ចុងឆ្នាំ ១៩៧៥ ដើមឆ្នាំ១៩៧៦

          ទិដ្ឋភាពដ៏តក់ស្លុតមួយក៏បានប្រាកដខ្លួនឡើង នៅក្នុងកូនក្រុងដ៏តូចមួយឯភូមិភាគខាងលិចនៃប្រទេសកម្ពុជា។ កូនរថយន្តហ្ស៉ីបរត់ខ្វាត់ខ្វែងស្ទើរតែគ្រប់វិថីនានាទាំងអស់ ដែលមានអ្នកជិះក្នុងកូនរថយន្តហ្ស៉ីបនោះមិនលើសពីដប់អ្នកឡើយក្នុងរថយន្តនីមួយៗ។ សម្លេងឧឃោសនស័ព្ទក៏បានលាន់ឮបន្តបន្ទាប់គ្នាតាមរយៈរលកសម្លេងដ៏មុតស្រួចរបស់យុវជនវ័យម្ភៃឆ្នាំម្នាក់ ស្រែកប្រកាសឲ្យប្រជាពលរដ្ឋទាំងឡាយដែលរស់នៅក្នុងកូនក្រុងប៉ៃលិននេះ ត្រូវតែចាកចាកចេញពីគេហដ្ឋានរបស់ខ្លួនត្រឹមតែបីថ្ងៃប៉ុណ្ណោះ ដើម្បីរៀបចំស្រុកទេសកម្ចាត់ពួកខ្មាំងសត្រូវដែលបានបង្កប់ខ្លួននៅក្នុងតំបន់នេះ។ ស្នូរអាវុធលាន់ឮដូចលាជផ្ទុះនៅទីជិតទីឆ្ងាយ ក្រោមការបញ្ជារបស់ក្រុមឈុតខ្មៅមួយក្រុមទៅលើគ្រួសារនៃអ្នករស់នៅក្នុងតំបន់ត្បូងកណ្ដៀងដោយសារតែគ្រួសារទាំងឡាយខ្លះមានការស្ទាក់ស្ទើរ សម្រេចចិត្តមិនស្រេចដែលត្រូវចាកចេញពីផ្ទះទាំងទទឹងទិសដូច្នេះនោះ។ គ្រប់លំនៅឋានទាំងឡាយត្រូវបានបិទទ្វារចោលយ៉ាងស្ងាត់ជ្រងុំត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ សម្លេងទ្រហោយំ ស្ដាយស្រណោះទ្រព្យសម្បត្តិផ្ទះសំបែង និងការមិនចង់ឃ្លាតចោលពីលំនៅរបស់អ្នកស្រុកក៏បានបណ្ដែតខ្លួនឡើង ជាហេតុធ្វើឮឲ្យក្រុមឈុតខ្មៅខឹងសម្បារមិនពេញចិត្តរាល់ទង្វើទាំងអស់នេះឡើយ។ មានអ្នកខ្លះត្រូវបានបាញ់សម្លាប់ចោលនៅនឹងកន្លែងភ្លាមៗ ដោយសារតែពួកគេមិនព្រមចាកចេញពីផ្ទះ មិនអស់អាល័យពីភាពឡូយឆាយភាពស្រណុកសុខស្រួលជាមួយទ្រព្យសម្បត្តិរបស់ខ្លួន។ ការរៀបចំស្រុកទេស ក្រោមរូបភាពបំភាន់ភ្នែកមិនគួរឲ្យជឿពិតជាគួរឲ្យសាហាវខ្លាំងណាស់ ពីព្រោះភាពស្អាតស្អំ ភាពមានសណ្ដាប់ធ្នាប់នៃទីក្រុងមួយនេះវាបានប្រែរូបរាងទាំងស្រុងទៅជារញ៉ែរញ៉ៃ រាយប៉ាយដោយការបំផ្លិចបំផ្លាញ រុះរើនៃផ្ទះសម្បែងតូចធំទាំងឡាយ។ ផ្សែងហុយពីការដុតកម្ទេចចោលនូវគ្រឿងសង្ហារឹមដ៏ប្រណិតៗមួយចំនួន ដែលពួកអាវខ្មៅរើទម្លាក់ដុតចោលយ៉ាងសន្ធឹកសន្ធាប់ ការបង្គាប់បញ្ជាយ៉ាងដាច់សាច់ទៅលើប្រជាពលរដ្ឋពិតជាមានអានុភាពខ្លាំងក្លាណាស់។ ប្រសិនបើបុគ្គលណាមួយមិនព្រមទទួលយកការបញ្ជានេះទេ ពួកគេនឹងត្រូវសម្លាប់ចោលមិនញញើតដៃឡើយ។ ការសម្លាប់មនុស្សនៅសម័យនោះ គឺដូចជាសម្លាប់សត្វអ៊ីចឹង ឲ្យតែអ្នកណាតមាត់ មិនព្រមទទួលយកច្បាប់ថ្មីមួយនេះ ក្រុមអាវខ្មៅច្បាស់ជាសម្លាប់ចោលមិនខានឡើយ។ មិនថាអ្នកមាន ឬអ្នកក្រទេ គឺស្ថិតនៅលើចុងកាំភ្លើង AK ដូចតែគ្នាទាំងអស់ ឲ្យតែពួកគេមិនពេញចិត្តនូវទង្វើសកម្មភាពរបស់ពួកយើង។

  • លោកក្មួយហ៎ា….. គ្រាន់តែបោសសម្អាតខ្មាំងសត្រូវហេតុអ្វីចាំបាច់ឲ្យពួកយើងចេញពីផ្ទះនោះ? (បុរសចំណាស់សែសិបម្នាក់បានសួរទៅកាន់យុវជនអាវខ្មៅនោះ)។
  • កុំហៅពួកយើងថាលោកក្មួយ ពាក្យនេះត្រូវដូរមកហៅ«សមមត្តិ» វិញហើយ សមមិត្តឯងធ្វើតាមតែអង្គការបញ្ជាទៅ ពីព្រោះអង្គការមានបំណាងល្អ ជួយដល់សមមិត្តហើយតើ។ សមមិត្តចេញពីផ្ទះត្រឹមតែពីរបីថ្ងៃទេ នឹងត្រូវត្រឡប់មកកាន់ផ្ទះរៀងៗខ្លួនវិញហើយ។ ម្យ៉ាងទៀតផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗ អង្គការរបស់យើងនឹងរក្សាទុកឲ្យមិនបាត់បង់ទៅណាទេ(យុវជនអាវខ្មៅបានឆ្លើយប្រាប់)។
  • ចុះហេតុអ្វី បានជាមានការសម្លាប់ដល់អ្នកភូមិនោះ? (បុរសនោះសួរបន្តទៅទៀត)។
  • ពួកយើងបានប្រាប់ហើយ អង្គការមានផែនការខ្ពស់ដើម្បីកម្ចាត់ចោលខ្មាំងសត្រូវប្រឆាំងនឹងអង្គការបដិវត្តន៍យើង ចឹងហើយពួកដែលយើងសម្លាប់ចោលនោះគឺជាខ្មាំងប្រឆាំងនឹងអង្គការ (យុវជនដដែលបានឆ្លើយ)។
  • ចឹងឲ្យតែអ្នកណាប្រឆាំង ត្រូវតែសម្លាប់ចោលឬ? (បុរសចំណាស់នោះសួរ)។
  • សមរមិត្តសួរហ្នឹងត្រូវហើយ (យុវជនអាវខ្មៅឆ្លើយ)។
  • ឆាប់ឡើងកុំនៅតត្រេតតត្រតដល់ណាទៀត នាំគ្នាដើរទៅមុខបន្តទៀតទៅ! អ្នកខាងនោះប្រញាប់ប្រញាលឡើង! (យុវជនអាខ្មៅស្រែកទៅកាន់ហ្វូងមនុស្ស)។

ក្នុងស្ថានភាពចលាចល ច្របូកច្របល់នៃមនុស្សទាំងឡាយដែលកំពុងតែធ្វើដំណើរចាកចេញពីកូនក្រុងដ៏ស្រស់ស្អាតមួយនេះទាំងបង្ខំចិ្ត វាប្រៀបបាននឹងទុកឱកាសឲ្យកូនក្រុងដ៏ពិសិដ្ឋដែលសម្បូរទៅដោយត្បូងពេជ្រដ៏មានតម្លៃនៅទំនេរឯកាតែម្នាក់ឯងក្រោមផ្សែងសង្រ្គាម។ ការចាកចេញដែលប្រកបដោយទឹកភ្នែកនិរាសព្រាត់ប្រាស់បែកបាក់ប្អូនក្រុមគ្រួសារ គឺជាមហាសោកនាដកម្មចារទុកក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលមិនធ្លាប់មានពីមុនមក។

ប្រជាជនខ្មែររាប់នាក់ ត្រូវបានជម្លៀសចេញឲ្យអស់ពីកូនក្រុងប៉ៃលិន។ ប៉ៃលិនគឺជាតំបន់មួយដែលសម្បូរទៅដោយរ៉ែធម្មជាតិដ៏មានតម្លៃមហាសាល។ មិនត្រឹមតែសម្បូររ៉ែតែប៉ុណ្ណោះទេ ថែមទាំងសម្បូរអំបូរជនជាតិទៀតផងដូចជា ព្នង គួយ និងកូឡា(ភូមា) ជាដើម។ ជនជាតិកូឡា(ភូមា) ការរស់នៅរបស់ពួកគេ មានភាពថ្លៃថ្នូរហ៊ឺហារខ្លាំងណាស់ សូម្បីតែឡេវអាវភាគច្រើនពួកគេយកត្បូងកែច្នៃធ្វើជាឡេវអាវដាក់យ៉ាងស្រស់បំព្រងតែម្ដង។

គួរកត់សម្គាល់ផងដែរថា ការឃ្លាតឆ្ងាយពីក្រុងចេញទៅកាន់ទីផ្សេងៗនោះ វាហាក់ដូចជាមានការកំណត់បែងចែកហ្វូងមនុស្សឲ្យដាច់ៗពីគ្នា។ ប្រជាជនខ្មែរត្រូវតែទៅម្ខាង ចំណែកឯជនជាតិភាគតិចកូឡា(ភូមា?) ត្រូវតែទៅម្ខាង។

ទាហានខ្មែរក្រហមបានកែប្រែទម្រង់ បែបបទនៃការរស់នៅ ទុកដាក់សម្រាប់ប្រជាជនទាំងឡាយ។ ហើយអ្នកសេសសល់ពីប្រជាជនខ្មែរ អង្គការថ្មីនេះបានបោសសម្អាតយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។ ជនជាតិកូឡា(ភូមា)  រាប់សិបគ្រួសារ ត្រូវបានដឹកចេញទៅកាន់ទីផ្សេងៗតាមរយៈរថយន្តបែនដី។ រណ្ដៅបរត្បូងជាច្រើនកន្លែង វាបានប្រែក្លាយទៅជារណ្ដៅកប់សព សម្រាប់ក្រុមគ្រួសារជនជាតិកូឡា(ភូមា?) ទាំងក្មេងទាំងចាស់ទៅវិញ។ ហេតុដូច្នេះហើយបានជាមកដល់សព្វថ្ងៃនេះ ជនជាតិមួយនេះបានបាត់បង់ពីទឹកដីត្បូងពេជ្រទាំងស្រុងនៅសល់តែតួអក្សរ និងឈ្មោះ ដែលបានមានទុកនៅតាមទីវត្តអារាមខ្លះៗតែប៉ុណ្ណោះ។

កូនរថយន្តហ្ស៉ីបពណ៌ខ្មៅត្រូវគ្នាទៅនឹងឯកសណ្ឋានពណ៌ខ្មៅដូចស្លាបក្អែកមានវត្ដមានកាន់តែច្រើនឡើងៗព្រមទាំងមានអាវុធគ្រប់ដៃ ខ្លះបែរភ្ជង់តម្រង់ទៅកាន់ហ្វូងមនុស្សទាំងឡាយដែលកំពុងតែបោះជំហានមួយៗនៅលើដងវិថីនានាៗ។ មនុស្សរាប់ម៉ឺននាក់ប្រជ្រៀតក្បាលគ្នា មានទាំងតូចទាំងធំ ធ្វើដំណើរទៅមុខទាំងគ្មានទិសដៅពិតប្រាកដ។ ឥវ៉ែឥវ៉ាន់សំពីងសំពោង ដែលពួកគេយកមកតាមខ្លួនខ្លះដោយសង្ឃឹមថាអង្គការឲ្យចេញត្រឹមតែបីថ្ងៃប៉ុណ្ណោះនោះ ក៏បានក្លាយជាក្ដីបារម្ភទុក្ខព្រួយជាទីបំផុត។

នៅតាមផ្លូវជាតិលេខ៥៧ ប៉ៃលិន-បាត់ដំបង មនុស្សជាច្រើននាក់ដើរតម្រង់មករកស្រុកផ្សេងៗ ដែលអង្គការបានកំណត់ឲ្យពួកគេស្នាក់នៅធ្វើការជាបណ្ដោះអាសន្ន។ ទាហានជាច្រើនត្រូវបានសម្លាប់ដេកហើមស្ពីង រុយរោមអ៊ូ។ ទាហានទាំងនេះ សុទ្ធតែជាទាហានរបស់ លន់ នល់ ទាំងអស់ដែលអង្គការចាត់ទុកថាជាខ្មាំងសត្រូវរបស់ពួកគេ ដូច្នេះត្រូវតែកម្ចាត់ចោល។ គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ អ្វីៗសព្វបែបយ៉ាងប្រែប្រួលខុសប្រក្រតីទាំងស្រុង ជាពិសេសរបៀបរបបគ្រប់គ្រងដោយអង្គការថ្មីមួយនេះ។ យុវជនអាវខ្មៅក្មេងៗស្ពាយកាំភ្លើងដើរល្បាតយ៉ាងអង់អាច ទឹកមុខដ៏មាំគួរខ្លាចរអាក្រៃលែង។ ការធ្វើដំណើរចេញពីក្រុងប៉ៃលិន មានការយឺតយូរខ្លាំងណាស់ ដោយសារតែចំនួនមនុស្សច្រើនពេក លុះមកដល់បន្ទាយក្បែរដីក្រហម អង្គការបានប្រកាសឲ្យហ្វូងមនុស្សទាំងអស់សម្រាកដើម្បីដាំបាយហូបរៀងៗខ្លួនដែលមានអ្វីបន្តិចបន្តួចជារបស់យកតាមខ្លួនស្រាប់។

ការរៀបចំដាំបាយប្រព្រឹត្តទៅយ៉ាងលំបាកនៅកណ្ដាលហ្វូងមនុស្សមីដេរដាស។ ខ្វះទាំងទឹកខ្វះទាំងម្ហូបដើម្បីឲ្យសមាជិកគ្រួសាររបស់ខ្លួនបានទទួលទាន ជាពិសេសកុមារតូចៗដែលពួកគេមិនធ្លាប់អត់អាហារយូរដូច្នេះឡើយ។ ក្លិនឆ្អេះ ក្លិនឆ្អាប ស្អុយផ្សេងៗ ដែលកើតចេញពីការបន្ទោរបង់ពាសកាល ក៏បងឲ្យមានការកើតជាជម្ងឺផ្សេងៗ។ ម្យ៉ាងទៀត ក្លិនដែលយើងស្ទើរទ្រាំមិនបាននោះគឺក្លិនសាកសពទាហាន លន់ នល់ នេះតែម្ដង។ លុះហូបចុកបានត្រឹមតែកន្លះពោះគ្រប់ៗគ្នារួចហើយ ការបង្ខំចិត្តដេកពួននៅក្នុងកូនមុងតូចៗរបស់ខ្លួន គ្រួសារជាច្រើនទៀតបានយកលំហមេឃទាំងមូលធ្វើជាមុងផែនប្រឹថពីធ្វើជាកម្រាល ក្រាលសម្រាប់ប្រពន្ធកូនដេក។ ចំពោះអ្នកមាន កុងសែ ថៅកែទិញត្បូងទាំងឡាយដែលមានត្បូង ប្រាក់ទាំងប៉ុន្មាន បានយករបស់ដែលមានតម្លៃទាំងនោះដោះដូរមកវិញត្រឹមតែកន្លែងស្នាក់មួយរាត្រី ឬកូនកន្ទុយត្រីងៀតបានបន្ដិចបន្តួចប៉ុណ្ណោះ។ ពេលណាស្រុកកើតកលយុគដូច្នោះ មាស ប្រាក់ ត្បូង ពេជ្រ ក៏បានប្រែក្លាយទៅជាក្រដាសដុតបង្អើលមូស ស្មើនឹងកូនដុំថ្ម ឬគ្រួសអស់រលីង។ ពីព្រោះថាអង្គការបានប្រកាសបញ្ឈប់លែងឲ្យមានការប្រើប្រាស់ក្រដាសប្រាក់ទៀតហើយ ដោយសារហេតុផលថា អង្គការមានកាតព្វកិច្ចមើលការខុសត្រូវជំនួស ហើយចាប់ពីពេលនេះទៅមនុស្សទាំងអស់នេះរស់នៅបែបលក្ខណៈរួម អ្នកធ្វើការបានបាយហូប ចំណែកអ្នកមិនធ្វើការគឺត្រូវតែយកទៅរៀន ហាត់ពត់លត់ដំប្ដូរឥរិយាបថទំនើងហ៊ឺហារទាំងប៉ុន្មាន ត្រូវតែលុបបំបាត់ចេញ សម្របខ្លួនឲ្យសមស្របទៅតាមអង្គការបដិវត្តន៍។ ណាមួយការរស់នៅក្រោមការមើលថែរបស់អង្គការនេះទៀតសោត គឺមានការសុក្រឹត គ្មានអ្នកតូចគ្មានអ្នកធំ អ្នកមានអ្នកក្រ បែងចែកវណ្ណៈដូចសម័យមុនៗទៀតនោះទេ។ អង្គការដ៏អស្ចារ្យនេះហើយដែលអាចធ្វើឲ្យមនុស្សទូទាំងប្រទេសមានសេចក្ដីសុខស្រួលជាងគេ។

បីថ្ងៃកន្លងផុតទៅ ហ្វូងមនុស្សទាំងឡាយចេះតែបន្តដំណើរទៅតាមទិសដៅរបស់អង្គការដែលបានបែងចែកតំបន់ឲ្យ។ ហើយក្ដីសង្ឃឹមដែលអង្គការអាវខ្មៅបានសន្យាថាឲ្យវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញនោះ ក៏លែងមានការប្រកាសប្រាប់ទៀតហើយដែរ បានត្រឹមតែប្រាប់ថា អង្គការកំពុងតែដុតដៃដុតជើងបោសសម្អាតពួកខ្មាំងមិនទាន់អស់នៅឡើយ។ អង្គការបានប្រកាសប្រាប់តាមរថយន្តហ្ស៉ីបថា ផ្ទះ ទ្រព្យសម្បត្តិរបស់សមមិត្តទាំងអស់មិនបាត់បង់ទៅណាទេ អង្គការបានរក្សាទុកយ៉ាងយកចិត្តទុកដាក់បំផុតកុំបារម្ភអី។

ហ្វូងមនុស្សក៏ត្រូវបានកាត់ជាផ្នែកៗ ផ្នែកខ្លះត្រូវទៅខាងអូរអណ្ដូង ត្រែង ដំណាក់ស្ដៅ មួយចំនួនទៀតត្រូវទៅខាងភ្នំដូនមាយ ច្រាំងចោត រូង​អំពុះឃ្លាំង កំពង់គល់។ ការធ្វើការងារនៅតាមមូលដ្ឋាន ដែលបានបែងចែកដោយអង្គការនោះ មានការលំបាកខ្លាំងណាស់ ដោយសារមនុស្សមួយចំនួនធំ អតីតកុងសែថៅកែត្បូង មន្រ្តីរាជការ សុទ្ធសឹងតែជាអ្នកមិនធ្លាប់ធ្វើការធ្ងន់ៗ គួបផ្សំនឹងការហូបចុកមិនគ្រប់គ្រាន់ផងធ្វើឲ្យអ្នកទាំងនោះស្រុតកម្លាំងស្គមស្បែកដណ្ដប់ឆ្អឹង ក្មេងៗមួយភាគធំ ត្រូវបានស្លាប់ជាបន្តៗ ដោយសារកង្វះអាហារ និងឈឺគ្មានថ្នាំលេបជាដើម។

ការងារដែលអង្គការបានប្រគល់មុខងារឲ្យធ្វើក្រោមកំដៅថ្ងៃ ខ្យល់រងាជាច្រើនម៉ោង លើសលួសហួសកម្លាំង ហើយរបបអាហារមិនស្មើទៅនឹងអ្វីដែលបានធ្វើនោះ ជាកត្ដាធ្វើឲ្យមានការឈឺ កើតជម្ងឺអាសន្នរោគផ្សេងៗ និងអត្រាស្លាប់ក៏កាន់តែច្រើនដែរ។

ចំពោះការងារវិញ ទាំងប្រុសទាំងស្រីធ្វើស្មើគ្នាទាំងអស់ ត្រូវកាប់ឆ្ការព្រៃដើម្បីដាំសណ្ដែក ល្ង ពោត និងអំពៅជាដើម។ ទោះបីជាមានការរស់នៅរួមគ្នានិងហូបរួមគ្នាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំងអស់ហូបមិនគ្រប់គ្រាន់នោះឡើយ ដច្នេះហើយបានជាមានការកើតជម្ងឺរមួលពោះរហូតដល់ស្លាប់ក៏សឹងមាន។ ការលួចលាក់មើមឈើបន្តិចបន្តួចក៏ចាប់ផ្ដើមមានជាហូរហែ ទង្វើនេះ ជាទង្វើក្បត់នឹងអង្គការ អាចស្លាប់ឬអាចរស់ទៅតាមទំហំទោសនោះ។

អង្គការមានក្រឹតវិន័យដ៏តឹងរឹងចំពោះតែប្រជាពលរដ្ឋតែប៉ុណ្ណោះ បើអ្នកណាម្នាក់ហ៊ានលួចរបស់ទុកហូបនោះ គឺមានន័យថាមិនស្មោះត្រង់នឹងអង្គការឡើយ ស្មើនឹងពាក្យថា«ខ្មាំង» ជាមុខសញ្ញាត្រូវកម្ទេចចោលភ្លាម។ សម្រាប់អង្គការវិញ នៅពេលណាមានគណៈប្រតិភូតំណាងតំបន់មកប្រជុំបូកសរុបស្ថិតិការងារ តែងតែរៀបចំអាហារច្រើនពោរពាសស៊ីសល់ទុកដល់ជ្រូកស៊ីទៀតផង។ បើនិយាយពីកសិផលដំណាំដាំដុះវិញ មួយឆ្នាំធ្វើបីដង មួយហិចតាបីបួនតោនឯណោះ ប្រឹងទាំងយប់ទាំងថ្ងៃហូបចុកមិនគ្រប់គ្រាន់ បានត្រឹមតែបបរទឹករាវកក្លូកដដែល។ អញ្ចឹងហើយបានជាមានពាក្យមួយថា «ធ្វើស្រែនឹងមេឃស៊ីបាយ ធ្វើស្រែនឹងបាយស៊ីបបរ» ពាក្យនេះជាពាក្យរបស់កញ្ញាបញ្ញាវន្ដម្នាក់ដែលបាននិយាយនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុន្ដអនិច្ចា គ្រាន់តែនាងនិយាយផុតពីមាត់ មិនបានប៉ុន្មានដង្ហើមរុយផង នាងក៏ត្រូវបានយុវជនអាវខ្មៅពួកចិត្តតិរច្ឆានយកទៅសម្លាប់ចោលបាត់ទៅ។

សុរិយាអស្តង្គតរលត់បាត់កាំរស្មីទៅ បានត្រឹមតែបន្សល់ទុកនូវចំហាយក្ដៅៗចេញពីដីខ្សាច់នៅតាមផ្លូវនៃរទេះគោ។ នរៈពាក់អាវខ្មៅខ្លះមានឆ្នួតក្បាលក្រមា ស្មាលីកាំបិតខ្វែវដើរចេញពីចម្ការឫស្សីព្រៃព្រិច ដែលទើបតែកាប់រួច ក្នុងសភាពហេវហត់ដើរជាជួរៗ ហាក់ដូចជាគេបានគូសខ្សែបន្ទាត់ឲ្យដើរយ៉ាងមានរបៀប។

បរុសម្នាក់មានឆ្អឹងធំ សម្បុរសជ្រះបន្តិចស្ទើរមិនមែនខ្មែរចំ ក្នុងចំណោមជនឯទៀត បានដើរចូលក្នុងកូនខ្ទមប្រក់ស្លឹកដូង ដែលអង្គការបានប្រគល់ឲ្យជាកម្មសិទ្ធិ។ បានយកកាំបិតទៅបញ្ឈរនៅក្បែរកូនឆ្នាំងដាំថ្នាំបុរាណមួយដែលមានក្លិនមិនច្រឡំ ងាយនឹងកត់សម្គាល់បាន ប្រសិនបើមានអ្នកណាដើរកាត់មុខកូនខ្ទមស្លឹកដូងនោះ នឹងដឹងថាពិតជាអ្នកណាទើបតែសម្រាលកូនជាមិនខានឡើយ ពីព្រោះក្លិនថ្នាំស្ងោរនេះ គឺជាប្រភេសទថ្នាំកូនខ្ចី។

  • យ៉ាងម៉េចដែរពុកវា ការងារថ្ងៃនេះ? (មីងខែមសួរទៅប្ដី)។

ពូម៉ឺនដើរទៅសិតទឹកថ្នាំហូប បន្ទាប់ពីគាត់ឱនឈ្ងោកមើលកូនទារកដ៏គួរឲ្យស្រឡាញ់ស្មើរថ្លើមប្រមាត់របស់គាត់ រួចឆ្លើយតបទៅនឹងសំណួររបស់ប្រពន្ធគាត់ថា៖

  • ការងារដែលអង្គការដាក់ឲ្យកាប់ឆ្ការព្រៃនោះពិតជាលំបាកណាស់ ពីព្រោះដីព្រៃនោះមានទំហំធំហើយក្រាស់ទៀត អ្នកកាប់មានតែដប់នាក់តែប៉ុណ្ណោះ។ ម្យ៉ាងទៀតអង្គការបង្ខំឲ្យហើយក្នុងថ្ងៃនេះតែម្ដង។ អង្គការប្រាប់ថា ស្អែកត្រូវទៅកាប់នៅឯព្រៃផ្សេងទៀត មិនអាចធ្វើការងារប៉ុណ្ណោះ ត្រាំត្រែងយូរថ្ងៃឡើយ។
  • ហើយកូនប្រុសយើងមានយំធ្វើទុក្ខម៉ែវាឯងទេ? (ពូម៉ឺនបែរមកសួរប្រពន្ធ)។
  • កូនយើងមិនសូវជាធ្វើទុក្ខអីទេ ឃើញដេករហូត(មីងខែម ឆ្លើយ)។
  • ចុះពុកវាឯងទៅកាប់ព្រៃមានជួបអ្នកស្គាល់ទេ? (មីងខែម ខិតមកខ្សឹបប្ដី)។
  • ខ្ញុំបានជួបនឹងអ្នកស្គាល់មុខម្នាក់កាលយើងនៅរកស៊ីត្បូងនៅបរតាំងស៊ូ ថែមទាំងធ្លាប់មានទាស់ពាក្យសម្ដីនឹងគ្នា ពីរឿងត្បូងទៀតម្ដងផង (ពូមឿនឱនមកនិយាយតិចៗ)
  • ណាគេទៅពុកវា? (មីងខែម សួរទាំងឆ្ងល់ក្នុងចិត្ត)។។
  • គេនោះគឺ… ​(ពូម៉ឺនឆ្លើយដាច់ៗ)

មីងខែម កំពុងតែប្រឹងផ្ទៀងត្រចៀកស្ដាប់ពូម៉ឺន ឆ្លើយ មិនទាន់បានបញ្ចប់នូវប្រយោគនោះផង ស្រាប់តែមានហេតុការណ៍ក៏ភ្ញាក់ផ្អើលមួយបានបង្ហាញខ្លួននៅចំច្រកចូលក្នុងខ្ទមនោះ។

  • គឺខ្ញុំ….(សមមិត្តម៉េងដើរចូល)។
  • ហ៊ាម៉េង! (មីងខែម ភ្លាត់មាត់)។
  • ត្រូវហើយ…. ខ្ញុំគឺម៉េង…. ថៅកែត្បូងម៉េង ពីមុន នរណាៗក៏ស្ញើបនឹងខ្ញុំដែរ (សមមិត្តម៉េងឆ្លើយយ៉ាងកតើត)។
  • ដូចជាធំក្លិនកូនខ្ចី? អ្នកណាគេទើបឆ្លងទន្លេឬ? ឬក៏សមមិត្តខែម ឯង? អូ…. កូនសប្រុសនេះស្អាតថ្លោសគ្រាន់បើណាស់តើ! (សមមិត្តម៉េង ឈរមើលមុខកូនង៉ា)
  • ចុះសមមិត្តហេតុអ្វី បានជាសមមិត្តម៉េងឯងដឹងថាពួកយើងនៅទីនេះ? (ពូ ម៉ឺនសួរ)។
  • សើច…. ​ខ្ញុំស៊ើបទម្រាំនឹងដឹងគឺអស់រយៈមួយអាទិត្យទើបបានដឹង(សមមិត្តម៉េង ដើរក្រពាត់ដៃក្បែរ ភ្លើងចង្រ្កានថ្នាំ)។ ខ្ញុំមកនេះមិនមែនមានបំណងអាក្រក់នោះទេ ធម្មតាមិត្តធ្លាប់រួមអាជីពពីមុនមក ចេះតែចង់សួរសុខទុក្ខគ្នាទៅ។ ម្យ៉ាងទៀតរឿងទាស់គ្នាពីមុនៗ យើងបំភ្លេចវាចោលទៅ ព្រោះវាកន្លងហួសយូរខែឆ្នាំហើយ។ ប្រហែលសមមិត្តទាំងពីរមានការងឿងឆ្ងល់ហើយមើលទៅ ដែលបានឃើញខ្ញុំស្លៀកពាក់ឈុតខ្មៅ មានស្ពាយកាំភ្លើងដូច្នេះនោះ។ ខ្ញុំសុំប្រាប់សមមិត្តឲ្យដឹងទៅចុះ អង្គការបានចាត់តាំងឲ្យខ្ញុំមើលការខុសត្រូវនៅតំបន់នេះ ហើយខ្ញុំក៏មានការទំនាក់ទំនងដ៏សម្ងាត់ជាមួយអង្គការជាយូរឆ្នាំហើយដែរ តាំងពីមុនខ្ញុំធ្វើជាថៅកែត្បូងនៃប៉ៃលិននេះម្ល៉េះ។
  • ចឹងបានន័យថាសមមិត្តម៉េង ធ្វើជាគិញសម្ងាត់នេះយូរហើយមែនទេ? (ពូម៉ឺនសួរ) សមមិត្តម៉េង អង្គុយឆ្កឹះរងើកភ្លើងបន្តិចមុនឆ្លើយនូវសំណួរនេះ
  • ត្រឹមត្រូវហើយ… ដូចដែលខ្ញុំបានប្រាប់ខាងដើមចឹង គឺយូរឆ្នាំហើយ ពីព្រោះអង្គការមានផែនការច្បាស់លាស់ ​ដើម្បីលុបបំបាត់ចោលនូវវណ្ណៈមូលធននិយម អំពើជិះជាន់ទៅលើអ្នកទន់ខ្សោយ ​គ្មានអ្នកមាន គ្មានអ្នកក្រ ព្រមទាំងគ្មានអ្នកណាបម្រើអ្នកណាឡើយ។

កូនង៉ារើបម្រះខ្លួន ស្រែកយំង៉ាៗ ដោយសារឮសម្លេងមនុស្សចម្លែកនិយាយ។ មីងខែម បែរមកលើកត្រកងកូនង៉ាថ្នមៗ ដូចកាន់កែវពេញទឹកខ្លាចកំពប់។ សមមិត្តខែម ចាប់បំបៅដោះកូនដោយបែរទៅជ្រុងម្ខាងនៃកូនខ្ទម។

  • ខ្ញុំមកនេះ គ្រាន់តែចង់មកប្រាប់សមមិត្តទាំងពីរនាក់ឲ្យមានការប្រុងប្រយ័ត្នបន្តិច ពីព្រោះអង្គការនឹងមានផែនការថ្មីមួយទៀត ដើម្បីស្រាវជ្រាវរកអតីតបញ្ញាវន្ត មន្រ្តីរាជការ យោធា ទាហាន សិល្បករ កវីនិពន្ធទាំងឡាយ ដែលអង្គការយល់ថាជាមនុស្សខូចសតិ ប្រព្រឹត្តតែអំពើភ្លើតភ្លើន ពុលទៅនឹងភាពរីករាយតែពីរឿងរាំច្រៀងសប្បាយឥតបានការ។ ខ្ញុំត្រឡប់ទៅវិញហើយ ប្រសិនបើមានការអី សមមិត្តឯងអាចប្រាប់ខ្ញុំបាននៅពេលជួបខ្ញុំលើកក្រោយ។ ខ្ញុំលាសិនហើយ…. ​(សមមិត្តម៉េង បាននិយាយប្រាប់សមមិត្តម៉ឺននិងខែម)។

សមមិត្តម៉េង ដើរចេញពីកូនខ្ទមបាត់ទៅ ចំណែកឯម៉ឺននិងខែមបានត្រឹមដកដង្ហើមធំ មើលមុខគ្នាតែប៉ុណ្ណោះ ពីព្រោះតាមសម្ដីរបស់សមមិត្តម៉េង អង្គការនឹងបន្តស្រាវជ្រាវ បញ្ញាវន្ដ កវីនិពន្ធ មន្រ្តីរាជការ ទាំងឡាយដើម្បីសម្លាប់ចោល ពីព្រោះអ្នកទាំងពីរជាអ្នកចេះដឹងជ្រៅជ្រះមួយរូបផងដែរ។

ទោះបីសមមិត្តខែម សម្រាលកូនបានត្រឹមតែបីថ្ងៃក៏ដោយ អង្គការក៏បានបញ្ជាឲ្យមកជួយការងារគេនៅជិតៗផ្ទះ ដោយកូនមានអ្នកទទួលទុកមើលថែជំនួសនៅក្នុងរោងកុមារដ្ឋាន។ សមមិត្តខែម ទោះបីមិនទាន់រឹងដៃរឹងជើងស្រួលបួសក៏ត្រូវតែចុះធ្វើការឲ្យដូចគេដែរ ពីព្រោះនេះជាបញ្ជាពីអង្គការ។ ការកាប់ឆ្ការច្បារដំណាំ មើលថែបន្លែ ស្រោចទឹកបន្លែ ថែជ្រូក ដាក់បាយឲ្យជ្រូកជាដើម គឺបានត្រឹមតែមួយអាទិត្យតែប៉ុណ្ណោះ សមមិត្តខែម ក៏ត្រូវសមមិត្តនារីផ្សេងទៀតច្រណែន បានរាយការណ៍ដល់ថ្នាក់លើ។ ស្អែកឡើងសមមិត្តខែម ក៏ត្រូវបានបញ្ជាឲ្យទៅធ្វើការនៅចម្ការវិញម្ដងជាមួយសមមិត្តប្រុសស្រីឯទៀត។

  • ក្មួយៗ… ទើបតែសម្រាលកូនខ្ជីផង ហេតុអ្វីអង្គការបញ្ជាឲ្យមកធ្វើកាប់គាស់ដីចម្ការអំពៅចឹង? (អ៊ំស្រីម្នាក់និយាយខ្សិបៗដាក់នាង ខែម)
  • ចា៎អ៊ំ… ពីមុនខ្ញុំធ្វើការនៅក្នុងសួនបន្លែ មើលថែជ្រូកបន្តិចបន្តួច ប៉ុន្ដែក្រោយពីមានការច្រណែនពីសមមិត្ត​នារីឯទៀតៗ ពួកគេរាយការណ៍ទៅថ្នាក់លើថាខ្ញុំហ្នឹងខ្ជិល មានកម្លាំងពេញខ្លួន ទម្រន់ មាយាទុកកម្លាំងមើលថែកូនខ្ចី មិនគួរឲ្យមានការនេះចំពោះខ្ញុំទៀតនោះឡើយ (នាងខែម និយាយតិចៗបណ្ដើរប្រឹងកាប់រណ្ដៅអំពៅបណ្ដើរ)។
  • យី! មីថ្លើមខ្មៅណា ច្រណែនមិនមើលមនុស្សកូនខ្ចីសោះ! យី! មីនេះសមតែអង្គការយកទៅឲ្យរៀនសូត្រមែន (សម្ដីខឹងសម្បាររបស់អ៊ំស្រី)។
  • មិនអីទេអ៊ំ… ខ្ញុំអាចធ្វើបាន គ្រាន់តែនៅឆ្ងាយពីកូនតូច អណិតកូន។ ទឹកភ្នែករបស់នាងខែម ស្រក់ចុះច្រោកមួយរំពេចទាំងកណ្ដាលថ្ងៃជិតត្រង់ (នាងឆ្លើយគួរសមទាំងអួលដើមក)។
  • ប៉ុន្ដែអ៊ំចេះតែបារម្ភ ខ្លាចក្រែងក្មួយឯងប្រឹងធ្វើការពេកទៅ​ទៅជាទាស់អត់ទឹកដោះឲ្យកូនបៅទៅណា (អ៊ំស្រីដដែលនិយាយសម្ដែងការព្រួយបារម្ភ)។
  • ត្រូវហើយអ៊ំ… តិចលោខ្ញុំទាស់ទេដឹង បានជាដោះរបស់ខ្ញុំលែងសូវមានទឹកដោះចឹង កូនបៅមិនឆ្អែតទេ គ្នាយំយប់ណាស់ឥឡូវនេះ (នាងខែម និយាយទាំងភ្ញាក់ខ្លួន)។
  • នោះអ៊ំថា ហើយចេះខុស ថាទាស់អត់ទឹកដោះៗមែន (អ៊ំស្រីយឹក និយាយ)។
  • ចឹងធ្វើម៉េចទៅអ៊ំដើម្បីឲ្យមានទឹកដោះសម្រាប់បៅវិញនោះ(នាងខែមនិយាយ)
  • ចាំមើលល្ងាចមកធ្វើការវិញម្ដងទៀតចាំអ៊ំប្រាប់ អ៊ំត្រូវសួរតាវាសិន ពីព្រោះគាត់ចេះថ្នាំបុរាណច្រើនណាស់ ម៉េចម៉ាបើបានថ្នាំហើយ ចាំអ៊ំយកទៅឲ្យដល់ផ្ទះតែម្ដង គ្រាន់អ៊ំបានមើលមុខចៅតិចផង (អ៊ំយឹក មានប្រសាសន៍ទាំងញញឹម)។
  • ចា៎អ៊ំ… អរគុណហើយ ដែលអ៊ំមានសន្ដានចិត្តល្អដូច្នេះនោះ (នាងខែម និយាយមុខស្ងួត)។

ថ្ងៃក៏កាន់តែខ្ពស់ ចំណែកពោះវិញក៏កាន់តែកូររណ្ដំដូចឆ្មាររត់ដេញចាប់កណ្តុរ។ សម្លេងស្រែកខ្លាំងៗពីទាហានអាវខ្មៅ ប៉ុល ពត ស្រែកប្រកាសថា៖

  • ព្រឹកនេះសមមិត្តទាំងអស់គ្នាសម្រាកសិនចុះ ពីព្រោះដល់ម៉ោងបាយថ្ងៃត្រង់ហើយ លុះបាយថ្ងៃត្រង់រួចចាំយើងចាប់បន្តការងារទៀត។

ទាំងអស់គ្នាក៏ម្នីម្នាសម្រុកដើរតម្រង់ ត្រឡប់មកកាន់រោងបាយរួមវិញដោយក្ដីស្រេកឃ្លានជាពន់ពេក។ ចំពោះការហូបចុកវិញ ពេលណាក៏ដូចពេលណាដែរ អង្គការតម្រូវឲ្យប្រជាជនទាំងអស់នៅក្នុងមូលដ្ឋាននីមួយៗបបរជាមួយសម្លរម្ជូរត្រកួន ដាក់ទាំងចាស់ទាំងខ្ចី និងត្រីកញ្ចុះទាំងធ្មុង រអិលព្រាល់ ក្លិនឆ្អាបស្ទើរដោលចេញមកវិញ។ ពេលខ្លះផ្លាស់មុខម្ហូប ជួនមានសម្លរប្រហើរ កកូរចឹងដែរ ប៉ុន្ដែអ្វីដែលមិនអាចផ្លាស់បាននោះគឺបបរនៅតែជាបបរដដែល មិនអាចដូរមកជាបាយវិញជាដាច់ខាត។ ចំពោះមេកង មេក្រុមធំៗវិញ គឺគេតម្រូវទទួលបាយជាមួយមុខម្ហូបយ៉ាងតិចពីរមុខឯណោះ។ អង្គការតែងតែមានការប្រកាស​ នៅពេលមានអង្គប្រជុំម្ដងៗថា អង្គការស្រឡាញ់ប្រជាជនទាំងអស់ស្មើៗគ្នា គ្មានអ្នកលើ ហើយក៏គ្មានអ្នកក្រោមដែរ។ មានអ្វីត្រូវចេះចែករំលែកគ្នា មិនត្រូវលាក់បំពួននោះឡើយ នៅក្នុងរោងបាយរបស់យើង។ ហើយបើមានអ្វីដែលអង្គការរបស់យើងធ្វើទៅហើយមិនយុត្តិធម៌នោះ សូមសមមិត្តទាំងអស់គ្នាមានជាមតិយោបល់មក! កុំខ្លាចក្រែងអី!

  • ខ្ញុំមានមតិយោបល់ខ្លះៗមានសមមិត្ត (សមមិត្តចន បានលើកដៃ)។

សម្លេងទះដៃពីកម្មាភិបាលបួនដប់នាក់នៅខាងមុខហ្វូងមនុស្សយ៉ាងស្រុះគ្នា។

  • ល្អណាស់សមមិត្តចន ដែលមានជាមតិយោបល់ដូច្នេះនោះ តើសមមិត្តចន ឯងមានមតិយ៉ាងណា?

និយាយមកចុះ! (សមមិត្តមេកង ឈ្មោះយ៉ាត បានសួរ)។

  • ខ្ញុំសូមស្នើឲ្យសមមិត្តប្រធានកែទម្រង់ផែនការ នៅក្នុងរោងបាយរបស់យើង (សមមិត្តចន បានស្នើទៅកាន់សមមិត្តប្រធានយ៉ាត)។
  • តើសមមិត្តចន ចង់បានយ៉ាងណា នៅក្នុងរោងបាយរបស់យើងនេះ? (សមមិត្តប្រធានសួរបន្ត)។
  • ខ្ញុំចង់ឲ្យមានការដូរពីហូបបបរ ទៅជាការហូបបាយវិញ (សមមិត្តចន ឆ្លើយ)។

សម្លេងទះដៃពីកម្មាភិបាលទាំងនោះ លាន់ឮសារជាថ្មីម្ដងទៀត ប្រកបដោយអត្ថន័យដ៏ព្រឺសាច់។

  • ពិតជាល្អមែនសមមិត្តចន… យើងខ្ញុំនឹងមិនភ្លេចទេនូវមតិយោបល់ស្នើសុំរបស់សមមិត្ត យើងនឹងធ្វើតាមមតិរបស់សមមិត្ត (សមមិត្តប្រធានដើរទៅឱបសមមិត្តចន នៅក្នុងចិត្តស្ទើរតែរហែកសាច់សមមិត្តចន ស៊ីទាំងស្រស់)។
  • តើសមមិត្តណាចង់មានមតិយោបល់ដូចសមមិត្តចន ទៀតទេ? សូមអញ្ជើញ! បើមិនមានទេ អង្គប្រជុំយើងនឹងត្រូវបញ្ចប់ហើយ ប្រកាសរំសាយឥឡូវ។

លុះអង្គប្រជុំបានរំសាយហើយ ម្នាក់ៗមានការភ័យខ្លាចជំនួសសមមិត្តចន ស្ទើរគ្រប់ៗគ្នា ប៉ុន្ដែគ្មានអ្នកណាហ៊ាននិយាយនោះឡើយ។ ម្នាក់ៗបានត្រឹមតែសោកស្ដាយ មិនគួរណាសមមិត្តចន ស្នើសុំបែបហ្នឹងនោះទេ។

រាត្រីខែភ្លឺនារដូវប្រាំងរាំងស្ងួតហួតហែង ព្រឹក្សព្រៃទាំងឡាយស្វិតក្រញម ដល់ព្រមស្ទើរក្ស័យទាំងឫសទាំងគល់ទៅហើយ។ ពន្លឺដួងច័ន្ទក៏ស្រឡះច្បាស់ត្រចង់ទៀត សព្វសត្វទាំងឡាយក៏លែងខ្វល់ខ្វាយពីអ្វីផ្សេងទៀត ធ្វើយ៉ាងណាមួយរាត្រីកាលនេះលង់លក់ឲ្យបានស្គប់ស្កល់ ប្រាសចាកទុក្ខកង្វល់ ចង្រៃភិតភ័យ ចូរកុំឲ្យបៀតបៀនខ្លួនខណៈពេលកំពុងចូលនិន្រ្ទានោះឡើយ។ ឆ្កែស្រុក ឆ្កែព្រៃ អាអូដ្ឋ តាវៅក៏បាត់ស្ងាត់មាត់ឲ្យជ្រងំ លែងហ៊ានស្រែកលេង ហ៊ានយំទៀតហើយដែរ ហាក់ដូចជាយល់ពីដំណើរសាច់រឿងដ៏សោកនាដកម្ម នៃរង្វង់កង់ចក្រនយោបាយកម្ពុជាដែលកំពុងតែលិចអណ្ដែតឥតឈប់ឈរ ដោយសារតែមនោគមន៍វិជ្ជាដ៏ពិសពុលរបស់បរទេសបានចាក់ស្រោចស្រប មកលើកម្ពុជាទាំងស្រុង ឲ្យលិចលង់ផុងជាប់ដកខ្លួនមិនរួច។

សម្លេងមាន់ចាប់ផ្ដើមរងាវជាលើកទីមួយចប់បានមិនទាន់ស្រួលបួលផង គ្រប់លំនៅឋានទាំងពួងមានសភាពស្ងប់ស្ងាត់ទន្រ្ទីង លើកលែងតែកូនង៉ារបស់សមមិត្តខែម តែប៉ុណ្ណោះដែលស្រែកយំម្ដងម្កាលមិនដឹងជាក្មេងនោះកើតអ្វីឲ្យប្រាកដ?។ សន្ធឹកជើងខោដើរប៉ះគ្នាប៉ាត់ៗ លាយទៅនឹងទម្ងន់ស្បែកជើងកង់ឡានទន្រ្ទាន់ដីក្នុងជំហានជើងប្រញាប់ប្រញាល់ កាត់មុខកូនខ្ទមរបស់នាយម៉ឺននិងនាងខែម។ រំលងបានបីបួនកូនខ្ទម ក៏លាន់ឮសម្លេងស្រែកហៅឈ្មោះសមមិត្តចន។

  • សមមិត្តចន អឺយ… សមមិត្តចន (សម្លេងស្រែកហៅ)។
  • បាទ បាទ បាទ (សមមិត្តចន ឆ្លើយតប)
  • ពួកខ្ញុំមកនេះ គឺមានការចង់ប្រាប់ដល់សមមិត្ត ពីព្រោះសមមិត្តប្រធានពេញចិត្តនឹងសេចក្ដីក្លាហានរបស់សមមិត្តឯងខ្លាំងណាស់ ដូច្នេះសមមិត្តប្រធានបញ្ជាឲ្យពួកខ្ញុំមកនាំសមមិត្តចន ឯងទៅជួបគាត់នៅស្រុកព្រឹកស្អែកនេះ។ អ៊ីចឹងហើយសមមិត្តចូរទៅជាមួយពួកយើងឥឡូវនេះ ពីព្រោះយើងត្រូវដើរផ្លូវឆ្ងាយណាស់ (សមមិត្តម៉េង បាននិយាយប្រាប់សមមិត្តចន)។
  • អូ… ចឹងផង! បាទ បាទ ខ្ញុំនឹងទៅជាមួយសមមិត្តក្នុងឥឡូវនេះភ្លាម (សមមិត្តចង់ទទួលពាក្យបញ្ឆោទពីសមមិត្តម៉េង)។

បន្ទាប់ពីរៀបចំខ្លួនរួចស្រេចបាច់ហើយ ទាំងអស់គ្នាបាននាំគ្នាដើរចេញពីភូមិឆ្ពោះទៅទិសខាងកើតស្ងាត់បាត់ឈឹងទៅ។ លុះអ្នកទាំងនោះដើរទៅមុខទៀតមិនបានប៉ុន្មានផង សមមិត្តចន ត្រូវបានកម្មាភិបាលអាវខ្មៅចាប់ចហស្លាបសេកនឹងខ្សែចំណងបណ្ដើរទៅខាងត្បូងព្រៃសម្លាប់ចោលបាត់ទៅ។

រោងចក្រស្ករអំពៅនៅកំពង់គល់ ដែលជារោងចក្រមួយសល់ពីសម័យសង្គមរាស្រ្តនិយមនោះ ត្រូវបានគ្រប់គ្រងកាន់កាប់ជំនួសវិញដោយ ប៉ុល ពត។ រាល់ផលដំណាំនៅតាមចម្ការអំពៅតរូវបានយកមកកិនកៀបសម្រិតសម្រាំងយ៉ាងល្អល្អាច់ ឲ្យកើតទៅជាស្ករអំពៅក្នុងបរិមាណមហិមា។ ប្រជាជនទាំងឡាយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ មិនហ៊ានត្អូញត្អែរឡើយទោះបីខ្លួនលំបាកយ៉ាងណា។ ពីព្រោះក្នុងសម័យបនប្រល័យពូជសាសន៍ មិនត្រូវការអ្នកណាម្នាក់មានការខ្ជិលច្រអូសនោះទេ ប្រសិនបើអង្គការដឹងច្បាស់ជាយកមកក្នុងព្រៃខាងត្បូងភ្នំដូនមាយជាមិនខានឡើយ។ ដូច្នេះហើយប្រជាជនទំាងនោះមានការភ័យខ្លាច។ ម្យ៉ាងទៀត ពួកនេះសម្លាប់មនុស្សមិនចាំបាច់សួររកហេតុផលជាក់លាក់នោះឡើយ ឲ្យតៃតែពួកគេមិនពេញចិត្តចំពោះបុគ្គលណាមួយហើយ បុគ្គលនោះច្បាស់ជារត់មិនរួចពីដែកផ្លូវរទេះ គល់ឫស្សី ឬត្បូងចប នោះទេ។

ស្ករអំពីត្រូវបាននាំចេញទាំងឡានៗពីរោងចក្ររាល់តែថ្ងៃ មិនដឹងជាដឹកទៅកាន់តំបន់ណាខ្លះនោះទេ។ យោងតាមរូបភាពទាំងនេះ ប្រជាជនទាំងឡាយមិនខ្សត់ស្ករអំពៅហូបឡើយ ដោយសារចម្ការអំពៅមានការដាំជាហូរហែចាប់តាំងពីកំពង់គល់រហូតមកដល់ដីភ្នំដូនមាយឯណោះ ឃើញថាច្រើនៗហួសពីការស្មានទៅទៀត។ ទាហានអាវខ្មៅឈរយាមតាមមើលការខុសត្រូវ នៅពេលប្រជាជនប្រុសស្រីលីសែងបាវស្ករអំពៅដាក់លើឡានយ៉ាងមានរបៀបជាទីបំផុត ប្រយ័ត្នប្រយែងមិនឲ្យស្ករអំពៅទាំងនោះជ្រុះធ្លាក់បែកធ្លាយសូម្បីមួយគ្រាប់ ពីព្រោះអង្គការមានការសន្សំសំចៃខ្ពស់ណាស់។

  • ស្ករអំពៅទាំងឡាយនេះ អង្គការនឹងចែកជូនដល់ប្រជាជនដែលខ្វះខាតនៅតាមតំបន់មូលដ្ឋានផ្សេងៗទៀត ហេតុដូច្នេះហើយ សូមសមមិត្តទាំងអស់គ្នាកុំមានការសង្ស័យឲ្យសោះ។ អង្គការមានការយកចិត្តទុកដាក់ខ្លាំងចំពោះបណ្ដាប្រជាជននៅតាមតំបន់ដែលមិនធ្លាប់បានហូប គឺត្រូវទទួលបាននូវចំណែកគ្រប់គ្នាៗ គ្រប់តំបន់ៗទាំងអស់ (ទាហានខ្មែរក្រហមម្នាក់ប្រកាសជាសាធារណៈដល់ប្រជាជនដែលកំពុង តែធ្វើការនៅក្នុងរោង​ចក្រស្ករសទាំងមូល)។
  • ជយោ! ជយោ! អង្គការដ៏អស្ចារ្យ! (ប្រជាជនទាំងនោះស្រែកព្រមៗគ្នា)។

បាវស្ករសបានរត់ទៅដេកតម្រៀបគ្នា ពាសពេញផ្ទៃពោះឡាន។ លុះចប់សព្វគ្រប់ហើយ រថយន្តទាំងនោះក៏បានដឹកអ្នកដំណើរថ្មី គឺបាវស្ករទាំងអស់ចេញពីរោងចក្របាត់ស្រមោលឈឹង បានបន្សល់ទុកនូវក្លិនផ្សែងប្រេងម៉ាស៊ូតធុំឆួលច្រមុះស្ទើរតែដាច់ដង្ហើម។ ប្រជាជនទាំងឡាយបានត្រឹមឈរសម្លឹងមើលក្ដិតឡានដឹកស្ករសចេញទៅទាំងស្ដាយស្រណោះចំពោញពលីកម្មរបស់ផងខ្លួន ខំធ្វើខំថែថួនទាំងយប់ទាំងថ្ងៃសម្រេចសម្រួលមិនបានហូបសូម្បីមួយម៉ាត់។ នេះឬដែលហៅថាអង្គការគិតគូរដល់ប្រជាជនដែលខ្វះខាតនោះ? សំណួរបែបនេះមានតែនៅក្នុងចិត្តតែប៉ុណ្ណោះ តែកាលណាលាន់ឮដល់អង្គការ នោះប្រាកដជាមិនខ្វះដីកប់ឡើយ។

មួយអាទិត្យក្រោយមក បន្ទាប់ពីបាវស្ករសដឹកចេញពីរោងចក្រយកទៅចែកជូនដល់ប្រជាជននោះ។ ពេលវេលាកាប់ឆ្ការធ្វើដីដាំអំពៅក៏ឈានមកដល់បន្តបន្ទាប់ឥតស្រាកស្រានផងដែរ។ មិនថាប្រុសឬស្រីនោះទេរឿងធ្វើការមិនបានកំណត់បែងចែកពីភេទ ឋានៈ វណ្ណៈសោះ ឲ្យតែអ្នកណាជាកូនចៅរបស់អង្គការត្រូវតែខិតខំធ្វើការឲ្យមែនទែន ទើបអង្គការពេញចិត្ត(ទុកឲ្យរស់)។ ប្រសិនបើហ៊ានតែខ្ជិលច្រអូសនោះ អង្គការមិនអនុញ្ញាតឲ្យនៅក្នុងមូលដ្ឋាននេះទៀតទេ គឺត្រូវតែបញ្ជូនឲ្យទៅនៅភូមិថ្មីជាមិនខានឡើយ (សម្លាប់ចោល)។

ក្រោមកំដៅថ្ងៃនាខែវស្សា ធម្មជាតិទាំងឡាយ លូតលាស់ត្រួយស្លឹកខៀវស្រងាត់ ប៉ុន្ដែវាហាក់ដូចជាគ្មានសម្រស់ ឬភាពទាក់ទាញឲ្យមានការរីករាយចិត្ត សប្បាយចិត្តទៅតាមធម្មជាតិឲ្យបានបន្តិចសោះឡើយ។ វាហាក់ដូចជាមានទុក្ខកង្វល់ អំពល់ពេញទ្រូង វាហាក់ដូចជាយល់ដឹងអំពីអារម្មណ៍មនោសញ្ចេតនារបស់ប្រជាជនទំាងឡាយដែលកំពុងតែជួបទុក្ខព្រួយ រលួយពេញប្រាណ។ ស្រុកទេសធ្លាប់តែសប្បាយរីករាយ ច្រៀងរាំលេងកំសាន្ត បន្ធូរបន្ថយអារម្មណ៍បានតាមចិត្ត ឥឡូវត្រូវបានស្ថិតក្រោមការដឹកនាំរបស់មេបនប្រល័យពូជសាសន៍ ប៉ុល ពត ចងរឹតបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង ដាក់ជំនួសមកវិញសិល្បៈឈាមខ្មៅគម្រក់ នរកទាំងរស់។ តន្រ្តីចម្រៀងបដិវត្តន៍ បញ្ចូលមនោគមន៍វិជ្ជាឲ្យខ្មែរសម្លាប់ខ្មែរគ្នាឯងចោលសាច់ចោលឆ្អឹងពាសពេញដី ព្រៃមិនសល់។

វាតាបក់មករំភើយៗម្ដងក្ដៅទៅម្ដងត្រជាក់បន្តិចម៉ោ គួបផ្សំទៅនឹងចង្វាក់កាប់គាស់រណ្ដៅដាំអំពៅវាក៏បង្កើតរួមផ្សំគ្នាទៅជាចង្វាក់ភ្លេងមួយគួរឲ្យធុញទ្រាន់ជាទីបំផុត។ ក្លិនជាសត្រូវរបស់ច្រមុះក៏ចេះតែបន្តភាយមកទាំងខ្សែៗ ស្ទើរតែចង់កល់ក្អួតចង្អោរម្ដងៗ។ ក្លិនទាំងអស់នេះច្បាស់ជានៅមិនឆ្ងាយប៉ុន្មានឡើយ។ កំសួលក្លិនមានសន្ទុះល្បឿនខ្លាំងណាស់ព្រះអឺយ! តើសាកសពអ្នកណាគេត្រូវបានសត្វកកាយដីស៊ីស្ទើរអស់ពាក់កណ្ដាលទៅហើយនោះហ្ន៎! ចឹងតើបានជាក្លិនស្អុយសម្បើមណាស់។ សាកសពនេះច្បាស់ជាពួកទាហានអាវខ្មៅ សម្លាប់អ្នកណាម្នាក់ជាមិនខានឡើយ។ បើតាមមើលទៅសាកសពនេះប្រហែលស្លាប់មួយអាទិត្យហើយ ដោយសារតែពួកវាកាប់រណ្ដៅរាក់ពេកបានជាសត្វអាចកកាយស៊ីបាននោះ។

រវល់តែឱនកាប់គាស់ដីដាំអំពៅ ភ្លេចមើលក្រោយដីដែលនៅទំនេរស្ទើរតែអស់ទៅហើយ នេះបានចំជាជក់វក់នឹងការងារមែន។ វេលាថ្ងៃត្រង់ប្រជាជននៅតំបន់កំពង់គល់ ទាំងអស់ក៏ត្រូវបានសម្រាកដើម្បីវិលត្រឡប់ទៅកាន់រោងបាយហូបបាយជុំគ្នានៅទីនោះ។ ក្លិនសម្លរម្ជូរដើមចេកបានចោលក្លិនយ៉ាងឈ្ងុយដល់ច្រមុះមនុស្សម្នាទាំង ឡាយដែលកំពុងតែស្រេកឃ្លានហេវហត់ពីការងារ។ ទោះបីសម្លរត្រូវហូបជាមួយបបរក៏ដោយ សម្រាប់អ្នកហូបដើម្បីរស់ក៏ហូបដោយលំបាកដែរ រករសជាតិជីវជាតិដើម្បីទ្រទ្រង់រាងកាយមួយមិនបានស្រួល។ មានអ្នកខ្លះមានតែស្បែកដណ្ដប់ឆ្អឹងក្បាលជង្គង់ប៉ុនក្បាល កើតរោគហើមដៃហើមជើង ស្ពឹកស្រពន់ដោយសារតែហូបខ្វះជាតិប្រៃ។

ការហូបបបរ មិនគ្រប់ចំនួននោះហើយ ធ្វើឲ្យប្រជាជនមួយចំនួនដេកស្លាប់ក៏សឹងមាន។ មានអ្នកខ្លះទៀតគ្រាន់តែដើរលូកដៃចូលក្នុងរន្ធក្ដាម ស្លាប់ទាំងដៃនៅក្នុងរន្ធក៏សឹងមាន។ កត្ដាទាំងអស់នេះកើតចេញពីអង្គការបង្អត់អាហារ ដើម្បីទុកកសិផលទាំងឡាយដែលធ្វើបានដឹកជញ្ជូនទៅកាន់ប្រទេសផ្សេងៗទៀតទុកជាថ្នូរអ្វីមួយមកវិញ។

បន្ទាប់ពីបាយថ្ងៃត្រង់រួច អង្គការមិនរង់ចាំយូរនោះឡើយគឺត្រូវតែបញ្ជាប្រជាជនទាំងអស់នេះឲ្យទៅកន្លែងធ្វើការវិញ។ អង្គការមិនឲ្យសម្រាកពេលក្រោយថ្ងៃត្រង់រួចនោះឡើយ។ ការកាប់គាស់រណ្ដៅដាំដំណាំត្រូវបានបន្តសកម្មភាពជាបន្តទៀត។

សំណើចសើចលេងក៏ក្រៀមក្រំទាំងបង្ខំចិត្ត បានលួចចូលមកពួនសម្ងំនៅក្នុងកូនចន្លោះធ្មេញរបស់ប្រជាជនមួយភាគតូចដែលកំពុងតែធ្វើការពារពេញទៅដោយទុក្ខព្រួយពេញដើមទ្រូង។ មិនដឹងថាពេលណាទើបស្រុកទេសចប់សង្រ្គាមត្រជាក់មួយនេះឡើយ ពីព្រោះមនុស្សមួយប្រទេសដ៏តូចមួយនេះកំពុងតែលិចលង់ឈ្លក់នឹងផ្សែងអាវុធដែលទាហានអាវខ្មៅរបស់អង្គការបានបាញ់សម្លាប់មនុស្ស ធ្វើទារុណកម្មឥតត្រាប្រណីបន្តិចសោះឡើយ។

  • និយាយចឹង សមមិត្តយីមហា៎! ឮថាប៉ុន្មានថ្ងៃមុនអង្គការបានដឹកស្ករសយកទៅចែកជូនប្រជាជននៅខាងមូលដ្ឋានរបស់សមមិត្តយីមឯង រួចចុះសមមិត្តយីម មានបានទទួលចំណែកនឹងគេទេ? (សមមិត្តនារីកេង បាននិយាយខ្សិបៗដាក់សមមិត្តយីម)
  • ទេ! ដូចជាមិនបានឃើញមានចែកចំណែកស្ករសសាំងប្រេងឆាអីនោះទេ! នៅខាងមូលដ្ឋានរបស់ខ្ញុំមិនដែលមានស្ករសហូបនោះឡើយ។ កុំថាឡើយស្ករសសូម្បីតែអំបិលក៏ចង់យ៉ាប់ទៅហើយ(សមមិត្តយីម ខ្សិបតិចៗដាក់វិញ)។
  • បើអ៊ីចឹង… ស្ករសទាំងឡានៗអស់ទាំងហ្នឹង អង្គការដឹកយកទៅណាវិញទៅហ្ន៎? (សមមិត្តនារីកេងឆ្ងល់ក្នុងចិត្ត)។

ការងារកាប់គាស់រណ្ដៅអំពៅបានបន្តរហូតដល់ល្ងាច ទើបអង្គការអនុញ្ញាតឲ្យឈប់សម្រាកវិលត្រឡប់មកផ្ទះវិញដើម្បីរង់ចាំសម្លេងជួងគោះហៅឲ្យទៅហូបបាយរួមគ្នានៅឯងរោងបាយដូចសព្វដង។

ពីរឆ្នាំកន្លងទៅយ៉ាងតឹងតែងជាទីបំផុត រកអ្វីមកប្រៀបផ្ទឹមពុំបាន។ ស្ថានភាពនយោបាយនៅតែអូសបន្ទាយ ក្រោមការគ្រប់គ្រងរបស់អង្គការខ្មែរក្រហមដដែល។ ហើយប្រជាជនទាំងឡាយ ក៏ចេះតែបន្ថែមការងារសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃ លៃលកយ៉ាងណារាល់កសិផលដំណាំដាំដុះទាំងអស់ទទួលបាននូវផលទ្វេដង។

ក្រោមដំណក់ទឹកភ្លៀង ស្រោចស្រប់លើដំបូលកូនខ្ទមស្លឹកដូងលាយស្លឹកត្នោត ដែលជាវិមានទឹកភ្នែកដ៏ពិសិដ្ឋបានជួយបិទបាំងការពារខ្យល់ភ្លៀងបានមួយភាគធំដែរ។ ដំណក់ទឹកភ្លៀង បន្តស្រក់រហូតដល់រំលងអាធ្រាតទើបវាឈប់។ ក្នុងកូនខ្ទមដ៏ជរាមួយនេះ ស្ទើរតែរកកន្លែងណាឲ្យមានសុវត្ថិភាព ចៀសរួចពីការលិចហូរ តាមចន្លោះស្លឹកដូងត្នោតមិនមានឡើយ។ កូនខ្ទមដែលបានទទួលបន្ទុក ឲ្យរស់នៅក្នុងកូនខ្ទមនេះ មានសមាជិកគ្រួសារដល់ទៅប្រាំនាក់ គឺមានសមមិត្តផាច ជាឪពុក សមមិត្តនារីកេង ជាម្ដាយហើយនិងមានកូនស្រីបីនាក់ទៀត។ កូនស្រីទីមួយ អាយុ៦ឆ្នាំ ឈ្មោះសុគន្ធា កូនស្រីទីពីរ អាយុ៥ឆ្នាំគោដា និងកូនស្រីពៅអាយុ៣ឆ្នាំ ឈ្មោះរចនា។

ការរស់នៅក្នុងកូនខ្ទម សមាជិកគ្រួសារទាំងអស់គ្នា ស្ទើរតែគ្មានអ្វីយកមកដណ្ដប់បិទបាំងកាយឲ្យបានសមមរម្យនោះទេ។ កូនក្រណាត់សំពត់ចាស់មួយផ្ទាំងសម្រាប់បងស្រីទីមួយ និងទីពីរដណ្ដប់រួមគ្នាហើយម្ដាយនិងកូនស្រីពៅ បានកូនផ្ទាំងសំពត់ចាស់មួយផ្ទាំងដណ្ដប់ដូចគ្នា។ រីឯតាផាច ជាឪពុកវិញ បានត្រឹមតែកូនក្រមាកញ្ចាស់ដ៏តូចមួយតែប៉ុណ្ណោះ បិទបាំងមិនបានសព្វខ្លួនឡើយ បាំងខាងក្បាលនៅខាងជើង ហើយបើបាំងខាងជើងវិញ ក្បាលត្រូវនៅទទេ កណ្ដាលវាលអ៊ីចឹងទៅ។

ការរស់នៅក្នុងរបបខ្មែរក្រហម ប្រជាជនទូទាំងប្រទេសមានការលំបាកលំបិនយ៉ាប់យ៉ឺនគ្រប់ៗគ្នា។ ការងារច្រើនលើសនឹងកម្លាំង មិនមានពេលណាឲ្យបានសម្រាកនោះទេ។ ការហូបចុកក៏រឹតតែឃ្លាតឆ្ងាយទៅទៀត ពេញមួយខែ ពេញមួយឆ្នាំ ប្រជាជនមិនដែលបានឃើញស្រមោលបាយមានវត្តមានបាយបង្ហាញខ្លួននៅនឹងមុខម្ដងណាឡើយ។

ដោយឆ្នាំនេះ ជាឆ្នាំដែលសម្បូរទៅដោយទឹកភ្លៀងច្រើននោះ ប្រជាជនទាំងឡាយដែលរស់នៅតាមមូលដ្ឋានភ្នំដូនមាយ ច្រាំងចោត កំពង់គល់ រូង អំពុះឃ្លាំង អង្គការបានឲ្យមកធ្វើការកសិកម្មរួមគ្នានៅតំបន់ច្រាំងចោទ និងនៅតាមតំបន់រូង។ ការធ្វើនៅពីរតំបនើនេះមានការលំបាកច្រើនតែមែនទែនពីព្រោះអង្គការខ្មែរក្រហមមិនមានគ្រឿងយន្ត ឬគោក្របី ទឹមភ្ជួររាស់នោះឡើយ គឺត្រូវតែពឹងទៅលើកម្លាំងមនុស្សសុទ្ធសាធ។ កម្លាំងប្រជាជន ដែលអង្គការបានប្រមូលតាមមូលដ្ឋាននានា ឲ្យមកធ្វើស្រែនៅតំបន់ទាំងពីរនេះគឺត្រូវប្រើចប កាប់គាស់យ៉ាងណា ឲ្យតែធ្វើស្រែបានស្រួល ទទួលផលច្រើន។

សម្លេងជួងបានបន្លឺឡើង ប៉ាង ប៉ាង ទាំងព្រលឹមអុរ ជាសញ្ញាមួយប្រាប់ដល់ប្រជាជនដែលរស់នៅក្នុងមូលដ្ឋានច្រាំងចោតទាំងអស់គ្នា ឲ្យរៀបចំខ្លួន ដើម្បីចេញដំណើរដោយថ្មើរជើង ដើរឆ្ពោះទៅកាន់កសិដ្ឋានដែលអង្គការខ្មែរក្រហមបានកំណត់ទីតាំងធ្វើស្រែទុកជាស្រេច។

ប្រជាជនទាំងឡាយ ខិតខំកាប់គាស់ដី បំបែកកកាយ ធ្វើឲ្យដីបែកទៅជាបំណែក ងាយស្រួលក្នុងការសាបព្រោះ។ ការធ្វើស្រែដោយប្រើកម្លាំងមនុស្សទាំងស្រុងដូច្នេះ មានការចុះថយកម្លាំងរបស់មនុស្សយ៉ាងលឿនដូចជាភ្ជួរ ក៏ប្រើមនុស្សឲ្យអូសទាញនង្គ័ល រនាស់ក៏ប្រើកម្លាំងមនុស្សដែរ។ ប្រុសៗខ្លះថមថយចុះនូវកម្លាំងពេកទៅ ពេលឃ្លានខ្លាំងពេកដើម្បីកុំឲ្យពោះកូរ ត្រូវយកក្រមាមកចងរឹតពោះឲ្យតឹងកុំឲ្យកូរ។ ជាក់ស្ដែងនៅក្នុងសម័យនោះ ពូផាចពេលគាត់ឃ្លានខ្លាំង គាត់តែងតែចងរឹតពោះដូច្នេះឯង។

ការមិនមានពេលវេលាមើលថែកូនឲ្យបានសមរម្យ វាក៏ជាហេតុការណ៍អាក្រក់ដ៏ធំបំផុតមួយដែរ។ ក្មេងៗដែលនៅឯមូលដ្ឋានច្រាំងចោទចាប់ផ្ដើមកើតជម្ងឺរាគមួលរមួលពោះ ជុះអាចម៍ចេញមកសុទ្ធតែក្បាលកន្ទក់លាយឈាមស្ទើរតែទាំងអស់គ្នា។ ជាអនិច្ចា ក្មេងម្នាក់ក្នុងចំណោមក្មេងទាំងនោះ គឺមានកុមារីសុគន្ធា មានអាការៈធ្ងន់ធ្ងរជាងក្មេងឯទៀតៗ ដុនដាបដេកនៅតែលើកូនកន្ទេលមួយ ខ្លួនប្រាណស្គមរឹងរៃបើកភ្នែកភ្លឹះៗ សម្លឹងមើលដំបូលកូនខ្ទម ហាក់ដូចជារង់ចាំនូវសេចក្ដីស្លាប់ ថាតើវាមកយកខ្លួននៅពេលណា?។

ផ្ទៃមេឃនៅពេលរសៀល ពោរពេញទៅដោយដុំពពកពណ៌ខ្មៅស្ទើរតែលុបបាត់នូវតួអង្គព្រះអាទិត្យទាំងមូល។ ឯនាយជើងមេឃព្យុះពពកខ្មៅខ្មួលខ្មាញ់ត្របាញ់ខ្សែពណ៌ខ្មៅជាចង្វាយៗ ធ្លាក់មកលើភូមិឋានឯណោះ។ មិនយូរប៉ុន្មាន ព្យុះពពកខ្មៅនោះក៏រត់យ៉ាងលឿនមកដល់មូលដ្ឋានច្រាំងចោតដែលជាកន្លែងប្រជាជនទាំងឡាយកំពុងតែមមាញឹកនឹងការងារកាប់គាស់ដីសម្រាប់ធ្វើស្រែវស្សា។ ម្នាក់ៗមិនហ៊ានឈប់សម្រាក ឬរត់ចូលកូនរោងណាមួយនោះឡើយ ដូច្នេះត្រូវទ្រាំទទឹកជោកពេញតែខ្លួនគ្រប់ៗគ្នាទៅ។ ភ្លៀងធ្លាប់មកយ៉ាងសន្ធប់ ហាក់ដូចជាខឹងនឹងអ្នកណាអ៊ីចឹង ប្រមាណដប់នាទីក៏លែងភ្លៀងរួចហើយព្រះអាទិត្យក៏ចាប់ផ្ដើមបញ្ចេញកម្ដៅរបស់ខ្លួនមកវិញដែរ។ សកម្មភាពការងារកំពុងតែប្រព្រឹត្តទៅយ៉ាងវេទនាជាទីបំផុតនោះ ស្រាប់តែមានបុរសម្នាក់មាឌធំក្រអាញ អាម្បុរខ្មៅដូចដើមត្នោតពុក ដែលគេស្គាល់ថាគាត់ជាមេភូមិនៅច្រាំងចោតនេះ។ គាត់មានអ្នកអមដំណើរចំនួនពីរនាក់ដែលប្រដាប់ដោយអាវុធ AK គ្រប់ដៃ។ មេភូមិដឿន គឺជាមនុស្សម្នាក់ដែលជាប្រភេទមនុស្សគ្មានមនោសញ្ចេតនាដល់មនុស្សដូចគ្នាឡើយ។ គាត់បានដើរមកឈរនៅលើភ្លឺស្រែដែលគេកំពុងតែកាប់នោះ រួចស្រែកហៅថា៖

  • សមមិត្តនារីកេង សមមិត្តនារីឯងដើរមកណេះ! (មេភូមិឌឿនបានបញ្ជា)។
  • ចា៎សមមិត្តបង (សមមិត្តនារីកេង បានទទួលបញ្ជា)។
  • យើងមកនេះ មិនមែនចិត្តយើងចង់ជួបសមមិត្តនារីឯងនោះទេ ដោយសារមានបញ្ជាពីថ្នាក់លើមកឲ្យសមមិត្តនារីឯងសម្រាកមួយល្ងាចពីការងារទៅមើលអើតកូនស្រីច្បងដែលកំពុងតែដេកឈឺ នៅពេលឥឡូវនេះភ្លាម (សមមិត្តមេភូមិបាននិយាយប្រាប់)។
  • កូនខ្ញុំឈឺ….ចា៎ សមមិត្តបង ខ្ញុំនឹងទៅឥឡូវនេះ (សមមិត្តនារីកេងឆ្លើយ)។

សមមិត្តមេភូមិ និងបក្សពួកឈរសម្លឹងមុខសមមិត្តនារីមិនប្រិចភ្នែក សឹងចង់ហុតឈាម។ ពួកគេត្រឡប់ទៅវិញវឹងហាក់ដូចជាខ្ពើមរអើមនៅទីនោះអ៊ីចឹង។ លុះពួកគេដើរចេញទៅបាត់អស់ហើយសមមិត្តនារីយើងក៏ដើរទៅប្រាប់សមមិត្តផាច ជាប្ដីឲ្យបានដឹងពីហេតុការណ៍ដែលបានកើតមកលើរូបកូនស្រីច្បងនោះ។

ដើម្បីមកជួបមុខកូនដែលដេកឈឺនៅនឹងកន្ទេលដើរមិនរួច លុះបានមកដល់កូនខ្ទមដ៏កំសត់របស់ខ្លួនហើយ អ្វីៗដែលគិតទាំងប៉ុន្មានវាត្រូវបានត្រដាងខ្លួនយ៉ាងច្បាស់ក្រឡែត ស្ទើរតែធ្លាក់ថ្លើមប្រមាត់បាត់សង្ខារ។ មនុស្សពីរបីនាក់កំពុងតែឈរមើល កម្មាភិបាលខ្មែរក្រហមកំពុងតែបណ្ដើរកង់មានដឹកអ្វីមួយនៅលើចង្អើរក្រោយ យ៉ាងទទឹងទទែងដូចជាដឹកកំណាត់ឈើប្រវែងមួយម៉ែត្រពីរតឹកនោះគីជាសាកសពកូនស្រីច្បងរបស់ពូម៉ឺនមីងខែម ទេតើ។

  • សមមិត្ត សមមិត្ត ឈប់សិន! ឲ្យខ្ញុំបានមើលមុខកូនខ្ញុំសិនម៉ោ! កូនខ្ញុំស្លាប់ហើយ សូមសមមិត្តយល់ដល់ចិត្តខ្ញុំផង ខ្ញុំសុំយកសាកសពកូនកប់ដោយខ្លួនឯង ឲ្យបានសមរម្យបន្តិចបានទេសមមិត្ត? (សមមិត្តនារីកេង យំអង្វរ សុំសាកសពកូនស្រីពីកម្មាភិបាលខ្មែរក្រហម)។
  • កូនស្រីរបស់សមមិត្តនារីឯង ក៏ដូចជាកូនចៅបង្កើតរបស់អង្គការដែរ អ៊ីចឹងហើយគ្មានអ្វីត្រូវព្រួយបារម្ភទៀតនោះទេ អង្គការចេះចាត់ចែងទុកដាក់សាកសពកូនរបស់សមមិត្តនារីហើយ (សមមិត្តមេភូមិឌឿន និយាយយ៉ាងមំា)។
  • សមមិត្តមានប្រសាសន៍នេះត្រឹមត្រូវហើយ អង្គការចេះចាត់ចែងទុកដាក់សពកូនស្រី ប៉ុន្ដែខ្ញុំគ្រាន់តែចង់បានសពកូនស្រីមកបញ្ចុះទុកដាក់ឲ្យបានស្រួលនៅទីទួលក្រោយផ្ទះ ដោយមានយាយតាម្នាក់ពីរមកជួយសូត្រធម៌ បញ្ជូនវិញ្ញាណកូនស្រីតែប៉ុណ្ណោះ (សមមិត្តនារីកេង ទទូចអង្វរទាហានខ្មែរក្រហម)។
  • ទេដាច់ខាត មិនបាន! គ្មានយាយតាណា មកជួយសូត្រធម៌តំឡង់ព្រៃឥតបានការនោះទេ! ធ្វើបែបនោះគឺខុសពីគោលការណ៍ដ៏អស្ចារ្យរបស់អង្គការយើងហើយ។ អង្គការបានកាប់រណ្ដៅទុកសាកសពកូនសមមិត្តរួចជាស្រេចហើយ គឺវាស័ក្កសមណាស់ទៅហើយសម្រាប់សពកូនសមមិត្តនោះ គឺព្រៃចេកក្រោយភូមិឯណោះ។ ម៉េចប៉ុណ្ណឹងហើយ សមមិត្តមិនពេញចិត្តទៀតឬ?​(សមមិត្តមេភូមិឌឿននិយាយ)។
  • ប៉ុន្ដែខ្ញុំសុំឲ្យសមមិត្តបងដូរកន្លែងកប់សាកសព មកកប់នៅលើទីទួលក្រោយផ្ទះក្បែរដើមកន្ទួតព្រៃនេះវិញ បានទេសមមិត្តបង? (សមមិត្តនារីកេងបានស្នើសុំ)។
  • មិនបានគឺមិនបាន… បាន… ហើយ! ស្ដាប់បានទេ! ឬសមមិត្តនារីចង់កប់ជាមួយកូនដែរ? បើសមមិត្តនារីឯងចង់កប់ជាមួយកូននោះអង្គការអាចធ្វើតាមបាន ប៉ុន្ដែបើឲ្យដូរកន្លែងកប់សពកូនវិញនោះ គឺអង្គការធ្វើមិនបានទេ (សមមិត្តមេភូមិឌឿននិយាយដាច់អហង្ការ)។

កង់បានដឹកសាកសពកូនស្រីច្បងរបស់សមមិត្តនារីកេង មកដល់ព្រៃចេកជាទីស្មសានមួយកន្លែងក៏បានបញ្ឈប់កង់ឲ្យកម្មាភិបាលពីរនាក់លើកទម្លាក់សពបោះចូលក្នុងរណ្ដៅឮសូរភឹប ដូចជាបោះកំណាត់ដើមចេក។ សមមិត្តនារីកេង ឈរមើល ស្ទើរតែគាំងបេះដូងស្លាប់ទៅតាមកូនទៅហើយ។ កម្ទេចដីត្រូវបានលាយរាយមកលើសាកសព ជំនួសដោយបាច់ផ្កាភ្ញីទៀនធូប បន្តិចម្ដងៗរហូតដល់លប់បាត់សាកសពដ៏តូចស្វិតទាំងមូល។ កម្មាភិបាលខ្មែរក្រហមទាំងនោះកប់សពរួចហើយ ពួកគេក៏បាននាំគ្នាដើរចេញបាត់ទៅ នៅសល់តែសមមិត្តនារីកេង លុតជង្គង់ថ្វាយបង្គុំសពកូនអង្គុយយំថ្លែងទុក្ខតែម្នាក់ឯងកណ្ដាលព្រៃចេក។

ឆ្នាំ១៩៧៨ ពូម៉ឺន និងមីងកេង បានបាត់បង់កូនស្រីច្បងគួរឲ្យស្រឡាញ់ស្នេហ៍ស្មើជីវិតម្នាក់។ ពួកគាត់នៅសល់កូនស្រីពីរនាក់ទៀត ដោយមានកូនស្រីពីរដែលមានសុខភាពមិនសូវជាល្អប៉ុន្មានដែរនោះទេ។ ដោយបានឃើញស្ថានភាពកូនស្រីទីពីររបស់ខ្លួនមិនសូវល្អដូច្នេះនោះ សមមិត្តនារីនិងប្ដីរឹតតែមានក្ដីកង្វល់ទេ្វដង។ កន្លះខែមុនកូនស្រីច្បងស្លាប់ទៅ ជូតទឹកភ្នែកមិនទាន់ស្ងួតពីថ្ពាល់ផង ឥឡូវធ្លាក់មកដល់កូនស្រីទីពីរទៀត។ កុមារីចាប់ផ្ដើមឈឺបន្ដិចម្ដងៗ ដោយសារតែមេដោះជាអ្នកមើលថែក្មេងៗមើលថែមិនបានដិតដល់ ហើយក្មេងហូបមិនគ្រប់គ្រាន់ អត់មានបបរហូបក៏ហូបកន្ទក់បន្ថែមចម្អែតក្រពះនៅពេលឪពុកម្តាយចេញទៅធ្វើការស្រែចម្ការ គឺតម្រូវឲ្យទុកកូនផ្ញើនឹងមេដោះមើលថែជំនួស ដូច្នេះកូនក្មេងទាំងឡាយមានអីហូបហ្នឹង។ កុមារីឈ្មោះគោដា ចាប់ផ្ដើមរាគមួលរមួលក្រពះ ជុះអាចម៍ចេញមកសុទ្ធតែឈាម គ្មានថ្នាំសង្កូវណាដើម្បីទប់ទល់រោគនេះបាននៅសម័យនោះ អ្នកជម្ងឺបើបានជាឈឺហើយគឺរង់ចាំតែសេចក្ដីស្លាប់តែប៉ុណ្ណោះមិនថាចាស់ឬកូនក្មេងនោះទេ។ នៅរំលងអធ្រាតស្ទើរតែជ្រៀតចូលដល់ថ្ងៃថ្មីទៅហើយជាអកុសលកូនស្រីទីពីររបស់សមមិត្តផាត និងសមមិត្តនារីកេង ក៏រលត់ផុតសង្ខារនៅកណ្ដាលផ្សែងនៃសង្រ្គាមត្រជាក់បាត់ទៅនៅក្នុងឆ្នាំ១៩៧៨ ដដែលនោះ។

ក្ដីទុក្ខវិយោគសោកសង្រេងទាំងប៉ុន្មាន បានស្រក់ស្រោចស្រប់មកលើទំហំដួងចិត្តប្ដីប្រពន្ធគូនេះឲ្យលិចលង់កាន់តែជ្រៅទៅៗនៅក្នុងសេចក្ដីស្ដាយស្រណោះមិនអស់អាល័យពីកូនស្រីទាំងពីរនាក់ ស្ទើរតែវង្វេងវង្វាន់លែងគិតលែងខ្វល់នូវសេចក្ដីសុខរបស់ខ្លួនតទៅមុខទៀតហើយ។ ពីរនាក់ប្ដីប្រពន្ធមួយអន្លើនិងកូនស្រីពៅសម្រេចសម្រួលគ្នាក៏គិតថា៖

  • ឪវា… កូនស្រីរបស់យើងស្លាប់អស់ពីនាក់ទៅហើយក្នុងឆ្នាំនេះ។ ខ្ញុំគិតថាយើង លួចរត់ពីមូលដ្ឋានច្រាំងចោទនេះទៅនៅមូលដ្ឋានចាស់(ភ្នំដូនមាយ) របស់យើងវិញ ទោះបីជាពួកគេតាមចាប់សម្លាប់នៅទីនោះ ក៏ឲ្យគេចាប់សម្លាប់ទៅចុះ ពីព្រោះយើងបានបាត់បង់កូនស្រីអស់ពីរនាក់ហើយនោះ រស់នៅក៏ឥតខ្លឹមសារអីដែរ(មីងកេង និយាយខ្សឹបៗដាក់ត្រចៀកប្ដី)។
  • ស្រេចតែម៉ែវាឯងទេ….​ចំពោះខ្ញុំដូចជាហេងហាងខ្លាំងណាស់រកគិតមិនយល់ទេ។ ណាមួយកូនស្រីទើបតែស្លាប់ថ្មីៗនេះផង ណាមួយខ្លួនឯងនេះទៀតសោត ខ្លួនកំពុងតែឈឺធ្វើអ្វីស្ទើរមិនជាប់ដៃ(ពូផាចខ្សឹបដាក់ត្រចៀកប្រពន្ធវិញ)។
  • យ៉ាងណាយ៉ាងណី… យប់នេះយើងត្រូវតែលេបលួចរត់ចេញពីទីនេះឲ្យបាន ទៅដល់ភ្នំដូនមាយចាំយើងគិតទៀត ងាប់ក៏ងាប់ទៅ លែងខ្វលទៀតហើយ(មីងកេង និយាយខ្សឹបៗ)។
  • ណ្ហើយ! ស្រេចតែម៉ែវាឯងទេ…. ខ្ញុំក៏គិតដូចម៉ែវាឯងដែរៗ (សម្ដីរបស់ពូផាច)។

រាត្រីយប់ស្ងាត់ក្រោមតំណក់ទឹកភ្លៀងរលឹមប្រុយៗ សង្កេតមើលទៅឃើញថាមានឱកាសល្អក៏សម្រេចចិត្តលបរត់ចេញពីកូនខ្ទមតាមច្រកខាងលិចភូមិ។ រត់ចេញពីផ្ទះមិនបានផុតពីចុងភូមិស្រួលបួលផងក៏វះអឺនឹងទាហានកងឈ្លបខ្មែរក្រហមបីនាក់ កំពុងឈរកេះដែកកេះអុជបារីជក់។ ដោយឃើញបែកផ្កាភ្លើងដែកកេះដូច្នេះហើយ ប្ដីប្រពន្ធនឹងកូនក៏សម្ងំពួនក្នុងគុម្ពោតព្រៃសង្កែក្បែរនោះ ចម្ងាយប្រហែលម្ភៃម៉ែត្រ។

  • នោះសមមិត្ត! ខ្ញុំដូចបានឮសម្លេងអី ឮសូរប្រោកៗនៅខាងមុខយើងនោះ តិចលោមានមនុស្សលបរត់ចេញពីទីនេះទេដឹង? ទៅមើលតិចមើល! (កម្មាភិបាលខ្មែរក្រហមម្នាក់និយាយឡើង)។
  • តោះ….! (មនុស្សម្នាក់ទៀតយល់ស្របទៅសង្កេតពិនិត្យមើល)។

ពីរនាក់ប្ដីប្រពន្ធភ័យញ័រសាច់ដូចកូនកង្កែបត្រូវបានគេប្រឡាក់អំបិល ខំសម្ងំពួននៅក្នុងព្រៃសង្កែនោះមិនហ៊ានកម្រើកសូម្បីអង្រ្កងវារតោងខាំខ្លះក៏មិនហ៊ានមាត់ដែរ។ ចំណែកខាងម្ដាយវិញខំទប់មាត់កូនស្រីពៅរចនាយ៉ាងប្រុងប្រយ័ត្ន ពីព្រោះកុមារីកំពុងតែដេកលក់។

  • សមមិត្តទាំងពីរកុំសង្ស័យថាមានមនុស្សលបរត់គេចអី យប់ថ្មើរនេះនោះ។ សម្លេងនោះអាចជាសម្លេងសត្វបោលក៏ថាបានដែរ សមមិត្តឃើញទេ នៅខាងឆ្វេងដៃយើងនេះមានព្រៃក្រាស់ឃ្មឹក ហើយក៏មានសត្វតូចធំរស់នៅក្នុងព្រៃនេះច្រើនណាស់ដែរ។ ចំណែកឯខាងស្ដាំយើងនេះទៀតលោត ជាផ្លូវលំមួយកាត់ពញរៃរហូតដល់ភ្នំដូនមាយឯណោះ។ នៅភូមិសាស្រ្តនេះ ខ្ញុំស្គាល់ច្បាស់ណាស់ ច្បាស់ដូចជាបាតជើងខ្ញុំអ៊ីចឹង។ តោះ! ឈប់សង្ស័យទៀតទៅ យើងដើរទៅមុខទៀត……(អ្នកទីបីនិយាយ)។

កម្មាភិបាលខ្មែរក្រហមទាំងបីនាក់ ចេញហួសពីកន្លែងពួននោះប្រហែលប្រាំមួយ-ប្រាំពីរម៉ែត្រប៉ុណ្ណោះ ក៏ស្រាប់តែមានអ្វីមួយវារនៅលើខ្នងជើងពូផាច ជាហេតុធ្វើឲ្យគាត់ភ្ញាក់រលាស់ជើងពេញទំហឹងខ្ទាតចេញពីលើខ្នងជើង ផ្លោងបានបីបួនម៉ែត្រពីខ្លួនចូលទៅក្នុងគុម្ពកូនព្រិចក្បែរនោះឮសូរប្រោក។

  • ឈប់សិនសមមិត្តច្បាស់ណាស់ ម្ដងនេះទោះបីរត់ទៅណាក៏មិនរួចដែរ ខ្ញុំនឹងសម្លាប់វាឲ្យផ្ទាល់ដៃខ្ញុំតែម្ដង(ទាហានម្នាក់បានទាញខ្វែវដែលកាន់ជាប់នឹងដៃ) អុជចន្លុះឆួលមើលកន្លែងដែលឮសូរនោះ។

លុះឆួលភ្លើងចន្លុះទៅឃើញរង្គើៗ កម្រើកគុម្ពកូនព្រិចដូច្នេះក៏ស្រែកហៅគ្នីគ្នាបណ្ដើរ ដៃខាងឆ្វេងកាន់ចន្លុះឆួលមើល ហើយដៃខាងស្ដាំកាន់ខ្វែវកាប់សាប់ទៅលើព្រៃនោះបណ្ដើរទាល់តែខ្ទេចខ្ទីរេចដល់ដី។ ទាហានពីរនាក់ទៀតមកជួយកាប់គ្នានោះ ដល់យល់ឃើញច្បាស់ឈាមប្រឡាក់មុខខ្វែវផងប្រឡាក់ដើមកូនព្រិចព្រៃនោះផង ទើបដឹងថាវាសម្លេងសត្វ។

  • មើល៍បានហើយសមមិត្តវាងាប់ហើយ…. បើសមមិត្តឯកាប់យ៉ាងៗហ្នឹង វាទ្រាំម៉េចនឹងបានទៅ!។ ណាចន្លុះភ្លើង ហុចមកឲ្យខ្ញុំចាំខ្ញុំឆ្កឹះយកមកឲ្យមើលឃើញច្បាស់នឹងភ្នែកម្ដង។ ឃើញនៅ! ពស់ថ្លាន់តើ! ហ៊ឺ! សមមិត្តឯងខ្លាចពស់ថ្លាន់ទេ? (ទាហានខ្មែរក្រហមទីពីឬពន្យុយគ្នាឯងលេង)។
  • យី! សមមិត្តនេះ បើពស់មិនខ្លាច ឲ្យខ្ញុំខ្លាចអីវិញទៅ? សីម្បីតែកូនពស់ព្រលិតក៏ខ្ញុំខ្លាចដែរ (កម្មាភិបាលទីមួយឆ្លើយតបវិញ)។
  • បានហើយ! ឈប់លេងសើចគ្នាឯងទៀតទៅ! យប់ជ្រៅមែនទែនណាស់ហើយណា។ ដូចខ្ញុំបានប្រាប់សមមិត្តទាំងពីរអ៊ីចឹង នៅក្នុងព្រៃនេះគ្មាននរណាហ៊ានរត់កាត់យប់ព្រលប់នោះទេ មានតែសត្វតែប៉ុណ្ណោះ តោះទៅ….! កុំភ្លេចយកពស់ថ្លាន់មកផងចាំខ្ញុំឲ្យគេឆាក្ដៅឲ្យហូប (ទាហានទីបីបាននិយាយប្រាប់)។

បន្ទាប់ពីអ្នកទាំងបីនាក់ចេញបាត់ទៅ បីនាក់ប្ដីប្រពន្ធនិងកូនក៏បានចាកចេញពីគុម្ពោតព្រៃសង្កែនោះ រត់តាមផ្លូវលំមួយឆ្ពោះទៅកាន់ភ្នំដូនមាយ ជាមូលដ្ឋានចាស់ធ្លាប់នៅបាត់ទៅដែរ។

លុះលបរត់មកដល់ភ្នំដូនមាយ រួចស្រួលបួលជាស្ថាពរហើយ គ្រួសារពូផាច និងមីងកេងត្រូវបានបងប្រុសមីងកេងឈ្មោះ កាយ សុំការស្នាក់នៅពីមេភូមិភ្នំដូនមាយ។ សមមិត្តមេភូមិក៏បានអនុញ្ញាតឲ្យនៅ ប៉ុន្ដែនៅតែមានការលំបាកខ្លះដែរ គឺពូផាច និងមីងកេង ត្រូវតែខិតខំធ្វើការឲ្យមែនទែន ទើបពួកគេរស់នៅបានជាសុខស្រួលប្រក្រតី។

ហេតុតែនិស្ស័យចិត្តរបស់អ្នកទាំងពីរជាមនុស្សដែលមិនចេះខ្ជិលច្រអូសផងនោះ ពួកគេក៏បានធ្វើឲ្យសមមិត្តមេភូមិ ក៏ដូចជាកម្មាភិបាលខ្មែរក្រហមឯទៀតៗមានការស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា។ ការងារកាប់គាស់ លីសែង ទូលរែក មីងកេងធ្វើបានដូចមនុស្សប្រុសអ៊ីចឹង ពេលខ្លះមីងកេង ត្រូវបានអ្នករស់នៅក្នុងមូលដ្ឋានជាមួយគ្នាសរសើរមិនដាច់ពីមាត់ ថាជាស្រ្តីដែលពោរពេញដោយសុឆន្ទៈខ្ពស់ ស្លូតបូតស្មោះត្រង់ មិនដែលធ្វើឲ្យអ្នកណាម្នាក់មានការឈឺចាប់ដោយសារខ្លួនឡើយ។

ជំនោររាត្រីក្រោមរស្មីដួងចន្ទត្រចះត្រចង់ ស្រមោលរុក្ខជាតិទាំងឡាយបានបន្ទាយកាយខ្មៅស្ទុងៗក្រាលគ្របមកលើផែនប្រឹថពី។ ខ្យល់បក់ក្នុងល្បឿនតិចៗមកប៉ះនឹងជញ្ជាំងកូនខ្ទមធ្វើពីស្លឹកដូងឮសូរពឹកៗ ហាក់ដូចជាកូនម្រាមដៃមកកេះគោះ ផ្ទាត់បង្កឲ្យមានចង្វាក់ភ្លេង។ សម្លេងបក់មូសក៏បានលាន់ឮឡើងយ៉ាងរំខានចិត្តដល់អ្នកដែលកំពុងតែនិន្រ្ទានក្នុងកូនខ្ទមនោះពេកកន្លង។ ស្រមោលយ៉ាងធំបានផុសផ្អិតជាប់នៅលើជញ្ជាំងកូនខ្ទម ក្នុងលក្ខណៈអង្គុយត្របោមក្បាលជង្គង់។

  • ម៉ែវាមិនទាន់សម្រានទេឬ? យប់ជ្រៅណាស់ហើយណា? (បុរសជាប្ដីសួរប្រពន្ធខ្លួន)។
  • ខ្ញុំដេកមិនលក់ទេពុកវាអើយយប់នេះនោះ មិនដឹងជាហេតុអីបានជាខ្ញុំដេកមិនលក់សោះ អ៊ីចឹងនោះ (ប្រពន្ធឆ្លើយទាំងទឹកសម្លេងក្រៀមក្រំ)។
  • ហ៊ឺ!! ម៉ែវាឯងនឹកដល់កូនស្រីទាំងពីរនាក់ដែលទើបស្លាប់នោះមែនទេ? (ពូផាច សួរសំណួរចាក់ដោតចំបេះដូងភរិយា)។

ស្រីមិនអាចឆ្លើយនូវសំណួរនេះភា្លមបានទេ អ្វីដែលបានឆ្លើយតបនូវនេះមុនគេនោះ គឺទឹកភ្នែដ៏ល្អក់ខ្វល់ពោរពេញទៅដោយទុក្ខសោករាប់ថ្ងៃខែឆ្នាំហូរស្រកចុះមករឹមៗលើផែនថ្ពាល់ស្រី។

  • ខ្ញុំខំធ្វើចិត្តមិនទាន់បាននៅឡើយទេឪវា…. កូនស្រីនៅស្រស់នឹងភ្នែកស្រណោះសព្វបែបយ៉ាង ខិតខំតស៊ូដើម្បីកូនប៉ុណ្ណាក៏ឥតប្រយោជន៍ កូនស្លាប់នៅក្នុងសង្រ្គាមគ្មានផ្សែងអាវុធគឺស្លាប់ដោយសារអត់បាយទាល់តែបានមែន(ភរិយាកំសត់ថ្លែងពីទំហំបេះដូងដល់ស្វាមី)។
  • មានតែខំកាត់ចិត្តទេម៉ែវាអើយ…! ធ្វើម៉េចបើស្រុកទេសយើងកើតកលយុគសង្រ្គាមដូច្នេះនោះ បើស្រុកមានសន្តិភាពនោះ ក៏កូនយើងមិនស្លាប់ទៅណា។ កាលយើងរស់នៅប៉ៃលិន ទ្រព្យសម្បត្តិ ផ្ទះសម្បែង របស់ប្រើប្រាស់ យើងមានមិនខ្វះចន្លោះត្រង់ណា កូនយើងក៏មានការរស់នៅយ៉ាងស្រួល គ្មានទុក្ខកង្វល់ ប៉ុន្ដែនេះគ្នាស្លាប់នៅពេលស្រុកមានសង្រ្គាមគ្មានអីស៊ីដើម្បីរស់ដូចគេដូចឯង។ ជម្ងឺបៀតបៀនធ្វើឲ្យគ្នាស្លាប់ចោលពួកយើង គ្នាក៏មិនចង់ស្លាប់បែបហ្នឹងឯណាម៉ែវា! (ស្វាមីនិយាយលួងលោមចិត្តភរិយា)។
  • បានហើយ…. មាន់រងាវហើយសម្រាកបន្តិចទៅស្អែកធ្វើការផង! (ប្ដីតឿនប្រពន្ធ)។

ព្រឹកនេះជាថ្ងៃចាប់ផ្ដើមធ្វើនៅរោងចក្រស្ករសកំពង់គល់សាជាថ្មីរបស់ប្ដីប្រពន្ធគូនេះ។ អង្គការស្រឡាញ់ទុកចិត្តចំពោះអ្នកទាំងពីរខ្លាំងណាស់ ពីព្រោះអង្គការបានចាត់កងឈ្លបឲ្យតាមដានមើល ឃើញថាអ្នកទាំងពីរនាក់ពិតជាមនុស្សល្អមែន។

សន្ធឹកម៉ាស៊ីនកិនដើមអំពៅ លាន់ឮឲ្យទ្រហឹងខ្ទ័រដើមទ្រូង។ ដើមអំពៅត្រូវបានបោះចូលក្នុងម៉ាស៊ីនទាំងបាច់ៗ កម្លាំងកិនក្រោមកម្លាំងក្បាលម៉ាស៊ីនរថភ្លើងយកមកកែច្នៃដើម្បីអូសទាញ កង់ចក្រផ្សេងៗឲ្យដំណើរការស្រួលដោយប្រើអូសដុតជាប្រភពថាមពល។ ទាំងកម្លាំងម៉ាស៊ីនទាំងកម្លាំងមនុស្សប្រព្រឹត្តទៅយ៉ាងស៊ីចង្វាក់គ្នាពេកក្រៃ ហាក់ដូចជាការប្រកួតប្រជែងដើម្បីជ័យលាភីគ្នាអ៊ីចឹង។ ម្នាក់ៗមានការសស្រាក់សស្រាំ និងការងារនៅក្នុងរោងចក្រស្ករសកំពង់គល់ខ្លាំងណាស់ ស្រាប់តែមានកម្មាភិបាលម្នាក់ ដើរមកនិយាយទៅកាន់មនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើន ធ្វើឲ្យមានការភិតភ័យស្ទើរលស់ព្រលឹងគ្រប់គ្នាៗ។

  • សមមិត្តនារីកេង​ត្រូវតែឈប់ធ្វើការនៅទីនេះភ្លាម ហើយត្រូវតែទៅតាមខ្ញុំឥឡូវនេះ ពីព្រោះសមមិត្តមេភូមិត្រូវការជួបសមមិត្តនារីឯង (កម្មាភិបាលខ្មែរក្រហមនិយាយយ៉ាងដាច់អហង្កា)។

ហ្វូងមនុស្សទាំងឡាយ បន្ទាប់ពីបានស្ដាប់ឮកម្មាភិបាលខ្មែរក្រហមនិយាយដូច្នេះ ពួកគេជូរមាត់ជូរកគ្រប់គ្នាទៅហើយ ពីព្រោះពួកគេធ្លាប់ដឹងពីមុនៗមកជាស្រេចទៅហើយ ឲ្យតែក្នុងលក្ខខ័ណ្ឌកោះហៅយ៉ាងនេះ គឺគ្មានអ្វីក្រៅពីយកទៅរៀនសូត្រ(សម្លាប់ចោល) នោះឡើយ។

  • ទៅឥឡូវនេះឬ សមមិត្តបង? (សមមិត្តនារីកេងសួរ)។
  • ចាំដល់ពេលណាទៀត បើយលងបានប្រាប់សមមិត្តនារីរួចហើយ ឲ្យឈប់ធ្វើការឥឡូវនេះ ហើយទៅជួបសមមិត្តមេភូមិនោះ (កម្មាភិបាលរូននេះសម្លុត)។
  • ចា៎ សមមិត្តបង… ខ្ញុំនឹងទីជាមួយឥឡូវនេះភ្លាម(សមមិត្តនារីកេងឆ្លើយទាំងតក់ស្លុតមហិមា)។

កម្មាភិបាលម្នាក់នេះ បានបណ្ដើរសមមិត្តនារីកេង ចេញពីរោងចក្រស្ករសបានធ្វើឲ្យមនុស្សទាំងឡាយលួចដៀងក្រសែភ្នែកមើលព្រឹត្តិការណ៍បណ្ដើរសមមិត្តនារីរូបនេះទាំងក្ដីព្រឺព្រួយ។ លុះចេញផុតពីរោងចក្រប្រមាណ២០០ម៉ែត្រ មានកូនវីឡាដ៏តូចមួយខ្នងកំពុងតែឈរយ៉ាងស្ងាត់ស្ងៀមកណ្ដាលកូនព្រៃ ហាក់ដូចជាកំពុងឈររង់ចាំអ្នកណាម្នាក់។ អ្នកទាំងពីរបានដើរចូលទៅក្នុងវីឡានោះ ស្រាប់តែមានវត្តមានសមមិត្តមេភូមិ កម្មាភិបាលបីនាក់ ព្រមទាំងមានសមមិត្តនារីម្នាក់ទៀត កំពុងតែឈរនៅក្បែរជញ្ជាំងក្នុងទឹកមុខស្លេកស្លាំងស្ទើររាកអាចម៍ស្ទើររាក     នោម។

  • អូ…..! មកដល់ហើយសមមិត្តនារីកេង (សមមិត្តមេភូមិឧទានលាន់មាត់)។
  • ចា៎សមមិត្តមេភូមិ… ខ្ញុំមកដល់ហើយ (សមមិត្តនារីកេងឆ្លើយតបយ៉ាងគួរសម)។
  • ប្រសើរណាស់..! (សមមិត្តមេភូមិក្រោកពីកៅអីដើរមកជិតសមមិត្តនារីទាំងពីរ)។

លុះកម្មាភិបាលទាំងបីនាក់បានឃើញដូច្នេះហើយ ពួកគេក៏បានដើរចេញមកឈរខាងក្រៅកូនវីឡានោះវិញ ដើម្បីទុកឲ្យសមមិត្តមេភូមិនិយាយកិច្ចការជាមួយសមមិត្តនារីទាំងពីរនាក់។

  • ខ្ញុំបានចាត់ឲ្យគេទៅហៅសមមិត្តនារីទាំងពីរនាក់មកនេះ គឺខ្ញុំមានកិច្ចការដ៏តូចមួយដើម្បីឲ្យសមមិត្តនារីធ្វើ ហើយខ្ញុំមិនទុកចិត្តលើអ្នកណា ក្រៅពីសមមិត្តនារីទាំងពីរនាក់នេះឡើយ (សមមិត្តមេភូមិនិយាយដោយឈរក្បែរបង្អួច សម្លឹងមើលទេសភាពខាងក្រៅកូនវីឡា)។

បន្ទាប់ពីសមមិត្តនារីទាំងពីរនាក់នោះ ស្ទង់ចិត្តសមមិត្តមេភូមិដឹងបានហើយ ពួកគេក៏យល់ពីបំណងរបស់គាត់ ហើយក៏លែងភ័យពីរឿងស្លាប់តទៅទៀតដែរ។

  • សមមិត្តមេភូមិមានធរុៈកិច្ចការសំខាន់អី… ចង់ពឹងឲ្យពួកយើងធ្វើនោះ សូមមានប្រសាសន៍បញ្ជាមកចុះចា៎! ពួកយើងនឹងធ្វើជូនភ្លាម (សមមិត្តនារីកេងនិយាយ)។
  • ត្រូវហើយ… សមមិត្តមេភូមិ មានអ្វីចង់ឲ្យពួកនាងខ្ញុំធ្វើនោះ ចូរមានប្រសាសន៍មកចុះ (សមមិត្តនារីម្នាក់ទៀតជួយនិយាយបន្ថែមបន្ថយគ្នា)។
  • នៅព្រឹកស្អែកនេះនឹងមានគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចិនបីបួននាក់ ត្រូវមកស្នាក់នៅក្នុងកូនវីឡានេះ។ ហេតុដូច្នេះហើយ សមមិត្តនារីទាំងពីរនាក់ត្រូវតែរៀបចំបោសសម្អាត តុបតែងទាំងក្រៅទាំងក្នុងកូនវីឡានេះឲ្យបានស្អាតដើម្បីទុកទទួលពួកគេ។ ក្រណាត់ទាំងនេះ សមមិត្តនារីច្នៃធ្វើជាកម្រាលតុ ហើយផ្លែដូងទាំងនេះទៀតសោត កាប់យកទឹកវាទុកលាងបង្គន់ឲ្យបានស្អាតណា(សមមិត្តមេភូមិនិយាយ)។
  • ចា៎សមមិត្តមេភូមិកុំព្រួយរឿងហ្នឹង…! ទុកចិត្តលើពួកនាងខ្ញុំចុះ (សមមិត្តនារីកេងនិយាយ)។

ការបោសសម្អាតកូនវីឡានេះ បានប្រព្រឹត្តយ៉ាងរលូន។ អ្នកទាំងពីរខិតខំប្រឹងប្រែងធ្វើ ទាំងបោសសម្អាត ទាំងកាត់ក្រណាត់ធ្វើជាកម្រាលតុបានយ៉ាងល្អទៀតផង។ ពួកគេទាំងពីរនាក់ធ្វើការក្នុងកូនវីឡានេះ ជាន់ខាងក្រោមរួចស្រេច ពួកគេក៏ឡើងទៅបោសសម្អាតនៅជាន់ខាងលើទៀត លុះឡើងទៅដល់ជាន់ខាងលើ ពួកគេក៏ប្រទះឃើញមានពាងធំៗចំនួនបីនៅទន្ទឹមគ្នា ហាក់ដូចជាកំពុងតែឈរ រង់ចាំពួកគេទាំងពីរនាក់អ៊ីចឹង៖

  • សមមិត្តបង…. នៅខាងលើនេះមានពាងចំនួនបី ហើយពាងនីមួយៗផ្ទុកសុទ្ធតែមាសពេញៗដូចគ្នាទាំងអស់… សមមិត្តបងមើលនែ៎! (សមមិត្តនារីម្នាក់ឧទានឡើងយ៉ាងភ្ញាក់ផ្អើល)។
  • អូរ!! សុទ្ធតែមានមែនតើ! គ្រឿងអលង្កាគ្រប់ប្រភេទតែម្ដងហើយ! ណ្ហើយ… កុំទៅយកចិត្តទុកដាក់នឹងវាអី! ធ្វើតែការយើងទៅបានហើយកុំខ្វល់… ​ទុកឲ្យអង្គការជាអ្នកចាត់ចែងទៅរឿងពាងមាសនេះនោះ។ របស់ទាំងនេះជាកម្មសិទ្ធិរបស់អង្គការ តែអ្នកណាហ៊ានប៉ះពាល់វានោះ ច្បាស់ជាដាច់ក្បាលពីស្មាជាមិនខានឡើយ!(សមមិត្តនារីកងនិយាយពន្យល់ប្រាប់សមមិត្តនារីម្នាក់ទៀត)។

លុះដល់ព្រឹកស្អែកឡើង ក៏ឃើញមានគណៈប្រតិភូជាន់ខ្ពស់ចិនបីនាក់មកមែន។ ពួកគេមកដល់ត្រូវទទួលស្វាគមន៍យ៉ាងអឹកអធឹកពីសមមិត្តមេភូមិ កម្មាភិបាលខ្មែរក្រហមជាច្រើននាក់ផ្សេងទៀត។ ចំណែកប្រជាជនវិញ មិនត្រូវបានអនុញ្ញាតឲ្យមកទទួលបដិសណ្ឋារៈគណៈប្រតិភូចិននោះឡើយ ពីព្រោះរឿងនេះរឿងផ្ទៃក្នុងរបស់អង្គការជាមួយជនជាតិចិននោះ។

ការផ្លាស់មូលដ្ឋានពីច្រាំងចោត មកនៅក្នុងមូលដ្ឋានភ្នំដូនមាយ របស់ប្ដីប្រពន្ធនិងកូននេះ បានតែកន្លះឆ្នាំតែប៉ុណ្ណោះ កូនស្រីពៅរបស់ពួកគេក៏បានចាប់ផ្ដើមឈឺជាដំណំ។ ទោះបីពួកគេខិតខំខ្នះខ្នែង រត់ខ្វែងដៃខ្វែងជើងដើម្បីរកវិធីព្យាបាលជម្ងឺពិសនេះតាមបែបបុរាណយ៉ាងណាក៏ដោយ ក៏មិនអាចបន្ធូរបន្ថយនូវអាការៈរោគឲ្យថមថយ បាននោះដែរ។ ជម្ងឺរបស់កូនស្រីពៅចេះតែងៀមទៅៗ គម្រប់ថ្ងៃប្រាំពីរកុមារីដ៏កំសត់ម្នាក់នេះក៏បានលាចាកលោកនេះទៅ បានបន្សល់នូវក្ដីទុក្ខលោកឲ្យម៉ែឪស្រណោះស្ដាយស្ទើរឆ្កួតវង្វេងទាំងពីរនាក់ប្ដីប្រពន្ធជាលើកទីបីម្ដងទៀត។

សង្រ្គាមដួងចិត្តនៅតែបន្ដធ្វើឲ្យមីងកេង និងពូផាច មិនឲ្យមានក្ដីសុខស្ងប់ពីខន្ធសន្ដាន ខ្លួនប្រាណដ៏ស្គមកំប្រឹងរបស់ពួកគាត់ឡើយ។ កូនស្រីទាំងបីបានស្លាប់ទៅ សម្រាប់ទំហំដួងចិត្តដ៏ស្អាតស្អំ មេត្រីភាពចំពោះកូនៗ វារឹតតែចងរឹតទងសួតប្រមាត់របស់ពួកគាត់មិនអាចបំភ្លេចបាន លុបចោលឲ្យឆ្ងាយចេញពីក្រសែភ្នែកមិនបាននោះឡើយ។

កាលរស់នៅក្នុងមូលដ្ឋានភ្នំដូនមាយ ហាក់ដូចជាពុំសូវមានភាពស្រួលស្រណុក សុខផ្លូវចិត្តប៉ុន្មានទេ ដោយសារតែកន្លងទៅថ្មីៗនេះពួកគាត់ទើបតែស្លាប់កូនស្រីបង្ហើយចេញពីដៃ។ មិនយូរប៉ុន្មានបន្ទាប់ពីកូនស្លាប់ទៅអង្គការខ្មែរក្រហមក៏បានបញ្ជាឲ្យពួកគាត់មកធ្វើការនៅក្នុងមូលដ្ឋានថ្មីមួយទៀតគឺស្ថិតនៅក្នុងភូមិថ្ង័រ ដែលនៅមិនឆ្ងាយណាស់ណាពីមូលដ្ឋានចាស់ភ្នំដូនមាយនោះឡើយ។

ប្រជាជនជាច្រើននាក់ត្រូវបានអង្គការឲ្យឈរនៅចំហៀងរោងបាយពេលព្រលឹមស្រាងៗ។ ប្រុសមួយផ្នែក ហើយស្រីមួយផ្នែកដើម្បីរង់ចាំស្ដាប់ការបែងចែកទិសដៅមុនខងារធ្វើការមិនឲ្យមានការទំនេរនោះទេ។ ប្រុសៗភាគតិចណាស់ដែលអង្គការផ្ដល់អាទិភាពការងារស្រួលជាងគេនោះ វៀរលែងតែអ្នកខ្លះមានជម្ងឺប្រចាំកាយ ទើបអង្គការឲ្យធ្វើការងារស្រួលបន្ដិច។

ការដាំបន្លែបង្កា គឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងសម័យ ប៉ុល ពត ពីព្រោះបន្លែទាំងនេះហើយដែលខាងចុងភៅមានស្លរឬដាក់លាយជាមួយបបរ ទុកសម្រាប់ប្រជាជនមូលដ្ឋាននីមួយៗហូបជាប្រចាំមិនលោះថ្ងៃនោះ។

ចំណែកស្រីៗនិងប្រុសឯទៀតវិញ ត្រូវនៅធ្វើការខាងចម្ការអំពៅ។ មានការកាប់គាស់ស្មើៗដៃគ្នាទាំងអស់ ដើម្បីធ្វើយ៉ាងណាបង្កើនបរិមាណស្ករអំពៅឲ្យកាន់តែច្រើនឡើង។

សកម្មភាពមួយៗក្នុងកាយវិការជាអ្នកជម្ងឺ កាន់ចបកាប់បំបែកដីស្ទើរមិនបែករបស់ពូផាច ហាក់ដូចជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល ទាក់ទាញចំណាប់អារម្មណ៍ពីអ្នករួមការងារដូចគ្នាថា៖

  • សមមិត្ត…. សមមិត្តឯងមានជម្ងឺអីដែរនៅក្នុងខ្លួន បានជាអង្គការឲ្យមកធ្វើការក្នុងសួនបន្លែដូចពួកយើងដែរអ៊ីចឹង? (សមមិត្តម្នាក់បានសួរពូផាច)។
  • អីយ៉ូយ!! សមមិត្តអើយ! ខ្ញុំកើតជម្អឺរាកមួលឈាម ព្រមទាំងហើមពងស្វាសផង! ពិបាកក្នុងខ្លួនណាស់ ប៉ន្ដែធ្វើម៉េចបើអង្គការបានបញ្ជាឲ្យធ្វើការទៅហើយនោះ។ ប្រសិនបើយើងហ៊ានបដិសេធថាមិនព្រមធ្វើការនោះ…. ណាខ្លួនកំពុងឈឺស្រាប់ផង ស្រួលមិនស្រួលអង្គការយកទៅកាប់ទាំងរស់ក៏មិនដឹង(ពូផាចនិយាយប្រាប់សមមិត្តម្នាក់វិញ)។
  • អ៊ីចឹងមែនហ្នឹងឯង! ខ្ញុំធ្លាប់ឃើញផ្ទាល់នឹងភ្នែកស្រស់ៗតែម្ដង។ ថ្ងៃមួយកាលខ្ញុំនៅមូលដ្ឋានអំពុះឃ្លាំង សមមិត្តនារីម្នាក់គ្នាឈឺដេកនៅនឹងកន្ទេលយូរថ្ងៃ អង្គការឃើញលំបាកដល់អង្គការខ្លាំងពេក កម្មាភិបាលខ្មែរក្រហមនាំគ្នាសែងសមមិត្តនារីនោះយកទៅកប់នៅទីទួលក្រោយផ្ទះបាត់ទៅ ទាំងគ្នាមិនទាន់ផុតដង្ហើមផង។ លុះដល់ល្ងាច ប្ដីនិងកូនមកធ្វើការវិញមិនបានឃើញប្រពន្ធខ្លួន ក៏មានការភ្ងាក់ផ្អើល ទើបរត់ទៅសួរសមមិត្តដែលកំពុងតែអង្គុយជាមួយកម្មាភិបាលឯទៀតនៅលើតុវែងមួយ សួរពីរឿងប្រពន្ធរបស់ខ្លួន។ តាសមមិត្តមេភូមិនោះឆ្លើយមកវិញយ៉ាងស្រួលថា៖
  • ប្រពន្ធរបស់សមមិត្តឯងបានស្លាប់ទៅហើយ មុននេះប៉ុន្មានម៉ោងប៉ុណ្ណោះ។ អង្គការសុំចូលរួមសោកស្ដាយផង។ ម្យ៉ាងទៀតអង្គការឃើញគ្មានអ្នកណាយកសពទៅកប់ អង្គការក៏បានយកទៅកប់ឲ្យរួចហើយ! ផ្នូរខ្មោចនៅព្រៃរកាទួលក្រោយផ្ទះឯណោះ។
  • ប៉ុន្ដែព្រឹកមិញនេះ ប្រពន្ធខ្ញុំបានធូរច្រើនណាស់តើសមមិត្តមេភូមិ! (បុរសជាប្ដីសពឧទានឡើង)។
  • ព្រឹកមិញជារឿងផ្សេង ប៉ុន្ដែនៅល្ងាចនេះ គេបានស្លាប់ហើយ! ឯងស្ដាប់បានទេ? ឬ សមមិត្តឯងចង់ចោទប្រកាន់អង្គការថាយកប្រពន្ធសមមិត្តទៅកប់ទាំងរស់ឬ? (សមមិត្តមេភូមិទះតុក្រោកឈរចង្អុលមុខបុរសជាប្ដីមុននិយាយដាក់ទាំងកម្រាល)។
  • ទេខ្ញុំមិនហ៊ានចោទប្រកាន់អង្គការទេ ប៉ុន្ដែខ្ញុំ……. (បុរសនោះឆ្លើយតបវិញយ៉ាងក្រៀមក្រំ)។
  • បើមិនហ៊ានទេ…. ត្រឡប់ទៅផ្ទះវិញចុះ (សមមិត្តមេភូមិគំហកដាក់)។

បុរសជាប្ដីនៃសពនោះ ក៏ត្រឡប់ទៅផ្ទះវិញទាំងអារម្មណ៍មួរម៉ៅ​ហើយហួសទៅមើលផ្នូរខ្មោចប្រពន្ធជាមួយកូនបីនាក់ទៀត ដើម្បីធ្វើការគោរពវិញ្ញាណខន្ធប្រពន្ធនិងម្ដាយ។

  • សមមិត្តឃើញទេ…. អង្គការសាហាវយ៉ាងណា? មនុស្សមិនទាន់ស្លាប់ផង បែរជាយកគ្នាទៅកប់ទាំងរស់ទៅកើត។ អានរកនេះ…. (បុរសនោះខ្សឹបដាក់់ពូផាច)។
  • ចំពោះអង្គការអ្វីអង្គការធ្វើបានដែរ កុំទៅលូកដៃលូនជើងនឹងអង្គការ ក្រែងលោងាប់ឥតអំពើ!។ បានហើយ…. ពួកគេដើរមកហើយ ក្រែងគេឮទៅ! (ពូផាចខ្សឹបតបវិញ)។

ការងារនៅក្នុងសួនបន្លែថ្ងៃនេះ ត្រូវបានបញ្ចប់ក្រោមសម្លេងផ្លែចបត្របាក់ដីមួយៗ គួរជាទីធុញទ្រាន់ទ្រលាន់ចិត្ត។ ប្រជាជនទាំងឡាយត្រូវបានសម្រាក ឃើញមានដើរជាបន្តបន្ទាប់គ្នា មកកាន់រោងបាយនៅក្នុងមូលដ្ឋានភូមិថ្មី។

ដំណើរអ៊ីកអ៊ាកៗនៃស្រ្តីម្នាក់ ដែលមានទម្ងន់(ផ្ទៃពោះ) ស្ទើរតែជិតគ្រប់ខែដៃហើយនោះ បានបង្ហាញខ្លួនយ៉ាងឱឡារិកនៅចំពោះមុខពូផាច ដែលកំពុងឈររង់ចាំប្រពន្ធខ្លួននៅក្បែរច្រកចូលរោងបាយខាងក្រោមដើមល្មុតដ៏ចាស់ក្រឹកមួយដើម។ ទោះបីជាមីងកេងមានផ្ទៃពោះជិតគ្រប់ខែក៏ដោយ ក៏គាត់មិនហ៊ានទម្រន់ដែរ ខំធ្វើការមិនហ៊ានឲ្យអង្គការខឹងនឹងខ្លួនឡើយ។ ស្នាមញញឹមដ៏ស្ងួតរើងរបស់ប្ដីស្វាគមន៍ចំពោះភរិយានោះ វាគ្រាន់តែជាកូនពន្លឺផ្លេកបន្ទោរដ៏តូចមួយនៅពេលរាត្រីរនោចតែប៉ុណ្ណោះ។ ពូផាច បានដើរទៅទទួលភរិយាក្នុងកាយវិការរាក់ទាក់ ដូចមនុស្សបែកគ្នាយូរអ៊ីចឹង៖

  • យ៉ាងម៉េចដែរម៉ែវា…. ពោះកូនមានធ្វើទុក្ខម៉ែឯង?(ពូផាចសួរភរិយា)។
  • វារាងសៀតពោះខ្លះដែរនៅពេលធ្វើការនោះ ប៉ុន្ដែខ្ញុំមិនបានធ្វើការកាប់គាស់ដីចម្ការអំពៅឲ្យលើសកម្លំាងនោះទេ ដោយសារតែមានអ្នកខ្លះគេជួយបន្ធូរបន្ថយការងារ ប្រហែលគេគិតថាខ្ញុំមានផ្ទៃពោះមើលទៅ(មីងកេងនិយាយប្រាប់ប្ដី)។
  • តោះចឹង! ចូលទៅក្នុងរោងបាយទៅ…. ហូបបាយដើម្បីកូនក្នុងផ្ទៃគ្នាបានទទួលអាហារខ្លះផង។ ម្យ៉ាងទៀតជិតគ្រប់ខែដូច្នេះ ត្រូវតែមើលថែឲ្យបានល្អល្អាច់ទើបបាន ចៀសវាងមានបញ្ហាដល់ពេលសម្រាល (ពូផាចលើកទឹកចិត្តភរិយា)។

ប៉ុន្មានអាទិត្យក្រោយមក ពេលវេលាដ៏សមគួរសម្រាប់ភរិយារបស់ពូផាច ក៏បានមកដល់ ដើម្បីសម្រាលបាននូវទារកដ៏ល្អមួយរូប។ ចំណងស្នេហាមួយនេះ ទោះបីស្ថិតក្នុងបរិបទនយោបាយមិនសមស្របក៏ដោយ ក៏ក្ដីស្រឡាញ់ក្ដីរំភើបរីករាយពេញថ្លើមប្រម៉ាត់ឥតឧបមាចំពោះទឹកចិត្តជាឪពុកម្ដាយទូទៅដូចជាពូផាត និងមីងកេងមានទំហំធំធេងខ្លាំងណាស់។

កូនប្រុសរបស់ពួកគាត់ បានធ្វើឲ្យអ្នកនៅក្នុងមូលដ្ឋានទាំងមូលមានការស្រឡាញ់ស្ទើរគ្រប់ៗគ្នា។ គាត់បានដាក់ឈ្មោះឲ្យកូនប្រុសមួយនេះថា សាយម្ភូ ជាឈ្មោះដ៏ពិរោះហើយសក្ដិសមខ្លាំងណាស់ចំពោះកូនប្រុសរបស់ពួក គាត់។

ដោយសារកាលៈទេសៈមិនអនុញ្ញាតឲ្យមីងកេងនៅផ្ទះ ដើម្បីអាំងភ្លើងឆ្អើរសាច់សរសៃឲ្យរឹងឆ្អិនល្អបានយូរថ្ងៃនោះឡើយ គ្រាន់តែគាត់សម្រាលកូនបានត្រឹមតែមួយអាទិត្យតែប៉ុណ្ណោះ អង្គការក៏បានឲ្យគាត់ចេញធ្វើការទៅហើយ។ មានស្រ្តីជាមេម៉ាយៗ និងស្រ្តីទើបតែសម្រាលកូនថ្មីៗជាច្រើននាក់ដែលអង្គការបានប្រមូលឲ្យធ្វើការក្នុងរោងមួយកន្លែង។ ការងារដែលអង្គការដាក់ឲ្យពួកគាត់ទាំងនោះធ្វើគឺក្រងស្បូវ។ ស្បូវជាច្រើនបាច់ត្រូវបានច្រូតយកមកពីព្រៃហាលទុកឲ្យស្ងួតដើម្បីក្រងវាធ្វើជាកណ្ដប់សម្រាប់ប្រក់បិទបាំងផ្ទះសម្បែង។

ចូលដល់ឆ្នាំ១៩៧៩ កង់ចក្រនយោបាយវិលយ៉ាងត្របាញ់ រកស្មានមិនបាន។ សម្លេងអាវុធតូចធំទាំងឡាយលាន់ឮគ្រប់ទិសទីទាំងអស់។ កងទ័ពខ្មែរក្រហមមានការប្រជុំដ៏សម្ងាត់ស្ដីពីផែនការទប់ស្កាត់នូវាការវាយលុករបស់កងទ័ពវៀតណាមមកលើកងទ័ពខ្លួន។ ការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាមកាន់តែខ្លាំងឡើងៗ បណ្ដាប្រជាជនទៅតាមខេត្តជាប់ព្រំប្រទល់កម្ពុជា-ថៃ ក៏ចាប់ផ្ដើមរត់កាត់វាលកាត់ព្រៃ ផ្សងជីវិតមករស់នៅលើទឹកដីប្រទេសថៃ ពោរចេញទៅដោយគ្រោះថ្នាក់ជាទីបំផុត។ នៅពេលនោះកងទ័ពក៏លែងសូវខ្វល់ពីប្រជាជនប៉ុន្មានដែរហើយ ពីព្រោះកងទ័ពវៀតណាម បានបាញ់ស្រោចមកលើកងទ័ពខ្មែរក្រហមខ្លាំងពេក ជាហេតុធ្វើឲ្យខ្មែរក្រហមរវល់តែឱបអាវុធប្រយុទ្ធតវិញយ៉ាងមហិមា។ លុះការវាយប្រយុទ្ធគ្នា ខាងភាគីខ្មែរក្រហមទទួលបរាជ័យ អ្នកស្លាប់មានចំនួនច្រើន ហើយអ្នកនៅរស់ក៏រត់យកតែអាយុរៀងៗខ្លួននោះ។ ទីបំផុត កងទ័ពវៀតណាមក៏ទទួលបានជោគជ័យនៅក្នុងការប្រយុទ្ធគ្នានេះ។ ចំណែកឯពូផាច និងមីងកេង និងកូនប្រុសពៅរបស់គាត់ ព្រមទាំងប្រជាជនឯទៀតក៏បានរត់មករស់នៅក្នុងជំរុំជនភៀសខ្លួន៖ ជំរុំចាស់ ខាវអ៊ីដាង បន្ទាយអំពិល រហូតដល់ជំរុំចុងក្រោយគេគឺជំរុំសាយធូ (ប្រទេសថៃ) បាត់ទៅ។

និពន្ធដោយ ៖ អៀម សារ៉ុម

 

Close Menu