ញុំមានកម្លាំងប្រមូលរូបថតកាលពីក្នុងវ័យកុមាររបស់ខ្ញុំ និងបងប្រុសខ្ញុំ ដើម្បីប្រៀបធៀបជាមួយរូបថតនៅមន្ទីរស-២១។ រូបភាពទាំងនោះពិតជាដូចគ្នាខ្លាំងណាស់។

ខៀវ សុខន